Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាព​អឺរ៉ុប បន្ត​ការគាំទ្រ​លើ​កម្មវិធី​កែទម្រង់ ការ​គ្រប់​គ្រង់​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៣ ពី​ឆ្នាំ ២០២០-២០២១ ប្រមាណ ២២ លាន​អឺរ៉ូ​

spot_img

​ភ្នំពេញ​៖ លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក George Edgar ឯកអគ្គរដ្ឋទូត និង​ជា​ប្រធាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​ការត្រួតពិនិត្យ​សមិទ្ធកម្ម​លើ​ការអនុវត្ត​ក្របខ័ណ្ឌ​លទ្ធផល​ប្រចាំឆ្នាំ ២០១៧ ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង ហិរញ្ញប្បទាន​ឥត​សំណង រវាង​រាជរដ្ឋាភិបាល កម្ពុជា និង​សហភាព​អឺរ៉ុប ដើម្បី​គាំទ្រ​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៣ ក៏​ដូចជា​ការបន្ត​ជំរុញ​ពង្រឹង កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត នា​ថ្ងៃ​ទី ២២ ខែ​សីហា ឆ្នាំ ២០១៨ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ។​

​លោក​ឯកអគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋា​ភិ បាល​កម្ពុជា ក្នុង​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ រហូតដល់ សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ដោយ​ក្នុង​នោះ​រួមមាន ការកើនឡើង នៃ​កំណើន​ចំណូល ចរន្ត​តាមរយៈ​ការពង្រឹង​ការអនុវត្ត​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​២០១៤-២០១៨ ការពង្រឹង និង​ពង្រីក​ការដាក់​ឱ្យ​អនុវត្តន៍​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ​(FMIS) ការពង្រឹង និង​ពង្រីក​ការដាក់​ឱ្យ​អនុវត្តន៍​ថវិកា​កម្មវិធី​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ និង​តម្លាភាព​ថវិកា​ត្រូវបាន​បង្កើន​ជា​លំដាប់ ជាដើម​។ ទន្ទឹមនេះ តាមរយៈ លទ្ធផល​នៃ​ការវាយតម្លៃ​សមិទ្ធកម្ម​ឆ្នាំ ២០១៧ បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា​សម្រេចបាន​នូវ លក្ខខណ្ឌ​ទូទៅ (General Conditions) គឺ ១០០​ភាគរយ និង លក្ខខណ្ឌ​ជាក់លាក់ (Specific Conditions) គឺ ៩២,៥​ភាគរយ​។ ដោយឡែក ចំពោះ​ថវិកា​ទ្រទ្រង់ (Budget Support) សម្រាប់​បើក​ផ្តល់​ក្នុង​ឆ្នាំ​២០១៨ មាន​ចំនួន ៤.៧៣៧.៥០០ អឺរ៉ូ ។​

​លោក​ឯកអគ្គរដ្ឋទូត ក៏​បាន​បញ្ជាក់​បន្ថែម​អំ​ពី​សុច្ឆន្ទៈ​នៃ​កិច្ចសហប្រតិបត្តិការ ក្នុងការ បន្ត​ការគាំទ្រ​លើ​កម្មវិធី​កែទម្រង់ ការ​គ្រប់​គ្រង់​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៣ ពី​ឆ្នាំ ២០២០-២០២១ ប្រមាណ ២២ លាន​អឺរ៉ូ​, កម្មវិធី​សម្រាប់​កំណើន​ប្រកបដោយ​និរន្តរភាព និង​បរិយា​ប័ន្ន​នៅ​កម្ពុជា លើ​វិស័យ​ជលផល​ប្រមាណ​៨៧​លាន​អឺរ៉ូ និង​កម្មវិធី​សម្ព័ន្ធភាព ការ ប្រែប្រួល​អាកាសធាតុ​កម្ពុជា ដំណាក់កាល​ទី ៣ ប្រមាណ ៦ លាន​អឺរ៉ូ ។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ចំពោះ​វត្តមាន​របស់ សហភាព​អឺរ៉ុប ដែល​បាន​ជួយ​គាំទ្រ​ដល់​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ចាប់តាំងពី​ឆ្នាំ​២០០៥ រហូតមកដល់​ពេល​បច្ចុប្បន្ន​, កម្មវិធី​កែទម្រង់​ផ្សេងៗ​ទៀត​របស់​រាជ​រដ្ឋា​ភិ បាល ក៏ដូចជា​ថ្លែង​នូវ​អំណរគុណ​សម្រាប់​សហភាព​អឺរ៉ុប ដែល​បាន​ទទួលស្គាល់​នូវ​កិច្ច​ខិត ខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​កន្ល​ង​មក​។ លោក​អគ្គបណ្ឌិត​សភា​ចារ្យ ក៏​បាន​គូស បញ្ជាក់ថា កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ពិតជា​មាន​សារសំខាន់​ក្នុង ការជំរុញ និង​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច ប្រកប​ដោយ​ជវភាព វិបុលភាព និង​បរិយា​ប័ន្ន​។​

​ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល នៅតែ​បន្ត​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ និង​បង្កើន កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​លើ​ការងារ​អាទិភាព​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​ក្នុងនោះ​រួមមាន​៖ រៀបចំ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​ឆ្នាំ ២០១៩-២០២៣ អនុវត្តន៍​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ​២០១៨-២០២៥ ពង្រឹង​និង ពង្រីក​ការអនុវត្ត​ប្រព័ន្ធ FMIS ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​២ ការពង្រឹង ការ អនុវត្ត​ថវិកា​កម្មវិធី​រៀបចំ​ក្របខ័ណ្ឌ​ហិរញ្ញវត្ថុ​រយៈពេល​មធ្យម​(MTFF) និង​ក្របខ័ណ្ឌ​ថវិកា​រយៈ ពេល​មធ្យម​(MTBF) រៀបចំ​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ ២០១៨-២០២៥ រៀបចំ​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ​ឆ្នាំ​២០១៩-២០២៥ រៀប ចំ​ក្របខ័ណ្ឌ​វិនិយោគសាធារណៈ និង​ការពង្រឹង​ការកសាង​សមត្ថភាព មន្ត្រីរាជការ ក្នុង​ក្រប ខ័ណ្ឌ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ទេសរដ្ឋមន្ត្រី ក៏​បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ការគាំទ្រ របស់​សហភាព​អឺរ៉ុប ទាំង​ជំនួយ​ជា​ហិរញ្ញប្បទាន​ឥត​សំណង និង​ជំនួយ​បច្ចេកទេស ដើម្បី​គាំទ្រ ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ​ប្រកបដោយ​ជោគជ័យ និង ចីរភាព​។ ឯកឧត្តម​បាន​ចាត់ទុកថា នេះ​គឺជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​អំពី​កិច្ចទំនាក់ទំនង​ល្អ​រវាង កម្ពុជា និង​សហភាព​អឺរ៉ុប ហើយ​កម្ពុជា ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុង​ការពង្រឹង​ការ ប្រមូល​ចំណូល​ក្នុងស្រុក និង​ការគ្រប់គ្រង​ចំណាយ​សាធារណៈ ប្រកបដោយ​ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព គណនេយ្យភាព និង​តម្លាភាព​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×