Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​មួយចំនួន​ដែល​នៅ​តែ​ទទួល​ការគំរាមកំហែង​ពី​ទឹកជំនន់ និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​ក្នុង​ខេត្ត​ស្ទឹងត្រែង​

spot_img

​នៅ ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៨ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំគណៈ​ប្រតិ​ភូ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ​៧៣ លេខ​៣៨៣A និង​ផ្លូវជាតិ​មួយចំនួនទៀត ក្នុង​ខេត្ត​កំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និង​ព្រះវិហារ ដែល​កំពុង​តែ​រង​ការគំរាមកំហែង​ដោយ​ទឹកជំនន់​។​

​ការចុះ​ត្រួតពិនិត្យ​ត្រូវបាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព និង​បាន​រកឃើញថា កំណាត់​ផ្លូវ​មួយចំនួន​បាន​រង​ការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ និង​មធ្យម ហើយ​ក្រសួង​កំពុង​សហការ​ជាមួយ អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់ ហើយ​គ្រោង​នឹង​ធ្វើ​ការជួសជុល​ភ្លាមៗ លើ​ទីតាំង​ខូចខាត​បន្ទាប់​ពី​ទឹក​ស្រក់​វិញ​។​

​សូម​ជម្រាប​ជូន​ផងដែរ​ថា​៖ កន្លង​មក​កំណាត់​ផ្លូវជាតិ​លេខ​៣ លេខ​៤ លេខ​៣៣ លេខ​៤១ លេខ​៤៥ លេខ​៤៨ លេខ​៥៧ និង​កំណាត់​ផ្លូវជាតិ​ដទៃទៀត ក៏​ធ្លាប់​បាន​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ផងដែរ ហើយ​ក្រសួង​ក៏​បាន​ដោះស្រាយ​ផលប៉ះពាល់​ភ្លាមៗ ដើម្បី​សម្រួល​ចរាចរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ល្អប្រសើរ​ឡើងវិញ​។​

​ក្រសួង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​សូម​រាយការណ៍​មក​ក្រសួង និង​អជ្ញាធរ​ពាក់ព័ន្ធ ពី​ករណី​ការគំរាមកំហែង​ដោយ​ទឹកជំនន់​នេះ​។ សូម​កុំ​បើកបរ​លើស​ល្បឿន​កំណត់ និង​សូម​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​ទាំងនេះ នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​ចំនួន​៥០​គ្រួសារ ឋិត​ក្នុង​សង្កាត់​ស្រះ ឬ​ស្សី ក្រុង​ស្ទឹងត្រែង ដែល​រងគ្រោះ​លិចលង់​ផ្ទះសំបែង ស្រែចំការ និង​ដំណាំ​ដាំ​ដុះ​។​

​អំណោយ​ដែល​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ពេល​កំពុង​ជួប​នូវ​ទុក្ខលំបាក ដោយសារ​តែ​ផ្ទះសំបែង ស្រែចំការ លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​រួមមាន​៖ គ្រឿងឧបភោគ បរិភោគ​មួយចំនួន និង​ថវិកា​៧​ម៉ឺន​ក្នុង​មួយ​គ្រួសារ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​ថែ​សុខភាព​ផ្ទាល់ខ្លួន ត្រូវ​ដាំទឹក​ឆ្អិន​ហូប ចៀស​វាង​​កុំឱ្យ​មាន​ជំងឺរាគ​រុស​ជាន់​លើ​ការលំបាក​បន្ថែមទៀត​។​

​បន្ទាប់​ពី​ការ​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​រួចមក លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឆ្លៀតឱកាស​អញ្ជើញ​ចូល​សួរសុខទុក្ខ​លោកយាយ ខា​វ ថង​ញ៉ុត ភរិយា​របស់​លោកតា ស៊ីន ស៊ី​សាមុត អធិរាជ​សម្លេង​មាស​។​

​សូម​ជម្រាប​ជូន​ថា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​គំនិត​ផ្តួចផ្តើម របស់លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាល​នោះ​ក្នុងនាម​ជា​រដ្ឋមន្ត្រី ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​កម្មសិទ្ធិ បញ្ញា បាន​ដឹកនាំ​រៀបចំ កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌ “​ពេលវេលា​ដែល​ត្រូវ​តបស្នង – វិភាគទាន​ចំពោះ អធិរាជ​សម្លេង​មាស លោក ស៊ីន ស៊ី​សាមុត​” និង​បាន​រៃអង្គាស​ថវិកា ដើម្បី​ជួល​ដល់​ក្រុមគ្រួសារ​លោក យាយ​។​

​ចំណែក​ផ្លូវ​លេខ​៣៧៧ ខេត្តក្រចេះ​វិញ​៖ ពិនិត្យ​ការដ្ឋាន​ផ្លូវ​វាង ប្រវែង​២២៥០​ម និង​ស្ថានភាព​ស្ពាន​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់​ចំនួន​៥០​គ្រួសារ ក្នុង​ឃុំ​សណ្តាន់ ស្រុក​សំបូរ ក្រោម​អធិបតីភាព លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​សុក្រ ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៨​។​

​ការ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ទឹកជំនន់ និង​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវថ្នល់ និង​ស្ពាន​ទាំងនេះ ធ្វើឡើង ដើម្បី​ដឹង​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ស្វែងយល់​អំពី​ស្ថានភាព ជាក់ស្តែង​នៃ​ផលប៉ះពាល់ ដែល​ក្រសួង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី ចាត់វិធានកា​រទប់ ស្កាត់ និង​គ្រោង​នឹង​ធ្វើ​ការជួសជុល​ភ្លាមៗ លើ​ទីតាំង​ខូចខាត​បន្ទាប់​ពី​ទឹក​ស្រក​វិញ​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ

 

spot_img
×