Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បណ្តា​ប្រទេស ក្នុង​តំបន់​អាហ្វ្រិក មក​ផ្លាស់ប្តូរ និង​ដកស្រង់​បទពិសោធន៍ ត្រួតពិនិត្យ​កុងតឺន័រ ដើម្បី​ទប់ស្កាត់​ទំនិញ​ខុសច្បាប់​

spot_img

ភ្នំពេញ​៖ លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ មកពី​បណ្តា​ប្រទេស​នានា ក្នុង​តំបន់​អាហ្វ្រិក ដើម្បី​ផ្លាស់ប្តូរ និង​ដកស្រង់​បទពិសោធន៍​ពីគ្នា ទៅវិញ​ទៅមក ក្នុង​ការត្រួតពិនិត្យ​កុងតឺន័រ ដើម្បី​ទប់ស្កាត់​ទំនិញ​ខុសច្បាប់ មានដូចជា គ្រឿងញៀន ជាដើម​។​

​សូមបញ្ជាក់​ថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានឲ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ គណៈប្រតិភូ​មកពី​ប្រទេសកេន​យ៉ា អ៊ុយ​ហ្គង់​ដា តាន់​សានី និង​មូសំ​ប៊ិក​ដែល​ដឹកនាំ​ដោយ​លោក Javier Montano មន្ត្រី​សម្របសម្រួល​ថ្នាក់​តំបន់ នៃ​កម្មវិធី​ត្រួតពិនិត្យ​កុងតឺន័រ ដែល​ជា​កម្មវិធី​រួម​នៃ​ការិយាល័យ​ផ្នែក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម នៃ​អង្គការ​សហប្រជាជាតិ (UNODC) និង​អង្គការ​គយ​ពិភពលោក បាន​ចូល​ជួប​ប្រជុំ​ជាមួយ​លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ នេះ​ជា​ជំនួប​ប្រជុំ​លើកទីមួយ របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់ ពី​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក ក្នុង​ក្របខណ្ឌ​កម្មវិធី​ត្រួតពិនិត្យ​កុងតឺន័រ​។ កិច្ចប្រជុំ​នេះ មាន​គោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ ចែករំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ ក្នុង​គោលដៅ​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​និង​អន្តរជាតិ​។ គួរបញ្ជាក់​ថា កម្មវិធី​ត្រួតពិនិត្យ​កុងតឺន័រ គឺជា​គម្រោង​រៀបចំ​រួមគ្នា​ដោយ​ការិយាល័យ​ផ្នែក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​នៃ​អង្គការ​សហប្រជាជាតិ (UNODC) និង​អង្គការ​គយ​ពិភពលោក (WCO) ហើយ​មាន​គោលបំណង​ទប់ស្កាត់ និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន សត្វព្រៃ និង​បទឧក្រិដ្ឋ​ឆ្លងដែន​ផ្សេងទៀត​។ បច្ចុប្បន្ន មាន​ប្រទេស​ប្រមាណ​ជិត ៥០ កំពុង​ចូលរួម​អនុវត្ត​កម្មវិធី​នេះ​។​

​ក្នុង​ជំនួប​នេះ គណៈប្រតិភូ​ទាំង​បួន​ប្រទេស​បាន​ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍​ដោយ​សង្ខេប ពី​ប្រទេស​រៀងៗ​ខ្លួន ដែល​ជា​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​ត្រួតពិនិត្យ​កុងតឺន័រ (CCP) របស់ UNODC-WCO​។ ជា​កិច្ច​ឆ្លើយតប លោក​ប្រតិភូ​បានបញ្ជាក់​ថា​កម្មវិធី CCP​នេះ​បាននិងកំពុង​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន និង​សត្វព្រៃ និង​ទប់ស្កាត់​បទឧក្រិដ្ឋ​ឆ្លងកាត់​ព្រំដែន​។ លោក​ប្រតិភូ​ក៏​បាន​ជម្រាប​អំពី​លទ្ធផល​ល្អប្រសើរ ក្នុង​ការអនុវត្ត​កម្មវិធី​នេះ នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ហើយ​បញ្ជាក់ថា ក្រោម​ការគាំទ្រ​ដោយ UNODC កម្ពុជា​កំពុង​ពង្រីក​កម្មវិធី​នេះ ឱ្យ​គ្របដណ្តប់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ផងដែរ​។ សម្រាប់​ថ្ងៃមុខ និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ក្នុង​បរិបទ​នេះ លោក​ប្រតិភូ​ក៏​បាន​គាំទ្រ និង​ស្នើ​ឱ្យ​មន្ត្រី​អនុវត្ត​ច្បាប់​នៃ​ប្រទេស​ចូលរួម​ក្នុង​កម្មវិធី​នេះ ធ្វើ​ទំនាក់ទំនង និង​សហការ​គ្នា​ឱ្យបាន​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត ក្រោម​កម្មវិធី​ត្រួតពិនិត្យ​កុងតឺន័រ​នេះ ដោយ​ប្រើប្រាស់​យន្តការ​ពាក់ព័ន្ធ​ផ្សេងទៀត របស់​អង្គការសហប្រជាជាតិ និង​អង្គការ​គយ​ពិភពលោក​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក Javier Montano​ក៏​បាន​ថ្លែងអំណរគុណ លោក​គុណ ញឹម​ដែល​បាន​គាំទ្រ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​គណៈប្រតិភូ ដើម្បី​មក​ទស្សនកិច្ច​សិក្សា និង​ចែករំលែក​បទពិសោធន៍ នៅ​សាខា​គយ​និង​រដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ (​ការិយាល័យ​អាកា​សយនដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​) និង​សាខាគយ​និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​។​

​ជា​កិច្ចបញ្ចប់ លោក​ប្រតិភូ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ការិយាល័យ​ផ្នែក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម នៃ​អង្គការ​សហប្រជាជាតិ (UNODC) ដែល​បាននិងកំពុង​គាំទ្រ និង​ជួយ​សម្របសម្រួល​កម្មវិធី​ត្រួតពិនិត្យ​កុងតឺន័រ​នេះ និង​បាន​បញ្ជាក់ថា រដ្ឋបាល​គយ​កម្ពុជា នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​បណ្តា​ប្រទេស​ដែល​ចូលរួម​អនុវត្ត​កម្មវិធី CCP តាមរយៈ​ការចែករំលែក​ព័ត៌មាន​សម្ងាត់ និង​បទពិសោធន៍ ក្នុង​ការជំរុញ​អនុវត្ត​ច្បាប់ ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន សត្វព្រៃ និង​បទឧក្រិដ្ឋ​ឆ្លងដែន​ផ្សេង​ទៀត​​​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

    

spot_img
×