Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​ទាំង​២០ បង្ហាញ​ភាព​ចាស់ទុំ និង​គោរព​ច្បាប់ ការអនុវត្ត នូវ​លទ្ធិប្រជាធិបតេយ្យ​

spot_img

​ភ្នំពេញ ៖ គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​រាជធានី​ភ្នំពេញ សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​សន្និបាត​បូក​​សរុប​លទ្ធផល​ការងារ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដើម្បី​ស្វែងរក​ចំណុចខ្លាំង ចំណុចខ្សោយ​​និង​បញ្ហា​ប្រឈម​ផ្សេងទៀត ជា​ទុន​យកមក​អនុវត្ត​នៅ​អាណត្តិ​ក្រោយៗ​ទៀត​។​

​ពិធី​នេះ​បាន​ធ្វើឡើង​កាលពី ព្រឹក​ថ្ងៃ​ទី​២៧​សីហា នៅ​សាលា​រាជធានី​ភ្នំពេញ ដោយ​មាន​ការចូលរួម​ពី​លោក​ម៉ប់ សារិន​ ​ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​លោក​ឃួង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ និង​មន្ត្រី​​តំណាង​គណបក្ស​ទាំង​១៩ ដែល​មាន​សមាជិក សមាជិកា​ចូលរួម​ប្រមាណ​ជាង​៤០០​នាក់​។​

​លោក​លុន ឆេង​កៃ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត រាជធានី​ភ្នំពេញ បាន​ថ្លែង​ពី​មោទនភាព ចំពោះ​លទ្ធផល​ល្អប្រសើរ​ ​នៃ​ដំណើរការ​ឃោសនា ពេល​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត និង​ថ្លែងអំណរគុណ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ផ្តល់​កិច្ច​សហការ​​យ៉ាង​ល្អប្រសើរ ពិសេស​លើ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សម្រាប់​ការបោះឆ្នោត​កន្លងមក​នេះ​។​

​លោក​លុន ឆេង​កៃ មានប្រសាសន៍ថា ដើម្បី​វាយតម្លៃ​ពី​ភាពត្រឹមត្រូវ នៃ​ការបោះឆ្នោត​មួយ គឺ​គេ​ចាំបាច់​ត្រូវ​ធ្វើ​ការវិនិច្ឆ័យ​​និង​វាយតម្លៃ​ទៅលើ​ភាពត្រឹមត្រូវ នៃ​ការអនុវត្ត​មុខងារ​របស់​អ្នក​រៀបចំ​ការបោះឆ្នោត ទាំង​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស​​ទាំង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ គ្រប់​ដំណាក់កាល​នៃ​ការរៀបចំ​ការបោះឆ្នោត​។ សន្និបាត​ថ្ងៃនេះ ក៏​ជា​ការដកពិសោធន៍​​លើ​ភាព​ចន្លោះប្រហោង​ខ្លះៗ ចៀស​មិន​ផុត​ក្នុង​ការរៀបចំ​ការបោះឆ្នោត ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការរៀបចំ​ការបោះឆ្នោត​​នៅពេល​ក្រោយៗ​ទៀត និង​ក្នុង​គោលដៅ​ដើម្បី​ប្រមូល​ធាតុ​ចូល​តាមរយៈ ការដាក់​ឲ្យ​ពិភាក្សា​រួម​គ្នា​ក្នុង​សន្និបាត​នេះ​​ដើម្បី​ស្វែងរក​ចំណុច​ខ្វះខាត ចំណុច​អវិជ្ជមាន និង​បញ្ហា​ប្រឈម​នានា ដែល​ជួបប្រទះ ក្នុងពេល​កំពុង​ប្រតិបត្តិ លើ​ការងារ​បោះឆ្នោត​នេះ​។​

​ថ្លែង​បិទ​សន្និបាត​ក្នុង​ព្រឹក​ថ្ងៃ​ដដែល​នេះ លោក​ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់ថា​ ​ដំណើរ​ការ​រៀបចំ​​ការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើ​​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បោះឆ្នោត​មុនៗ​។ លោក​អភិបាល​​បាន​ថ្លែងអំណរគុណ​ដល់​គណបក្ស​នយោបាយ​ទាំង​១៩ ក្នុងចំណោម​គណបក្ស​ទាំង​២០ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​រាជធានី​ភ្នំពេញ ទាំង​ការឃោសនា បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ហើយ​ដែល​មិន​បាន​បង្ក​ការលំបាក ដល់​អាជ្ញាធរ​​និង​បាន​បង្ហាញ​ពី​ភាព​ចាស់ទុំ របស់​គណបក្ស​នយោបាយ​ទាំងអស់ ក្នុង​ការគោរព​ច្បាប់​ ​និង​ការអនុវត្ត នូវ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅ​កម្ពុជា​។​

​លោក​ឃួង ស្រេង បានប្រគល់​បណ្ណ័​សសើរ និង​លិខិត​សរសើរ​ជា​ច្រើន​សន្លឹក​​ជូន​តំណាង​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​២​ភេទ​មន្ត្រីរដ្ឋ​បាល​​រាជធានី​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ និង​មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​​ដែល​បាន​ជួយ​សំរួល និង​សហការ​ក្នុង​ការរៀបចំ​ការបោះ​ឆ្នោត​ឲ្យ​ដំណើរការ​ទៅ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​​និង​សំរាប់ធ្វើ​ជា​បទពិសោធ​ន៏​សំរាប់​ការរៀបចំ​ការបោះ​ឆ្នោត​នាពេលខាងមុខ​ទៀត​៕ ដោយ ៖ កូឡាប​

 

         

spot_img
×