Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា និង​កម្ពុជា នឹង​ចុះហត្ថលេខា ឯកសារ​ចំនួន​បី ក្នុងនោះ​លើ​គម្រោង​ការអភិរក្ស​/​ជួសជុល​ប្រាសាទព្រះវិហារ​

spot_img

​ភ្នំពេញ​៖ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ លោកស្រី ស៊ុស​ម៉ា ស្វា​រ៉ា​ច ( Sushma Swaraj ) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នឹង​មាន​ចុះ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​ចំនួន​បី ជាមួយនឹង​លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។​

​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៨ ​តប​​​តាម​ការអញ្ជើញ​របស់​លោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកស្រី ស៊ុស​ម៉ា ស្វា​រ៉ា​ច រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​កម្ពុជា លោកស្រី នឹង​ចូល​ជួប​សម្តែង​ការគួរសម ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកស្រី ស៊ុស​ម៉ា ស្វា​រ៉ា​ច នឹង​ពិភាក្សា​ទ្វេភាគី​ជាមួយ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អំពី​បញ្ហា​ជាច្រើន​ទាក់ទង នឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ហើយ​នឹង​ផ្លាស់ប្តូរ​យោបល់​គ្នា អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​មាន​ការ ចាប់អារម្មណ៍​ដូចគ្នា​។ បន្ទាប់​ពី​ជំនួប​ទ្វេភាគី នឹង​មាន​ការចុះហត្ថលេខា លើ​ឯកសារ​ចំនួន​៣ ដែល​ក្នុងនោះ​រួមាន ៖ ១- កិច្ចព្រមព្រៀង​រវាង រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការអភិរក្ស​/​ជួសជុល​ប្រាសាទព្រះវិហារ នៅក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ប្រទេស​កម្ពុជា​។ ២- អនុស្សរណៈ​នៃ កិច្ចសហប្រតិបត្តិការ រវាង​ក្រសួង​សុខាភិបាល និង​កិច្ចការ​គ្រួសារ នៃ​សាធារណរដ្ឋ​ឥណ្ឌា និង​ក្រសួង​សុខា​ភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​សុខភាព និង​ឱសថ​។ ៣- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិទ្យាស្ថាន​ការបរទេស នៃ​ក្រសួង​ការបរទេស នៃ​សាធារណរដ្ឋ​ឥណ្ឌា​។​

​នៅក្នុង​ទស្សនកិច្ច​នៅ​កម្ពុជា​នេះដែរ លោកស្រី ស៊ុស​ម៉ា ស្វា​រ៉ា​ច គ្រោង​អញ្ជើញ​ទស្សនា​ប្រាសាទ​បុរាណ​មួយចំនួន នៅក្នុង​ខេត្ត​សៀមរាប រួម​ទាំង​គម្រោង​ជួសជុល ប្រាសាទតាព្រហ្ម ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ នឹង​ពង្រឹង​ថែម​ទៀត នូវ​ទំនាក់ទំនង​មិត្តភាព ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ រវាង​កម្ពុជា និង​ឥណ្ឌា​៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×