Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស មេ​សកម្មជន​ដីធ្លី​បឹងកក់ អ្នកស្រី ទេព វ​ន្នី និង​បក្ខពួក​

spot_img

​​ភ្នំពេញ ​៖ ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ឲ្យ​លើកលែងទោស​ដល់​មេ​សកម្មជន​ដីធ្លី​បឹងកក់​អ្នកស្រី ទេព វ​ន្នី និង​បក្ខពួក​ចំនួន​៣​នាក់​ទៀត តាម​សំណើ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​បើ​យោង​តាម​ព្រះរាជក្រឹត្យ​យប់​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ត្រាស់បង្គាប់ លើកលែង​ទោស​ឲ្យ​ទណ្ឌិត​ចំនួន​៤​រូប ៖ ១)​ទណ្ឌិត​ឈ្មោះ ទេព វ​ន្នី ភេទ​ស្រី ដែល​ត្រូវ​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់ទោស តាម​អំណាច​សាលដីកា លេខ​៣៩៤​ចុះ​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល និង​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស តាម​អំណាច​សាលដីកា លេខ​៥១ ចុះ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល​។ ២) ទណ្ឌិត​ឈ្មោះ ហេង មុំ ភេទ​ស្រី ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ ពី​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ​ដោយ​មាន ស្ថាន​ទម្ងន់​ទោស តាម​អំណាច​សាលដីកា​លេខ ៣៩៤ ចុះ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​។ ៣) ទណ្ឌិត​ឈ្មោះ បូ ឆវី ភេទ​ស្រី ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស ដាក់ពន្ធនាគារ ពី​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់ទោស តាម​អំណាច​សាលដីកា​លេខ ៣៩៤ ចុះ​ថ្ងៃ​ទី​៨​ខែ​ធ្នូ​ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល និង​៤) ទណ្ឌិត​ឈ្មោះ គង់ ចន្ថា ភេទ​ស្រី ដែល​ត្រូវ​តុលាការ​សម្រេច​ផ្ទន្ទាទោស​ដាក់ពន្ធនាគារ ពី​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់ទោស តាម​អំណាច​សាលដីកា​លេខ ៣៩៤ ចុះ​ថ្ងៃ​ទី​៨​ខែ​ធ្នូ​ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល​។​

​ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ​នរោត្តម​សីហ​មុនី បាន​ត្រាស់​បង្គាប់​ដល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​តទៅ​។​

​នៅ​យប់​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក​គុជ គឹម​ឡុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ដោះលែង​សកម្មជន​ដីធ្លី សហគមន៍​បឹងកក់​ម្នាក់ គឺ​អ្នកស្រី ទេព វ​ន្នី ចេញពី​ពន្ធនាគារ​ហើយ ក្រោយ​ជាប់ពន្ធនាគារ​ព្រៃ​ស​ជាង​២​ឆ្នាំ​។​

​លោក​គុជ គឹម​ឡុង ក៏បាន​សម្រេច បង្គាប់​មក​លោក​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) ឲ្យ​ដោះលែង​ឈ្មោះ​ទេព វ​ន្នី ភេទ​ស្រី ឆ្នាំ​កំណើត ១៩៨១ ជាបន្ទាន់ ប្រសិនបើ​ឈ្មោះ​នេះ​ពុំ​ត្រូវបាន​ឃុំខ្លួន ពី​បទល្មើស​ផ្សេង​៕ ​ដោយ ​៖​ កូឡាប​

spot_img
×