Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អង្គការ UNDP និង​ក្រុមហ៊ុន​ចិន Green Leader Holdings រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​ដំឡូង​មី​កម្ពុជា​

spot_img

​ភ្នំពេញ​ ៖ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​គាំទ្រ​ភាព​ជា​ដៃគូ រវាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) ប្រចាំ​នៅ​កម្ពុជា និង​ក្រុមហ៊ុន Green Leader Holdings Group Limited របស់​ប្រទេស​ចិន ដើម្បី​អភិវឌ្ឍន៍​វិស័យ​ដំឡូង​មី ដោយ​ផ្តោត​សំខាន់​លើ​ការពង្រឹង​ខ្សែសង្វាក់​តម្លៃ (​ដាំ​ដុះ និង​កែច្នៃ​) សំដៅ​លើកស្ទួយ​ឧស្សាហកម្ម​ក្នុងស្រុក និង​ពង្រីក​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សាកល ឱ្យបាន​អតិបរិមា​។​

​ការប្រកាស​របស់ លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នា​ឱកាស​អញ្ជើញ​ចូលរួម​ជា​សាក្សី នៅក្នុង​ពិធី​ចុះហត្ថលេខា រវាង​អង្គការ UNDP និង​ក្រុមហ៊ុន​ចិន Green Leader Holdings Group Limited លើ​ការបង្កើត​មូលនិធិ​រួមគ្នា ដែល​មាន​ទឹកប្រាក់​សរុប ៨០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​អនុវត្តន៍ “​គម្រោង​ជំរុញ​ការអភិវឌ្ឍ​ទីផ្សារ​ដំឡូង​មី​នៅ​កម្ពុជា​” ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៨​។​

​នៅក្នុង​ឱកាស​នោះ​លោក ប៉ាន សូរ​ស័ក្តិ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហការ និង​ការប្តេជ្ញាចិត្ត​របស់​ភាគី​ទាំងពីរ ក្នុង​ការលើកស្ទួយ​វិស័យ​ដំឡូង​មី ស្រប​តាម​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) និង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ដំឡូង​មី​កម្ពុជា​។ លោក​រដ្ឋមន្ត្រី បានបង្ហាញ​ជំនឿ​ថា មូលនិធិ​ថ្មី​នេះ នឹង​នាំមក​នូវ​ផ្លែផ្កា និង​អត្ថប្រយោជន៍​រួម​សម្រាប់​តួអង្គ​ពាក់ព័ន្ធ ជា​ពិសេស​កសិករ​ដាំ​ដុះ​ដំឡូង​មី ព្រមទាំង​ក្លាយជា​គំរូ​ហិរញ្ញវត្ថុ​ថ្មី នៃ​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ផ្នែក​ឯកជន​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា ក្រសួង​ពាណិជ្ជកម្ម និង​អង្គការ UNDP បាន​ប្តេជ្ញា​ក្នុង​ការដឹកនាំ​អភិវឌ្ឍន៍​វិស័យ​ដំឡូង​មី ដោយ​ផ្តោត​លើ​ការលើក​ស្ទួយ​ជីវភាព និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន ព្រមទាំង​ទ្រទ្រង់​ការអភិវឌ្ឍ​ប្រកបដោយ​បរិយា​ប័ន្ន ហើយ​ការផ្តួច​ផ្តើម​អនុវត្តន៍​គម្រោង​ថ្ងៃនេះ គឺជា​ជំ​ហ៊ាន​ថ្មី​មួយទៀត បន្ទាប់​ពី​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ដំឡូង​មី​កម្ពុជា ត្រូវបាន​ដាក់​ឱ្យ​ដំណើរការ​។​

“​គម្រោង​ថ្មី​នេះ នឹង​ផ្ដល់​នូវ​គោលការណ៍​ណែនាំ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ជំរុញ​វិស័យ​ដំឡូង​មី ដោយ​បង្កើត​ឱ្យមាន​កាលានុវត្តថ្មីៗ សម្រាប់​ភាគី​ពាក់ព័ន្ធ រួម​ទាំង​កសិករ​ដាំ​ដុះ​ដំឡូង​មី ដើម្បី​ទាញយក​អត្ថប្រយោជន៍​ផ្សេងៗ សំដៅ​ពង្រឹង​ជីវភាព​តាមរយៈ​ការ​ធ្វើ​កសិកម្ម​” លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​សូមជម្រាបថា “​គម្រោង​ជំរុញ​ការអភិវឌ្ឍ​ទីផ្សារ​ដំឡូង​មី​នៅ​កម្ពុជា​” នឹង​ត្រូវ​អនុវត្តន៍ ក្នុង​រយៈពេល ៣​ឆ្នាំ ៥​ខែ ដោយ​ចាប់ផ្តើម​ពី​ខែ​សីហា ឆ្នាំ​២០១៨ ដល់​ឆ្នាំ ២០២១​។ តាមរយៈ​ពិធី​ចុះហត្ថលេខា​ថ្ងៃ​នេះ អង្គការ UNDP នឹង​ដឹកនាំ​បង្កើត​គំរូ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា ដែល​មាន​រចនាសម្ព័ន្ធ​ខ្សែសង្វាក់​ផ្គត់ផ្គង់ ជាមួយ​បរិយាកាស​អំណោយផល​ក្នុង​តំបន់ សម្រាប់​ប្រតិបត្តិការ​គម្រោង ចំណែក​ក្រុមហ៊ុន​ចិន Green Leader Holdings Group Limited នឹង​ធ្វើ​ការសាងសង់​រោង​ចក្រ​កែច្នៃ​ម្សៅដំឡូង​មី ជាមួយ​បច្ចេកវិទ្យា​ខ្ពស់ នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​មាន​សមត្ថភាព​ផលិត​ម្សៅដំឡូង​មី​ប្រមាណ ១​លាន​តោន ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​ប្រជាកសិករ​ដាំដំឡូង​មី នៅតាម​បណ្តា​ខេត្ត​នានា ក្នុង​ការបង្កើន​ផលិតភាព និង​កាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​ធានា​លំហូរ​ពាណិជ្ជកម្ម​ដំឡូង​មី ប្រកប​ដោយ​និរន្ត​ភាព​។​

​ដោយឡែក ក្រសួង​ពាណិជ្ជកម្ម នឹង​បង្កើត​វេទិកា​សន្ទនា​សម្រាប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ធ្វើការ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​សម្របសម្រួល​ការប្រមូលផ្តុំ​ធនធាន ដើម្បី​ដោះស្រាយ​បញ្ហា​នានា (​ចំណុច​កដប​) ដែល​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ខ្សែសង្វាក់​តម្លៃ​ផលិតផល​ដំឡូង​មី​កម្ពុជា និង​ការធ្វើ​ពិធិធ​កម្ម (​ពង្រីក​) នាំចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

    

spot_img
×