Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន ដែល​ជា​បញ្ហា​សង្គម​ត្រូវ​អប់រំ និង​ទប់ស្កាត់ ដោយ​យកចិត្តទុកដាក់​បំផុត​

spot_img

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក​ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គប្រជុំ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​អភិបាល​ខណ្ឌ​ទាំង​១២ មន្ទីរជំនាញ និង​អាជ្ញាធរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ប្រធាន​នៃ​អង្គប្រជុំ​បាន​ផ្ដាំផ្ញើ​ដល់​អភិបាលខណ្ឌ​ទាំង​១២ អាជ្ញាធរ អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​អនុវត្ត​តាម​វិធានការ​ប្រយុទ្ធ បង្ការ បង្ក្រាប និង​ទប់ស្ដាត់​បញ្ហា​គ្រឿងញៀន ឲ្យ​ប្រសិទ្ធភាព​ខ្ពស់ និង​ទទួលយក​បាន ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មាធិការ ត្រួតពិនិត្យ​គ្រឿងញៀន រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង បាន​ធ្វើ​ការណែនាំ​ឱ្យ​អាជ្ញាធរ និង មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​រឹតបណ្តឹង​ការចុះ​ល្បាត និង​បង្ក្រាប​នូវ​រាល់​បទល្មើស ជាពិសេស ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ដើម្បី​ផ្តល់​នូវ​សុខ សុវត្ថិភាព ដល់​ប្រជាពលរដ្ឋ និង វាសនា អនាគត របស់​កូនចៅ​យើងទាំងអស់គ្នា​។​

​លោក​អភិបាល បាន​ថ្លែងថា គ្រឿងញៀន​ពិតជា​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ធន​ធាន ដ៏​មាន​សក្តានុពល​របស់​ប្រទេសជាតិ ដូច្នេះ​ត្រូវ​រួមគ្នា ការពារ ទប់ស្កាត់ ឱ្យបាន​ខ្លាំងក្លា​បំផុត នូវ​ការប្រើប្រាស់ ការជួញដូរ ការធ្វើ​ចរាចរ​គ្រឿងញៀន នៅក្នុង​រាជធានី​ភ្នំពេញ​ឲ្យបាន​។​

​លោក​ឃួង ស្រេង បាន​បន្តទៀតថា កន្លងមកនេះ មាន​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​មួយចំនួន ហាក់​មាន​ការ ព្រងើយកន្តើយ ចំពោះ​ការបង្ក្រាប ការផ្សព្វផ្សាយ អប់រំ អំពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន ទៅ​ដល់​មហាជន យុវជន ធ្វើ​ឱ្យ​ការប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​គេ​មើលឃើញថា មាន​ករណី​កើតឡើង​ជា​ច្រើន ជាពិសេស​នៅពេល​ថ្មីៗ​នេះ មាន​ការណី​ចរាចរ​គ្រឿងញៀន​ដ៏​ធំ​មួយ ដែល​ត្រូវ កម្លាំង​មាន​សមត្ថកិច្ច សហការគ្នា​អន្តរាគមន៍ និង​ចាប់បាន​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​គណៈបញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ បាន​កោះប្រជុំ ដល់​កងកម្លាំង និង​សមត្ថកិច្ច ពាក់ព័ន្ធ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន បង្កើន​ការ​រឹតបណ្តឹង ទាំង​ការ​ទប់ស្កាត់ ការអប់រំ និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​បន្ថែមទៀត ដើម្បី​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព នឹង​បង្កើន​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ តាម​អនុសាសន៍ ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ បម្រើ​រាស្ត្រ​ដោយ​ស្មោះត្រង់​បំផុត និង​កាន់តែ​ទ្វេ​ឡើង​ថែម​ទៀត​។​

​លោក​ឃួង ស្រេង បានបញ្ជាក់​ថា “​បញ្ហា​គ្រឿងញៀន ផលប៉ះពាល់​របស់​វា មិនមែន​ចំពោះ​មនុស្ស​ចាស់ ឬ​ក្មេង​ទេ គឺ​វា​អាច​កើតមាន​ទាំងអស់ បើ​យើង​មិន​បាន​យកចិត្តទុកដាក់​នោះ ។​ប៉ុន្តែ​អ្វី​ដែល​យើង ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ គឺ​ស្រទាប់​យុវជន ដោយសារតែ យុវជន​កម្លាំង​ស្នូល ជា​ទំពាំង​ស្នង​ឫស្សី ជា​ធនធាន​ដ៏​មានតម្លៃ ក្នុង​ការចូលរួម​អភិវឌ្ឍន៍ ប្រទេសជាតិ​”​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ទៀត​ថា ការ​ទប់ស្កាត់​គ្រឿងញៀន ទទួល​ជោគជ័យ​ទៅ​បាន គឺ មិនមែន​ជា​បន្ទុក​របស់​ស្ថាប័ន​ណាមួយ ឬ បុគ្គល​ណា​ម្នាក់​នោះ​ទេ គឺជា​ការចូលរួម​ចំណែក ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស ឪពុក ម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដើម្បី​ជោគវាសនា អនាគត កូនចៅ យើងទាំងអស់គ្នា​៕ ​ដោយ​៖​កូឡាប​

      

spot_img
×