Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ណែនាំ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ សង់​សំណង់​មាន​គុណភាព ធានា​នូវ​ការប្រើប្រាស់​យូរអង្វែង​

spot_img

​ពោធិ៍សាត់​ ៖ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រុមការងារ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ការងារ​បង្កបង្កើនផល​របស់​បងប្អូន​ប្រជាកសិករ ព្រមទាំង​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​មួយចំនួន នៅក្នុង​ខេត្ត​ពោធិ៍សាត់ រសៀល​ថ្ងៃ​ទី ១៤ ខែ​សីហា ឆ្នាំ ២០១៨ ដោយ​លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រុមហ៊ុន ដែល​កំពុង​សាងសង់​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់បំផុត លើ​បញ្ហា​បច្ចេកទេស ដើម្បី​សំណង់​មាន​គុណភាព ធានា​នូវ​ការប្រើប្រាស់​យូរអង្វែង​។​

​ក្នុង​ពេល​ចុះ​ពិនិត្យ​ការសាងសង់​គម្រោង​អភិវឌ្ឍន៍​ស្ទឹង​ពោធិ៍សាត់​ទំនប់​លេខ ៣ និង​ទំនប់​លេខ ៥ ជំហាន​ទី ២ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ដំណាក់​អំពិល​-​វត្ត​លួង​ ​លោក​រដ្ឋមន្ត្រី បាន​ទទួលយក​នូវ​សំណូមពរ របស់​បងប្អូន ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ប្រឈម​មួយចំនួន នោះ​គឺ​ការខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព នៅក្នុង​ក្រុង​ពោធិ៍សាត់ ។ ការខ្វះខាត​ទឹក​នេះ មូលហេតុ​ ​គឺ​ដោយសារ​គម្រោង កំពុងតែ​ដំណើរការ​សាងសង់ ដូចនេះ ទើប​មាន​ការរអាក់រអួល ក្នុង​ការបញ្ជូន​ទឹក​ទៅកាន់​ស្រែ​របស់​បងប្អូន​ប្រជាពលរដ្ឋ ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​លោក​រដ្ឋមន្ត្រី បាន​ឧបត្ថម្ភ​នូវ​ម៉ាស៊ីនបូមទឹក​ខ្នាត​តូច ចំនួន ៦ គ្រឿង ដើម្បី​បូមទឹក​ពី​ប្រឡាយ​មេ បញ្ចូល​ទៅ​ប្រឡាយ​រង សម្រាប់​ស្រោចស្រព​ស្រែ​របស់​ប្រជាពលរដ្ឋ ។​

​សូម​បញ្ជាក់​ជូន​ថា គម្រោង​អភិវឌ្ឍន៍​ស្ទឹង​ពោធិ៍សាត់ ទំនប់​លេខ ៣ និង​លេខ ៥ ជំហាន​ទី ២ ស្ថិតក្នុង​ខេត្ត​ពោធិ៍សាត់ គ្របដណ្តប់​លើ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​បាកាន ។ គម្រោង​នេះ​មាន​ការងារ​សំខាន់ៗ​ដូចជា ៖ – ប្រឡាយ​មេ​បេតុង ចំនួន ១ ខ្សែ មាន​ប្រវែង​សរុប ២០,៥ គីឡូម៉ែត្រ (​ទទឹង​មាត់​លើ​ពី ២០,៥ – ២១,៥ ម៉ែត្រ និង​ទទឹង​បាត​ក្រោម ១៤ ម៉ែត្រ ជម្រៅ​ពី ៣-៣,៥ ម៉ែត្រ​) ។​

– ប្រឡាយ​រង ចំនួន ៧ ខ្សែ មាន​ប្រវែរង​សរុប ៥០,៨ គីឡូម៉ែត្រ (​ទទឹង​មាត់​លើ​ពី ៦-៨ ម៉ែត្រ និង​ទទឹង​បាត​ក្រោម​ពី ១,៥-២,៥ ម៉ែត្រ ជម្រៅ ១,៥៨-២,២ ម៉ែត្រ​) ក្នុងនោះ​ប្រឡាយ​រង​លេខ ១ ក្រាល​បេតុង​ទាំងអស់ ប្រវែង ១១.០៥១ ម៉ែត្រ ដោយឡែក​ប្រឡាយ​រង ៦ ខ្សែ​ទៀត ក្រាល​បេតុង​តែ​ផ្នែក​ខ្លះ គឺ​លេខ ១-១ ប្រវែង ២.០០០ ម៉ែត្រ​, លេខ ២ ប្រវែង ២៣៦ ម៉ែត្រ​, លេខ ៣ ប្រវែង ២៣៦ ម៉ែត្រ​, លេខ ៤ ប្រវែង ២៣៦ ម៉ែត្រ​, លេខ ៥ ប្រវែង ២៣៦ ម៉ែត្រ និង​លេខ ៦ ប្រវែង ២៣៦ ម៉ែត្រ ។ – ប្រឡាយ​ស្រោចស្រព ចំនួន ៧៧ ខ្សែ មាន​ប្រវែង​សរុប ១៣៨,១៩ គម (​ទទឹង​មាត់​លើ​ពី ៤,០៥-៤,៧៥ ម និង​ទទឹង​បាត​ក្រោម​ពី ០,៨-១ ម៉ែត្រ​, ជម្រៅ​ពី ១,៣-១,៥ ម៉ែត្រ​) ។​
– ប្រឡាយ​ដោះ​ទឹក ចំនួន ៨ ខ្សែ មាន​ប្រវែង​សរុប ៤៨,៨៨ គម (​ទទឹង​មាត់​លើ​ពី ៥,៧-៨,៥ ម និង​ទទឹង​បាត​ក្រោម​ពី ១,៥-២,៥ ម​, ជម្រៅ​ពី ១,៥-២ ម៉ែត្រ​) ។ – ស្តារ​ស្ទឹង​ប្រវែង ៥ គីឡូម៉ែត្រ ។ – សំណង់​យក​ទឹក ចំនួន ១ កន្លែង សំណង់​សម្រួល​ចរន្តទឹក​ចំនួន ៣៦ កន្លែង សំណង់​បង្វែរ​ចរន្តទឹក ចំនួន ៨៨ កន្លែង និង​សំណង់​ស្ទាក់​ទឹក ចំនួន ២ កន្លែង ។ – លូ​ក្រោម​ប្រឡាយទឹក ចំនួន ៣ កន្លែង សំណង់​ប្រឡាយ​បេតុង​ចម្លង​ទឹក ចំនួន ២ កន្លែង និង​សំណង់​លូទឹក ចំនួន ៦ កន្លែង ។​

​គម្រោង​អភិវឌ្ឍន៍​ស្ទឹង​ពោធិ៍សាត់ ទំនប់​លេខ ៣ និង​លេខ ៥ ជំហាន​ទី ២ នឹង​មាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព សម្រាប់​បង្កើន​ផលិតផល​កសិកម្ម បាន​ទំហំ​ប្រមាណ ១៩.៧០០ ហិកតា នៅ​រដូវវស្សា និង ១០.៥០០ ហិកតា នៅ​រដូវប្រាំង ហើយ​ក៏​រួមចំណែក​ផងដែរ​ក្នុង​ការផ្គត់ផ្គង់​ទឹកស្អាត និង​កាត់បន្ថយ​ទឹកជំនន់​តាម​តំបន់​មួយចំនួន​នៅ​ផ្នែក​ខាងក្រោម ។ ជារួម​ការអភិវឌ្ឍ​ស្ទឹង​ពោធិ៍សាត់ ទំនប់​លេខ ៣ និង​លេខ ៥ ជំហាន​ទី ២ នេះ នឹង​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល សម្រេចបាន​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ពេញលេញ​មួយ ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ អាច​ធ្វើ​ការដោះស្រាយ​បញ្ហា​ទឹក​បាន​មួយកម្រិត​ធំ ដែល​ពី​មុន​យើង​ពឹងផ្អែក​ភាគច្រើន​ទៅ​លើ​ប្រភព​ទឹក​ពី​ភ្លៀង​នៅ​រដូវវស្សា ។​

​បន្ទាប់មក​លោក​រដ្ឋមន្ត្រី និង​ក្រុមការងារ បាន​បន្ត​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ ។ សូម​ជម្រាប​ជូន​ថា ការសាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ ដំណាក់​ឈើ​ក្រំ ត្រូវបាន​បែងចែក​ជា ៣ កញ្ចប់ រួមមាន ៖ – កញ្ចប់​ទី ១ (Package I) ៖ សាងសង់​សំណង់​មេ​កាត់​ស្ទឹង​ពោធិ៍សាត់ ចំនួន ១ កន្លែង ត្រង់​ចំណុច​ភូមិ​ដំណាក់​ឈើ​ក្រំ ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ។ – កញ្ចប់​ទី ២ (Package II) ៖ ជីក​ប្រឡាយ​មេ ១ ខ្សែ ប្រវែង ១៦.០០០ ម៉ែត្រ និង​សាងសង់​សំណង់​សិល្បការ សរុប​ចំនួន ២៨ កន្លែង ។ – កញ្ចប់​ទី ៣ (Package III) ៖ ជីក​ប្រឡាយ​រង ៤ ខ្សែ សរុប​ប្រវែង ៦៨.៩៨១ ម៉ែត្រ និង​សាងសង់​សំណង់​សិល្បការ សរុប​ចំនួន ២១៥ កន្លែង ។​

​នៅ​ក្នុង​ការសាងសង់​ជំហាន​ដំបូង ក្រសួង បាន​ចាប់​អនុវត្ត​នូវ​កញ្ចប់​ទី ២ (Package II) នោះ​គឺ​ការជីក​ប្រឡាយ​មេ ១ ខ្សែ ប្រវែង ១៦ គម លាតសន្ធឹង​លើ​ឃុំ​ផ្ទះ​រ៉ុង ឃុំ​សំរោង ឃុំ​បាក់​ចិញ្ចៀន នៃ​ស្រុក​ភ្នំក្រវាញ និង​ឃុំ​តា​លោ ឃុំ​ខ្នារ​ទទឹង នៃ​ស្រុក​បាកាន ។ ប្រឡាយ​មេ ១ ខ្សែ​នេះ នឹង​មាន​បំពាក់​នូវ​សំណង់​សិល្បការ​តូច ធំ សរុប​ចំនួន ២៨ កន្លែង ។​

​នៅ​ក្នុង​ការ​ពិនិត្យ​នោះ​ដែរ លោក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដល់​ក្រុមហ៊ុន Guangdong Foreign Construction Co.,Ltd នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​កំពុង​សាងសង់​គម្រោង​អភិវឌ្ឍន៍​ស្ទឹង​ពោធិ៍សាត់ ជំហាន​ទី ២ ក៏​ដូចជា​ក្រុមហ៊ុន​ជប៉ុន ដែល​កំពុង​សាងសង់​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​អំ​​ពិល​-​វត្ត​លួង និង​ក្រុមហ៊ុន​ដែល​កំពុង​សាងសង់​ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​ឈើ​ក្រំ ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​បំផុត​លើ​បញ្ហា​បច្ចេកទេស ដើម្បី​សំណង់​មាន​គុណភាព ធានា​នូវ​ការប្រើប្រាស់​យូរអង្វែង ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×