Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ជំរុញឱ្យមាន​ការបង្កើត​បរិមាណ ជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍ ឱ្យបាន​ច្រើន​បន្ថែមទៀត ខណៈ​កម្ពុជា​មាន​អ្នកបម្រើ​ការងារ ក្នុង​វិស័យ​ទេសចរណ៍ ដោយផ្ទាល់ ប្រមាណ​៦២​ម៉ឺន​នាក់​

spot_img

​ភ្នំពេញ ​៖​ ក្រសួង​ទេសចរណ៍ ជំរុញ​ឱ្យ​មាន​ការបង្កើន​បរិមាណ​ជំនាញ​មគ្គុទេ្ទសក៍​ទេសចរណ៍ កាន់តែ​ច្រើន​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ​នៅ​ឆ្នាំ​២០២៥​។ លោក​បន្តថា គិត​មក​ទល់​បច្ចុប្បន្ន កម្ពុជា​មាន​អ្នកបម្រើ​ការងារ ក្នុង​វិស័យ​ទេសចរណ៍ ដោយផ្ទាល់ ប្រមាណ​៦២​ម៉ឺន​នាក់ ដោយ​ក្នុង​នោះ​មគ្គុទ្ទេសក៍​ទេសចរណ៍ មាន​ប្រមាណ​៥.០០០​នាក់ ដែល​មិន​ទាន់​ឆ្លើយតប​នៅឡើយ​ទៅនឹង​កំណើន​ភ្ញៀវទេសចរ​។​

​នា​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ជា​ធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល និង​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិក្ខាកាម​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់ជាតិ ជំនាន់​ទី​៣ និង​ថ្នាក់​តំបន់​ភ្នំពេញ ជំនាន់​ទី​១៧ ចំនួន ១០៦​រូប អម​ដោយ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់​តំបន់​ភ្នំពេញ ជំនាន់​ទី​១៩ ដែល​មាន​អ្នកចូលរួម​ប្រមាណ ២៥០​នាក់​។ លោក​រដ្ឋលេខាធិការ បាន​កោត​ស​សើរ​ដល់​សិក្ខាកាម​ជ័យលាភី ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​រយៈពេល ៦​ខែ (​ផ្នែក​ទ្រឹស្តី​រយៈពេល ៤​ខែ និង​ចុះ​កម្មសិក្សា​ស្រាវជ្រាវ ២​ខែ​) ហើយ​បាន​ឆ្លងកាត់​ការប្រឡង វាយតម្លៃ​លទ្ធផល​សិក្សា ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​ស្ថាពរ​នា​ពេល​នេះ​។​

​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ បាន​មាន ប្រសាសន៍ថា ការជំរុញ​បន្ថែម​នេះ គឺ​ដើម្បី​ត្រៀម​ឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ ដែល នឹង​កើនឡើង​រហូត​ដល់​១០​លាន​នាក់​នៅ​ឆ្នាំ​២០២៥ ដែល​នឹង​អាច​បង្កើត​ការងារ​ផ្ទាល់ ប្រមាណ​១,២​លាន​នាក់ សម្រាប់​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​។​

​ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ប្រគល់​វិញ្ញាបនបត្រ​ជូន​សិក្ខាកាម​មគ្គុទ្ទេសក៍​ទេសចរណ៍ ចំនួន ១០៦​នាក់ បន្ថែមទៀត ដើម្បី​ស្នើសុំ​អាជ្ញា​បណ្ណ​ប្រកប​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍​​លោក​រដ្ឋលេខាធិការ បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងនោះ ត្រូវខិតខំ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​បន្ថែមទៀត និង​ត្រូវ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​មគ្គុទ្ទេសក៍​ទេសចរណ៍ តាម​ប្រព័ន្ធ​អន​ឡាញ ឬ​តាម​មន្ទីរ​ទេសចរណ៍ ដើម្បី​អាច​ប្រកប​វិជ្ជាជីវៈ​របស់​ខ្លួន​ស្របច្បាប់​។ ម្យ៉ាងវិញទៀត ត្រូវ​ចូលរួម​លើកកម្ពស់​កិត្យានុភាព​ជាតិ ដោយ​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ ហើយ​ត្រូវ​គោរព​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​ស្តីពី​ទេសចរណ៍ អនុក្រឹត្យ​ស្តីពី​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ក្រម​ប្រតិបត្តិ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​មគ្គុទ្ទេសក៍​ទេសចរណ៍ ដែល​ក្រសួង​ទេសចរណ៍​បានដាក់ចុះ​។​

​ជាមួយគ្នានេះដែរ លោក​រដ្ឋលេខាធិការ ក៏បាន​អបអរសាទរ​ដល់​សិក្ខាកាម​ថ្នាក់​តំបន់​ភ្នំពេញ ជំនាន់​ទី​១៩ ដែល​បាន​ឆ្លងកាត់​ការ​ប្រឡង​ចូលរៀន​យ៉ាង​តឹងរឹង ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយ​ក្រសួង​ទេសចរណ៍ បាន​អញ្ជើញ​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដើម្បី​ចូលរួម​សង្កេតការណ៍​ការប្រឡង និង​គណនា​លទ្ធផល​ជាប់​ធ្លាក់​ផងដែរ​។ លោក​រដ្ឋលេខាធិការ ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម ដែល​ទើប​ប្រឡង​ជាប់​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការសិក្សា និង​គោរព​បទ​ប្បញ្ញត្តិ​របស់​សាលា​អោយ​បានល្អ សំដៅ​ធ្វើ​យ៉ាងណា​ក្រោយ​ពេល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល សិក្ខាកាម​នឹង​មាន​ចំណេះដឹង​ទូលំទូលាយ សមត្ថភាព​គ្រប់គ្រាន់ និង​មាន​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ អាច​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​បាន​យ៉ាង​ល្អប្រសើរ​។​

​លោក បាន ថេ​រ៉ូ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា បាន​លើកឡើង​ថា មគ្គុទ្ទេសក៍​ទេសចរណ៍​ចំនួន​៣៩​នាក់ ដែល​ត្រូវបាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​ពី​សាកល​វិទ្យា ល័យ​មេគង្គ​កម្ពុជា នឹង​អាច​ចូលរួម​ចំណែក​ជួយ​បម្រើ​ការងារ នៅក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ស្របពេល​ដែល មគ្គុទ្ទេសក៍​ទេសចរណ៍ កំពុង​មាន​តម្រូវការ​ខ្ពស់​។​

​សូម​រំលឹក​ផង​ដែរ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​ទេសចរណ៍​ជា​សេនាធិការ​ជំនាញ បាន​យកចិត្តទុកដាក់​ជា​អាទិភាព ដល់​ការបណ្តុះបណ្តាល​ជំនាញ និង​បង្កើត​ការងារ​ជូន​យុវជន​កម្ពុជា សំដៅ​ឆ្លើយតប​នឹង​កំណើន​ទេសចរ​ជាតិ និង​អន្តរជាតិ​ដ៏​ខ្លាំងក្លា​។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៧ ជាមួយនឹង​ការ​មក​ដល់​នៃ​ទេសចរ​អន្តរជាតិ​ចំនួន ៥,៦ លាន​នាក់ ក្នុង​កំណើន ១១,៨​ភាគរយ វិស័យ​ទេសចរណ៍​កម្ពុជា​បាន​បង្កើត​ចំណូល​ចូល​ជាតិប្រមាណ ៣.៦៣៨ លាន​ដុល្លារ កើនឡើង ១៣,៣​ភាគរយ​។ រយៈពេល ៦​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៣ លាន​នាក់ កើនឡើង ១៣​ភាគរយ ហើយ​ជា​ការរំពឹងទុក​ពេញ​មួយឆ្នាំ​២០១៨ កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៦,២ លាន​នាក់​។​

ជា​ចក្ខុវិស័យ​នៅ​ឆ្នាំ​២០២០ កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ ប្រមាណ​ជាង ៧​លាន​នាក់ ដែល​នឹង​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ ១​លាន​នាក់ និង​ចំណូល​ចូល​ជាតិប្រមាណ ៥.០០០ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​តម្រូវការ​មគ្គុទ្ទេសក៍​ទេសចរណ៍​មាន​ប្រមាណ​ជាង ១​ម៉ឺន​នាក់​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×