Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៊ិត សំហេង​៖ គោលនយោបាយ​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន ក៏​បាន​ជំរុញ​ឱ្យ​វិស័យ​សហជីព​កម្ពុជា​-​ចិន​កាន់តែ​ប្រសើរ​ផង​ដែរ​

spot_img

​ភ្នំពេញ ​៖ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានបញ្ជាក់​ថា ក្រៅពី​ចូលរួម​ជំរុញ​ឱ្យ​កម្ពុជា​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ គោលនយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ​របស់​មហាអំណាច​ចិន ក៏​បាន​ចូលរួម​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សហជីព​របស់​កម្ពុជា និង​ចិន​កាន់តែ​ល្អប្រសើរ​ផងដែរ តាមរយៈ​ការការពារ​ផលប្រយោជន៍​កម្មករ និង​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​ទៅវិញទៅមក​។​

​លោក​រដ្ឋមន្ត្រី​លើក​ឡើង​យ៉ាង​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​ទទួល​ជួប​សម្ដែង​ការគួរសម ជាមួយ​គណៈប្រតិភូ​សហ​ព័ន្ធ​សហជីព​ខេត្ត​យូ​ណាន (YPFTU) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ដឹកនាំ​ដោយ​លោក HUANG ZENGQIANG អនុប្រធាន​សមាគម​មិត្ត​ភាព​បរទេស នៃ​សហព័ន្ធ​សហជីព​ខេត្ត​យូ​ន​ណាន រួមជាមួយ​វត្តមាន​របស់​លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) នៅ​ទីស្ដីការក្រសួង​ការងារ នា​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ រវាង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​របស់​លោក សោម អូន ជាមួយ​សហព័ន្ធ​សហជីព​ខេត្ត​យូ​ន​ណាន ដែល​បាន​ខិតខំ​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​សហជីព និង​វិស័យ​ជាច្រើន​ទៀត ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស និង​ប្រទេស ប្រជាជន និង​ប្រជាជន ក៏ដូចជា​រវាង​កម្មក​រ និង​កម្មករ​ ​លោក​មានប្រសាសន៍​បន្ត​ថា កិច្ចសហប្រតិបត្តិការ​នេះ​បាន​រួមវិភាគទាន នៅក្នុង​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ចិន ស្រប​នឹង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ របស់​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន និង​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង ពិសេស​គឺ​ស្រប​នឹង​គោលនយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ​របស់​មហាអំណាច​ចិន​ផង​ដែរ​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ពី​ការស្វាគមន៍ និង​គាំទ្រ​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) ជាមួយ​សហព័ន្ធ​សហជីព​ខេត្ត​យូ​ន​ណាន (YPFTU) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បន្ត​ខិតខំ​ការពារ​ប្រយោជន៍ របស់​កម្មករ​និយោជិត​ទាំងអស់គ្នា​។​

​លោក អ៊ិត សំហេង បានបញ្ជាក់​ថា ក្រៅ​ពី​ទំនាក់ទំនង​លើ​វិស័យ​នយោបាយ វិស័យ​វិនិយោគ វិស័យ​ទេសចរណ៍​ជា​ដើម​នោះ វិស័យ​សហជីព​របស់​ប្រទេស​ទាំង​ពីរ ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ដែរ ហើយ​តាមរយៈ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន ក្នុង​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កន្លងទៅ ក៏​រឹតតែ​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​ប្រទេស​ចិន​កាន់តែ​ល្អ​ប្រសើរ​ផង​ដែរ​។​

​ចំណែកឯ​លោក HUANG ZENGQIANG បានឱ្យដឹងថា ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ ១០០​ភាគរយ នៅក្នុង​រដ្ឋសភា បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ទៀត​នោះ លោក​ជឿជាក់​ថា សហជីព​ចិន និង​សហជីព​កម្ពុជា នឹង​អនុលោម​ទៅតាម​គោ​នយោបាយ ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ រវាង​អង្គភាព​ទាំង​ពីរ​កាន់តែ​ប្រសើរ​ជាង​មុន​។ លោក បាន​បន្តថា សហជីព​លោក​នឹង​សហការ​ជាមួយ​សហជីព​កម្ពុជា បន្ត​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​ទាំង​ពីរ​។​

​ជាមួយគ្នា​នោះ លោក​រដ្ឋមន្ត្រី ក៏​បាន​បង្ហាញ​ការជឿជាក់ និង​ជំរុញ​ដល់​ភាគី​សហជីព​ចិន និង​ភាគី​សហជីព​កម្ពុជា គប្បី​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ល្អៗ​ជាមួយ​គ្នា​បន្ថែមទៀត ខណៈ​នៅ​ប្រទេស​ចិន​មាន​សហជីព​ធំៗ​ច្រើន ធនធានមនុស្ស ហិរញ្ញវត្ថុ បទពិសោធន៍​ក៏​ច្រើន​ដែរ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×