Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វ​​ផ្សាយ​ដីកា​ស្តីពី​ការបង្កើត​គណៈ​កម្មការ​វាយ​តម្លៃ និង​ការ​ទទួល​ស្គាល់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​

spot_img

ខេត្ត​ស្វាយ​រៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាល​រង​ខេត្ត​ស្វាយ​រៀង តំណាង​លោក​អភិបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃ​អង្គារ ៣​កើត ខែស្រាពណ៍ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ​សាលា​ខេត្ត បាន​ដឹក​នាំ​កិច្ចប្រជុំ​ផ្សព្វ​​ផ្សាយ​ដីកា​ស្តីពី​ការបង្កើត​គណៈ​កម្មការ​វាយ​តម្លៃ និង​ការ​ទទួល​ស្គាល់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល និង​ចែក​សម្ភារ​ប្រើ​ប្រាស់ (កុំព្យូទ័រ​យួរ​ដៃ​ចំនួន​៥០គ្រឿង) ដល់​តំណាង​មន្ទីរ​មុខ​ងារ​សាធារណៈ​ខេត្ត មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​​ខេត្ត មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត មន្ទីរ​សុខាភិបាល​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត អភិបាល​ក្រុង ស្រុក​ទាំង​៨ ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ក្រុង ស្រុក​ទាំង​៨ លោក​នាយក​វិទ្យា​ល័យ​ទាំង​១៩​ទូ​ទាំង​​ខេត្ត លោក​ប្រធាន​ស្រុក​ប្រតិបត្តិ ទាំង​៤(ស្វាយ​រៀង. ជីភូ. រមាសហែក និង​ស្វាយ​​ទាប) និង​មន្ទីរ​ពេទ្យ​បង្អែក​ទាំង​៥ ក្នុង​ខេត្ត (CPA1, CPA2, CPA3) សម្រាប់​យក​ទៅ​អនុ​វត្ត​ការ​ងារ​ប្រលងប្រណាំង អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ។

កិច្ចប្រជុំ​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី លោក​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត លោក​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត លោក​នាយក​ទី​ចាត់​ការគ្រប់​គ្រង​ធនធាន​មនុស្ស ទី​ចាត់​ការ​ហិរញ្ញ​វត្ថុ​​សាលា​ខេត្ត លោក​អភិបាល និង​សមាជិក​ក្រុម​ប្រឹក្សា ក្រុង ស្រុក ទាំង​៨ លោក លោក​ស្រី ប្រធាន អនុ​ប្រធាន មន្ទីរ​ពាក់​ព័ន្ធ លោក​ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ក្រុង​ស្រុក​ទាំង​៨ លោក​ប្រធាន​ស្រុក​ប្រតិបត្តិ ទាំង​៤(ស្វាយ​រៀង ជីភូ រមាសហែក និង​ស្វាយ​​ទាប) លោក​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ទាំង​៥ និង​លោក​នាយក​វិទ្យា​ល័យ​ទាំង​១៩ ក្នុង​ខេត្ត ។

មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាល​រង​ខេត្ត បាន​បញ្ជាក់​ថា អនុក្រឹត្យ លេខ​៥៤ អនក្រ.បក និង​ប្រកាស​អន្តរ​ក្រសួង (លេខ​២៤៨២ មស.ប្រក និង​លេខ​២៤៨១ មស.ប្រក) មាន​វិសាលភាព​អនុ​វត្ត​​ចំពោះ​គ្រឹះស្ថាន​សាធារណៈ ដែល​ជាអង្គភាព​ផ្តល់​សេវា​សាធារណៈ​ទៅ​លើវិស័យ​សាធារណៈ​អប់រំ និង​វិស័យ​សុខាភិបាល ការបង្កើត​ប្រព័ន្ធ​ដែល​មាន​កម្រិត​ស្តង់ដា និង​មាន​វិជ្ជាជីវៈ​សម្រាប់​ធ្វើ​ការ​វាយ​តម្លៃ​អង្គភាព​ផ្តល់​គំរូ ដែល​ទាមទារ​ឲ្យ​គ្រប់អង្គភាព​ពាក់​ព័ន្ធ​​ត្រូវ​ខិតខំ​ប្រឹង​ប្រែង និង​យក​ចិត្ត​ទុក​ដាក់​ផ្ដោត​លើការ​អនុ​វត្ត​​ឲ្យ​បាន​ខ្លាំង​ក្លា ។

ក្នុង​ន័យ​ដើម្បី​​ចូល​រួម​ចំណែក​ជំរុញ​ការ​អនុ​វត្ត​​កិច្ចការ​នេះ​ឲ្យ​មាន​ដំណើរ​ការ​ទៅ​ដោយ​រលូន ប្រសិទ្ធភាព និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នា​ពេល​ខាង​មុខ ឯកឧត្ដម​អភិបាល​រង​ខេត្ត ក្នុង​នាមឯកឧត្ដម​អភិបាល​ខេត្ត ក៏​បាន​ធ្វើ​ការផ្ដាំផ្ញើ​នូវ​ចំណុច​សំខាន់ៗ​មួយ​ចំនួន ដូច​ខាង​ក្រោម ៖

១-​ត្រូវ​រៀបចំ និង​កែលម្អ​ក្របខ័ណ្ឌ​ការ​ងារ ដោយ​មាន​ផែនការ​សកម្មភាព និង​បញ្ជីសូចនាករគន្លឹះ​ពាក់​ព័ន្ធ​​ដើម្បី​​គាំទ្រ​(បណ្តុះ​បណ្តាល) តាម​ដាន និង​វាយ​តម្លៃ​។

២-​សិក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​របស់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​ទាំង​ពីរ​វិស័យ​នេះ ដោយ​បណ្តុះ​បណ្តាល​​បុគ្គលិក ការ​ផ្លាស់​ប្តូរ​របៀបរបបការ​ងារ ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត និង​រៀបចំ​ផែន​ការអភិវឌ្ឍន៍​ស្ថាប័ន​របស់​ខ្លួន។

៣-​បន្ត​សិក្សា​អំពី​ហានិភ័យ ការគ្រប់​គ្រង​ការ​ផ្លាស់​ប្តូរ​របៀបរបបការ​ងារ ទំនាក់​ទំនង​ការ​ងារ ការ​ទទួល​ខុស​ត្រូវ​របស់​​បុគ្គលិក និង​ការ​ប្រើ​ប្រាស់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ៕វ៉ៃកូ

spot_img
×