Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​កម្ពុជា ជាង​ពាក់កណ្តាល ស្លាប់​ដោយសារ​ជំងឺមិនឆ្លង​៤​ប្រភេទ​

spot_img

​ភ្នំពេញ​ ៖ រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​ជំរុញ​ដល់​ក្រសួង​ពាក់ព័ន្ធ ចូលរួម​ឆ្លើយតប​នឹង​ភាព​ប្រឈម​ថ្មីៗ​ដែល​កើតឡើង​ ​ដោយ​សារ​ជំងឺមិនឆ្លង ដើម្បី​ឆ្លើយតប ទៅនឹង​ផែនការ​សកម្មភាព​ពហុ​វិស័យ​ជាតិ ដូចជា ជំងឺ​ចំនួន​៤​ប្រភេទ រួមមាន ជំងឺ​បេះដូង​សរសៃ​​ឈាម ជំងឺមហារីក ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ​គឺជា​មូលហេតុ​នៃ​ការស្លាប់​ជាង​ពាក់កណ្ដាល​ ​ក្នុងចំណោម​ការស្លាប់​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​ថ្លែង​ក្នុងឱកាស​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់ ផែនការ​សកម្មភាព​ពហុ​វិស័យ​ជាតិ ស្ដីពី ការការពារ​​និង​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង ២០១៨-២០២៧ នៅ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ ។​

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​​ ​ចំពោះ​ការ​កើន ឡើង​នៃ​ជំងឺ​បេះដូង សរសៃឈាម ជំងឺមហារីក ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ ហើយ​ជំងឺ​ទាំងនេះ​ ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើនឡើង​ថែម​ទៀត ដោយសារ​តែ​ផលវិបាក បណ្ដា​មក​ពី​ឥរិយាបថ របៀបរបប​រស់នៅ​ ​និង​បរិស្ថាន​ដែល​កំពុងតែ​មាន​ការប្រែប្រួល​។ ជំងឺមិនឆ្លង ជា​ជំងឺ​រ៉ាំរ៉ៃ​បណ្ដាលឱ្យមាន​ពិការភាព បាត់បង់​ពលកម្ម និង​​កំពុង​តែ​គំរាមកំហែង​ដល់​ភាពក្រីក្រ​កាន់តែខ្លាំង និង​មាន​ការខាតបង់​សេដ្ឋកិច្ចជាតិ យ៉ាង​ច្រើន​ថែមទៀត​។​

​ឯកឧត្តម​បាន​លើក​ជា​វិធានការ​សម្រាប់​ការពារ និង​ការប្រយុទ្ធ​ជំងឺ មិន​ឆ្លង ដ៏​មាន​ប្រសិទ្ធភាព ដែល​ត្រូវ​អនុវត្តន៍​នោះ​ ​គឺ​ត្រូវតែ​ដោះស្រាយ​កត្តា​ប្រឈម​ចំនួន​៤ ដែល​ទាក់ ទង​នឹង​ការប្រើប្រាស់​ថ្នាំជក់ ការប្រើប្រាស់​គ្រឿង​ស្រវឹង​ប្រកបដោយ​គ្រោះថ្នាក់​ ​របប​អាហារ ដែល​គ្មាន​សុវត្ថិភាព និង​កង្វះ​កាយ​វប្ប​កម្ម​។​

​លោក​សាស្ត្រាចារ្យ បាន​ថ្លែង​ទៀតថា ផែនការ​សកម្មភាព​ពហុ​វិស័យ​ជាតិ ស្តីពី ការការពារ និង​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង​នេះ​ ​បាន​ចូល​រួមចំណែក​កសាង និង​កែលម្អ ក្នុង​ពេល​កន្លងមក រហូត​បាន​សម្រេច​រួច​រាល់​នៅពេលនេះ​ ​គឺជា​សមិទ្ធផល​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ពីព្រោះ​វា​ជា​តំរូវការ​ចាំបាច់ សម្រាប់​កាត់បន្ថយ និង​ទប់ស្កាត់​ចំពោះ​បញ្ហា​ប្រឈម​ ​ដែល​កំពុង​កើតមានឡើង​នៃ​ជំងឺមិនឆ្លង​។ ដូច្នេះ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​យ៉ាងសកម្ម​ ​ដើម្បី​សម្រេច​ទៅតាម​ផែនការ​ដែល​បាន​ដាក់​ចេញ​នេះ ពិសេស​ស្រប​ទៅនឹង​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ ​ក្នុង​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​កាត់បន្ថយ​នៃ​ជំងឺ ពិសេស​ជំងឺមិនឆ្លង​នេះ ។​

​រដ្ឋមន្ដ្រី​បន្ដថា ការរីករាយ​ដាល​ជំងឺមិនឆ្លង​នៅ​កម្ពុជា មិន​អាច​ដោះស្រាយបាន ដោយ​ក្រសួង​សុខាភិបាល​តែ​មួយ​នោះ​ទេ​ ​ហើយ​មូលហេតុ​ចម្បង​ជាច្រើន និង​កត្ដា​កំណត់​សុខភាព នៃ​ជំងឺមិនឆ្លង ស្ថិត​នៅក្រៅ​ក្រសួង​សុខាភិបាល ដូច​ជា​កត្ដា​ចំណីអាហារ​ ​និង​បរិស្ថាន​ដែល​រស់នៅ ។ ដូចនេះ​ផែនការ​ស​កម្មនេះ ដាក់ចេញ​នូវ​សកម្មភាព​នានា សម្រាប់​ក្រសួង​ពាក់ព័ន្ធ​ ​និង​របៀប​អនុវត្ដ​ន៍​សកម្មភាព ដែល​កសាង​បន្ដ​ពី​អាទិភាព ដែល​បាន​កំណត់ នៅក្នុង​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ សម្រាប់​ការពារ​ ​និង​ប្រយុទ្ធ​នឹង​ជំងឺមិនឆ្លង ឆ្នាំ​២០១៣-២០២០ របស់​ក្រសួង​សុខាភិបាល ហើយ​សកម្មភាព​នេះ ក៏​ចង្អុលបង្ហាញ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ ​ចាត់ទុក​ជំងឺមិនឆ្លង គឺជា​អាទិភាព​។​

​លោក Nick Beresford នាយក​អង្គការ UNDP ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​អង្គការ​សុខភាព​ពិភពលោក UNDP បាន​នឹង​កំពុង​ដឹកនាំ នូវ​ការ​អនុវត្ដ​ន៍​ករណី​នៃ​ការវិនិយោគ ទៅលើ​ថ្នាំជក់​ ​ដើម្បី​គាំទ្រ​ដល់ គោលនយោបាយ​ផ្អែក​ទៅ​លើ​ភស្ដុតាង ក៏ដូចជា​ការចូលរួម របស់​វិស័យ​ដទៃ​របស់​សុខាភិបាល ដូចជា​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ជាដើម​។ របកគំហើញ​ពី​ករណី​វិនិយោគ ទៅលើ​វិស័យ​ថ្នាំជក់​នេះ គឺ​នឹង​ត្រូវ​បាន​ដាក់​បញ្ជូ​ល​ ​នៅក្នុង​ករណី​វិនិយោគ​នៃ​ជំងឺមិនឆ្លង​។​

​លោក Liu Yunguo តំណាង​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា បាន​ថ្លែងថា យើង​បាន​ប្ដេជ្ញា​ចិត្ដ​រួច​ហើយ​​ក្នុង​ការចូលរួម​ឆ្លើយ​តប​នឹង​ភាព​ប្រឈម​ថ្មីៗ ដែល​កើតឡើង​ដោយសារ​ជំងឺមិនឆ្លង​ ​ដោយ​ដាក់​ចេញ​នូវ​គោលការណ៍​សម្រាប់​ជំងឺមិនឆ្លង​ថ្នាក់ជាតិ ឆ្នាំ​២០២៥ ការអភិវឌ្ឍ​គោលនយោបាយ និង​ផែនការ​ពហុ​វិស័យ ថ្នាក់ជាតិ​​កាត់បន្ថយ​ជំងឺមិនឆ្លង ដោយ​ផ្អែក​លើ​មគ្គុទេសក៍ ដែល​បាន​កំណត់ នៅក្នុង​ផែនការ​សកម្មភាព ស្ដីពី​​ជំងឺមិនឆ្លង​របស់​អង្គការ​សុខភាព​ពិភពលោក នឹង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ដោះស្រាយ​ជំងឺមិនឆ្លង​តាមរយៈ​​ការថែទាំ​សុខភាព​ជា​បឋម ដោយ​ផ្អែក​លើ​ប្រជាពលរដ្ឋ និង​ការពង្រីក នូវ​ការ​គ្របដណ្ដប់​សេវា​សុខភាព​ជា​សកល​។​

​លោក​បាន​បន្ថែមទៀតថា តាមរយៈ​ផែនការ​សកម្មភាព​ពហុ​វិស័យ​ជាតិ ដែល​បាន​រួម ចំណែក​កសាង និង​កែលម្អ ក្នុង​ពេល​កន្លងមក​​រហូត​បាន​សម្រេច​បាន​រួចរាល់​ហើយ នៅពេល នេះ គឺជា​សមិទ្ធផល​ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ ​ពីព្រោះ​វា​ជា​តម្រូវការ​ដ៏​ចាំបាច់​សម្រាប់ កាត់បន្ថយ និង​ទប់ស្កាត់​ចំពោះ​បញ្ហា​ប្រឈម ដែល​កំពុង​តែ​កើនឡើង​នៃ​ជំងឺមិនឆ្លង​៕ ​ដោយ ​៖​ កូឡាប​

  

spot_img
×