Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ក្លាហាន​បើករថយន្ត​ដេញ​បុក​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​២​នាក់ ផ្ទប់​នឹង​ជញ្ចាំង​ផ្ទះ រងរបួស​ធ្ងន់ធ្ងរ​

spot_img

​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​បាន​រងរបួស​ធ្ងន់ ដោយ​ក្អួត​ឈាម សង្ស័យ​មិន​រស់​ផង​មើលទៅ ខណៈ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ ហើយ​ត្រូវបាន​នារី​ជនជាតិ​ចិន​បើករថយន្ត​ដេញ​បុក​ផ្ទប់​នឹង​ជញ្ចាំង​ផ្ទះ​គេ​យ៉ាង​ពេញទំហឹង​នោះ​។​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃអាទិត្យ ទី​១២ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៤៥៤ កែង​នឹង​ផ្លូវ​លេខ​១២៣ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​បើ​តាម​ក្មេងប្រុស​ម្នាក់​ជា​អ្នក​និយាយ​ភាសា​ចិន និង​បាន​ជួយ​បក​ប្រែភាសា​ចិន​ពី​ស្ត្រី​ជនជាតិ​ចិន​ទាំង​២​នាក់​នោះ​រួច រៀបរាប់ ឲ្យដឹងថា នៅ​មុនពេល​កើតហេតុ មាន​ជនសង្ស័យ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ នារី​ជនជាតិ​ចិន​ខាងលើ​ពី​ក្នុង​រថយន្ត ខណៈ កំពុង​ឈប់​រថយន្ត​អែប​ចិញ្ចើមផ្លូវ លេខ​៤៦០ ពេល​ភ្លាមនោះ​គាត់​ក៏​បាន​បើករថយន្ត​ដេញ​តាម​ដែរ តែ​តាម​មិនទាន់ ។ ខណៈ​ដែល​ទូរស័ព្ទ​ដៃ​គាត់​បាន​ភ្ជាប់​ប្រព័ន្ធ GPS ផង​នោះ គាត់​ក៏​ឆែក​មើលឃើញ ហើយក៏​បើករថយន្ត​រកមើល​តា​ម​សញ្ញា Locations និង​ប្រព័ន្ធ GPS ដែល​លោត​បង្ហាញ​តាម​ផ្លូវ​រហូត​មកដល់​ចំណុចកើតហេតុ​ផ្លូវ​៤៥៤ កែង​ផ្លូវ​១២៣ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​នោះ កំពុង​ព្យាយាម​ជិះ​ម៉ូតូ Scoopy ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CL-7241 រត់គេច​ហើយ ក៏​បើក​រថយន្ត​បំបុក​ផ្ទប់​នឹង​ជញ្ជាំង​ថ្ម​របង​ផ្ទះ​គេ​ពេញទំហឹង បណ្តាល​ឲ្យ ជនជាប់សង្ស័យ​ទាំង​២​នាក់ រងរបួស​ធ្ងន់ ដោយ​ម្នាក់​នៅ​សល់​ដង្ហើមចង្រិត ក្អួត​ឈាម​ពេញ​ខ្លួន​ទៀតផង និង​ម្នាក់​ទៀត​សន្លប់​ស្ដូក​ផ្កាប់​មុខ​នៅ​ហ្នឹង​កន្លែង​តែ​ម្ដង ហើយ​ក៏​ឃើញ​ទូរស័ព្ទ​របស់​នារី​ចិន​នោះ​នៅ​ក្បែរ​ជនសង្ស័យ​នោះ​ដែរ ទើប​គាត់​រើសយក​មក​វិញ ទើប​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ដំណើរ​មក​ចោមរោម​មើល តែម្ដង​។​ក្រោយមក​ជនជាប់សង្ស័យ​ទាំង​២​នាក់​នោះ ត្រូវបាន​ដឹក​តាម​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន​យកទៅ​សង្គ្រោះ​បន្ទាន់ បន្តបន្ទាប់​គ្នា​ផងដែរ​។

​សូមបញ្ជាក់​ថា ករណី​នេះ​នៅ​មិនទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ ថា​ជា​ករណី​ចោរឆក់ ឬក៏​យ៉ាងណា ខណៈ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​មិនទាន់​អាច សន្និដ្ឋាន​ថា​យ៉ាងណា​នោះទេ ដោយ​សុំ​រង់ចាំ​ប៉ូលីស​ធ្វើការ​ស្រាវជ្រាវ​បន្តទៀត ខណៈ​ដែល​ស្ត្រី​ជា​ជនជាតិ​ចិន​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នាំ​យក​ទៅ​ប៉ុស្តិ៍ ដើម្បី​សាកសួរ​សិន តែ​ស្ថិតក្នុង អាការៈ ភិតភ័យ​ពេក​ឲ្យ​ក៏​ទៅ​ផ្ទះ​សម្រាក​សិន​។​

​ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែងកើតហេតុ បាននាំគ្នា​អះអាងថា ករណី​នេះ​ដូចជា​មិន​ទំនង​សោះ ហើយ​បាន​ស្នើសុំ​ឲ្យ សមត្ថកិច្ច មេត្តា បើក​ការស្រាវជ្រាវ​ឲ្យ បាន លម្អិត​ផង បើ​អាច​សុំឲ្យ សមត្ថកិច្ច​ធ្វើ សន្និសីទ​សារព័ត៌មាន បង្ហាញ​ឲ្យ ប្រជាពលរដ្ឋ បាន​ដឹង​ច្បាស់​ផង ម្យ៉ាងទៀត​ថ្វីបើ​ជនជាតិ​ចិន​នោះ​ជា​អ្នករងគ្រោះ​ក៏ដោយ តែ​ក្នុង​នាម​ជា​ជនបរទេស ពួកគេ​ត្រូវ​មាន​ប័ណ្ណ សំគាល់ ឬ​លិខិត​ស្នាម​អ្វី ដែល​ច្បាប់​អនុញ្ញាត​ឲ្យ អាច​បើក​រថយន្ត​ដោយ​សេរី​បែប នេះ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×