Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​

spot_img

​សិង្ហ​បុរី ៖​ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (50th ASEAN Economic Ministers and Related Meeting) ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ Shangri-La រដ្ឋធានី​សិង្ហ​បុរី ចាប់ពី​ថ្ងៃ​២៨ ខែ​សីហា ដល់​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុង​គោលបំណង​ពិនិត្យមើល​ឡើងវិញ​នូវ​វឌ្ឍនភាព​ការងារ​ធ្វើ​សេរី​ភាវូបនីយកម្ម​ក្នុង​អាស៊ាន និង​រិះរក​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​ផ្សេងៗ​។ ក្នុងនោះ​កិច្ចប្រជុំ​ក៏​បាន​ត្រួតពិនិត្យ និង​កំណត់​ជំហរ​ផ្ទៃក្នុង​អាស៊ាន​សម្រាប់​ការចរចា​ជាមួយ​ប្រទេស​ជា​ដៃគូ​ក្រោម​ក្របខ័ណ្ឌ​អាស៊ាន​បូក​មួយ អាស៊ាន​បូក​បី និង​ការចរចា​លើ​កិច្ចព្រមព្រៀង​ភាព​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RCEP) និង​កំណត់​ជំហរ​របស់​អាស៊ាន​ទាក់ទង​នឹងរ​បត់​ថ្មី​នៃ​សេដ្ឋកិច្ចពិភពលោក​ផងដែរ​។​

​កិច្ចប្រជុំ​ត្រូវបាន​ដឹកនាំ​ដោយ​លោក Chan Chun Sing រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី និង​មាន​ការចូលរួម​ពី​សំណាក់​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​អាស៊ាន រួម​ជាមួយ​គណៈប្រតិភូ​ជា​សមាជិក ព្រមទាំង​អគ្គលេខាធិការ​អាស៊ាន និង​មន្ត្រី​លេខា​ធិការ​ដ្ឋាន​អាស៊ាន​។​

​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​៖ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀត​ណាម បាន​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ឆ្នាំ​២០១៧-២០១៨ ហើយ​បាន​អនុម័ត​លើ​ផែនការ​សកម្មភាព​ថ្មី​សម្រាប់​ឆ្នាំ​២០១៩-២០២០ ដើម្បី​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​សមាជិក​អាស៊ាន​ទាំង​៦​ចាស់​។ ទន្ទឹម​នោះ រដ្ឋមន្ត្រី​ក៏​បាន​ផ្តល់​គោលការណ៍​សំខាន់ៗ សម្រាប់​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​សម្រាប់​ការអភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (Framework for CLMV Development) ព្រមទាំង​ណែនាំ​ឲ្យ​លេខាធិការដ្ឋាន​អាស៊ាន ខិតខំ​សម្របសម្រួល​ការងារ​នេះ​ជាមួយ​ប្រទេស​ជា​សមាជិក ដោយ​ធ្វើយ៉ាងណា​បញ្ចប់​សេចក្តីព្រាង និង​ដាក់​ជូន​រដ្ឋមន្ត្រី​ពិនិត្យ និង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​កំពូល​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​លើក​ទី​៣២ (AEM-32nd AFTA Council Meeting)៖ កិច្ចប្រជុំ​បាន​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​មួយចំនួន នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន ដោយ​បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ពន្លឿន​ការដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​។ កិច្ចប្រជុំ​ក៏​បាន​ពិភាក្សា​លើ​ការលុបបំបាត់​របាំង​មិនមែន​ពន្ធគយ បញ្ជរ​តែមួយ​អាស៊ាន (ASEAN Single Window) និង​ការសម្រួល​ពាណិជ្ជកម្ម​ផង​ដែរ​។ លោក​រដ្ឋមន្ត្រី​បាន​គាំទ្រ​ការ​ជម្រុញ​ឲ្យ​អនុវត្ត​បញ្ជរ​តែ​មួយ​អាស៊ាន ឲ្យបាន​គ្រប់​ប្រទេស និង​បាន​ស្នើ​ឱ្យ​អាស៊ាន​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា និង​បួន​ប្រទេស​ទៀត​ដែល​កំពុង​អនុវត្ត​សាកល្បង ដើម្បី​កម្មវិធី​នេះ​អនុវត្ត​ឱ្យបាន​ពេញលេញ ក្នុង​គោលដៅ​សម្រួល​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​។ ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ភាគី​ថៃ សហការ​ជាមួយ​កម្ពុជា និង​ឡាវ ក្នុង​ការដោះស្រាយ​បញ្ហា​នានា​ទាក់ទង​នឹង​ការនាំ​ចេញ​ពោត​ពី​កម្ពុជា និង​ឡាវ ហើយ​ឈាន​ទៅ​ចុះហត្ថលេខា​លើ​អនុស្សរណៈ ស្តី​ពី​ទំនិញ​ឆ្លងកាត់​ទ្វេភាគី​កម្ពុជា ថៃ ក្នុង​ពេល​ឆាប់ៗ​ផងដែរ​។​

​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ក្រុមប្រឹក្សា​តំបន់​វិនិយោគ​អាស៊ាន​លើ​ក​ទី​២១ (AEM-21st AIA Council Meeting)៖ កិច្ចប្រជុំ​បាន​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ នៅ​ក្រោម​ក្របខ័ណ្ឌ​វិនិយោគ​អាស៊ាន ជាពិសេស​សេរីភាវូបនីយកម្ម​វិនិយោគ និង​សមិទ្ធផល​ជា​អាទិភាព​របស់​ប្រធាន​អង្គប្រជុំ​អាស៊ាន​(​សិង្ហ​បុរី​)​លើ​ការវិនិយោគ​។ កិច្ចប្រជុំ​គាំទ្រ​ការពង្រឹង និង​ធ្វើ​សេរីភាវូបនីយកម្ម លើ​កិច្ចព្រមព្រៀង​វិនិ​យោគ​ទូលំទូលាយ​អាស៊ាន ក្នុង​គោលដៅ​ទាក់ទាញ និង​ការពារ​ការវិនិយោគ​ក្នុង​តំបន់​អាស៊ាន​។​

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥០ (The 50th ASEAN Economic Ministers’ Meeting)៖ កិច្ចប្រជុំ​បាន​ពិនិត្យ​នូវ​វឌ្ឍនភាព និង​ពិភាក្សា​លើ​គំនិត​ផ្តួចផ្តើម​នានា​ក្រោម​សមិទ្ធផល​សេដ្ឋកិច្ច​ជា​អាទិភាព​ឆ្នាំ​២០១៨ របស់​ប្រធាន​អង្គប្រជុំ​អាស៊ាន​ឆ្នាំ​២០១៨​។ លើសពីនេះ អង្គប្រជុំ​ក៏បាន​ពិភាក្សា​អំពី​ប្រធានបទ​ទាក់ទង​នឹង​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ការចូលរួម​របស់​អា​ស៊ាន​ទៅក្នុង​ខ្សែសង្វាក់​តម្លៃ​សាកល ការចូលរួម​របស់​វិស័យ​ឯកជន​ជាមួយ​រដ្ឋ​លើ​ការអភិវឌ្ឍន៍​សហគ្រាស​មីក្រូ តូច និង​មធ្យម ជម្រុញ​ការធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក សេរីភាវូបនីយកម្ម​កញ្ចប់​ទី​៩​នៃ​សេវាកម្ម​អាស៊ាន និង​វឌ្ឍនភាព​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RCEP) ព្រមទាំង​ផ្តល់​អនុសាសន៍​ណែនាំ ក្នុង​គោលដៅ​បញ្ចប់​កិច្ចព្រមព្រៀង​ក្នុង​ឆ្នាំ​២០១៨​នេះ​។ បន្ទាប់​ពី​នេះ រដ្ឋមន្ត្រី​នៃ​ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន និង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន​(Protocol to amend ATIGA)​និង​ពិធីសារ​អនុវត្ត​កញ្ចប់​ទី​១០​នៃ​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​សេវាកម្ម​អាស៊ាន​(Protocol to implement the 10th AFAS Package)៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×