Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​ជនជាតិ​ចិន​៣​នាក់ ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ខេត្ត​ព្រះសីហនុ បាន​ចាប់ខ្លួន​ជនជាតិ​ចំនួន​ចិន ៣​នាក់ ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស (​ជន​ជាតិចិន​ដូចគ្នា​) ធ្វើ​ទារុណកម្ម ដើម្បី​បង្ខំ​ជំរិត​ទារប្រាក់​ចំនួន ៤០០០​ដុល្លារ​សហរដ្ឋអាមេរិក នៅក្នុង​ក្រុងព្រះសីហនុ​។​របាយការណ៍​ពី​នគរបាល​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ២៣ និង​៣០​នាទី កម្លាំង​ជំនាញ បានទទួល​បណ្តឹង​តាម​ទូរស័ព្ទ​ថា មាន​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​ជនជាតិ​ចិន​ដូចគ្នា ចាប់​ឃុំឃាំង ធ្វើ​ទារុណកម្ម នៅក្នុង​បន្ទប់​មួយ ស្ថិតនៅក្នុង​ក្រុងព្រះសីហនុ​។​
​សមត្ថកិច្ច​បន្តថា បន្ទាប់ពី​ទទួល​បណ្តឹង​តាម​ទូរស័ព្ទ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូតដល់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥ និង​៣០​នាទី ទើប​បង្ក្រាប​ជនសង្ស័យ ៣​នាក់ និង​រំដោះ​ជនរងគ្រោះ នៅក្នុង​បន្ទប់​លេខ​២០៥ នៃ​សណ្ឋាគារ ហ្វូ​វជី​ង ស្ថិតនៅ​ក្រុមទី​៧ ភូមិ​២ សង្កាត់​២ ក្រុង​ព្រះ​សី​ហុន ខេត្ត​ព្រះសីហនុ​។ ជនរងគ្រោះ​មានឈ្មោះ YANG JIE ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន​។

​ចំណែក ជនសង្ស័យ​មាន​ចំនួន ០៣​នាក់ រួមមាន​៖ ១-​ឈ្មោះ WANG LE PIN ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​- ២-​ឈ្មោះ LU MING JIAN ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង ៣-​ឈ្មោះ XIAO SONG ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។​

​ជនសង្ស័យ​ទាំង​៣ ជា​ជន​ជាតិចិន មានមុខ​របរ ចងការ​ប្រាក់​ក្នុង​កាស៊ីណូ ស្នាក់នៅ ក្រុមទី​៧ ភូមិ​២ សង្កាត់​២ ក្រុង​សីហនុ ដូចគ្នា​។​

​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា ករណីនេះ​កើតឡើង​ដោយសារ ជនរងគ្រោះ​បាន​ចងការ​ប្រាក់​ពី​ក្រុម​ជនសង្ស័យ ជា​កាក់​ចំនួន ៤០០០​ដុល្លារ ដើម្បី​លេងល្បែង​ក្នុង​កាស៊ីណូ​។​

​សមត្ថកិច្ច​ឲ្យ​ដឹង​បន្តថា ពេល​លេង​ចាញ់​អស់​លុយ​ហើយ​គ្មាន​លុយ​សង ក៏ត្រូវ​ជនសង្ស័យ​ចាប់​ឃុំ​ក្នុង​បន្ទប់ ដើម្បី​ឲ្យ​ជនរងគ្រោះ​ទាក់ទង​ទៅ​ក្រុមគ្រួសារ បងប្អូន ឬ​មិត្តភក្តិ​រកលុយ មក​សង​ពួកគេ​ទើប​ពួកគេ​ដោះលែង​វិញ​។​
​បច្ចុប្បន្ននេះ ជនសង្ស័យ​ទាំង​៣ ត្រូវ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​បន្ត​នីតិវិធី​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​៕ ដោយ​៖ ដែន សីមា​

spot_img
×