Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល បន្ត​ជំនុំជម្រះ លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ របស់លោក កឹម សុខា​

spot_img

​ភ្នំពេញ​៖ លោក កឹម សុខា នឹង​ត្រូវ​តុលាការ​កំពូល​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ ឬ​យ៉ាងណា​? នា​ព្រឹក​ម៉ោង 8​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨ តុលាការ​កំពូល​បើកសវនាកា​រ​ជំនុំជម្រះ លើ​ការស្នើសុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​របស់​លោក​កឹម សុខា​។​
​នេះ​ជា​សវនាការ ជំនុំជម្រះ​លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ ជា​លើក​ទី​២ របស់លោក កឹម សុខា អតីត​ប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​ម៉ុត ចន្ថា នាយក​ខុទ្ទកាល័យ​លោក​កឹម សុខា បាន​ថ្លែងថា តុលាការ​កំពូល​បើ​កស​វន​ការ​លើ​សំណើសុំ​នៅក្រៅ​ឃុំ​របស់ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ពុំ​មាន​វត្តមាន​របស់​លោក​ឡើយ​។ សូម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ និង​អន្តរជាតិ​ដែល​ចូលរួម​សង្កេតការណ៍​ព្រឹត្តិការណ៍​នេះ​។​

​បើ​តាម​អង្គសេចក្តី សវនាការ​នេះ គឺ​ធ្វើឡើង​ដោយ​សារ​មេធាវី​របស់​លោក កឹម សុខា មិន​សុខចិត្ត​នឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល កាល​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៨ ដោយ​បាន​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុកជាបានការ នឹង​តម្រូវ​ឲ្យ​បន្ត​ឃុំខ្លួន លោក កឹម សុខា ក្នុង​ពន្ធនាគារ​បន្តទៀត ដើម្បី​សាកសួរ និង​ការពារ​កុំឲ្យ​មាន​បទល្មើស​ថ្មី​កើតឡើង​។​

​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នេះ​ដែរ គឺ​សំអាង​ហេតុថា ករណី​លោក កឹម សុខា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ចាំបាច់​ត្រូវ​ឃុំខ្លួន​ដើម្បី​ស៊ើបសួរ ឲ្យបាន​ហ្មត់ចត់​ត្រឹមត្រូវ​។​

​ពាក់​ពន្ធ័​លើសុំ​រឿងនេះ ប្រធាន​ចៅ​ក្រុម​ជំនុំ​ជម្រះ លោក ឃឹម ប៉ុណ្ណ ធ្លាប់បាន​ប្រកាស​ក្នុង​សម្រង់​ន័យ​ដើម​ដោយយោង​លើ​មូលហេតុ​ថា​៖ លោក កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស សន្ទិ​ដ្ឋ​ភាព​ជា​មួយ​បរទេស ចាប់តាំងពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៧​។ បទល្មើស​នេះ​ជា​បទឧក្រិដ្ឋ ដូច្នេះ​ការ​ស៊ើបសួរ​ត្រូវ​ហ្មត់ចត់​ត្រឹមត្រូវ​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាលយប់ កាលពីដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ពីបទ ក្បត់ជាតិ និង​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ខេត្ត​ត្បូងឃ្មុំ​។ លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​បើ​តាម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យមាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់​ពន្ធនាគារ​ពី ១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×