Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាំ​មើល​មើ ! លោក លី សាម៉េត បះ​ជើង ឬ​លោក ម៉ៅ ភិរុណ សង្កត់​ក​ឬ? ក្នុង​រឿង​ទំនាស់​ដីធ្លី នៅ​ខេត្ត​កណ្តាល​

spot_img

កណ្តាល ៖ រឿង​ទំនាស់​ដីធ្លី ចោទ​ប្រកាន់​​គ្នា​ទៅ​វិញ​ទៅ​មក រវាង​លោក លី សាម៉េត អគ្គ​នាយក​រង​ក្រុម​ហ៊ុន​អេងឌីប៉ូ ជា​មួយ​នឹង​លោក ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្តាល កំពុង​ក្តីគគុក ហើយ​លោក លី សាម៉េត ប្តឹង​លោក​លោក ម៉ៅ ភិរុណ ទៅ​សម្តេច​តេជោ ឲ្យ​ជួយ​អន្តរាគមន៍។

ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​ខាំ សុផារី ព្រះ​រាជអាជ្ញារង​នៃ​អយ្យការអម​សាលា​ដំបូង រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​អញ្ជើញ​លោក លី សាម៉េត ស្នាក់​នៅ​ភូមិ​សំបូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មក​កាន់​អយ្យការអម​សាលា ដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី ២២ខែ​សីហា ២០១៨ វេលា​ម៉ោង ៣ នៅ​ជាន់​ទី២ បន្ទប់ ក ដើម្បី​​បំភ្លឺ ពី​ដំណើរ​រឿង បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង បទប្រមាថ តាម​បណ្តឹង ឈ្មោះ ម៉ៅ ភិរុណ ។

ក្នុង​ដីកា​កោះ​នោះ លោក​ព្រះ​រាជអាជ្ញា បាន​ស្នើ​ដល់​លោក​លី សាម៉េត ត្រូវ​អញ្ជើញ តាម​លិខិត​អញ្ជើញ​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់​ទង​នឹង​រឿង​នេះ មកជា​មួយ​ផង ប្រសិន​បើ​មាន។

ទាក់​ទង​រឿង​នេះ លោក លី សាម៉េត ដែល​បាន​បង្ហោះ ទាំង​ដីកា រួម​និង​សរសេរ​បរិយាយ នៅ​លើផេក របស់​លោក នៅ​ថ្ងៃ​ទី១២ សីហា ២០១៨ នេះ ដោយ បាន​ពោល​ទៅ​កាន់ លោក ម៉ៅ ភិរុណ យ៉ាង​ដូច្នេះ​ថា ៖ ខ្ញុំ​បាទ លី សាម៉េត និង ឧកញ៉ា ឌីប៉ូ សូម​ជំរាប​លោក​អភិបាល​ខេត្ត​កណ្តាល ម៉ៅ ភិរុណ ឲ្យ​បាន​ជ្រាបថា លោក​បាន​យកដី​ក្រុម​ហ៊ុន​ខ្ញុំ​ទៅ​លក់ ធ្វើ​របាយការណ៍​កុហកសម្តេច លោក​បាន​យកស្នាមមេ​ដៃ​ប្រជា​ពលរដ្ឋ​ទៅ​កុហក​សម្តេច ឥឡូវ ប្រជាជន​នៅ​ឃុំកំពង់អុស​ទាំង​មូលដឹងលឺ​អស់​ហើយ ហើយ​ប្រជាជន​ទាំង​អស់​ព្រម​មក​ធ្វើ​ជា សាក្សី​ទាំង​អស់​គ្នា។ លោក​បាន​កុហកប្រជា​ពលរដ្ឋ ហើយប្រជា​ពលរដ្ឋ​ទាំង​អស់​ឆ្ងល់ថាយកស្នាមមេ​ដៃ​​ពួក​គាត់​​ធ្វើ​អ្វី ហើយ​ខាង​លោក​អភិបាល​ខេត្ត ម៉ៅ ភិរុណ ថា យកស្នាមមេ​ដៃ​ទៅ គាំទ្រ​សម្តេច តែផ្ទុយ​ទៅ​វិញ លោក​បាន​យកស្នាមមេ​ដៃ​ប្រជាជន ធ្វើ​របាយការណ៍​កុហក​សម្តេច ហើយ​លោក​យកដី​ក្រុម​ហ៊ុន ទៅ​លក់​ចែក​អ្នក​មាន និង​ឧកញ៉ា មួយ​ចំនួន ។ ខ្ញុំ​បាទ លី សាម៉េត មាន​ភ័ស្តុតាងគ្រប់​គ្រាន់ មាន​ទាំង វីដេអូ​ឃ្លីប ដែល​លោក​បាន​បញ្ជា​កូន​ចៅ​ថ្នាក់ក្រោម ទៅ​ប្រមូល​ស្នាម មេ​ដៃ​ប្រជា​ពលរដ្ឋ មិន​តែ​ប៉ុណ្ណោះ លោក​ចោទ​ថា ក្រុម​ហ៊ុន​ខ្ញុំ​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ដើរ លោក​ធ្វើ​របាយការណ៍​កុហកថា ប្រជាជន​ដើរ​មិន​បាន រកត្រី​មិន​បាន ។ រឿង​ទាំង​អស់​នេះ សុទ្ធ​តែ​លោក​ជា​អ្នក​ប្រឌិត​ឡើង​ទាំង​អស់ មិន​តែ​ប៉ុណ្ណោះ​លោក​យកដី​ក្រុម​ហ៊ុន​ខ្ញុំ​ទៅ​លក់​អស់​ហើយ លោក​បែរមកប្តឹង​ខ្ញុំ​ដាក់​គុក​ទៀត ។ វា​ពិត​ជា អ​យុត្តិធម៌​ណាស់​សម្រាប់​រូប​ខ្ញុំ​បាទ ។ សូម​ប្រជា​ពលរដ្ឋ​ទាំង​អស់​ពិចារណា​ទាំង​អស់​គ្នា ។

បើ​លោក​អភិបាល​ខេត្ត​កណ្តាល​ថា ខ្លួន​លោក​មិន​បាន​យកដី​ក្រុម​ហ៊ុន​ទៅ លក់​ឲ្យ​គេទេ​នោះ លោក​ហ៊ាន​មកស្បថ ជា​មួយ​ខ្ញុំ​បាទ នៅ​ព្រះ​អង្គដងកើ បាន ឬ អត់? ។ តើ​លោក​យកដី ក្រុម​ហ៊ុន​នោះ​ពិត ឬ​មិន​ពិត? ។ ពី​ព្រោះ​ឈ្មោះ​ដែល​លោក​បាន​លក់​ឲ្យ​នោះ សុទ្ធ​តែជា​ពួក​ឈ្មួញខិលខូច និង​អ្នក​មាន​មួយ​ចំនួន ហើយ​គ្មាន​​ឈ្មោះ​ប្រជាជន​នៅ​ឃុំកំពង់អុសទេ។ ខ្ញុំ​បាទ​មាន​ភ័ស្តុតាង​ក្នុង​ដៃ​គ្រប់​គ្រាន់ ។ ហើយ​លោក​បាន​ប្រមាថ ខ្ញុំ​បាទ និង ឧកញ៉ា ឌីប៉ូថា ពួក​អាជនពាល ពីរ​នាក់​ហ្នឹង ហ្នឹង​ចាត់​ការវា ពេល​បោះ​ឆ្នោត​ហើយ (នេះ​ជា​រឿង​ពិត )។ ខ្ញុំ​ដឹងអាថ៌កំបាំង​ច្រើន​ណាស់ អ្វី​ដែល​ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំ​បាទ​នឹង​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ពី​ព្រោះ លោក​ម៉ៅ ភិរុណ បាន​យកដី​ក្រុម​ហ៊ុន​ទៅ​លក់​យ៉ាង​ពិត​ប្រាកដ មិន​អាច​ប្រកែក​បាន ទេវតា​ដឹងលឺ មេឃដីដឹងលឺ ។

បើ​តាម​លោក​ផែង វណ្ណៈ បាន​សរសេរ​លើផេក​ហ្វេសប៊ុក​ថា លោក​ម៉ៅ ភិរុណ អភិបាល​ខេត្ត​កណ្ដាល ជា​អភិបាល​ខេត្ត​ម្នាក់ ដែល​ឈ្មួញ​មិន​អាចយក លុយ​មក​ទិញ​បាន តែប្រជា​ពលរដ្ឋ​ខេត្ត​កណ្ដាល គោរព​ស្រឡាញ់ លោក ម៉ៅ ភិរុណ គ្រប់ៗ​គ្នា ។ ជា​ពិសេស​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ ដោយ​ឈ្មួញ​រំលោភ​យក​ដីធ្លី​ត្រូវ​បាន លោក ម៉ៅ ភិរុណ ជួយ​រក​យុត្តិធម៌​ឲ្យ​ប្រជា​ពលរដ្ឋ ដោយ​មិន​ដែល​យក​លុយ​កាក់ ពីប្រជា​ពលរដ្ឋ​ម្នាក់​ណា​ឡើយ ។ ប៉ុន្តែ​ទង្វើ​របស់ លោក ម៉ៅ ភិរុណ ដែល​ការពារ​ផល​ប្រយោជន៍​ប្រជាជន បែរជា​ត្រូវ​ឈ្មួញ និង មន្ត្រី​ខិលខូច​ការពារ​ឈ្មួញ​ខ្លះ លាប​ពណ៌​ចោទ​ប្រកាន់​​ខុស​ការ​ពិត​តែម្ដង ។ បើ​តាម​ថ្មីៗ​នេះ ខ្ញុំ​ឃើញឈ្មួញរក​ស៊ី​ម្នាក់​​តាំង​ខ្លួន​ជា​គ្រូ​មា បង្ហោះ​ព័ត៌មាន​តាម Facebook ចោទ​ប្រកាន់ លោក​ម៉ៅ ភិរុណ ថា​បាន​យកដី​ពលរដ្ឋ​លក់​អោយ​ឈ្មួញ គឺជា​រឿង​មិន​ពិត ។

ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​លី សាម៉េត បាន​បញ្ជា​ក់​ក្នុង​ផេក​ហ្វេសប៊ុក​ថា ខ្ញុំ​បាទ លី សាម៉េត សូម​គោរព​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ជាទី​គោរព​ដ៏​ខ្ពង់​ខ្ពស់។ ខ្ញុំ​បាទ លី សាម៉េត ម្នាក់​​នេះ បាន​ស្បថសច្ចា​នៅ​ចំពោះ​មុខ​ព្រះ​អង្គដងកើ និង​អ្នក​តាដំបងក្រញូង ដូច​សម្តេច​បាន​ឃើញ​ហើយ និង​ប្រជា​ពលរដ្ឋ​នៅ​ទូ​ទាំង​​ប្រទេស​បាន​ឃើញ​ហើយ​ថា​ខ្ញុំ​បាទ ស្មោះ​ត្រង់​នឹង​សម្តេច និង​គណ​បក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណា? មេឃដីដឹងឮ ទេវតា​ដឹងឮ អ្វីៗ​ក៏​ខ្ញុំ​ហ៊ាន​លះបង់​ដើម្បី​​សម្តេច ទោះ​បី​អ្នក​ណាជេរប្រមាថ​មើល​ងាយ​ខ្ញុំ​បាទប៉ុណ្ណា​ក៏​ដោយ ដើម្បី​​សម្តេច​ខ្ញុំ​បាទទ្រាំ​បាន​ទាំង​អស់។

តែ​នៅ​ពេល​នេះ សូម​សម្តេច​មេត្តា​អភ័យទោស​និង​ពិចារណា ឱ្យ​ខ្ញុំ​បាទ​ដើរ​ផ្លូវ​ណា? បើ​លោក​អភិបាល​ខេត្ត ម៉ៅ ភិរុណ ធ្វើ​របាយការណ៍​ភូតកុហក​សម្តេច ដើម្បី​យកដី​ក្រុម​ហ៊ុន​ខ្ញុំ​បាទ​ទៅ​ចែក​គ្នា​អស់​រលីង​ហើយ មិន​តែ​ប៉ុណ្ណោះ​ប្តឹង​ខ្ញុំ​បាទ​ដើម្បី​យក​ទៅ​ដាក់​គុក​ទៀត។

ខ្ញុំ​បាទ​សូម​ជំរាប​សម្តេច​ដោយ​ត្រង់​ថា ខ្ញុំ​បាទ​មិន​ចង់​ស្រាតខោ​ខ្លួន​ឯង​ឱ្យ​អ្នក​ដទៃ​ឃើញ​ទេ តែ​ពេល​នេះ​ខ្ញុំ​បាទ​ទាល់ច្រក​ហើយ​មិន​ដឹង​ដើរ​ផ្លូវ​ណាទេ? ពី​ព្រោះ​លោក​អភិបាល​ខេត្ត ម៉ៅ ភិរុណ យក​ទ្រព្យ​សម្បត្តិ​ខ្ញុំ​បាទ​ដែល​មាន​ទាំង​ប៉ុន្មាន​យក​ទៅ​ហែក​ចែក​គ្នា​អស់​រលីង​ហើយ តើ​គួរ​ឱ្យ​ខ្ញុំ​បាទ​ធ្វើ​យ៉ាង​ដូចម្ដេច? ៕ ដោយ៖​កូឡា​ប

 

spot_img
×