Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៊ុំ សំអាន ចាកចេញ​ពី​ពន្ធនាគារ​ហើយ​

spot_img

​​ភ្នំពេញ​៖ នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក អ៊ុំ សំអាន អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធ​គារ​ព្រៃ​ស​ហើយ ទទួល​បាន​ដីកា​បង្គាប់​ឲ្យ​ដោះលែង ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក អ៊ុំ សំអាន ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់​បង្គាប់​លើកលែងទោស នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៨​នេះ តាម​សំណើ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។​

​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​៖ មាត្រា​១៖ ត្រូវបាន​លើកលែង​ទោស​ឲ្យ​ទណ្ឌិត​ឈ្មោះ អ៊ុំ សំអាន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ (​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​) និង​បទ​ញុះញង់​ឲ្យមាន​ការរើសអើង​តាម​អំណាច​សាលដីកា​លេខ ៥៤ ចុះ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល​។​

​ដីកា​របស់​តុលាការ​បាន​បញ្ជាក់ថា តាម​អំណាច​ព្រះរាជក្រឹត្យ​ខាងលើ ឈ្មោះ អ៊ុំ សំអាន កើត​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​១៩៧៦ ត្រូវបាន​លើកលែង​ទោស គប្បី​ធ្វើ​ការដោះ​លែងឲ្យ​មាន​សេរី​ភាព​វិញ​។​

​គួរបញ្ជាក់​ថា លោក អ៊ុំ សំអាន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ខេត្ត​សៀមរាប កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៦ បន្ទាប់ពី​លោក​ត្រឡប់​ពី​សហរដ្ឋអាមេរិក មកដល់​ប្រទេស​កម្ពុជា តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​។​

​លោក អ៊ុ សំអាន ត្រូវបាន​តុលាការ​ចេញ​ដីកា​ចុះ​ថ្ងៃទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ (​លេខ​៥៤) សម្រេច​ផ្តន្ទាទោស ដាក់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល ក្រោម​ការចោទប្រកាន់​ចំនួន ពីរ​បទល្មើស​គឺ​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ (​បង្ក​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​) និង​បទ ញុះញង់​ឱ្យ​មាន​ការរើសអើង តាម​មាត្រា​៤៩៥ និង ៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ និង​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៦ តាមរយៈ​ការសរសេរ និង​អត្ថាធិប្បាយ ចោទប្រកាន់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​។ លោក​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ​ព្រៃ​ស ដើម្បី​អនុវត្ត​ទោស​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×