Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​គម្រោង​បញ្ជរ​តែមួយ​ជាតិ ដើម្បី​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​

spot_img

​ភ្នំពេញ​ ៖ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គម្រោង​បញ្ជរ​តែមួយ​ជាតិ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​វាយ​អំពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន​នា​ពេលកន្លងមក និង​បាន​ស្នើ​ឲ្យ​តំណាង​ក្រសួង​-​ស្ថាប័ន​ជំនាញ​ទាំងអស់ បន្ត​ពិនិត្យ​ពិភាក្សា​ផ្ទៃក្នុង​លើ​ផ្នែក​ពាក់ព័ន្ធ​រៀងៗ​ខ្លួន និង​ផ្តល់​មតិ​យោបល់​កែលម្អ ដើម្បី​ជា​ធាតុ​ចូល​បន្ថែមទៀត ។​

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សាន់វ៉េ មាន​រៀបចំ​កិច្ចប្រជុំ​របស់​ក្រុម អនុវត្ត​គម្រោង​បញ្ជរ​តែមួយ​ជាតិ ក្រោម​អធិបតីភាព​លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សមាសភាព​អនុប្រធាន និង​សមាជិក​នៃ​ក្រុម​អនុវត្ត​គម្រោង ដែល​ជា​មន្ត្រី​តំណាង​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​រួមមាន​៖ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​សុខាភិបាល ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​រ៉ែ​និង​ថាមពល ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ស្វយ័ត​ភ្នំពេញ ភ្នាក់ងារ​កម្ពុជា​នាវាច​រ អ្នក ជំនាញ​នៃ​ក្រុមហ៊ុន​ជាប់កិច្ចសន្យា​ទទួល​អនុវត្ត​គម្រោង vCargo Cloud Pte Ltd (VCC) ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​គយ​និង​រដ្ឋាករ សរុប​ប្រមាណ​ចំនួន ៧០ នាក់​។​

​កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​សិក្ខាសាលា​ស្តីពី​លទ្ធផល​នៃ​ការសិក្សា​អំពី​នីតិវិធី និង​កិច្ចដំណើរការ​ពាក់ព័ន្ធ​ការចេញ​អាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬ​លិខិតអនុញ្ញាត​ដោយ​ក្រសួង​-​ស្ថាប័ន​ជំនាញ ដែល​ចូលរួម​អនុវត្ត​គម្រោង​បញ្ជរ​តែមួយ​ជាតិ ដំណាក់កាល​ទី​២ បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨​។ លោក​អគ្គនាយក បានបញ្ជាក់​ថា គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ គឺ​ពិនិត្យ និង​ពិភាក្សា​លើ​របាយការណ៍​បឋម និង​វឌ្ឍនភាព​ការងារ​នៃ​ក្រុម​អ្នកជំនាញ​នៃ​ក្រុមហ៊ុន VCC អំពី​លទ្ធផល​នៃ​ការសិក្សា​នីតិវិធី និង​កិច្ច​ដំណើ​ការពាក់ព័ន្ធ​នឹង​ការចេញ​អាជ្ញាប័ណ្ណ វិញ្ញាបនបត្រ ឬ​លិខិតអនុញ្ញាត​នៅតាម​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​ផ្តោត​សំខាន់​លើ ១)​ស្ថានភាព​បច្ចុប្បន្ន (As-Is Process) និង ២) ស្ថានភាព​អនាគត (To-Be Process)​ដែល​អាចអនុវត្ត​បាន​តាម​ប្រព័ន្ធ​អន​ឡាញ​បាន និង​គម្រូ​បង្ហាញ (Mock-up Design) ដែល​ស្របទៅនឹង​ការអនុវត្ត​ល្អជា​អន្តរជាតិ​។​

​លោក​ប្រតិភូ​រាជរដ្ឋាភិបាល បាន​វាយតម្លៃ​ខ្ពស់​អំពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន​នា​ពេលកន្លងមក និង​បាន​ស្នើ​ឲ្យ​តំណាង​ក្រសួង​-​ស្ថាប័ន​ជំនាញ​ទាំងអស់ បន្ត​ពិនិត្យ​ពិភាក្សា​ផ្ទៃក្នុង​លើ​ផ្នែក​ពាក់ព័ន្ធ​រៀងៗ​ខ្លួន និង​ផ្តល់​មតិ​យោបល់​កែលម្អ ដើម្បី​ជា​ធាតុ​ចូល​បន្ថែម ទៀត សំដៅ​កែលម្អ​លទ្ធផល​នៃ​ការសិក្សា​នេះ សម្រាប់​ប្រើប្រាស់​ជា​មូលដ្ឋាន​ឲ្យ​អ្នកជំនាញ​ក្រុមហ៊ុន VCC បន្ត​រៀបចំ​អភិវឌ្ឍ​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​ដំណាក់កាល​ទី​២ នេះ​។ ជា​កិច្ចបញ្ចប់ លោក​បណ្ឌិត​ប្រតិភូ​រាជរដ្ឋាភិបាល ក៏​បាន​ថ្លែងអំណរគុណ​ដល់​តំណាង​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដែល​បាន​ផ្តល់​កិច្ច​សហការ​និង​ការគាំទ្រ​ជា​វិជ្ជមាន នា​ពេលកន្លងមក និង​បាន​ណែនាំ​ឲ្យ​សមាជិក​នៃ​ក្រុម​អនុវត្ត​គម្រោង​បញ្ជរ​តែ​មួយ​ជាតិ ទាំងអស់ បន្ត​ប្រឹងប្រែង​ចូលរួម​ឲ្យបាន​សកម្ម ក្នុង​ការអនុវត្ត​ការងារ​ជាមួយ​អ្នកជំនាញ​ក្រុមហ៊ុន VCC ដើម្បី​អាច​សម្រេចបាន​នូវ​ប្រព័ន្ធ​បញ្ជរ​តែ​មួយ​ជាតិ ដំណាក់កាល​ទី​២ តាម​ពេលវេលា​ដែល​បាន​គ្រោងទុក សំដៅ​ជំរុញ​បន្ថែម​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×