Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ​ជំរុញ​ការលើកកម្ពស់​សុខភាព និង​សុវត្ថិភាព​ល្អ​នៅ​កន្លែង​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ល្អប្រសើរ​ថែម​ទៀត​។​

spot_img

​ថ្លែង​ក្រោយ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ដៃគូ​ថ្នាក់ជាតិ របស់​គម្រោង​ការងារ​កាន់តែ​ប្រសើរ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សាន់វ៉េ លោក ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ បាន​មានប្រសាសន៍ថា ការជំរុញ​នេះ​បាន​ធ្វើឡើង​តាមរយៈ ការបើក​វគ្គ​បណ្តុះបណ្តាល​ដៃគូ​ថ្នាក់ជាតិ របស់​គម្រោង​ការងារ​កាន់តែ​ប្រសើរ​ឡើង របស់​អង្គការ អន្តរជាតិ​ខាង​ការងារ​(ILO) ដែល​មាន​រយៈពេល​១​ឆ្នាំ​កន្លះ ដើម្បី​ឲ្យ​សិក្ខាកាម​ជួយ​ផ្សព្វផ្សាយ​អប់រំ​បន្ត​អំពី​សិទ្ធិសេរីភាព លក្ខខណ្ឌ​ការងារ និង​សុវត្ថិភាព​ការងារ​ដល់​កម្មករ​និយោជិត និង​ថៅកែ​រោងចក្រ ដើម្បី​បញ្ជៀ​ស​នូវ​វិវាទ និង​ហិង្សា​ផ្សេងៗ​នៅ​កន្លែងធ្វើការ​។​

​លោក ឡេង តុង បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺ​សិក្សា​ទៅលើ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ជា​សាកល ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ឧស្សាហកម្ម ការគ្រប់គ្រង​ហានិភ័យ​ការងារ និង​វិធានការ​ការពារ ការកំណត់​នូវ​វិធីសាស្ត្រ និង​យុទ្ធសាស្ត្រ​អធិការកិច្ច​ថ្មីៗ ការពង្រឹង​ទំនាក់ទំនង និង​ជំនាញ​ទន់ ដើម្បី​ឲ្យមាន​ទំនាក់ទំន​ង​វិជ្ជាជីវៈ​នៅក្នុង​រោងចក្រ​។ លោក​បាន​បន្តថា វគ្គ​សិក្សា​នេះ នឹង​ជួយ​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​អធិការកិច្ច និង​អ្នកពាក់ព័ន្ធ​នានា រួមមាន តំណាង​សហជីព និង​តំណាង​មកពី​រោងចក្រ​ចំនួន​៤១​នាក់ ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ការងារ សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ការងារ​នៅ​កន្លែង​ការងារ​។ លោក​បាន​បន្ថែមទៀតថា​វគ្គ​នេះ រៀបចំឡើង ពង្រឹង​យន្តការ កិច្ចសហប្រតិបត្តិការ សម្រាប់​វិស័យ​សាធារណៈ និង​ឯកជន​ក្នុង​ការគាំទ្រ​ចំពោះ​ការអភិវឌ្ឍ​ជំនាញ ដោះស្រាយ​វិវាទ​ការងារ ជាពិសេស​ការជំរុញ​ការអនុវត្ត​ច្បាប់​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក អ៊ី​វ៉ូ ស្ពៅ​វិន (Ivo Spauwen) គ្រូ​បង្គោល​និង ជា​អ្នកជំនាញ​ផ្នែក​គោលនយោបាយ នៃ​កម្មវិធី​កាន់តែ​ប្រសើរ របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ខាង​ការងារ បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ស្ពាន​ចម្លង​មួយ​ដ៏​សំខាន់ ក្នុងការ​ធ្វើឲ្យ​ទំនាក់ទំនង​វិជ្ជាជីវៈ រវាង​កម្មករនិយោជិត និង​ថៅកែ​កាន់តែ​ល្អប្រសើរ​ឡើង​នៅ​កន្លែងធ្វើការ​។

​លោក អ៊ី​វ៉ូ ស្ពៅ​វិន បាន​សន្យា​ថា​អង្គការ ILO នៅតែ​បន្ត​ធ្វើការ​ជាមួយ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​ល្អៗ សំដៅ​ជួយ​កែលំអ​ការអនុវត្ត​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ នៅ​ប្រទេស​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​ជាមួយគ្នានេះដែរ លោក​វេជ្ជបណ្ឌិត ហ៊ុយ ហាន​សុង រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ បាន​ណែនាំ​ដល់​សិក្ខាកាម​ទាំងអស់ ដែល​បាន​ចូលរួម​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នា​ព្រឹក​នេះ ត្រូវ​ខំ​ត្រងត្រាប់​ស្តាប់​គ្រូ​ឧទ្ទេស ដោយ​យកចិត្តទុកដាក់​ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង និង​បទពិសោធន៍ យក​ទៅ​ផ្សព្វផ្សាយ​បន្ត ក្នុង​ការកាត់បន្ថយ​គ្រោះថ្នាក់​ការងារ នៅ​កន្លែង​ធ្វើការ​កាន់តែ​ប្រសើរ​ថែម​ទៀត​។​

​គួរបញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​ដៃគូ​ថ្នាក់ជាតិ របស់​គម្រោង​ការងារ​កាន់តែ​ប្រសើរ​ឡើង​នេះ ប្រទេស​កម្ពុជា​ទទួល​អនុវត្ត​មុនគេ បន្ទាប់មក​គឺ​ប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី​។ គម្រោង​នេះ​គឺ​សិក្សា​រយៈពេល​១​ឆ្នាំ​កន្លះ ដែល​មាន​ការ​សិក្សា​ជាមួយ​គ្រូ​ផង រៀន​តាម​អន​ឡាញ​ផង និង​ចុះ​សិក្សា​នៅ​តាម​រោងចក្រ​សហគ្រាស​ផង ដើម្បី​ស្វែងយល់​ពី​លក្ខខណ្ឌ​ការងារ​ដោយផ្ទាល់​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×