Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាតិនិយម អាណានិគមនិយម និង​ការកកើតឡើង​សហគមន៍​ចិន​ពិតប្រាកដ​មួយ​នៅ​ប្រទេស​កម្ពុជា​

spot_img

រហូតមកដល់​ចុង​សតវត្សរ៍​ទី​១៩ ទើប​រដ្ឋាភិបាល​ចិន​ព្រម​ទទួលស្គាល់​ជនជាតិ​ចិន​នៅ​បរទេស​។ មុនពេល​នោះ រដ្ឋាភិបាល​ចិន​បានចាត់ទុក​ជនជាតិ​ចិន​នៅក្រៅ​ប្រទេស​ទាំងឡាយ​ថា​ជា​ចោរ​សមុទ្រ ជន​ក្បត់ជាតិ​និង​ជា​អ្នក​រត់ចោល ស្រុកកំណើត (Yen Ching-Hwang, ឆ្នាំ​១៩៨៥ ទំ​.១៦-១៩)​។ នៅ​ឆ្នាំ​១៦០៣ រដ្ឋាភិបាល​នៃ​រាជវង្ស​មីង បាន​គាំទ្រ​ដោយ​សម្ងាត់ នូវ​ការសម្លាប់​រង្គាល​ជនជាតិ​ចិន​ចំនួន ២៥.០០០​នាក់ នៅ​ប្រទេស​ហ្វីលីពីន ដោយ​ផ្អែកលើ​ហេតុផល​ថា ពួក​ជនរងគ្រោះ​ទាំងនោះ​«​មិនមាន​ភាពស្មោះត្រង់ និង​រមឹលគុណ​ចំពោះ​ប្រទេស​ចិន មាតុភូមិ ឪពុកម្ដាយ ដូនតា​របស់ខ្លួន ពីព្រោះ​ពួកគេ​មិនបាន​វិល​ត្រឡប់មក​ប្រទេស​ចិន​ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឡើយ​»​។ ស្រដៀង​គ្នា​នេះដែរ គេ​ក៏បាន​បង្ហាញ​ពី​ការស្វាគមន៍​ចំពោះ​ព័ត៌មាន​ស្ដីពី​ការសម្លាប់​រង្គាល​ជនជាតិ​ចិន​នៅលើ​កោះ​ជ្វា ពី​សំណាក់​ពួក​ហូល​ឡង់ នៅ​ឆ្នាំ​១៧៤០ (Yen Ching-Hwang, ឆ្នាំ​១៩៨៥ ទំ​.​ទី​២២)​។

​សេចក្ដី​អះអាង​ទាំងនេះ​បង្ហាញឱ្យឃើញ​នូវ​ទស្សនៈ​ទូទៅ​មួយ​ដែល​យល់ឃើញថា ភាពជា​ជនជាតិ​ចិន​ត្រូវតែ​ប្រកាន់យក​ព្រំដែន នៃ​ទឹកដី​របស់​ប្រទេស​ចិន ហើយ​ព្រំប្រទល់​ទាំងនេះ​មិន​សំដៅលើ​តែ​ខ្សែបន្ទាត់​បែងចែក​ប្រទេស​ចិន​ពី​ទឹកដី​ដែល​កាន់កាប់​ដោយ​ពួក​ឈ្លានពាន​ដែលមាន ចិ​ត្ដ​ឃោរឃៅ​ឡើយ ប៉ុន្ដែ​ក៏​សំដៅ​ដល់​ទឹកដី​ទាំងឡាយ​ដែល​ណា​ដែលមាន​ផ្នូរ​ដូនតា​របស់ខ្លួន​ដែរ ទាំង​នៅលើ​មេឃ និង​លើដី ដូច​បានបង្ហាញ​ក្នុង​រឿងនិទាន​ទាំងឡាយ​នៅ​សតវត្សរ៍​ទី​១៣​។ ដើម្បី​បោះបង់ចោល​នូវ​ទឹកដី​មាតុភូមិ​របស់​ដូនតា​ខ្លួន គេ​ត្រូវ​បោះបង់ចោល​នូវ​កន្លែង​ខ្លួនឯង ដែល​ស្ថិតនៅក្នុង​ចក្រវាល​ទាំងមូល​របស់​ចិន​។ នៅក្នុង​កំណត់​ផែនទី​របស់​ប្រទេស​ចិន នា​សតវត្សរ៍​ទី​១៩ គេ​ឃើញ​មានការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​មួយ​នៅក្នុង​គំនិត​របស់​រដ្ឋាភិបាល​នៃ​អធិរាជ​ចិន ដែល​បង្កើត​នូវ​គោល នយោបាយ​ថ្មីៗ​ជាច្រើន ដើម្បី​ទទួលស្គាល់ថា​ជនភៀសខ្លួន​សញ្ជាតិ​ចិន​នៅ​ខាងក្រៅ​ប្រទេស​ទាំងឡាយ​មិនមែនជា​ចោរ​សមុទ្រ ឬ​ជា​អ្នករត់​ចោលស្រុក​ឡើយ ប៉ុន្ដែ​ជា​ពលរដ្ឋ​ចិន​ដែល​ត្រូវការ​ការពារ​ពី​ប្រទេស​ចិន​​ទៅវិញ​។ មាន​កត្តា​ជាច្រើន​ដែល​បង្កើតឱ្យមាន​គំនិត​នេះ ប៉ុន្ដែ​អ្វីដែល​ច្បាស់​បំផុត​នោះ គឺថា​នៅពេលដែល​ប្រទេស​ចិន​ចាញ់​ពួក បរទេស​នៅក្នុង​សង្គ្រាម​អាភៀន (Opium Wars) ប្រទេស​ចិន​បាន​ខ្នះខ្នែង​ក្នុងការ​លើកតម្កើង​របៀប​នៃ​ការគិត​តាមបែប ប្រពៃណី​ថា ប្រទេស​ចិន​គឺជា​មជ្ឈមណ្ឌល​ដែលមាន​អំណាច​ខ្លាំងជាងគេ​លើ​ពិភពលោក​។ គេ​លែង​ចាត់​ប្រទេស​ចិន​ថា​ជា​ផ្កាយ ដែល​ស្ថិតនៅ​នឹង​មួយកន្លែង​ត្រង់ចំណុច​ប៉ូល​បញ្ជា​លើ​ផ្កាយ​ទាំងឡាយ​ទៀតហើយ (​ខុង​ជឺ ឆ្នាំ​១៩៧៣ ទំ​.​ទី​៦៣)​។ ការគិត​ដូច្នេះ បានធ្វើឱ្យ​ប្រទេស​ចិន​ចាប់ផ្ដើម​បង្កើត​ការទាក់ទង​ជាមួយ​បរទេស (​ដែលមាន​ឈ្មោះថា Zongli Yamen) នៅក្នុង​ឆ្នាំ​១៨៦១ បន្ទាប់មក​ក៏មាន​ការកើនឡើង​នូវ​ដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​ពី​សំណាក់​មន្ដ្រី​ជាច្រើន​របស់​រដ្ឋាភិបាល​នៃ​រាជវង្ស​ឈី​ង (​ឈី​ង ខ្មែរ​និយម​ហៅថា​រាជវង្ស ឆេង​) ហើយក៏​ចាប់ផ្ដើម​មានការ​ផ្លាស់ប្ដូ​រ​នូវ​អាកប្បកិរិយា​ដ៏​គឃ្លើន​របស់ខ្លួន​ដែល​ធ្លាប់មាន​។ បន្ទាប់ពី​បាន​បង្កើត​ស្ថានទូត​(​ស្ថាន​កុងស៊ុល​) របស់ខ្លួន​នៅ​បរទេស​ក្នុង​សតវត្សរ៍​ឆ្នាំ​១៨៧០ និង​ឆ្នាំ​១៨៨០ ប្រទេស​ចិន​ចាប់ផ្ដើម​យល់ដឹង​កាន់តែខ្លាំង​នូវ​តម្លៃ​សេដ្ឋកិច្ច​របស់​ជនជាតិ​ចិន​នៅ​បរទេស (Yen Ching-Hwang, ឆ្នាំ​១៩៨៥ ទំ​.​ទី​២០៦​និង​២៤៩) ។​ការលុបបំបាត់ចោល​នូវ​ការជួញដូរ​ទាសករ​នៅក្នុង​ពិភពលោក​នៅ​ឆ្នាំ​១៨១៤ និង​ការកើនឡើង​នូវ ពាណិជ្ជកម្ម​កម្លាំង​ពលកម្ម​នៅក្នុង​ប្រទេស​ចិន​ក៏បាន​ធ្វើឱ្យមាន​ការកែប្រែ​អាកប្បកិរិយា​របស់​រដ្ឋា​ភិ​បាល​នៃ​រាជវង្ស​ឈី​ង ដែរ​។ ការបញ្ជូន​ចេញ​ជា​លើកដំបូង​នូវ​កម្មករ​ចិន​ទៅ​ដែនដី​អាណានិគម​បារាំង​នៅ​កោះ​ប៊ូ ដុង (Bourdon) ក្រោម​កិច្ចសន្យា​ជាមួយ បរទេស​បានធ្វើ​ឡើង​នៅ​ឆ្នាំ​១៨៤៤​។ នៅពេលនោះ​ជនភៀសខ្លួន​ដែល​រស់នៅ​ក្រៅប្រទេស​ទាំង​ឡាយ​លែង​ត្រូវបាន​គេ​ចាត់ទុក ថា​ជា​ជន​ក្រៅសង្គម​ទៀតហើយ ប៉ុន្ដែ​ជា​ពលរដ្ឋ​តំណាងឱ្យ​ប្រទេស​ចិន​។ កាលពីមុន ជនជាតិ​ចិន​រស់នៅ​បរទេស​ត្រូវបាន​គេ ចាត់ទុកថា​ជា​អ្នករត់​ចោលស្រុក​កំណើត​និង​ជា​ជន​ក្បត់ជាតិ តែ​ឥឡូវនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ពលរដ្ឋ​និង​ជា​អ្នកជំនួញ​ជាន់ ខ្ពស់​ទៅវិញ (Yen Ching-Hwang ឆ្នាំ​១៩៨៥ ទំ​.​ទី​៣៣)​។ ដោយសារ​មានការ​បង្ខិតបង្ខំ​ពី​កងកម្លាំង​យោធា​របស់​ពួក​សម្ព័ន្ធមិត្ត​នៅ​ឆ្នាំ​១៨៦០ រដ្ឋាភិបាល​នៃ​រាជវង្ស​ឈី​ង បាន​ចុះសន្ធិសញ្ញា​ជាមួយ​ចក្រភព​អង់គ្លេស​និង​ប្រទេស​បារាំង​ទទួលស្គាល់​នូវ​សិទ្ធិ ធ្វើដំណើរ​បស់​ប្រជាពលរដ្ឋ​ចិន​និង​ធានា​គោរព​កិច្ចសន្យាលក់​កម្លាំង​ដែល​ខ្លូន​បានធ្វើ​ជាមួយ​ពួក​អាណានិគម (Yen Ching-Hwang, ឆ្នាំ​១៩៨៥ ទំ​.​ទី​៣៩ ៤២ ៩៩-១០០)​។ សន្ធិសញ្ញា​ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦០ គឺ​៣​ឆ្នាំ​មុនពេល​មានការ បង្កើតឡើង​នូវ​របប​អាណាព្យាបាល​បារាំង​នៅ​កម្ពុជា បាន​បើកចំហ​ឱ្យមាន​ការធ្វើដំណើរ​អន្ដោប្រវេសន៍​ពី​សំណាក់​ជនជាតិ​ចិន​ថ្មីៗ​ជាច្រើន​ទៀត​ដែលជា​ប្រការ​ធ្វើឱ្យមាន​ជន​ជាតិចិន​កាន់តែច្រើន​នៅ​កម្ពុជា​។​

​នៅក្រោម​ការគ្រប់គ្រងរ​បស់​បារាំង តម្រូវការ​កម្លាំង​ពលកម្ម​មានតម្លៃ​ថោក ការប្រើប្រាស់​ជនជាតិ​ចិន​ជា​ឈ្មួញកណ្ដាល​ក្នុង វិស័យសេដ្ឋកិច្ច​និង​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ទៅលើ​ដំណើរ​(​ចរាចរ​) របស់​ជនជាតិ​ចិន​មក​រស់នៅ​និង​ឆ្លងកាត់​តំបន់ ឥណ្ឌូចិន​ដែល​គ្រប់គ្រង​ដោយ​បារាំង បានធ្វើឱ្យ​មានការ​បង្កើត​ឡើង​នូវ​ព្រំដែន​បែងចែក​ជាតិ​សាសន៍​ដ៏​តឹងរ៉ឹង​ជាច្រើន​។ ការបង្កើត​ច្បាប់​អន្ដោប្រវេសន៍ ច្បាប់​ពន្ធដារ ច្បាប់​គ្រប់គ្រង​សង្គម និង​ច្បាប់​ការងារ បាន​បង្កើតឡើង​ឱ្យមាន​សញ្ញាណ​នៃ​ការ បែងចែក​សមាជិក​ក្នុង​ក្រុម​និង​សមាជិក​ក្រៅ​ក្រុម ដែលជា​កត្តា​ធ្វើឱ្យ​ផុស​ឡើង​នូវ​គំនិត​ប្រឆាំងនឹង​របប​អាណានិគម​នៅ​ទូទាំង ប្រទេស​។ ជន​ជាតិចិន​ទាំងឡាយ​ដែល​ទើប​មកដល់​ថ្មី ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​ត្រួតពិនិត្យ​ដ៏​ច្បាស់លាស់​មួយ​នៅតាម​សហគមន៍ ដើម្បី​ងាយស្រួល​ក្នុង​ការប្រមូល​ប្រាក់ចំណូល​។ រហូតមកដល់​ឆ្នាំ​១៩០៧ គេ​នៅតែ​ពិនិត្យ​ស្នាម​មេដៃ​និង​វាស់​ក្រយៅ​ក្បាល របស់​ជនជាតិ​ចិន​នៅពេលដែល​ពួកគេ​មកដល់ ដែល​នេះ​គឺជា​ការ​បង្ហាញថា​ពួកគេ​ជា​អ្នកលក់​កម្លាំង​ពលកម្ម​នៅថ្ងៃនេះ ប៉ុន្ដែ​នឹង​ក្លាយជា​ម្ចាស់​នៅ​ថ្ងៃស្អែក​។ ជន​ជាតិចិន​ត្រូវបាន​គេ​ហាមឃាត់​មិនឱ្យ​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ហើយ​ពួកគេ​ត្រូវបាន​ពួក​អាណានិគម​បារាំង​ជេរ​ស្ដីថា ជា​អ្នកជំនួញ​ដែលមាន​ចំណង់​ច្រើន​ហួសហេតុ ឬ​ជា​កម្មករ​ដែលមាន​គំនិត​មិនល្អ ដែល​ស្វែងរក​សេចក្ដីសុខ ក្នុង​ជីវិត​របស់ខ្លួន​ពី​ការជួញដូរ​អាភៀន ពី​ការលេង​ល្បែង​និង​ការចាប់​ជំរិត​។ ទោះបីជា​ពួក​បារាំង​ប្រមូលបាន​ចំណូល​ជាច្រើន​ពី ជនជាតិ​ចិន​តាមរយៈ​ការយកពន្ធ​ដែលមាន​លក្ខណៈ​ប្រកាន់ពូជសាសន៍​ដោយ​ពួក​មន្ដ្រី​អាណានិគម​ជាច្រើន​ត្អូញត្អែរថា ជនជាតិ​ចិន​មិនបាន​ផ្ដល់​ផលប្រយោជន៍​អ្វី​សោះ​ដល់​ប្រទេស​កម្ពុជា ផ្ទុយទៅវិញ​ពួក​ជនជាតិ​ចិន​ទាំង​នោះបាន​បញ្ជូន​ប្រាក់ ចំណូល​ទាំងឡាយ​ដែល​ពួកគេ​រកបាន​ទៅ​ស្រុកកំណើត​របស់ខ្លួន​អស់​។ ក្នុងនាម​ជា​អាណាព្យាបាល​ពួក​បារាំង​មានការ​ពេញចិត្ត​ពេញ​ថ្លើម​យ៉ាងខ្លាំង​ជាមួយនឹង​ការស្រឡាញ់​រាប់អាន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដូច​មាន​បង្ហាញ​នៅក្នុង​សំណេរ​(​អភិប្រាយ​) របស់​អ្នកស្រាវជ្រាវ​មួយចំនួនធំ​និង​ប្រលោមលោក​ជាច្រើន​ស្ដីអំពី​ពួក​អាណានិគម​។ ផ្ទុយទៅវិញ វប្បធម៌ និង​សង្គម​របស់​សហគមន៍​ចិន​នៅ​កម្ពុជា​បានទទួល ការយក​ចិ​ត្ដ​ទុកដាក់​តិចតួច​ប៉ុណ្ណោះ​ពី​សំណាក់​អ្នកស្រាវជ្រាវ​ទាំងឡាយ​។ ក្នុង​ក្រសែភ្នែក​របស់​ពួក​បារាំង ជនជាតិ​ចិន​គឺជា មនុស្ស​ដែលមាន​សារសំខាន់​តិចតួច​បំផុត ទោះបីជា​គំនិត​ក្នុង​ការធ្វើ​ជំនួញ និង​ឧស្សាហកម្ម​របស់​ជនជាតិ​ចិន​បានផ្ដល់​ជា​ទុន ជួយ​ឱ្យ​របប​អាណានិគម​មានដំណើរ​កា​រ​ទៅមុខ​ក៏ដោយ​។​

​ប៉ុន្ដែ មន្ដ្រី​គ្រប់គ្រង​រដ្ឋបាល​នៃ​របប​អាណានិគម​បារាំង មិន​ត្រឹមតែ​ជា​អ្នក​ដែល​បានទទួល​ផលប្រយោជន៍​ក្នុងការ​បង្កើតឱ្យមាន អត្ដ​សញ្ញាណ​ដោយឡែក​មួយ​ក្នុងចំណោម​ជន​ជាតិចិន​ទាំងឡាយ​ដែល​រស់នៅ​បរទេស​ប៉ុណ្ណោះ​ទេ តាមពិត កត្ដា​សំខាន់​ក្នុងការ​ផ្លាស់ប្ដូរ​និយមន័យ ដែល​ពួកគេ​បាន​ធ្វើឡើង​សម្រាប់​ជនភៀសខ្លួន​ជនជាតិ​ចិន ដែល​កាលពីមុន​មានឈ្មោះ ថា​ជា​សំណាត់​អណ្ដែត​តាម​ទឹក ជា​ក្រុមចោរ​សមុទ្រ និង​ជា​ឧក្រិដ្ឋជន ឱ្យទៅជា​អ្នក​ដែលមាន​ឈ្មោះថា​ជា​ជនជាតិ​ដែលមាន សហគមន៍​រឹងមាំ​នៅ​បរទេស​នោះ ក៏បាន​បង្កើតឱ្យមាន​គំនិត​ជាតិនិយម​ក្នុងចំណោម​ជនជាតិ​ចិន​ដែរ​។ ប្រការនេះ បានធ្វើ​ឱ្យមាន​ការគិត​គូរ​ឡើងវិញ​អំពី​ឋានៈ​របស់​ជនជាតិ​ចិន​ក្នុង​រដ្ឋាភិបាល​ដែល​ពួកគេ​រស់នៅ និង​ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ រូបភាព​នៃ​អត្ដ​សញ្ញាណ​ជនជាតិ​ចិន​ទាំងឡាយ​ដែល​រស់នៅ​បរទេស​ផងដែរ​។ បន្ទាប់ពី​រដ្ឋាភិបាល​នៃ​រាជវង្ស​ឈី​ង បានទទួល​អត្ថប្រយោជន៍​សេដ្ឋកិច្ច​និង​កិត្យានុភាព​ពី​ការទទួលស្គាល់​ជនជាតិ​ចិន​នៅ​បរទេស​នោះ ជ​នប​ដិ​វត្ដ​នៅក្នុង​ក្រុម​របស់ លោក​ស៊ុន យ៉ា​ត​សេន (Sun Yatsen) និង​អ្នក​កែទម្រង់​និយម​ក្នុង​ក្រុម កាំ​ង យូ​វ៉េ ក៏បាន​ទទួលស្គាល់​នូវ​ធនធាន​(​ឬ​អត្ថប្រយោជន៍​)​ផ្នែក​នយោបាយ​របស់​ពួក​ជនជាតិ​ចិន​ទាំង​នោះដែរ​។ ចាប់តាំងពី​ចុង​សតវត្ស​ទី​១៩ មក រដ្ឋាភិបាល​និង​បញ្ញវន្ដ​ចិន​បាន​ចាប់អារម្មណ៍​លើ​ជន​ជាតិចិន​នៅ​បរទេស​ដូច​មន្ដ្រី​អាណានិគម​ដែរ​។ ចំណងទាក់ទង​របស់​សហគមន៍​លើ​ជនជាតិ​ចិន​នៅ​បរទេស​ទៅនឹង​ប្រទេស​ចិន​នៅ​សតវត្ស​ទី​១៩ មានដូចជា​ការបញ្ជូន​លុយកាក់​ទៅឱ្យ​បងប្អូន​របស់ខ្លួន​ដែល​រស់​នៅតាម​បណ្ដា​ខេត្ដ​នានា​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ទៅ​សម្រាក​ចូល​និ​វត្ដ​និង​ស្លាប់​នៅ​ទីនោះ ថែមទាំង​ការដឹកជញ្ជូន​អដ្ឋិធាតុ​(​ឆ្អឹង​សព​) នៃ​សាច់ញាតិ​របស់ខ្លួន​ទៅ​បញ្ចុះ​នៅ​ទឹកដី​កំណើត​របស់​ពួកគេ (Yong, ឆ្នាំ​១៩៩២ ទំ​.​ទី​៨៣) ។ ការកើនឡើង​នូវ​គំនិត​ជាតិនិយម​បាន​ជំរុញឱ្យមាន​ការកើតឡើង​នូវ​ទឹកចិត្ត​រឹងមាំ​យូរអង្វែង​ក្នុង​សកម្មភាព​នយោបាយ សេដ្ឋកិច្ច និង​អប់រំ ។ ការកសាង​មូលដ្ឋានគ្រឹះ​លើ​ទំនាក់ទំនង​ជិតស្និទ្ធ​ក្នុងសង្គម និង​វប្បធម៌​ដូចជា​ល្ខោន​ចិន​(​ហ៊ី​ចិន​) ការ​ប្រារព្ធ​ពិធី​សាសនា វិស័យ​សុខាភិបាល ម្ហូបអាហារ និង​ការអប់រំ បាន​ជំរុញ​ឱ្យ​ជនជាតិ​ចិន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បង្កើន ទំនាក់ទំនង​នយោបាយ​ជាមួយ​ប្រទេស​ចិន​កាន់តែខ្លាំង​ឡើង​។​

​ដោយមាន​ការដឹកនាំ​ពី​សំណាក់​លោក​ស៊ុន យ៉ា​ត​សេន អ្នក​ជាតិនិយម​ជនជាតិ​ចិន​ទាំងឡាយ​បាន​បង្កើត​សាលារៀន​ចិន​និង សមាគម​វប្បធម៌​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍​។ រាជវង្ស​ឈី​ង បាន​ទាក់ទាញ​សហគមន៍​ចិន​នៅ​បរទេស​ដែលមាន​គំនិត​ជាតិនិយម ជាច្រើន​ឱ្យមាន​ការពេញចិត្ដ​ចំពោះ​រដ្ឋបាល​របស់ខ្លួន ហើយ​បាន​ចុះឈ្មោះ​ទទួលស្គាល់​នូវ​ជំនឿ ប្រពៃណី​របស់​ជនជាតិ​ចិន ដែល​រស់នៅ​បរទេស​ក្នុង​ច្បាប់​សញ្ជាតិ​របស់ខ្លួន​នៅក្នុង​ឆ្នាំ​១៩០៩​។ ចាប់តាំងពី​ពេលនោះ​មក អត្ដ​សញ្ញាណ​នៃ​ជន​ជាតិចិន​លែង​ត្រូវបាន​គេ​កំណត់​ត្រឹមតែ​មានកំណើត​កើត​នៅក្នុង​រង្វង់​នៃ​ទឹកដី​ដូនតា​របស់ខ្លួន​ទៀតហើយ​។ ច្បាប់​សញ្ជាតិ​ថ្មី​នេះ​បាន​បង្កើតឱ្យមាន​គោលការណ៍​នៃ​ការទទួលស្គាល់​សញ្ជាតិ​តាមរយៈ​តំណពូជ​ឈាមជ័រ​របស់​ឪពុកម្ដាយ ជាមួយនឹង​ប្រទេស​កំណើត ហើយ​បានកំណត់​វិសាលភាព​នៃ​ជាតិ​សាសន៍​ចិន​ជាថ្មី ដោយ​ផ្អែកលើ​សែស្រឡាយ​ឈាមជ័រ​វិញ (​នេះ​ជា​ប្រការ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ឡើយ (Fitzgerald, ឆ្នាំ​១៩៧២ ទំ​.​ទី​៦)​។ ដូច្នេះ​គេ​និយាយបានថា អ្នកឯង​គឺជា​ជនជាតិ​ចិន​ដោយសារ​មាន​ឈាមជ័រ​ចិន មិនមែន​ដោយសារ​ឈ្មោះ​ឡើយ​។ អ្នក​ទាំងឡាយណា​ដែលមាន​ឪពុក ឬ​ម្ដាយ​ជា​ជន​ជាតិចិន​(​ទោះជា​គេ​មិន​ស្គាល់​ថា​ឳ​ពុក​ជា​ជាតិ​សាសន៍​អ្វី​ក៏ដោយ​) អ្នកនេះ​នឹង​ក្លាយជា​ជនជាតិ​ចិន ទោះជា​នៅ​ទីកន្លែង​ណាក៏ដោយ​។

​ដូច្នេះ​ច្បាប់​សញ្ជាតិ​នេះ​បានផ្ដល់​ការទទួលស្គាល់​ស្របច្បាប់​ដល់​ជនជាតិ​ចិន​ទាំងឡាយ​ដែល​រស់នៅ​បរទេស ទន្ទឹមនឹងនោះ​បង្កើតឱ្យមាន​ការគិត​ស្រមៃ​ដល់​សហគមន៍​ជនជាតិ​ចិន​ដែល​រស់នៅ​ពាសពេញ​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​អ្នក​ដែល​បានកើត​នៅលើ​កោះ ប័​រ​ណេ​អូ (Borneo) ឬ​នៅ​ខេត្តបាត់ដំបង ដែល​សព្វថ្ងៃនេះ​ក្នុង​ក្ដី​ស្រមើស្រមៃ​របស់​ពួកគេ ក៏បាន​ងាក​ទៅ​គិតពី​បញ្ហា​ទឹកដី​មាតុភូមិ​របស់​ដូនតា​ពួកគេ (Wang, ឆ្នាំ​១៩៩១ ទំ​. ទី​២២៣ និង Anderson , ឆ្នាំ​១៩៨៣ ទំ​. ទី​១៣៣)៕

លីសា

spot_img
×