Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស​-​កម្ពុជា ពង្រឹង​លើ​បញ្ហា​បច្ចេកវិទ្យា និង​តិច​ណូ​ឡូជី បញ្ហា​ដោះមីន បញ្ហា​ពាណិជ្ជកម្ម បញ្ហា​លើក​កម្ពស់​ស្ត្រី​

spot_img

​ភ្នំពេញ​៖ ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា ដើម្បី​បង្កើន​ចំណងមិត្តភាព អង់គ្លេស​ជាមួយនឹង​កម្ពុជា លោក​ស្រី​នឹង​ផ្ដោត ការយកចិត្តទុកដាក់ ទៅលើ​បញ្ហា​បច្ចេកវិទ្យា និង​តិច​ណូ​ឡូជី បញ្ហា​ដោះមីន បញ្ហា​ពាណិជ្ជកម្ម បញ្ហា​លើក​កម្ពស់​ស្ត្រី និង​បញ្ហា​អប់រំ​ផង​ដែរ​។​

​នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​សុក្រ​ទី​១៧ ខែ​សីហា​ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Tina Susan Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​។​

​នៅក្នុង​ជំនួប​នេះ​លោកស្រី បាន​ជម្រាបជូន​សម្ដេច​តេ​ជោថា ក្នុង​ដំណើរ​បេសកកម្ម​ការទូត​របស់​លោកស្រី​៦​សប្តាហ៍ របស់​លោកស្រី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ គឺ​លោកស្រី​បាន​ទទួល​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត​។ ហើយ​ក្នុង​បេសកកម្ម​បន្ត​ទៀត​នេះដែរ នៅ​កម្ពុជា លោកស្រី នឹង​ធ្វើ​អ្វី​គ្រប់បែបយ៉ាង​ទាំង​អស់ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេរ​ភាគី រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​។​

​លោកស្រី Tina Susan Redshaw ក៏​បាន​ជម្រាបជូន​សម្ដេច​តេជោផង​ដែរថា លោក​ស្រី​នឹង​ផ្ដោត​ការយកចិត្តទុកដាក់ ទៅលើ​បញ្ហា​បច្ចេកវិទ្យា និង​តិច​ណូ​ឡូជី យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ដោះមីន ក្នុងន័យ​នេះ​លោកស្រី បាន​ជម្រាបជូន​សម្ដេច​ថា ចក្រភព​អង់គ្លេស នឹង​បន្ត​ធ្វើ​កិច្ចការងារ​នេះ ជួយ​ដល់​កម្ពុជា​តទៅ​ទៀត​។ លោកស្រី ក៏បាន​គូសបញ្ជាក់​ទៀត​ថា នឹង​បន្ត​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ពាណិជ្ជកម្ម បញ្ហា​លើក​កម្ពស់​ស្ត្រី និង​បញ្ហា​អប់រំ​ផង​ដែរ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​អរគុណ​ដល់​ចក្រភព​អង់គ្លេស ក៏ដូចជា​ប្រជាជន​អង់គ្លេស ដែល​បាន​ជួយ​ដល់​កម្ពុជា ជាពិសេស​លើ​វិស័យ​អប់រំ ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដែល​ជា​កត្តា​សំខាន់​របស់​កម្ពុជា និង​សូម​អរគុណ​ផង​ដែរ ដែល​ចក្រភព​អង់គ្លេស បាន​ជួយ​កម្ពុជា​លើ​វិស័យ​ដោះមីន​។ សម្ដេច​តេជោ បាន​មានប្រសាសន៍ថា នៅ​កម្ពុជា​មាន​មជ្ឈមណ្ឌល​ដោះមីន​អាស៊ាន ដែល​មាន​វិសាលភាព​ធំ ជួយ​ដល់​បណ្ដា​ប្រទេស​ក្នុង​តំបន់​ផង និង​ចូលរួម​ចំណែក​ក្នុង​ការងារ អង្គការសហប្រជាជាតិ ក្នុង​ការដោះមីន​ផងដែរ ដូច្នេះ​គប្បី​ពិចារណា​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​នេះ​បន្ថែមទៀត​។​

​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​ស្ត្រី​សម្តេច​តេជោ បាន​ជម្រាបជូន​ថា កម្ពុជា​យើង​មាន​កូតា​ស្ត្រី​សម្រាប់​ស្ត្រី ចាប់តាំងពី​ថ្នាក់​ស្រុក ខេត្ត រហូត​ដល់​ជួរ​កងទ័ព នគរបាល ក៏ដូចជា​ស្ថាប័ន​ផ្សេងៗ​ដែរ​។ លើស​ពី​នោះ​ទៅ​ទៀត រាជរដ្ឋាភិបាល​ក៏​បាន​យកចិត្ត​ដាក់ កសាង​សាលារៀន នៅ​គ្រប់​ទីកន្លែង​ដែល​ស្ត្រី​អាច​ចូលរៀន​បាន ហើយក៏​មាន​ការសាងសង់​អន្តេវាសិកដ្ឋាន សម្រាប់​ស្ត្រី​ផងដែរ​។ សម្តេច​តេជោ ក៏​បាន​គូសបញ្ជាក់ថា ថ្មីៗ​នេះ​កម្ពុជា ក៏​បាន​អនុវត្ត​គោលនយោបាយ គាំពារ​សង្គម ដែល​ជួយ​ទៅ​ដល់​ស្ត្រី ជា​ពិសេស​កម្មការិនី​កម្ពុជា ដែល​មាន​ផ្ទៃពោះ ដែល​ក្នុងនោះ​ពួកគេ ទទួល​បាន​ការ​ឈប់សម្រាក​បាន​៣​ខែ ក្នុង​ពេល​ឆ្លងទន្លេ និង​ទទួលបាន​ប្រាក់បៀវត្សរ៍​១២០​ភាគរយ ទៀតផង​៕ ដោយ​៖​កូឡាប​

spot_img
×