Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាក់ទំនង​រវាង​ក្រុម​ជនជាតិភាគតិច​ទាំងឡាយ អន្ដរ​អាពាហ៍ពិពាហ៍​

spot_img

​ចាប់តាំងពី​សម័យ​ដើមដំបូង​នៃ​ប្រវត្តិសាស្ដ្រ​កម្ពុជា រហូតមកដល់​ដើម​សតវត្សរ៍​ទី​២០ ជន​អន្ដោ​ប្រវេ​ស​ចិន​ដែល​បានធ្វើ​ដំណើរ មក​ប្រទេស​កម្ពុជា​ភាគច្រើន​ជា​បុរស ហើយ​ពួកគេ​យក​ប្រទេស​កម្ពុជា​ធ្វើជា​កន្លែង​ស្នាក់នៅ​អចិន្ដ្រៃយ៍ និង​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​ស្ដ្រី​ខ្មែរ​ដើម្បី​បង្កើតជា​គ្រួសារ​។ ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ដ្រី​ខ្មែរ មិនមែនជា​ការបង្កើត​គ្រួសារ​តាមរបៀប​រស់នៅ​ធម្មតា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ជាការ​បង្កឱ្យមាន​ភាពងាយស្រួល ក្នុងការ​ចូលមក​ធ្វើ​ជំនួញ​នៅក្នុង​សង្គម​ខ្មែរ​។ ការគ្រប់គ្រង​តឹងរ៉ឹង​របស់​ពួក​អាណានិគម និង​ការប្រើប្រាស់​កិច្ចសន្យា​ទិញ​កម្លាំង ពលកម្ម​ចិន បានធ្វើឱ្យ​មានការ​កើនឡើង​ជា​លំដាប់​នូវ​ជនជាតិ​ចិន​និង​ក្រុម​ពលករ​ចល័ត​ដ៏​ធំ​មួយ​ធ្វើការ​នៅ​កម្ពុជា យ៉ាងហោចណាស់​ពី​២​ទៅ​៣​ឆ្នាំ​មុនពេល​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​។ មុន​ប​ដិ​វត្ដ​ន៍​ឆ្នាំ​១៩១១ ច្បាប់​និង​ទំនៀមទម្លាប់​ចិន បាន​ហាមឃាត់​មិនឱ្យ​ស្ដ្រី​ធ្វើដំណើរ​តាម​ប្ដី​របស់ខ្លួន​ទៅ​បរទេស​ឡើយ (Fong, ឆ្នាំ​១៩៩៥ ទំ​.​ទី​៥)​។ បន្ទាប់មក មានការ​ផ្លាស់ប្ដូរ ចំណុច​ខ្លះ​នៅក្នុង​ច្បាប់​នេះ​នៅ​ឆ្នាំ​១៩១១ ដោយសារ​ការព្រួយបារម្ភ​ពី​សំណាក់​ពួក​អាណានិគម ពីព្រោះ​ពួកគេ​ខ្លាចក្រែង ជន​អន្ដោ​ប្រវេ​ស​ប្រុសៗ​ទាំងឡាយ​ប្រ​ព្រឹ​ត្ដ​អំពើ​មិន​គប្បី​នៅក្នុង​ប្រទេស​ដែល​ខ្លួន​ស្នាក់នៅ ហើយ​សភា​បារាំង​ក៏បាន​ចាប់ផ្ដើម លើក​ទឹក​ចិ​ត្ដ​ឱ្យ​ស្ដ្រី​ធ្វើដំណើរ​អន្ដោប្រវេសន៍​ដែរ​។ ក្រោយមក​លោក ស៊ុន យ៉ា​ត​សេន ក៏បាន​ធ្វើការ​ឃោសនា​មួយ​ដើម្បី​លើកកម្ពស់​ជាតិ​សាសន៍​ចិន ដោយ​ថ្លែងថា​៖ ដើម្បី​លើកស្ទួយ​ប្រទេស​ចិន យើង​ត្រូវ​បង្កើន​នូវ​គំនិត​ជាតិនិយម ប្រជាជន​ចិន​ទោះជា​មកពី​អម្បូរ​ជាតិ​សាសន៍​ហាន ឬ​ជាតិ​សាសន៍​ចិន ពួកយើង​មាន​ឈាមជ័រ សាសនា ទំនៀមទម្លាប់ សម្លៀកបំពាក់​ដូចគ្នា​… ពួកយើង​ជា​ជនជាតិ​តែមួយ (Purcell ឆ្នាំ​១៩៦៧ ទំ​.​ទី​២១១)

​ដូច្នេះ ពួកយើង​ត្រូវតែ​ទទួលយក​គោលការណ៍​ជា​មូលដ្ឋាន​របស់​រដ្ឋាភិបាល​ចិន​ថ្មី ដែល​បង្កើតឡើង​ដោយ​គណបក្ស គូ មីង​តាំង នៅ​ឆ្នាំ​១៩២៧ និង​ត្រូវ​ចេះ​ដើរតួនាទី​សំខាន់​ក្នុងការ​ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ជន​អន្ដោ​ប្រវេ​ស​ចិន​ទាំងឡាយ​ឱ្យ រៀប​អាពាហ៍ពិពាហ៍​និង​បង្កើត​កូនចៅ​ជាមួយ​សាសន៍​ដទៃ ។​ទន្ទឹម​ពេលដែល​ជនជាតិ​ចិន​ធ្លាប់បាន​រស់នៅ​ជា​អចិន្ដ្រៃយ៍​នៅ​កម្ពុជា ពួកគេ​នៅតែ​បាន​បន្ដ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ដ្រី​ខ្មែរ​ដូច​អ្នក​ដែល​បានមក​ដល់​ពី​ពេលមុនៗ ចំនួន​នៃ​ការរៀប អាពាហ៍ពិពាហ៍​ឆ្លង​ជាតិ​សាសន៍​គ្នា​បាន​ថយចុះ​ជា​លំដាប់ ប៉ុន្ដែ​បែរជា​មានការ​កើនឡើង​នូវ​ចំនួន​កូនក្មេង​ជាច្រើន ដែល​បានកើត​ពី​ឳ​ពុក​ម្ដាយ​ដែលជា​ជនជាតិ​ចិន​។​

​នៅពេល​មាន​ភាព​រីកចម្រើន ក្នុង​កសិដ្ឋាន​ដាំ​ម្រេច​របស់​ជនជាតិ​ចិន​កាត់​ខ្មែរ​នៅ​ខេត្ដ​កំពត ក្នុង​ទសវត្សរ៍ ១៨៦០ លោក ​អូ​ហ្គឺ​ស ផា​វី (August Pavie) បានកត់សម្គាល់​ឃើញថា​៖

​នៅក្រៅ​ប្រទេស​របស់ខ្លួន ជនជាតិ​ចិន​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ដ្រី​ម្ចាស់​ស្រុក ហើយ​ចិញ្ចឹម​បីបាច់​កូនចៅ​របស់ខ្លួន​តាម ទំនៀមទម្លាប់​របស់​ម្ចាស់​ស្រុក​ដែលជា​កន្លែង​ពួកគេ​រស់នៅ​លាយឡំ​ជាមួយនឹង​ប្រជាជន​តំបន់​នោះ ទោះបីជា​ឳ​ពុក​ម្ដាយ​របស់គេ​បាន​វិលត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ក៏ដោយ (​អូ​ហ្គឺ​ស​ផា​វី ឆ្នាំ​១៩៤៧ ទំ​. ទី​១៤)​។​

​នៅ​ដើម​សតវត្សរ៍​ទី​២០ គេ​បានកូន​ប្រសា​ប្រុស​ជនជាតិ​ចិន​ម្នាក់ ក្រោយមក​គេ​ក៏បាន​កូនចៅ​ចិន​កាត់​ខ្មែរ​ដែលមាន​ឈាមជ័រ នៃ​ជាតិ​សាសន៍​ទាំងពីរ ហើយ​នៅពេល​បច្ចុប្បន្ននេះ​ពួក​ទាំងនេះ​មាន​អំនួត​ចំពោះ​ខ្លួន​ដែលមាន​ឈាមជ័រ​ជា​ចិន​កាត់​ខ្មែរ​។​

​តាម​ការសម្ភាស​ផ្ទាល់ ពួកយើង​បានទទួល​នូវ​គំនិត​រួមមួយ​អំពី​ក្រុម​ជនជាតិ​ចិន​ទាំងឡាយ​ដែលមាន​អម្បូរ​ភាសា​ផ្សេងៗ​គ្នា​នៅ​កម្ពុជា ថា​ចិន​ទាជីវ និង​ចិន​កន្ដាំង កម្រ​រៀបការ​ជាមួយ​ខ្មែរ​ណាស់ តែ​ប្រសិនបើ​គេ​រៀបការ​ជាមួយ​ខ្មែរ គេ​ត្រូវ​បង្រៀន​ប្រពន្ធ​ខ្លួន​ឱ្យ​យល់ដឹង​អំពី​របៀបរបប​រស់នៅ​តាមបែប​ចិន ជាង​របៀបរបប​រស់​នៅ​របស់​ខ្មែរ​។ តាម​គំនិត​អ្នក​ដែល​យើង​បាន​សម្ភាស យើង​ឃើញថា​ពួក​ចិន​ហុកកៀន​មាន​ទស្សនៈ​ផ្ទុយ​ពីនេះ ពីព្រោះ​ពួកគេ​តែងតែ​មានបំណង​រៀន​ភាសា​ខ្មែរ​។ លោក​យី ម៊ា​ហាក់ ជនជាតិ​ចិន​ទាជីវ​ម្នាក់ ដែល​សព្វថ្ងៃនេះ​មាន​អាយុ​៦៦​ឆ្នាំ បាន​មកដល់​ស្រុក​ខ្មែរ​នៅ​ឆ្នាំ​១៩៤៣ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ដ្រី​ខ្មែរ​កាត់​ចិន​ម្នាក់ ហើយ​បង្រៀន​ប្រពន្ធ​របស់គាត់ ឱ្យ​ចេះ​ភាសា​ចិន​យ៉ាង​ស្ទាត់ជំនាញ​។ អ្នកស្រី ហុង ជា​កូន​របស់​គ្រួសារ​មួយ ដែលមាន​ឳ​ពុក​ម្ដាយ​ជា​ចិន​ទាជីវ ហើយ​ម្ដាយ​ជា​ជនជាតិខ្មែរ​។ គាត់​បានកើត​នៅ​ខេត្តតាកែវ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ហើយ​ចេះ​និយាយ​ភាសា​ខ្មែរ​បន្ដិចបន្ដួច ពីព្រោះ​ឳ​ពុក​របស់គាត់​បាន​បង្រៀន​គាត់​ឱ្យ​ចេះតែ​ភាសា​ចិន​ទាជីវ​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណាក៏ដោយ ពួកយើង​បាន​ជួប​នូវ ភាព​ផ្សេងៗ​មួយចំនួន ដូចជា​នៅ​ភូមិ​កន្ដាំង ក្នុង​ខេត្តកំពង់ចាម ពួក​ជនជាតិ​ចិន​ទាជីវ​ខ្លះ បាន​រៀបការ​ជាមួយ​ជនជាតិខ្មែរ​ដែល រស់នៅក្នុង​សហគមន៍​ជិតខាង ពីព្រោះ​ពួកគេ​យល់ឃើញថា ដូនតា​របស់​ពួកគេ​ធ្លាប់​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ដ្រី​ខ្មែរ​ដែរ​។ ពួក​ចិន​ទាជីវ​មួយចំនួន​ដែល​ពួកយើង​បាន​សម្ភាស រួមទាំង​អ្នក​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនជាតិខ្មែរ បាន​រៀន​និយាយ​ភាសា​ខ្មែរ ប៉ុន្ដែ​និយាយ​មិនបាន​ច្បាស់​ឡើយ​។​

​លោក អេ​ទៀន អា​ម៉ូ​នី​ញ៉េ (Etienne Aymonier) បានកំណត់​សម្គាល់​អំពី​ខេត្តបាត់ដំបង​នៅ​ទសវត្សរ៍​ឆ្នាំ​១៨៧០​ថា​៖ «​ពួក​ចិន​កាត់​ខ្មែរ​មាន​ពីរ​ក្រុម ប្រសិនបើ​ក្រុម​ណា​មានទ្រព្យ​សម្បត្ដិ​ច្រើន គេ​សន្និដ្ឋានថា​ពួកនេះ​ជា​ជនជាតិ​ចិន ហើយ​ប្រសិនបើ​ពួកគេ​ស្ថិតនៅក្នុង​វណ្ណៈ​ទាប គេ​ចាត់ទុកថា​ពួក​នោះ​ជា​ជនជាតិខ្មែរ​»​។ លោក អេ​ទៀន អា​ម៉ូ​នី​ញ៉េ បានកត់សម្គាល់​ថែម​ទៀតថា ជនជាតិ​ចិន​មាន​ភាពងាយស្រួល​ក្នុងការ​រស់នៅ​ជាមួយ​ជនជាតិខ្មែរ​»​។ ពួក​ជន​ជាតិចិន​ទាំងនោះ មាន​លក្ខណៈ​ស្រដៀង​គ្នា​ជាមួយ​ជនជាតិខ្មែរ (​អេ​ទៀន អា​ម៉ូ​នី​ញ៉េ ឆ្នាំ​១៨៧៥ ទំ​.​ទី​២០)​។​

​នៅក្នុង​ខេត្ដ​កំពត ក្នុង​ទសវត្សរ៍​ឆ្នាំ​១៨៧០ លោក អូ​ហ្គឺ​ស ផា​វី បាន​សង្កេតឃើញ​ជនជាតិ​ចិន​កាត់​ខ្មែរ​ជាច្រើន​នាក់​ស្លៀកពាក់ សំពត់​ពណ៌​លឿង​ទៅ​វត្ដ អ្នកធ្វើដំណើរ​តាម​ជនបទ​ម្នាក់​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​១៩០៣ បាន​កត់សម្គាល់ថា ពួក​ចិន​កាត់​ខ្មែរ​បានទទួល​ឥទ្ធិពល​ទាំង​ផ្នែក​ភាសា សីលធម៌​រស់នៅ និង​វប្បធម៌​ពី​ម្ដាយ​ដែលជា​ជនជាតិខ្មែរ​។ ដូច​នៅ​ប្រទេស​សៀម​ដែរ កូនប្រុស​ជនជាតិ​ចិន​បាន​យកតម្រាប់​របៀប​ចង​សក់​ខ្លី​ទម្លាក់ និង​ស្លៀកសំពត់​តាម​ឳ​ពុក​របស់ខ្លួន (Robert de Caix, ឆ្នាំ​១៩០៣ ទំ​. ទី​៤៦៤-៤៦៦)​។ នៅក្នុង​ឆ្នាំ​១៩២១ គេ​បានធ្វើ​ជំរឿន​លើ​ជនជាតិ​ចិន​កាត់​ខ្មែរ ប៉ុន្ដែ​ក្រោយមក គេ​មិន​បានធ្វើ​ជំរឿន​លើ​ជនជាតិ​ចិន​កាត់​ខ្មែរ​ឡើយ ហើយ​ចាប់ពីពេលនោះ​មក ពាក្យ​ថា​ជន​ជាតិចិន​កាត់​ខ្មែរ​ក៏​ហាក់ដូចជា បាន​បាត់បង់​ពី​សហគមន៍​ចិន​ខ្មែរ​ដែរ​។ កត្ដា​នេះ ដោយសារតែ​មានការ​ថយចុះ​នូវ​អត្រាកំណើត​កូនកាត់​ចិន​ខ្មែរ ពីព្រោះ​នៅ​រវាង​ឆ្នាំ​១៩២៣ ដល់ ១៩២៩ មាន​ការហូរចូល​នូវ​ស្ដ្រីជន​ជាតិចិន ព្រមទាំង​កូនចៅ​របស់ខ្លួន​មក​កម្ពុជា និង​នៅ​តំបន់​កូសាំងស៊ីន (Governement General de L’Indochine ឆ្នាំ​១៩៣១ ទំ​. ទី​៦៧)​។ សម្ព័ន្ធភាព​រវាង​ជនជាតិ​ចិន​សុទ្ធ ជាមួយនឹង​ជនជាតិខ្មែរ​សុទ្ធ​បាន​ថយចុះ​បន្ដិច​ម្ដងៗ ហើយ​ចិន​កាត់​ខ្មែរ​ដែល​ធ្លាប់មាន​ឈ្មោះ​ល្បី មានការ​ព្រួយបារម្ភ​ក្នុងការ បាត់បង់​ពូជសាសន៍​របស់ខ្លួន (Pore’e Maspero ឆ្នាំ​១៩៣៨) ។ ទោះជា​នៅ​សតវត្សរ៍​ទី​២០ បុរស​ជន​ជាតិចិន​ធ្វើដំណើរ​អន្ដោប្រវេសន៍​ជាមួយ​គ្រួសារ​របស់ខ្លួន​(​ដែល​ប្រការនេះ​វា​ខុស​ទៅនឹង​ជនជាតិ​ចិន​ជំនាន់​មុន​)​ក៏ដោយ ក៏​ជា​ជន​ជាតិចិន​មួយចំនួន​បាន​យក​ស្ដ្រី​ខ្មែរ​ធ្វើជា​ស្រី​កំណាន់​ចិ​ត្ដ ហើយ​ថែមទាំង​មានកូន​ជាមួយនឹង​ស្ដ្រី​ទាំងនោះ​ផង (Robequain, ឆ្នាំ​១៩៤៤ ទំ​. ទី​៤១) ។​អ្នកស្រី ឌៀ គីម​ទៀង ជា​អ្នក​ដែល​បានធ្វើ​ដំណើរ​មក​ស្រុក​ខ្មែរ​ជាមួយនឹង​ឳ​ពុក​ម្ដាយ បាន​ប្រាប់​យើង​(​ដែលជា​អ្នកស្រាវជ្រាវ​) ដឹងថា នៅ​សម័យ​អាណានិគម ការរៀប​អាពាហ៍ពិពាហ៍​រវាង​ជនជាតិ​ចិន​និង​ជនជាតិខ្មែរ មាន​អត្រា​ខ្ពស់ ពីព្រោះ​បុរស​ជនជាតិ​ចិន​ខ្លះ​ដែលមាន​ប្រពន្ធ​នៅ​ស្រុក​ចិន​រួចទៅហើយ ក៏បាន​យកប្រពន្ធ​មួយទៀត​(​ប្រពន្ធចុង​)​ជា​ជនជាតិខ្មែរ ។ ក្នុង​ច្បាប់រដ្ឋប្បវេណី​ដែល​បាន​ធ្វើឡើង​នៅ​ឆ្នាំ​១៩២០ គ្មាន​បទបញ្ជា​ណាមួយ​ដែល​បាន​ហាមឃាត់​មិនឱ្យ​មានការ​រៀប​អាពាហ៍ពិពាហ៍​រវាង​ស្ដ្រី​ខ្មែរ​ជាមួយនឹង​បុរស​ចិន​ឡើយ ពីព្រោះ​(​ទោះជា​រៀបការ​ហើយក៏​ដោយ​) ពួកគេ​ទាំងពីរ​នាក់​អាច​រក្សា​នូវ​សញ្ជាតិ​របស់ខ្លួន​បាន​ដូចគ្នា​។ ផ្ទុយទៅវិញ ប្រសិនបើ​ស្ដ្រី​ចិន​រៀបការ​ជាមួយ​បុរស​ខ្មែរ ស្ដ្រី​ចិន​នោះ​ត្រូវតែ​បោះបង់ចោល​សញ្ជាតិ​ចិន​របស់ខ្លួន ហើយ​កាន់​សញ្ជាតិ​ខ្មែរ (Levasseur, ឆ្នាំ​១៩៣៧ ទំ​. ទី​១១៦)​។​

​ជនជាតិ​ចិន​កាត់​ខ្មែរ មិនបាន​បាត់បង់​ជាតិ​សាសន៍​របស់ខ្លួន​ឡើយ ប៉ុន្ដែ​តាមពិត ពួកគេ​បាន​ផ្លាស់ប្ដូរ​តែ​ឈ្មោះ​ប៉ុណ្ណោះ ការកំណត់​បែបនេះ​ត្រូវ​បានចែង​នៅក្នុង​ច្បាប់​។ មុនពេល​មានការ​គ្រប់គ្រង​របស់​ពួក​អាណានិគម​បារាំង ពួក​ជនជាតិ​ចិន​កាត់​ខ្មែរ​បាន​ក្លាយជា​ពលរដ្ឋ​ខ្មែរ​ដោយ​ស្វ័យប្រវត្តិ (​វៀល​មត់​ត៌ ឆ្នាំ​១៩៦៤ ទំ​. ទី​៦៨) ។ ពាក្យ​សម្គាល់ «​ចិន​កាត់​ខ្មែរ​» នៅតែ​ត្រូវបាន​គេ​ប្រើប្រាស់​នៅក្នុង​ឯកសារ​ផ្លូវការ​រហូតដល់​ឆ្នាំ​១៨៩២ គឺ​នៅពេលដែល​របប​អាណាព្យាបាល​បារាំង​បាន​ផ្ដល់ឱ្យ​ជនជាតិ​ចិន​កាត់​ខ្មែរ និង​កូនប្រុស​របស់​ពួកគេ​នូវ​សិទ្ធិ​ជ្រើសរើស ចុះឈ្មោះ​បង់ពន្ធ​ថា​ខ្លួន​ជា​ជនជាតិខ្មែរ ឬ​ជា​ជនជាតិ​ចិន​។ ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​ឳ​ពុក​របស់​ពួកគេ​បានកើត​នៅ​ស្រុក​ចិន ពួកគេ​ត្រូវ​ចុះឈ្មោះ​ជា​ជនជាតិ​ចិន​ដោយ​ស្វ័យប្រវត្តិ ហើយ​បង់ពន្ធ​ទៅតាម​កត្ដា​ដែល​បានកំណត់​។ ច្បាប់​របស់​បារាំង​លើ​ការ​ស្លៀកពាក់​និង​ម៉ូត​សក់​មិន​អនុញ្ញាតឱ្យ​មានការ​បង្ហាញ​ពី​ភាពខុសគ្នា​ឡើយ​នៅក្នុង​ចំណោម​អាណិកជន​ទាំងឡាយ​។ ក្រម​មួយ​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​១៩០១ បាន​ចែងថា ជនជាតិ​ចិន​កាត់​ខ្មែរ​ត្រូវតែ​បោះបង់ចោល សម្លៀកបំពាក់​និង​ទម្លាប់​ចង​សក់​ទម្លាក់​របស់ខ្លួន ដើម្បី​អាចមាន​សិទ្ធិ​ចុះឈ្មោះ​បង់ពន្ធ​ជា​ជនជាតិខ្មែរ (Dreyfus, ឆ្នាំ​១៩១០ ទំ​. ទី​១០៦-១០៧)​។ ច្បាប់រដ្ឋប្បវេណី​របស់​កម្ពុជា ដែល​បាន​ធ្វើឡើង​នៅ​ឆ្នាំ​១៩២០ បាន​លើក​ទឹក​ចិ​ត្ដ​ឱ្យ​ជនជាតិ​ចិន​កាត់​ខ្មែរ​មាន​សិទ្ធិ​សម្រេច​ថា ខ្លួន​ជា​ជនជាតិ​ចិន ឬក៏​ជា​ជនជាតិខ្មែរ ដោយ​ចែងថា មានតែ​ជនជាតិ​ចិន​កាត់​ខ្មែរ​ណា​ដែល​អាច​អះអាងថា ខ្លួន​មាន​ឈាមជ័រ​ជា​ជនជាតិខ្មែរ​ច្រើនជាង​ជន​ជាតិចិន​ប៉ុណ្ណោះ​ទើប​អាច​ជ្រើស​រើសយក​សញ្ជាតិ​ខ្មែរ​បាន​នៅពេលដែល​ពួកគេ មាន​អាយុ​រវាង​ពី​២១​ដល់​២៦​ឆ្នាំ (​វៀល​មត់​ត៌ ឆ្នាំ​១៩៦៤ ទំ​. ទី​១២៣)​។ ទោះជា​យ៉ាងណាក៏ដោយ នៅ​ទសវត្សរ៍​ឆ្នាំ​១៩២០ ពួក​ចិន​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ដ្រី​ខ្មែរ បាន​អប់រំ​កូនប្រុស​របស់ខ្លួន​ឱ្យ​ប្រកាន់យក​អត្តសញ្ញាណ​ជា​ជន​ជាតិចិន​។ តាម​ទំនៀមទម្លាប់​បិតា​ធិបតេយ្យ​របស់​ចិន ឳ​ពុក​ម្ដាយ​ដែលជា​ជនជាតិ​ចិន​តែងតែ​អប់រំ​កូនប្រុស​របស់ខ្លួន​ដែលមាន​ឈាមជ័រ​ជា​ចិន​កាត់​ខ្មែរ​ឱ្យ​ទុក​ម៉ូត​សក់ និង​ស្លៀកពាក់​ជា​ចិន​។ ច្រើន​ឆ្នាំ​ក្រោយមក ទំនៀមទម្លាប់​ចង​សក់​ទម្លាក់​ត្រូវបាន​រដ្ឋាភិបាល​ដែលមាន​គំនិត​ជាតិនិយម​ហាមឃាត់​មិនឱ្យ​មាន​តទៅទៀត​នៅក្នុង​ប្រទេស​ចិន​។​ក្មេងប្រុស​ចិន​កាត់​ខ្មែរ​នៅ​កម្ពុជា ក៏​ចាប់ផ្ដើម​ទុក​ម៉ូត​សក់​តាមរបៀប​ចិន លាយ​ជាមួយនឹង​ការចង​សក់​កំប៉ោយ​តាមរបៀប​ខ្មែរ (Collard ឆ្នាំ​១៩២៥ ទំ​.​ទី​៧២-៧៣)៕

លីសា​

spot_img
×