Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ​អនុ​រដ្ឋមន្ត្រីការបរទេស ចក្រភព​អង់គ្លេស ទទួលបន្ទុក​អាស៊ី និង​ប៉ាស៊ីហ្វិក​

spot_img

​នៅ​វិមាន​សន្តិភាព ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ម៉ាក ហ្វីល (Mark Field) អនុ​រដ្ឋមន្ត្រីការបរទេស ចក្រភព​អង់គ្លេស ទទួលបន្ទុក​អាស៊ី និង​ប៉ាស៊ីហ្វិក​។​

​លោក Mark Field បាន​គោរព​ជម្រាបជូន សម្តេច​តេជោ ហ៊ុន សែន ថា នេះ​គឺជា​លើក​ទី​១​ហើយ ដែល​លោក​បាន​ធ្វើដំណើរ​មក​កាន់​កម្ពុជា ហើយ​លោក​មាន​សេចក្តី​រីករាយ ជាពិសេស​ទំនាក់ទំនង​កម្ពុជា និង​ចក្រភព​អង់គ្លេស គឺ​ទំនាក់ទំនង​ទ្វេភាគី មាន​ភាព​ល្អ​យ៉ាង​ខ្លាំង ហើយ​ទំនាក់ទំនង​ជាមួយ​អាស៊ាន ក៏​ដូចគ្នា​ដែរ​។ ក្នុងន័យនេះ លោក​ចង់​ឲ្យ​ទំនាក់ទំនង​នេះ កាន់តែ​បន្ត​រឹងមាំ​ថែម​ទៀត​។​

​លោក Mark Field ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចក្រភព​អង់គ្លេស គឺ​នៅតែ​បន្ត​ជា​មិត្ត​របស់​កម្ពុជា ហើយ​ចង់​ចូលរួមចំណែក ក្នុង​ការអភិវឌ្ឍ​របស់​កម្ពុជា ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច​, ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​, លើ​វិស័យ​ប្រែប្រួល​អាកាសធាតុ​, វិស័យ​អប់រំ​, វិស័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ជាដើម​។ លើស​ពី​នោះ​ទៅ​ទៀត លោក ក៏​បាន​បន្ថែមថា ចក្រភព​អង់គ្លេស​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ដោះមីន​។​

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​ចក្រភព​អង់គ្លេស ដែល​ជា​រៀង​រហូត​មក តែងតែ​ផ្តល់ជំនួយ​ដល់​កម្ពុជា តាមរយៈ​វិស័យ​អប់រំ ដែល​ជា​វិស័យ​នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នេះ​។ សម្តេច​បាន​ថ្លែងអំណរគុណ ដល់​ចក្រភព​អង់គ្លេស​ផងដែរ ជួយ​យ៉ាងច្រើន​ដល់​កម្ពុជា ក្នុង​ការដោះមីន​។​

​សម្តេច​តេជោ ក៏​បាន​សូមឲ្យ​ចក្រភព​អង់គ្លេស ពិចារណា ធ្វើយ៉ាងណា​ជួយ​ដល់​វិស័យ​ដោះ​មីន​នេះ ដល់​មជ្ឈមណ្ឌល​ដោះមីន​អាស៊ាន​ផង ព្រោះ​មជ្ឈមណ្ឌល​ដោះ​មីន​អាស៊ាន​នេះ មាន​ទីតាំង​នៅ​ប្រទេស​កម្ពុជា ហើយក៏​មាន​តួនាទី​សំខាន់​ផង​ដែរ ក្នុង​ការបណ្តុះបណ្តាល បង្រៀន ប្រជាជន​នៅក្នុង​តំបន់​អាស៊ាន មិនមែន​ត្រឹមតែ​ប្រទេស​កម្ពុជា​នោះ​ទេ ដើម្បី​បម្រើ​ការងារ​ក្រោម​ឆ័ត្រ អង្គការសហប្រជាជាតិ ក្នុង​ការថែរក្សា​សន្តិភាព នៅក្នុង​ពិភពលោក​ផងដែរ​៕ ​ដោយ​៖​កូឡាប​

   

spot_img
×