Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិភាក្សា និង​ប្រមូល​ធាតុ​ចូល សម្រាប់​កែលម្អ លើ​សេចក្តីព្រាង​ក្របខ័ណ្ឌ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ពាណិជ្ជកម្ម បាន​សហការ​ជាមួយ​អង្គការ​ជី​អាយ​ហ្សិត នៃ​រដ្ឋាភិបាល​អាល្លឺម៉ង់ (GIZ) និង​លេខាធិការ​ដ្ឋាន​អាស៊ាន រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ដើម្បី​ពិភាក្សា​និង​ប្រមូល​ធាតុ​ចូល សម្រាប់​កែលម្អ​លើ​សេចក្តីព្រាង​ក្របខ័ណ្ឌ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (National Consultation Workshop on Framework for CLMV Economic Development) កាលពី ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​មាន​ការចូលរួម​ពី​តំណាង​អន្តរក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ លេខាធិការដ្ឋាន​អាស៊ាន អង្គការ GIZ ជំនាញការ​របស់​ក្រុមហ៊ុន Fidelity Ventures of Asia (FVA) និង​តំណាង​វិស័យ​ឯកជន​ពាក់ព័ន្ធ​។​

​លោក​អនុរដ្ឋលេខាធិការ បាន​ស្វាគមន៍ និង​បាន​ជម្រាបជូន អង្គសិក្ខាសាលា​អំពី​ប្រវត្តិ ដែលនាំឱ្យ​មាន​ការ​រៀប​ចំ​ក្របខ័ណ្ឌ សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច CLMV ដោយសារ​ទទួល​បានកា​រ​ឯកភាព ពី​ថ្នាក់ដឹកនាំ​កំពូល​នៅឯ​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​៨ កាលពី​ខែ​តុលា ឆ្នាំ​២០១៦ នៅ​ទីក្រុង​ហាណូយ និង​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​អាល្លឺម៉ង់ តាមរយៈ​អង្គការ GIZ សម្រាប់​រៀបចំ​ក្របខ័ណ្ឌ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នេះ​។​

​លោក ក៏​បាន​បាន​លើកទឹកចិត្ត​ឱ្យ​អង្គសិក្ខាសាលា លើកឡើង​ពី​បញ្ហា​ប្រឈម​នានា ដែល​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​នៃ​ប្រទេស CLMV កំពុង​ជួបប្រទះ ស្នើឡើង​នូវ​ដំណោះស្រាយ​នានា​រួមមាន ការធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការប្រើប្រាស់​បច្ចេកវិទ្យា Blockchain សម្រាប់​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍ ការពង្រឹង​ធនធានមនុស្ស រៀបចំ​លិខិតបទដ្ឋាន​ច្បាប់ ទាក់ទង​នឹង​ពាណិជ្ជកម្ម​អេឡិចត្រូនិក ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ CLMV ទាំង​ផ្នែក​ទន់ និង​រឹង ការធ្វើ ឱ្យ​ប្រសើរ​ឡើង​នូវ​ខ្សែសង្វាក់​តម្លៃ​តំបន់ និង​ពិភពលោក ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​ប្រទេស CLMV និង​បង្កើន​ការនាំ​ចេញ​ទៅ​ក្រៅ​តំបន់​។​

​ជាមួយគ្នានេះ​ដែរ​លោក ក៏​បាន​ស្នើ​ឱ្យ​តំណាង​អន្តរក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ចូលរួម​ក្នុង​កិច្ចពិភាក្សា និង​ផ្តល់​ធាតុ​ចូល​បន្ថែមទៀត លើ​សេចក្តីព្រាង​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​សេដ្ឋកិច្ច CLMV នេះ ដើម្បី​ទទួលបាន​សេចក្តីព្រាង ដែល​ឆ្លុះបញ្ចាំង​ពី​តថភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​អាច​ដោះស្រាយ​បញ្ហា​ប្រឈម និង​ទាញ​យក​ប្រយោជន៍ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និង​ជា​ពិសេស​ដើម្បី​ក្លាយជា​ប្រទេស ដែលមាន​សេដ្ឋកិច្ច​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ តាម​ការគ្រោងទុក​។​

​បន្ទាប់មក Dr. Suthad Setboonsarng និង​ក្រុម​ការងា​ររ​របស់ FVA បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​សេចក្តីព្រាង​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​សេដ្ឋកិច្ច CLMV ដែល​លោក និង​ក្រុម​ការងារ​បាន​រៀបចំ​ឡើង ដោយ​ផ្តោត​សំខាន់​លើ គម្រាង​អាទិភាព​ដែល​គ្រោង នឹង​អនុវត្ត​ជំហាន​ដំបូង​លើ​វិស័យ​សំខាន់ៗ ចំនួន​៤ រួមមាន​៖ ១-CLMV as Quality Food Hub, ២-Seamless Border, ៣-Tourism, និង ៤-Synchronization of CLMV Payment System ក្នុងចំណោម​វិស័យ​អាទិភាព​ទាំង​៦ ដែល​ត្រូវបាន​កំណត់​។ តាម​ការរំពឹងទុក សិក្ខាសាលា​នឹង​ទទួលបាន​ធាតុ​ចូល ជាច្រើន​ពី​តំណាង​របស់​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×