Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ ចុះ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​បន្ថែម ដល់​អ្នកបើកបរ​រថ​យន្ត ក្រុមហ៊ុន​ស៊ីម៉ង់តិ៍​អូដ្ឋ​ជីប​ម៉ុង​

spot_img

​ព្រះសីហនុ​៖ មន្ត្រី​នគរបាល​ចរាច​រណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ រួម​ជាមួយ​មន្ត្រី​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​នេះ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នា​ទីតាំង​សាខា​ក្រុមហ៊ុន​ស៊ីម៉ង់តិ៍​អូដ្ឋ ជីប​ម៉ុង ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ចុះ​ផ្សព្វផ្សាយ​កម្មវិធី​អប់រំ​វគ្គ​បណ្តុះបណ្តាល​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ជូន​ដល់​អ្នកបើកបរ​រថយន្ត របស់​ក្រុមហ៊ុន​នេះ​ចំនួន ៣៥​នាក់​។ គោលបំណង នៃ​ការបើក​វគ្គ​បណ្តុះបណ្តាល​នេះ ប្រយោជន៍ បន្ថែម​ការយល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ជូន​ដល់​អ្នកបើកបរ​ក្រុមហ៊ុន​ជីប​ម៉ុង អោង​មាន​ការទទួលខុសត្រូ​វ​ខ្ពស់ទៅលើ​ការបើកបរ​ប្រចាំថ្ងៃ របស់ខ្លួន ដើម្បី​ឈាន​ទៅ​រួមចំណែក​កាត់បន្ថយ​អត្រា​ស្លាប់ និង​រងរបួស ដែល​បណ្តាល​មកពី​គ្រោះថ្នាក់​ចរាចរណ៍ អោយ​ថយចុះ​នា​បណ្តា​ឆ្នាំ​ខាង​មុខ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ ឃើញ​មាន​វត្តមាន លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ផែន​កណ្តាល​សណ្តាប់ធ្នាប់ លោក នុត លី អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ លោក ពឹង សុគន្ធ ប្រធាន​ប្រតិបត្តិ របស់​ក្រុមហ៊ុន ជីប​ម៉ុង លោក ចាប ស៊ី​នឿន ប្រធាន​រោងចក្រ​ជីបម៉ុង សាខា​ខេត្ត​ព្រះសីហនុ និង​ចូលរួម​ពី​បុគ្គលិក​អ្នកបើកបរ​រថយន្ត​ទាំងអស់ របស់​ក្រុមហ៊ុន​នេះ​។​

​នា​ឱកាស​នោះ លោក នុត លី អនុប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​ព្រះសីហនុ អោយដឹងថា កន្លងមក មន្ទីរ​សាធារណៈការ ធ្លាប់បាន​បើក​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​នេះ ជូន​ដល់​អ្នកបើកបរ​ក្រុមហ៊ុន​ជីប​ម៉ុង​នេះ​ម្តង​ហើយ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា​ការប្រើប្រាស់​ផ្លូវ អោយមាន​សុវត្ថិភាព​នៅ​កម្ពុជា​។​


​លោក នុត លី បន្តថា វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃនេះ ពិសេស​ជាង​វគ្គ​មុនៗ​ទៅទៀត ដោយសារ​មាន​មន្ត្រី​ជំនាញ​នគរបាល​ចរាច​រណ៍​ផ្លូវគោក​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ជាពិសេស​ក្រុមហ៊ុន​ជីប​ម៉ុង សាខា​ខេត្ត​ព្រះសីហនុ បាន​គាំទ្រ​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ដោយ​យកចិត្តទុកដាក់ និង​បាន​បញ្ចូន​បុគ្គលិក​បើករថយន្ត របស់ខ្លួន មក​ចូលរួម​ច្រើន​កុះករ​។​

​ចំណែក លោក ចាប ស៊ី​នឿន ប្រធាន​រោងចក្រ​ក្រុមហ៊ុន​ជីប​ម៉ុង សាខា​ខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​មន្ត្រី​ស្ថាប័ន​ជំនាញ​នគរបាល និង​មន្ទីរ​សាធារណៈការ ដែល​ចុះ​មក​ដល់​ក្រុមហ៊ុន​ជីប​ម៉ុង​ផ្ទាល់ ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍ ជូន​បុគ្គលិក​ក្រុមហ៊ុន ជាពិសេស​អ្នកបើកបរ អោយ​ពួកគេ បាន​យល់ដឹង​បន្ថែមទៀត ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ឈាន​ទៅ​រួមចំណែក​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ក៏ដូចជា​នៅ​តាម​ផ្លូវ​សាធារណៈ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃ​អនាគត​។​

​ដោយឡែក លោក ពឹង សុគន្ធ ប្រធាន​ប្រតិបត្តិការ​ក្រុមហ៊ុន​ជីប​ម៉ុង ក៏​បាន​អោយដឹង​ដែរ​ថា ក្រុមហ៊ុន​នេះ មាន​សាខា​ចំនួន ៣​ទីតាំង រួមមាន​៖ នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ​។​

​លោក​បន្តថា នា​ពេល​កន្លង​ទៅ វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​បុគ្គលិក ឬ​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​នេះ គឺ​ធ្លាប់បាន​អនុវត្ត​នៅ​សាខា​ក្រុមហ៊ុន ប្រចាំ​ខេត្ត​កំពត និង​រាជធានី​ភ្នំពេញ ប៉ុន្តែ​សម្រាប់​ខេត្ត​ព្រះសីហនុ​វិញ វា​ជា​លើក​ទី​១ សម្រាប់​បុគ្គលិក​បើកបរ ហើយ​មាន​មន្ត្រី​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជំនាញ​សំខាន់ៗ រួម​មាន​នគរបាល និង​មន្ត្រី​មន្ទីរ​សាធារណៈការ​ខេត្ត​ជា​ដើម បាន​ចូលរួម​ចែករំលែក​បទពិសោធន៍ និង​ផ្តល់​ការអប់រំ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ ជូន​អ្នកបើកបរ​ក្រុម​ម​ហ៊ុន​ខ្លួន មាន​ភាពទូលំទូលាយ​។​

​ទាក់ទិន​ការចុះពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះដែរ មន្ត្រី​មន្ទីរ​សាធារណៈការ​ខេត្ត​ព្រះសីហនុ និង​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្ត ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​នេះ ក៏​បាន​បង្កើត​កម្មវិធី​ផ្តល់​មួក​ការពារ​សុវត្ថិភាព ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ២​លើក និង​បាន​ណែនាំ​អប់រំ​ដល់​អ្នកបើកបរ ឬ​អ្នក​ប្រើប្រាស់​ផ្លូវ អោយមាន​ការប្រុងប្រយ័ត្ន​ពេល​បើកបរ ដោយ​រំលឹក​ដល់​ពួកគេ ត្រូវ​ប្រកាន់ខ្ជាប់ ការគោរព​ច្បាប់​ចរាច​រណ៍​អោយបាន​ជា​ប្រចាំ ទោះ​ចម្ងាយ​ផ្លូវ​ជិត ឬ​ឆ្ងាយ​បែបណា​ក្តី ប្រយោជន៍​ដើម្បី​ការការពារ​សុវត្ថិភាព ឬ​ការពារ​អាយុជីវិត​ផ្ទាល់ខ្លួន នៅ​តាម​ក្រុមគ្រួសារ​នី​មួយៗ ជៀសផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតមាន​ជាយថាហេតុ​៕ ដោយ​៖ ដែន សីមា​

spot_img
×