Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាព​លាយឡំ​នៃ​វប្បធម៌​ជន​ជាតិចិន​នៅក្នុង​វប្បធម៌​ខ្មែរ​

spot_img
«​កុំ​ឈ្លោះ​ជាមួយ​ស្រី ហើយ​កុំ​ក្ដី​ជាមួយ​ចិន​»​។

​វប្បធម៌​ខ្មែរ​បាន​គ្របដណ្ដប់​លើ​ជនជាតិភាគតិច​ជាច្រើន​ក្រុម​ដែល​បានរស់នៅ​ក្នុងប្រទេស​ក​ម្ពុ​ជា​អស់​រយៈពេល​ជាច្រើន​សតវត្ស​កន្លង​ទៅហើយ​។ ឥទ្ធិពល​ចិន​មកលើ​អរិយធម៌​ខ្មែរ​មានដូចជា សិល្បៈ ម្ហូបអាហារ ម៉ូត​សម្លៀកបំពាក់​និង​ភាសា​។

​ផ្ទុយ​ពី​ប្រទេស​វៀតណាម ដែល​ទទួល​ឥទ្ធិពល​ស្ទើរតែ​ទាំង​អស់ពី​វប្បធម៌​ចិន ឥទ្ធិពល​វប្បធម៌​ចិន​មកលើ​វប្បធម៌​ខ្មែរ​មាន​លក្ខណៈ​ជាការ​ខ្ចី​គ្នា​(​បន្ដិច​ម្ដងៗ​)​តែប៉ុណ្ណោះ​។ លោក​ហង់​រី ម៉ា​ហ្សា​ល (Henri Marchal) ដែល​ធ្លាប់ជា​អ្នក​អភិរក្ស​អង្គរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ បាន​អះអាងថា ឥទ្ធិពល​ចិន​មកលើ​សិល្បៈ​ខ្មែរ​មាន​តាំងពី​សម័យអង្គរ​រហូត​មកដល់​ដើម​សតវត្ស​ទី​២០ (​ហង់​រី ម៉ា​ហ្សា​ល ឆ្នាំ​១៩៣៦ ទំ​.​ទី​៩-១០)​។ លោក ហ្ស​ក ហ្រូ្គ​លី​យ៉េ (George Groslier) ដែលជា​អ្នកស្រាវជ្រាវ​និង​ជាម​ន្ដ្រី​របស់​អាណានិគម បានធ្វើ​ចំណាប់អារម្មណ៍​លើ​សារសំខាន់​របស់​កម្មក​រ​ចិន​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​សម័យ​កណ្ដាល​(​មជ្ឈិមសម័យ​)​។ ហើយ​លោក វិច​ទឺ ហ្គូ​លូ​បឺ​វ (Vitor Goloubew) ដែលជា​អ្នកធ្វើការ​នៅ​សាលា​បារាំង​ចុង​បូព៌ា បាន​សន្និដ្ឋានថា សិល្បករ​ចិន​ប្រហែល ជា​បាន​ឆ្លាក់​ក្បាច់ចម្លាក់​លេច​ទាំងឡាយ​នៅលើ​ជញ្ជាំង​ដែល​បែរមុខ​មក​ទិស​ខាងជើង​នៃ​ល្វែង​ខាងកើត​ប្រាង្គ​ប្រសាទ​អង្គរវត្ត (​វិច​ទឺ ហ្គូ​លូ​បឺ​វ ឆ្នាំ​១៩២៤ ទំ​.​ទី​៥១៣- ៥១៩)​។ លោក វៀល មត់​ត៌ អះអាងថា រូបចម្លាក់​ទាំងនេះ​បាន​ឆ្លាក់​ឡើង​នៅ​៤០០​ឆ្នាំ​ក្រោយពី​ការកសាង​គ្រឹះ​អង្គរ ហើយ​បាន​ភ្ជាប់​ចម្លាក់​ទាំងនេះ​ទៅនឹង​ការរីកដុះដាល​នៃ​សហគមន៍​ចិន​នៅ​ភ្នំពេញ​នា​សម័យថ្មី (​វៀល​មត់​ត៌ ឆ្នាំ​១៩៦៦ ទំ​.​ទី​២០) ។​ពាក្យ​ខ្ចី​មកពី​ភាសា​ចិន​ក្នុង​ភាសា​ខ្មែរ​ប្រចាំថ្ងៃ​ទាក់ទង​នឹង​សម្លៀកបំពាក់ គ្រឿងសង្ហារិម និង​ម្ហូបអាហារ ដែលជា​សញ្ញាណ​បញ្ជាក់​ឱ្យឃើញ​បន្ថែមទៀត​អំពី​ឥទ្ធិពល​ចិន​មកលើ​ប្រទេស​ខ្មែរ (Saverous & Jenner, 1973 Nepote, 1994) ។​សម្លៀកបំពាក់​សម្រាប់​តួអង្គ​យក្ស​នៅក្នុង​ល្ខោន​ខ្មែរ​កាលពី​សម័យមុន​មាន​លក្ខណៈ​ជា​ខ្មែរ​រហូតមកដល់​សត​វត្ស​១៩ ប៉ុន្ដែ​នៅ​សតវត្ស​ទី​២០ សម្លៀកបំពាក់​នេះ​មាន​លក្ខណៈ​ជា​របៀប​ចិន​ច្រើនជាង​។​

​ខណៈពេលដែល​ចំនួន​នៃ​ការរៀប​អាពាហ៍ពិពាហ៍​រវាង​ជនជាតិ​ចិន​និង​ខ្មែរ ព្រមទាំង​ការផ្លាស់ប្ដូរ​វប្បធម៌​គ្នា​ទៅវិញទៅមក បានបង្ហាញ​ឱ្យឃើញ​អំពី​ចរិត​នៃ​ការពេញចិត្ដ​លើ​វប្បធម៌​ចិន​នោះ មាន​សំណេរ​ពាក្យកាព្យ​និង​រឿងនិទាន​ខ្មែរ​ជាច្រើន​នៅ​សតវត្ស​ទី​២០ បង្ហាញ​អំពី​ជនជាតិ​ចិន​ថា​ជា​អ្នក​គួរឱ្យខ្លាច និង​ច្រណែន​។ តួអង្គ​ចិន​នៅក្នុង​រឿង​ប្រពៃណី​ខ្មែរ​តែងតែ​តំណាង​តួអង្គ​ដែលមាន​អំណាច មាន​ល្បិច​និង​ជា​អ្នក​លោភលន់​។​លោក ក្រម ង៉ុ​យ ដែលជា​កវី​ខ្មែរ​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ដើម​សតវត្ស​ទី​២០ តែងតែ​សូត្រ​កំណាព្យ​ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ ដោយ​ដាស់តឿន​ឱ្យ​កូន​ខ្មែរ​រៀន​លេខ​គណិត ចេះ​ធ្វើ​ជំនួញ​ចិញ្ចឹមជីវិត​និង​ដើម្បី​ការពារ​ខ្លួន​កុំឱ្យ​មានការ​កេង​ប្រ​វញ្ច​ពី​សំណាក់​ឈ្មួញ​និង​អ្នករកស៊ី​ចងការ​ប្រាក់​ជនជាតិ​ចិន​។ លោក​ក្រម ង៉ុ​យ បាន​បន្លឺ​ថា​៖

​ជនជាតិខ្មែរ​ឥត​គំនិត​ ​ ​ស៊ី​មិន​គិត​មើល​ខុសត្រូវ​
​ជឿ​ចិន​រាល់​រដូវ​ ​ ​កេរ​ម៉ែ​ឳ​ចិន​អូស​អស់​។​

​ទោះជា​យ៉ាងណាក៏ដោយ ការព្រួយបារម្ភ​របស់​លោកតា ក្រម ង៉ុ​យ ក៏បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ផងដែរ​នូវ​ការកោតសរសើរ របស់គាត់​អំពី​ការ​ឧស្សាហ៍​ព្យាយាម និង​អំណត់​ក្នុងការ​រកស៊ី​ចិញ្ចឹមជីវិត​របស់​ជនជាតិ​ចិន​។ តាមពិត ជនជាតិ​ចិន​នៅ​ប្រទេស កម្ពុជា​មិនមែន​កើតមក​សុទ្ធតែ​មានទ្រព្យ​សម្បត្ដិ​ស្រាប់​នោះទេ​៖

​ចិន​មកពី​ស្រុក​នាយ​ ​ ​មាន​សំពាយ​ជា​របស់​
​មិនទាន់​ចេះ​ខ្មែរ​សោះ​ ​ ​គ្មាន​កេរកោះ​ស្រែចម្ការ​។​

​អត្ថបទ​ទាំងនេះ​ត្រូវ​បោះពុម្ពផ្សាយ​នៅក្នុង​ឆ្នាំ​១៩៣៧ របស់​កាសែត​ភាសា​ខ្មែរ​ដំបូង​ឈ្មោះ​នគរ​វត្ដ បាន​លើកយក​នូវ​គំនិត ប៉ិនប្រសប់​និង​ឧស្សាហ៍​របស់​ជនជាតិ​ចិន​ថា មាន​តួនាទី​ជា​គំរូ​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ខ្មែរ​។ អត្ថបទ​នេះ​បានកត់សម្គាល់​អំពី របៀប​ដែល​ប្រជាជន​ចិន​ជាច្រើន​ធ្វើដំណើរ​មក​កម្ពុជា​ដោយ​បាត​ដៃទទេ (​គ្មាន​ដើមទុន​រកស៊ី​ឡើយ​) ប៉ុន្ដែ​ពួកគេ​មានតែ​សម្លៀក បំពាក់​មួយ​ចង្កេះ កន្ទេល​មួយ និង​ខ្នើយ​មួយ​ប៉ុណ្ណោះ​។ បន្ទាប់មក​មិនយូរប៉ុន្មាន គឺ​ប្រហែលជា​១០ ឬ​២០​ឆ្នាំ ពួកគេ​បាន​បង្កើត មុខរបរ​ជំនួញ​ធំៗ​ដោយ​ខ្លួនឯង​។ អត្ថបទ​នោះ​ក៏បាន​អះអាង​ផងដែរ​ថា ជនជាតិខ្មែរ​មាន​ប្រាជ្ញា​មិន​ចាញ់​ជនជាតិ​ចិន​ឡើយ ប៉ុន្ដែ​អ្វីដែល​សំខាន់ គឺ​ការខិតខំ​ធ្វើការ​ងារ​ដោយ​អំណត់ និង​ការចេះ​រៀបចំ​របៀបរបប​សង្គម​ដែល​ខ្លួន​រស់នៅ​។ អត្ថបទ​នោះ ក៏បាន​ជំរុញ​ឱ្យ​ជនជាតិខ្មែរ​យក​គំរូ​តាម​ជនជាតិ​ចិន​(​កាសែត​នគរ​វត្ដ​ឆ្នាំ​១៩៣៧) ។ អត្ថបទ​កំណាព្យ​មួយ​ដែល​និយាយ​អំពី ប្រពៃណី​ខ្មែរ​មាន​ឈ្មោះថា ច្បាប់ប្រុស ការផ្សាយ​របស់​ពុទ្ធសាសនបណ្ឌិត្យ ព​.​ស ២៥០៩ បាន​ក្រើនរំលឹក​ដល់​ជនជាតិខ្មែរ​ថា​៖

​ពី​ព្រឹក​ស្លៀក​ហូលជរ​ ​ ​ល្ងាច​ស្លៀក​ស​ខ្វះ​ចងក្បិន​​

ពី​ព្រឹក​ត្បកក្បាល​ចិន​ ​ ​ល្ងាច​មិនទាន់​ចិន​ដាក់​ខ្នោះ​។​
​ជួនកាល​វា​ចងជើង​ ​ ​ព្យួរ​ខ្ពស់​ឡើង​ក្បាល​ដាំ​ចុះ​
​ភ្នែក​ស្លឹង​តឹង​ក្រញុះ​ ​ ​វា​ទារប្រាក់​ឱ្យបាន​ឆាប់​។​
​មើលមុខ​ល្អ​តិច​អី្វ​ ​ ​មិន​ខ្មាស​ស្រី​ផ្សារ​ឈរ​ស្ដាប់​
​មុខ​មិញ​ដូច​គេ​ស្លាប់​ ​ ​មាត់​ស្ញេញ​ស្ញាញ​ពេប​ដូច​ក្មេង​។​
​ស្រែកថ្ងូរ​អះ​អុ​យ​អើយ​ ​ ​អា​ចិក​អើយ​អាណិត​លែង​
​អញ​រកប្រាក់​ឱ្យ​ឯង​ ​ ​ឱ្យ​អា​ចិក​ស្អែក​នេះ​បាន​។​

​ដូច​មាន​សុភាសិត​មួយ​បាន​ចែងថា «​កុំ​ឈ្លោះ​ជាមួយ​ស្រី ហើយ​កុំ​ក្ដី​ជាមួយ​ចិន​»​។ សុភាសិត​នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ជនជាតិ​ចិន​គឺជា​អ្នក​ដែលមាន​ឥទ្ធិពល​និង​ល្បិចកល​ច្រើន ដែល​តែងតែមាន​វិធី​ទប់ទល់​ជាមួយនឹង​ជនជាតិខ្មែរ​។ រឿងនិទាន​ខ្មែរ​ដែលមាន​ប្រជាប្រិយ​មួយ​ឈ្មោះថា រឿង​ធនញ្ជ័យ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ការផ្ទុយ​គ្នា​ខ្លះ​ទៅនឹង​ខ្លឹមសារ ខាងលើ ដែលថា​អ្នកប្រាជ្ញ​ចិន ហោរា និង​អធិរាជ​ចិន បាន​ចាញ់​ប្រាជ្ញា​ធនញ្ជ័យ​ម្ដង​ហើយ​ម្ដងទៀត​។ ប៉ុន្ដែ​រឿង​ធនញ្ជ័យ ក៏បាន​បង្ហាញ​អំពី​ការផ្លាស់ប្ដូរ​ខាង​ផ្នែក​វប្បធម៌​ជាមួយ​ចិន និង​និយាយ​អំពី​ភាសា​ចិន​ជា​លក្ខណៈ​កំប្លែង​ដែរ​។ នៅក្នុង​វគ្គ​មួយ ធនញ្ជ័យ បាន​ចាប់​ក្ដាម​ជ្រលក់​ទៅក្នុង​ទឹកខ្មៅ រួច​ដាក់​ក្ដាម​ទាំងនោះ​ឱ្យ​វារ​នៅលើ​ក្រដាស ហើយ​យក​ក្រដាស​នេះ​ឱ្យ​អ្នកប្រាជ្ញ ចិន​អាន​។ រហូតដល់​សព្វថ្ងៃនេះ ទាំង​ជនជាតិ​ចិន​ខ្មែរ និង​ជនជាតិ​ចិន​នៅ​កម្ពុជា​មើលឃើញថា​អក្សរ​ចិន​ដូច​ជើង​ក្ដាម​។ (​សូម​មើល​អត្ថន័យ​បកប្រែ​សង្ខេប​រឿង​ក្នុង​ឧបសម្ព័ន្ធ ចំណុច A)​។​

​មានរឿង​និទាន​ខ្មែរ​ជាច្រើន​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាពចុះ​សម្រុង​គ្នា​ក្នុងការ​ទាក់ទង​រវាង​ចិន​និង​ខ្មែរ ហើយ​និង​ទំនាក់ទំនង រវាង​ជនជាតិភាគតិច​ទាំងឡាយ​នៅ​កម្ពុជា​។ ប្រជាជន​និង​ព្រះសង្ឃ បាន​ប្រាប់​យើង​អំពី​របៀប​ដែល​បេសកជន​ចិន​សង់​ព្រះវិហារ ចិន​ដ៏​ធំ​មួយ​នៅលើ​កំពូលភ្នំ​អដ្ឋរស្ស​(​ដែល​គេ​ស្គាល់​ថា​ជា​ភ្នំ​ព្រះរាជ​ទ្រព្យ​) នៅ​ឧត្ដុង្គ​ក្នុង​រជ្ជកាល​ព្រះបាទ​អង្គឌួង ដែល​បាន​អនុញ្ញាតឱ្យ​សិប្បករ​ចិន​មក​តាំង​លំនៅ និង​បង្កើត​សហគមន៍​ចិន​នៅ​ឧ​ត្តុ​ង្គ​។ តាម​ប្រវត្តិសាស្ដ្រ​មានរឿង​និទាន​ពីរ ដែល​គេ​បាន​និយាយ​តៗ​គ្នា​ថា ព្រះវិហារ​នៅក្នុង​បរិវេណ​វត្ត​នគរ​នៅ​ខេត្ដ​កំពង់ចាម ប្រហែលជា​បាន​សាងសង់ឡើង​នៅ សតវត្ស​ទី​១៣ ហើយ​មាន​ទំនាក់ទំនង​ទៅនឹង​ស្ដេច​ខ្មែរ គឺ​ព្រះបាទ​ស្រី​គន្ធរ​បទ ឬ​ព្រះបាទ​ជយ​វរ្ម័នទី​៧ ដែល​ព្រះអង្គ​បាន​សង់​ប្រាសាទ​នេះ​ជា​សេចក្ដី​តបស្នង​សងគុណ​ដល់​ជនជាតិ​ចិន​ដែល​បាន​ជួយសង្គ្រោះ​ជីវិត​ព្រះអង្គ​(​សូម​មើល​ឧបសម្ព័ន្ធ​ចំណុច B&d)​។​

​រឿងនិទាន​ដំបូងៗ​ទាំង​ឡើយ​បានបង្ហាញ​ឱ្យឃើញថា ជនជាតិខ្មែរ​មិនមាន​ការភ័យខ្លាច​ជនជាតិ​ចិន​ថា​ជា​កងកម្លាំង​ពង្រីក​ទឹកដី របស់​រដ្ឋាភិបាល​បរ​ទេស​ឡើយ​។ ប៉ុន្ដែ​សេចក្ដី​ភ័យខ្លាច​បែបនេះ បាន​កើតមានឡើង​បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ ពី​អាណានិគម​បារាំង ហើយ​ចាប់​ផ្ដើមកសាង​ជាតិ​ឡើងវិញ និង​នៅពេលដែល​ប្រទេស​ចិន​មានការ​បង្រួប​ង្រួ​ម​គ្នា​យ៉ាងរឹងមាំ បន្ទាប់ពី​សង្គ្រាមស៊ីវិល​បាន​ចប់​ទៅ ពិសេស​នៅពេលដែល​លោក​ម៉ៅ សេទុង បានទទួល​ជ័យជម្នះ​នៅ​ឆ្នាំ​១៩៤៩៕
លីសា

spot_img
×