Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​រាជធានី នឹង​ស្ថាបនា​ផ្លូវ​បេតុង​២​ខ្សែ ប្រវែង​២៥៣០​ម៉ែត្រ រួម​នឹង​ការដាក់​លូ ជូន​ពលរដ្ឋ​ក្នុង​ភូមិ​ព្រែក​តា​គង់​១

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​កសាង​ផ្លូវ​បេតុង​២​ខ្សែ ប្រវែង​២៥៣០​ម៉ែត្រ ដាក់លូ​សងខាង​ផ្លូវ រួម​និង​ការ​ដាក់​បង្គោល​ភ្លើង បំភ្លឺ​តាម​ផ្លូវ​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ផងដែរ នៅក្នុង​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បី​ឆ្លើយតប​ទៅ​តាម​ការសន្យា ដែល​បាន​ធ្វើឡើង កាលពី​មុន​ពេល​បោះឆ្នោត​កន្លងមកនេះ​។​

​ការសម្រេច​ឲ្យមាន​ការស្ថាបនា​ហេ​ដ្ឋា​រ​ចនាស​ម័​ន្ធ​ខាងលើ​នេះ បាន​ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​ប្រជិត​៤០០​គ្រួសារ នៃ​សហគមន៍​ព្រែក​តា​គង់​១ ក្នុង​សង្កាត់​ចាក់អង្រែលើ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​សីហា​នេះ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង ថ្លែងថា ដោយ​មើលឃើញ​ពី​ការ លំបាក​របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​នេះ​ជា​ច្រើន​ដំ​ណរ មក​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ជូន​ប្រជាពលរដ្ឋ​តាម​ការសន្យា របស់​រដ្ឋបាល​រាជធានី កាលពី​ពេល​មុន​បោះឆ្នោត​។​

​លោក​អភិបាល​បានបញ្ជាក់​ថា កន្លងមក​យើង​បាន​សន្យាថា​នឹង​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ ប្រវែង​១៣៣០​ម៉ែត្រ និង​ដាក់​ប្រព័ន្ធ​លូ តែ​ថ្ងៃ​នេះ​មិន​ត្រឹមតែ​ផ្តល់​ផ្លូវ​មួយ​ខ្សែ​នេះ​ទេ ក្នុង​នាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ពិនិត្យ​មើល​ពី​ស្ថានភាព​ជាក់ស្តែង និង​ការស្នើសុំ​ពី​ប្រជាពលរដ្ឋ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ដែល​មាន​ប្រវែង​១២០០​ម៉ែត្រ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ខាងលើនេះ គឺ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ធ្វើ​ប្រទានកម្ម​ដី ជិត​៤០០​គ្រួសារ ដើម្បី​ឲ្យ​ពួកគាត់​មាន​កន្លែង​សង់​លំនៅដ្ឋាន​សមរម្យ និង​មាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់​។ ការសម្រេច​ប្រគល់​ដី​ប្រទានកម្ម ពី​សម្តេច​អគ្គមហាសេនាបតី តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា ជូន​ប្រជាពលរដ្ឋ​៣៨០​គ្រួសារ រស់នៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ គឺ​ដើម្បី​ឲ្យ​បងប្អូន​ទទួល​បាន​សិទ្ធិ​លំនៅដ្ឋាន រស់នៅ​ស្របច្បាប់ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ តាម​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៣​។​

​ចំពោះ​ការស្ថាបនា​ផ្លូវ​បេតុង​ខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បានឲ្យដឹងថា តាម​គម្រោង​នឹង​ស្ថាបនា ក្នុង​ពេល​ឆាប់​ខាងមុខនេះ នឹង​ស្ថាបនា​ឲ្យបាន​រួចរាល់ នៅក្នុង​ឆមាស​ទី​២ នៃ​ឆ្នាំ​២០១៨​នេះ​។​

​លោក បាន​បន្តថា ផ្លូវ​បេតុង​ប្រវែង​២៥៣០​ម៉ែត្រ​នេះ ពីមុន​មិន​មាន​ប្រព័ន្ធ​លូ​ទេ ប៉ុន្តែ​ការស្ថាបនា​ផ្លូវ​បេតុង​ថ្មី​នេះ គឺ​មាន​ដាក់​ប្រព័ន្ធ​លូ​សងខាង និង​ដាក់​បង្គោល​ភ្លើង​បំភ្លឺ​តាមផ្លូវ​ផងដែរ​។​

​លោក កែវ សាវឿន ចៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ឲ្យដឹងថា ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ភូមិ​ព្រែក​តា​គង់​១ មាន​ចំនួន​៣៨៦​គ្រួសារ ដែល​ពួកគាត់​ភាគច្រើន ប្រកប​មុខរបរ​ដាំ​បន្លែ​បណ្តែត​ទឹក​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×