ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមផ្លូវសាធារណៈ ជាបន្តទៀត ប្រយោជន៍សំដៅរក្សាសោភ័ណភាព ក្រុងទេសចរណ៍ ឲ្យមានរបៀបរៀបរយថែមមួយកំរិតទៀត។
ត្រង់ចំណុចនេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មន្ត្រីជំនាញរដ្ឋបាលក្រុង និងមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ បានបន្តចុះរៀបសណ្ដាប់ធ្នាប់ចំណីផ្លូវសាធារណៈ នៅមុខសណ្ឋាគារ និងកាស៊ីណូខ្សាច់មាស និងនៅម្តុំឆ្នេរអូរឈើទាលជាដើម..។
ជាលទ្ធផលមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ រុះរើតូប ឬស្តង់លក់ដូរមួយចំនួន របស់ប្រជាពលរដ្ឋខ្មែរ និងបានស្ទូចយកតូបលក់ដូរ របស់ជនជាតិចិនតូចៗ ដែលដាក់ប្រកបរបរលក់ដូរ នៅលើចំណីផ្លូវសាធារណៈ នាំឲ្យបាត់បង់សោភ័ណភាពក្រុងមួយចំនួនផងដែរ។
មន្ត្រីជំនាញបន្តថា តូបលក់ដូរ របស់ជនជាតិចិនមួយចំនួន ដែលរដ្ឋបាលក្រុងព្រះសីហនុ ស្ទូចចេញពីចំណីផ្លូវខាងលើនេះ គឺមន្ត្រីជំនាញ ធ្លាប់បានណែនាំ ឬចុះអប់រំពួកគេជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែជាជីវករជនជាតិចិនទាំងនោះ មិនអនុវត្តន៍តាមការណែនាំ របស់មន្ត្រីជំនាញរដ្ឋបាលក្រុងទេ។
ភាពរឹងទទឹង របស់អាជីវករជនជាតិចិនខាងលើនេះ ទើបឈានដល់ រដ្ឋបាលក្រុង បានសម្រេចស្ទូចតូបលក់ដូរទាំងនោះ យកមករក្សាទុក នៅសាលាក្រុងព្រះសីហនុជាបណ្តោះអាសន្ន ដើម្បីឈានទៅរកដំណោះស្រាយនៅពេលក្រោយទៀត៕ ដោយ៖ ដែន សីមា