Friday, September 17, 2021

រថយន្ត​៤​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​នៅ​ចំណោត​លោកយាយ​ម៉ៅ ផ្លូវជាតិ​លេខ​៤​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​ ៖ (​ដំណឹង​បឋម​) សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ព្រឹក​មិញ​នេះ​មាន​រថយន្ត​៤​គ្រឿង បាន​បុក​ប៉ះ​គ្នា​នៅ​ផ្លូវ​ចំណោត លោកយាយ​ម៉ៅ​ក្រុងព្រះសីហនុ នៅ​ម៉ោង​ជិត ៩​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៨។​

សមត្ថកិច្ច​បន្តថា រថយន្ដ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​រួមមាន​៖ មាន​រថយន្ត​កុងតឺន័រ ២​គ្រឿង រថយន្ត​ដឹកទំនិញ​ធុន​មធ្យម​១​គ្រឿង និង​រថយន្ត​តួ​រី​ស​១​គ្រឿង​។​

​របាយការណ៍​បឋម របស់​នគរបាល​ចរាច​រណ៍ បានឲ្យដឹងថា ហេតុការណ៍​នេះ​មាន​មនុស្ស ២​នាក់​រងរបួស​។ ក្នុង​នោះ​ជនរងគ្រោះ​ម្នាក់​នៅ​ភាគី​ខាង​រថយន្ត​កុងតឺន័រ ដែល​សមត្ថកិច្ច អះអាងថា ជា​រថយន្ត​បង្កហេតុ និង​ជនរងគ្រោះ​ម្នាក់​ទៀត​នៅ​ភាគី​ខាង​រថយន្ត​តួ​រី​ស​។​

សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ ឲ្យដឹង​បន្ត​ថា ភ្លាមៗ​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ និង​ក្រុម​ជួយ​សង្គ្រោះ​បឋម​មិន​គិត​ប្រាក់កម្រៃ មក​ពី​កង​សង្គ្រោះបន្ទាន់ ៧១១ នៃ​ទីបញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០ ប្រចាំការ​នៅ​សាលា​ហ្វឹកហ្វឺន​សង្គ្រោះ​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្ថិត​នៅ​មាន​ទីតាំង​ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​ចុះមក​ជួយ​អន្តរាគមន៍​ជួយសង្គ្រោះ ជនរងគ្រោះ ដឹក​យក​មក​កាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

ករណី​នេះ​សមត្ថកិច្ច កំពុង​សម្រួល​ចរាចរណ៍ ដែល​កកស្ទះ និង​ស្រាវជ្រាវ​ពី​ដើមហេតុ របស់​ភាគី​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នី​មួយៗ​ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​៕ ដោយ​៖ ដែន សីមា​