Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆក់​ចាស់វស្សា ចូល​គុក​ព្រៃ​ស ជា​លើក​ទី​៤

spot_img

​ភ្នំពេញ ៖ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ក្រុម​ចោរឆក់​០៤​នាក់ ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ បន្ទាប់​ពី​ជនសង្ស័យ​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ម្នាក់​ឈ្មោះ ALYSSA CASEY កាលពី​វេលា​ម៉ោង​២២ និង​០០​នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ ខណៈពេល​ដែល​ជនរងគ្រោះ​កំពុង​ដើរ​និយាយ​ទូរស័ព្ទ នៅ​ចំណុច​ក្រោយ​វត្ត​ស្វាយ​ពពែ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ បាន​លើកឡើង​ថា​ដោយ​អនុវត្ត​តាម​ការណែនាំ​ចង្អុលបង្ហាញ តម្រង់​ទិសដៅ របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យកម្លាំង​អាវុធហត្ថ​រាជធានី ភ្នំពេញ ចូលរួម​ចេញ​ល្បាត​និង​ពួនស្ទាក់​តាម​គោលដៅ​សំខាន់ៗ រៀងរាល់ថ្ងៃ ទាំង​ពេល​យប់​ទាំង​ពេល​ថ្ងៃ ដើម្បី​បង្កា​និង​តាមដាន បង្ក្រាប ក្រុមចោរឆក់ ទាំងនេះ​ឲ្យខាងតែបាន ព្រោះ​ថា​សកម្មភាព​ចោរឆក់​ទាំងនេះ មិន​ត្រឹមតែ​ធ្វើឲ្យ​ជនរ​គ្រោះ​បាត់បង់​ទ្រព្យសម្បត្តិ ជា​ទី​ស្រឡាញ់​និង មានតម្លៃ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​បង្ក​ឲ្យមាន​សោកនាដក​ម្ម​ដល់​ជនរងគ្រោះ មាន​ទាំង​ស្លាប់ ទាំង​របួស និង ពិកា គួរឲ្យ​អាណិតអាសូរ​បំផុត​។ ហើយ​កន្លង​ម​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន ក៏​បាន​បង្ក្រាប​បទល្មើស​ជាច្រើន​ករណី​ទាន់ពេលវេលា ជាពិសេស​បទល្មើស​ចោរឆក់​ដ៏​សកម្ម ក៏​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ក្រាប​បាន​ជាច្រើនលើក និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ជាច្រើន​នាក់​រួចមកហើយ​។ ទន្ទឹម​ជាមួយគ្នានេះ ក្រៅពី​ការលះបង់​កម្លាំងកាយ កម្លាំងចិត្ត​និង ពេលវេលា ក្នុងការ​ល្បាត​ពួនស្ទាក់​ទាំង​យប់​ទាំង​ថ្ងៃ សមត្ថកិច្ច​ក៏​បាន​ប្រថុយប្រថាន​អាយុជីវិត ប្រឈម​ជា​មួយ​គ្រោះថ្នាក់ ក្នុងការ​ប្រដេញ​តាម ចាប់ ក្រុមចោរឆក់​ទាំងនេះ​ដូច​គ្នា​ផង​ដែរ​។

​ជាក់ស្តែង ករណី​ឆក់​កាបូប​ជនបរទេស​ខាងលើ បាន​បណ្តាលឲ្យ​ជនរងគ្រោះ ដួល​របួស​ដាច់ កែងដៃ បាតដៃ និង​ចង្កេះ ហើយ ក្នុង​ប្រតិបត្តិការ​ពង្រាយ​កម្លាំង​តាមដាន ពួនស្ទាក់ និង​ប្រដេញ​តាម​បង្ក្រាប​ក្រុម​ចោរឆក់​នេះ ក៏​បាន​ធ្វើឲ្យ​សមត្ថកិច្ច​អាវុធហត្ថ រាជធានី​ភ្នំពេញ​ម្នាក់ គឺ​លោក​វរសេនីយ៍ទោ ម៉ាំង សុខ​លុច នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ ជួប​គ្រោះថ្នាក់ ដួល​ម៉ូតូ​ប្រេះ​ឆ្អឹង​ក្បាលជង្គង់​ម្ខាង របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស​ផង​ដែរ​។​

​តាមរយៈ​ការស្រាវជ្រាវ​និង​វិធានការ​ជំនាញ​របស់​ស​ម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនដៃដល់​បាន​សារភាពថា រូបគេ​ឈ្មោះ ប៊ុន ឆៃ ឬ ប៊ុន ហួត ឬ ជា ធី អាយុ​២៥​ឆ្នាំ ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ជនបរទេស​ឈ្មោះ ALYSSA CASEY បណ្តាល​ឲ្យ ជនរងគ្រោះ ដួល​របួស ពិតប្រាកដ​មែន ហើយ​កន្លងមក​រូបគេ​រួម​ជាមួយ​បក្ខពួក តែងតែ​ធ្វើ​សកម្មភាព​ឆក់​វត្ថុ​មានតម្លៃ​ពី​អ្នកដំណើរ រាប់សិប​លើក​រហូត​ដល់​ចាំ​មិន​អស់ ក្នុង​ភូមិសាស្ត្រ​ទូទាំង​រាជធានី​ភ្នំពេញ តាម​ផ្លូវ​ស្ងាត់ មិនសូវ​មាន​មនុស្ស​ឆ្លងកាត់ ឬ មិនមាន វត្ត​មាន​សមត្ថកិច្ច លើសពីនេះទៅទៀត រូបគេ​(​ប៊ុន ឆៃ ឬ ប៊ុន ហួត ឬ ជា ធី​) ក៏​ធ្លាប់​ជាប់គុក​ព្រៃ​ស ចំនួន​០៣​ដង​រួចមកហើយ​។

​លើក​ទី​១ ក្នុង​អំឡុង​ឆ្នាំ​២០១៣ រូបគេ ( ប៊ុន ឆៃ ) ជាមួយ​បក្ខពួក​ឈ្មោះ ម៉េង តែងតែ​ធ្វើ​សកម្មភាព​ឆក់​ជាប្រចាំ​យកលុយ ទិញ​ថ្នាំញៀន​ជក់ រហូត​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ចំការមន ឃាត់ខ្លួន​បាន​ទាំង​០២​នាក់ បន្ទាប់ពី​ពួកគេ​បាន​យក ទូរស័ព្ទដៃ​មួយ​គ្រឿង ម៉ាក​Samsung​ដែល​ឆក់​បាន​ពី​ជនបរទេស ទៅ​បញ្ជាំ​នៅ​ម្តុំ​ផ្សារ​កណ្តាល​។ ហើយ​សមត្ថកិច្ច​អាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជូន ពួកគេ​ទៅ​តុលាការ ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​ព្រៃ​ស រយៈពេល​១​ឆ្នាំ ដោយ​ចេញ​ពី​ពន្ធនាគារ ក្នុងអំឡុង ខែ​មេសា​ឬ​ឧសភា ឆ្នាំ​២០១៤ ។​

​លើក​ទី​២ គឺ​ក្រោយពេល​ចេញពី​ពន្ធនាគារ​លើក​ទី​១ រូបគេ ប៊ុនឆៃ បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ឈ្មោះ ប៊ុន ហួត វិញ រួម​ជាមួយ​ឈ្មោះ ម៉េង បាន​បន្ត​មុខរបរ​ដើរ​ឆក់​ជា​បន្ត​ទៀត ហើយ​ពួកគេ​ចេញ​ឆក់​ស្ទើរ​រាល់ថ្ងៃ មាន​ថ្ងៃ​ខ្លះ ចេញ​ឆក់​រហូត ៥​ទៅ​៦​លើក​ក្នុង​១​ថ្ងៃ​ក៏​មាន ក៏​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ដូនពេញ ឃាត់​ខ្លួន​រូបគេ​(​ប៊ុនឆៃ ឬ ប៊ុន​ហួត​) បាន​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៤ ខណៈពេល ពួកគេ​បាន​ឆក់​ទូរស័ព្ទដៃ​ពី​ជនបរទេស ឯ​ឈ្មោះ​ម៉េង​បាន​រត់​រួច ហើយ​សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​បញ្ជូន រូបគេ​ទៅ​តុលាការ ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​ជា​លើក​ទី​២ រយៈពេល​១​ឆ្នាំ​ទៀត ដោយ​ចេញ​ពី ពន្ធនាគារ​វិញ ក្នុង​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៥ ។

​លើក​ទី​៣ គឺ​ក្រោយពេល​ចេញពី​គុក​លើក​ទី​២ រូបគេ​(​ប៊ុនឆៃ ឬ ប៊ុន​ហួត​) បាន​ប្តូរ​ឈ្មោះ​ទៅ​ឈ្មោះ ជា ធី វិញ ហើយ​ក៏​ស្វែងរក​បក្ខពួក ដើម្បី​បន្ត​មុខរបរ​ឆក់​ទៀត តែ​ពួកគេ​ទើបតែ​ធ្វើ សកម្មភាព​ឆក់ បាន​ចំនួន​ប្រហែល​២០​លើក ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ រាជធានី ភ្នំពេញ​ក្នុង​ខណ្ឌ​ដូនពេញ ឃាត់ខ្លួន​បាន​ជា​លើក​ទី​៣ ក្នុង​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៥ ខណៈពេល​ដែល​រូបគេ​ជាមួយ​ឈ្មោះ ម៉េង បានធ្វើ​សកម្មភាព​ឆក់ ទូរស័ព្ទដៃ​ពី​ស្ត្រី​ម្នាក់ កំពុង​ដើរ​ម្នាក់ឯង នៅ​ខាងលិច​ផ្សារកណ្តាល តែ​ឈ្មោះ ម៉េង បាន​រត់​រួច​ម្តងទៀត ឯ​រូបគេ​(​ប៊ុនឆៃ ឬ ប៊ុន​ហួត ឬ​ជា​ធី​) ត្រូវបាន​អាវុធហត្ថ រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​ផ្តន្ទារ​ទោស ដាក់​ពន្ធនាគារ​ព្រៃ​ស ជា​លើក​ទី​៣ រយៈពេល​១​ឆ្នាំ​ទៀត ដោយ​ចេញ​ពី​ពន្ធនាគារ​វិញ​​នៅ​ថ្ងៃ​ទី​០៦ ខែ​សីហា ឆ្នាំ​២០១៦​។

​នៅតែ​មិន​រៀងចាល ក្រោយពេល​ចេញពី​ពន្ធនាគារ​លើក​ទី​៣ ឈ្មោះ ប៊ុន ឆៃ ឬ ប៊ុន ហួត ឬ ជា ធី បាន​ស្វែងរក បក្ខពួក ដើម្បី​បន្ត​មុខរបរ ជា​ចោរឆក់​ទៀត ដោយ​លើក​នេះ​រូបគេ​នឹង​បក្ខពួក​ធ្វើ​សកម្មភាព​ឆក់​ទើបតែ​បាន​ប្រហែល​១៧​លើក ក៏​ត្រូវ​សមត្ថ កិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ ពួនស្ទាក់ ឃាត់​ខ្លួន​រូបគេ​បាន​ម្តងទៀត ក្នុង​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​តែម្តង​។ ហើយ​នៅ ព្រឹក​មិញ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​កសាង​សំណុំរឿង បញ្ជូន​ក្រុម​ពួកគេ សរុប​៤​នាក់ ទៅ​តុលាការ​ដើម្បី ផ្តន្ទាទោស​តាមច្បាប់ ដូច្នេះ​សម្រាប់​ឈ្មោះ ប៊ុន ឆៃ ឬ ប៊ុន ហួត ឬ ជា ធី ក៏​មាន​វាសនា​បាន​ចូល​គុក​ជា​លើក​ទី​៤៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×