Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាន​តំណាង​កម្ពុជា​នៅ​ក្រៅប្រទេស ធ្វើ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​២៦​នាក់ ដែល​ចាញ់បោក​មេខ្យល់​

spot_img

​ភ្នំពេញ ​៖ លោក​កេត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៨ ​ខែ​សីហា ​ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា ស្ថាន​តំណាង​កម្ពុជា​នៅ​ក្រៅប្រទេស ធ្វើ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​២៦​នាក់​។​

​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស ពលរដ្ឋ​ខ្មែរ​ចំនួន​២៦​នាក់ គឺ ១.​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់ ចិន ធ្វើ​អន្តរាគមន៍​ជួយ​សង្គ្រោះ​និង​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ស្ត្រី​ខ្មែរ​ចំនួន​៧​នាក់ ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំ​ទៅ​រៀបការ​ដោយ​ខុសច្បាប់​ជាមួយ​បុរស​ជនជាតិ​ចិន​នៅក្នុង​ប្រទេស​ចិន ហើយ​ពួកគេ​បាន​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ និង​ទី​២៣ ខែ សីហា ឆ្នាំ​២០១៨ ។ ២. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​៧​នាក់ (​ស្រី​ម្នាក់​) មកពី​ខេត្ត ក្រចេះ កណ្តាល កំពង់ចាម ត្បូងឃ្មុំ និង​ខេត្ត​បាត់ដំបង ដែល​បាន​ទៅ​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​មាន​បំណង​ត្រឡប់​មក​កម្ពុជា​វិញ​។ ពលករ​-​ពល​ការិនី​ទាំង​៧​នាក់ បាន​មកដល់​កម្ពុជា​វិញ ចន្លោះ​ពី​ថ្ងៃ​ទី​៤ ដល់​ទី​១៥ ខែ សីហា ឆ្នាំ ២០១៨ ។ ៣. ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ជួយ​សម្របសម្រួល​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ពលករ​នេសាទ​ខ្មែរ​ចំនួន​២​នាក់ មាន​អាយុ​២៨​ឆ្នាំ និង​៣៦​ឆ្នាំ មកពី​ខេត្ត​កំពង់ធំ ដែល​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ឃាត់ខ្លួន ក្រោយ​ពី​ទូក​នេសាទ​ដែល​ពួកគេ​ធ្វើការ បាន​ចូល​ក្នុង​ដែនទឹក​ឥណ្ឌូនេស៊ី​។ ពលក​រទាំង​២​នាក់​នោះ បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ និង​៤. ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ធ្វើ​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​ចំនួន​១០​នាក់ មាន​អាយុ​ចន្លោះ​ពី​១៩​ឆ្នាំ​ដល់​៣៤​ឆ្នាំ មកពី​ខេត្ត​កណ្តាល កំពត កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ តាកែវ រតនគិរី ស្វាយរៀង និង​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំ​ទៅ​រៀបការ និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន​។

ស្ត្រី​​រងគ្រោះ​ទាំង​១០​នាក់ ត្រូវបាន​បញ្ជូន​មកដល់​កម្ពុជា​វិញ​ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​១៣ ទី​១៨ និង​ទី​២៥
​ខែ សីហា ឆ្នាំ ២០១៨ ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×