Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ករណី​ផ្ទុះអាវុធ នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ព្រោះ​ក្រុម​ជនសង្ស័យ​ឈ្នួញ​ឈើ ព័ន្ធ​រថយន្ត​សមត្ថកិច្ច​ដែល​ដឹក​វត្ថុតាង​

spot_img

​មណ្ឌលគិរី ​៖ មាន​ការផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ពេល​មន្ត្រី​ឧទ្យានុ​រ​ក្ស​កំពុង​ប្រតិបត្តិការ បង្ក្រាប​ការដឹក​ជញ្ជួន​ឈើ​ខុសច្បាប់ ស្ថិត​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា កាលពី​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​១០ សីហា ចំណុច​ទឹក​ខួប តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ។​

​លោក​វរសេនីយ៍ត្រី វ៉ាន់ ដា​នី​ន អធិការនគរបាល​ស្រុក​កែវ​សីមា បានឲ្យដឹងថា នៅវេលា​ម៉ោង​១២​និង​៣០​នាទី​ក្រុមមន្ត្រី​ជំនាញ​ដែន​ជំរក​សត្វព្រៃ​កែវ​សីមា មាន​គ្នា​ចំនួន​៦​នាក់ ដឹកនាំ​ដោយ​លោក ឌិន ប៊ុនធឿន ប្រធានការិយាល័យ​ដែន​ជំរក​សត្វព្រៃ​កែវ​សីមា បាន​ចុះ​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស នៅ​ចំណុច​ទីតាំង​វាយ​ថ្ម ស្ថិតក្នុង​ភូមិ​អូរ​អាម ខ​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី បាន​ជួបប្រទះ​ម៉ូតូ​មួយ​គ្រឿង​មាន​ដឹកឈើ​ប្រភេទ​កកោះ ឡាំង​ជ្រុង នៅ​លើ​ម៉ូតូ ចំនួន ៤​ដុំ និង​នៅ​ជិត​ម៉ូតូ​ចំនួន ៦​ដុំ​ទៀត និង​ឃាត់​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជា​ក្រុម​តែមួយ​ដែលជា​អ្នក​ដឹក​ស្បៀង មើល​ផ្លូវ​អោយ​ក្រុម​រថយន្ត​ដឹកឈើ និង​អារឈើ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៥៩ បន្ទាប់​មក​ជំនាញ​បាន​ដឹក​ជញ្ជូន​វត្ថុតាង​ទាំងអស់​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​កែវ​សីមា​។​

​លុះ​មកដល់​ចំណុច​ទឹក​ខួប ក៏​មាន​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម មាន​គ្នា​ប្រហែល ១០​នាក់ ជិះ​រថយន្ត​ចំនួន ២​គ្រឿង​ម៉ាក​កាមរី​ហើម ពណ៌​ស្លែ និង​ពណ៌​ខ្មៅ បាន​បើក​មក​ព័ទ្ធ​បិទផ្លូវ​រថយន្ត​ដឹក​វត្ថុតាង មិនអោយ​ធ្វើ​ដំណើរ​ទៅមុខ​។​

ភ្លាមៗ​នោះ​ក៏​មាន​រថយន្ត​កាមរី​ឆ្លាម ពណ៌​ខ្មៅ ដឹក​មនុស្ស​មក​បន្ថែម​ទៀត ក្នុង​គោលបំណង​រំដោះ​យក​វត្ថុតាង ដែល​ចាប់​ឃាត់​បាន​ខាងលើ​។ ឃើញ​ស្ថានភាព​បែប​នេះ​ក្រុម​ជំនាញ បាន​បញ្ជា​អោយ​កម្លាំង​បាញ់​បំបែក​កង់​រថយន្ត ចំនួន ៥​គ្រាប់ ដើម្បី​អោយ​ក្រុម​ជន​ទាំងនោះ​បើកផ្លូវ​អោយ​។​

​ពេល​បាញ់​រួច​ក្រុម​រថយន្ត​ទាំងនោះ បាន​បំបែក​គ្នា​អស់​ទៅ ហើយ​ក្រុម​សមត្ថកិច្ច​ជំនាញ បាន​បើករថយន្ត​ដឹក​វត្ថុតាង យក​មក​រក្សាទុក​នៅ​ដែន​ជំរក​សត្វព្រៃ​កែវ​សីមា ដោយ​ជោគជ័យ​។ សូម​បញ្ជាក់ៈថា​អាវុធ​ដែល​បាន​បាញ់​ម៉ាក AK47 ប្រភេទ​ស្វាយ​បត់ លេខ​2457 និង​អាវុធ​មួ​យ​ដើម​ទៀត​ម៉ាក K59 លេខ​898987 ។​

​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ឱ្យដឹងថា កាលពី​វេលា​ម៉ោង​១២ និង​៤៧​នាទី​អធ្រាត្រ រ​ចូល​ថ្ងៃទី​១០ សីហា នោះ ជំនាញ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​បើក​ចុះ​ប្រតិបត្តិការ​នៅ​ចំណុច​ទីតាំង​កិន​ថ្ម ក៏​បាន​ជួប​ម៉ូតូ​ដឹកឈើ​មួយគ្រឿង ដឹកឈើ​កកោះ​ឡាំង​ជ្រុង​៤​ដុំ និង​ឈើ​នៅក្បែ​ម៉ូតូ​ចំនួន​៦​ដុំ​ទៀត និង​បាន​ឃាត់​ចាប់​ម៉ូតូ​ម៉ាកវ៉េវ ដឹកជញ្ជូន​ស្បៀង​ទៅឱ្យ​ក្រុម​អារឈើ​ស្រឡៅ​ឡាំង​ជ្រុង​នៅក្នុង​ព្រៃ ។​

​លោក​បន្តថា ពេល​ជំនាញ​រឹបអូស​វត្ថុតាង​ទាំងអស់ មក​រក្សាទុក​នៅ​ស្នាក់ការ​កែវ​សីមា ស្រាប់តែ​មក​ដល់​ចំណុច​ទឹក​ខួប ស្ថិតនៅ​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ក៏​ចេញ​មុខ​ជនសង្ស័យ​មួយក្រុម បាន​យក​រថយន្ត​ពីរ​គ្រឿង​មក​បិទ​រាំងផ្លូវ​ឡាន មិន​ឱ្យ​ដឹក​វត្ថុតាង​ទៅ​ទេ ។ ភ្លាមៗ​នោះ ឃើញ​មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​កាមរី​ឆ្លាម ពណ៌​ខ្មៅ ដឹក​មនុស្ស​ពេញ​ប្រមាណ​១០​នាក់​ទៀត មក​រារាំង​រំដោះ​យក​វត្ថុតាង​ដែល​សង្ស័យ​ថា មាន​មេខ្លោង​ឈ្មោះ​យាយ​ក្រហម ជា​អ្នកបើកបរ​។​

​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បញ្ជាក់ថា កម្លាំង​ជំនាញ​បាន​បញ្ជូន​សំណុំរឿង​ទៅកាន់​សាលាដំបូង​ខេត្ត និង​រង់ចាំ​បញ្ជា​ពី​លោក​ព្រះ​អាជ្ញា ដើម្បី​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ ព្រោះ​មុខសញ្ញា​ត្រូវបាន​ជំនាញ​កំណត់​បាន​អស់ហើយ ៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×