Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើ​កោសល្យវិច័យ​លើ​សំណេរ​ចម្លើយ​ដូចគ្នា​រប​ស់បេក្ខជន​ប្រឡង​បាក់​ឌុប ក្នុង​ការចម្លង​ពី​គ្នា នឹង​ឲ្យ​ធ្លាក់​ទាំង​ពីរ​ជា​ស្វ័យប្រវត្តិ​

spot_img

​ភ្នំពេញ ​៖ លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​មានប្រសាសន៍ថា ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​៥ នៃ​កំណែទម្រង់​លើ​វិស័យ​អប់រំ នៅ​កម្ពុជា​។ ការ​ទទួលជោគជ័យ​នា​កន្លងមកនេះ ដោយ​មាន​ការចូលរួម​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សហភាព​ស​ព័ន្ធ​យុវ​ជ​កម្ពុជា ដែល​ធ្វើឱ្យ​ការពង្រឹង​លើ​ចំណេះដឹង​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា កាន់តែ​ប្រសើរ​ឡើង​។ លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាស់តឿន​ឲ្យ​បេក្ខជន ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ប្រឡង​ទាំងអស់ ក្នុងករណី​ដែល​រកឃើញ​មាន​ការចម្លង​ពី​គ្នា នៅ​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បើ​ធ្វើ​កោសល្យវិច័យ​ដូចគ្នា នឹង​ឲ្យ​ធ្លាក់​ទាំង​ពីរ​ជា​ស្វ័យប្រវត្តិ​។​

​ពិធី​ជួបជុំ​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​បាន​រៀបចំ​ឡើង នា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នា​សៀ​ល​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៨​នេះ​។​

​លោក ហង់ ជួន​ណារ៉ុន បាន​ថ្លែងថា ប្រសិនបើ​ឃើញ​គេ​ចម្លង យើង​គ្រាន់តែ​ប្រាប់​លេខ​តុ លេខ​អី​ទៅ និង​ថ្នាក់​ណា ឲ្យតែ​មាន​លេខ​តុ និង​ថ្នាក់​ក៏​បាន​ដែរ ក្រសួង​នឹង​ធ្វើ​កោសល្យវិច័យ​។ តើ​មាន​ការចម្លង​ឬ​អត់ មិនមែន​ប្រាប់​តែ​លេខ​តុ​ចប់​នោះទេ គឺ​ក្រសួង​នឹង​យក​ព័ត៌មាន​ហ្នឹង​ធ្វើ​កោសល្យវិច័យ ចឹង​បានឃើញ​ថា ចម្លង​ដូច​គ្នា​ឲ្យ​ធ្លាក់​ទាំងពីរ​។ ធ្វើបែបនេះ អ្នកសង្កេតការណ៍ និង​អនុរក្ស​គ្មាន​បញ្ហា​ប្រឈម កើតឡើង​លើ​ពួកគេ​នោះទេ ។ ម្យ៉ាងទៀត​ពេល​ប្រឡង​នា​ពេលកន្លងមក អ្នកសង្កេតការណ៍ ព្រមទាំង​អនុរក្ស​ក៏​គ្មាន​បញ្ហា អ្វី​កើតឡើង​លើ​ពួកគេ​ដែរ​។ ប្រសិនបើ​បេក្ខជន​គំរាមកំហែង​អ្នក​សង្កេត​គឺ បេក្ខជន​រូប​នោះ​នឹង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ហើយ​នឹង​ទទួល​ទោស​ព្រហ្មទណ្ឌ​ជាដើម​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែងថា បេក្ខជន​ដែល​ប្រឡង​ឆ្នាំនេះ មាន​ការកើនឡើង​ជាង​១​ម៉ឺន​នាក់ ចំណែក​អ្នក​សង្កេតការណ៍​អ្នក​ប្រឡង​មាន​ចំនួន​កើន​ឡើង​ផងដែរ​។ កន្លង​មក​បេក្ខជន​ប្រឡង​កំហុស​ក៏មាន អ្នក​សង្កេតការណ៍ ទទួលរង​វិន័យ​ក៏​មាន​ចំនួន​១២​នាក់ និង​អនុរក្ស ក៏​មាន​ទទួលរង​ការ​ទោស​វិន័យ​ដូចគ្នា​។ អ្នកសង្កេតការណ៍​ទាំងអស់​មាន​​ភាពទន់ភ្លន់ ប៉ុន្តែ​ត្រូវ​មាន​ភាព​ម៉ត់ចត់ ដោយ​ពង្រឹង​លើ​វិន័យ​ឱ្យបាន​ច្បាស់លាស់​។ លោក ឱម យ៉ិនទៀង បានបញ្ជាក់​ថា អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​សម្រាប់ ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ មាន​ជាង​៦​ពាន់​នាក់ កើន​ឡើង​ជាង​៥០០​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ។​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​បន្ថែមថា ការប្រឡង​បាក់​ឌុប​ខាងមុខនេះ អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត នឹង​ពង្រឹង​លើ​វិន័យ​អនុវត្ត​ការងារ ហើយ​បើ​ឃើញ​បេក្ខជន​ប្រឡង ឬ​មន្ត្រី​ពាក់ព័ន្ធ ក្នុង​ការប្រឡង បាន​ប្រព្រឹត្តិ​ខុស​ករណី​ណាមួយ នឹង​ប្រឈម​ធ្លាក់​ស្វ័យប្រវត្តិ ឬ​មាន​ទោស កំហុស​មិន​អាច​លើកលែង​បាន​ឡើយ​។​

​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវ​ជ​កម្ពុជា បាន​មានប្រសាសន៍ថា តាមរយៈ​ការរៀន​បន្ថែម​ម៉ោង​នា​កន្លងមក របស់​បេក្ខជន បាន​ធ្វើឱ្យ​ពួកគាត់ មាន​ចំណេះដឹង​គ្រប់គ្រាន់ ក្នុង​ការចូលរួម​ប្រឡង ដោយ​អាច​ជោគជ័យ​នៅ​ខាង​មុខ​។ ជាមួយគ្នា​នៅ​ពេល​ទទួលជោគជ័យ​នៅក្នុង​ពេល​ប្រឡង​នេះដែរ ពួកគាត់​នឹង​មាន​មូលដ្ឋានគ្រឹះ ចំណេះដឹង​គ្រប់គ្រាន់ ដែល​ជា​ធនធានមនុស្ស​មួយ ដល់​ប្រទេស​ជាតិ​។​

​សូមបញ្ជាក់​ថា ការប្រឡង​បាក់​ឌុប​នេះ ក្រសួង​បាន​ប្រើប្រាស់​គណៈមេប្រយោគ​ចំនួន ៣១.១០៨​នាក់ ចែក​ចេញ​ពីរ​ផ្នែក គឺ​ដំណាក់​សំណេរ​ចំនួន​១៥.៨០០​នាក់ និង​ដំណាក់កាល​អត្រាកំណែ​១៤.៤០០​នាក់ ។ ឆ្នាំ​នេះ​ដែរ ក៏​មាន​ការចូលរួម​ពី អ្នកសង្កេតការណ៍​មកពី អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាង​៦​ពាន់​នាក់ ។ ក្រសួង​នឹង​រៀបចំ​ប្រធាន​វិញ្ញាសា សម្រាប់​ប្រឡង​ចំនួន​៧​មុខវិជ្ជា​។​

​គួរបញ្ជាក់​ថា ការប្រឡង​ឆ្នាំនេះ​ការប្រឡង​បាក់​ឌុប​នា​ឆ្នាំ​នេះ​ដែរ ពិន្ទុ​ខ្ពស់បំផុត​គឺ​៥០០ និង​ចំពោះ​បេក្ខជន ដែល​ធ្វើ​ពិន្ទុ​បាន​ត្រឹម​២៣៧ នឹង​ត្រូវ​ជាប់​ហើយ ។ ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃទី​២០- ២១ ខែ​សីហា នៅពេល​ខាងមុខ​នេះ ក្រសួង​នៅតែ​ចេញ​វិញ្ញាសា ក្នុង​កម្រិត​មួយ​ដែល​មាន​គុណភាព ដែល​បាន​ចំណាយ​ថវិការ​ជិត​៥​លាន​ដុល្លារ និង​មាន​ក្រុម​អ្នកសង្កេតការ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជិត​៦​ពាន់​នាក់​ចូលរួម​។ ការប្រឡង​បាក់​ឌុប ក្នុងនេះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម រួមមាន បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៧.០៦១ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៩៥ មណ្ឌល ចែកចេញ​ជា ៤.៧៦១​បន្ទប់ នៅ​រាជធានី ខេត្ត​ទាំង​២៥ នៅ​កម្ពុជា​៕ ​ដោយ ​៖​ កូឡាប​

   

spot_img
×