Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ​ចិន ​៖ ទោះបី​មាន​អ្វី​កើតឡើង​ក៏ដោយ ក៏​ទំនាក់ទំនង​កម្ពុជា​ចិន នៅតែ​បន្ត​យ៉ាង​រឹងមាំ​ដដែល​

spot_img

​ភ្នំពេញ​ ៖ នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក សុង ថាវ (SONG TAO) រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​។​

​នៅក្នុង​ជំនួប​ព្រឹក​មិញ​នេះ លោក SONG TAO បាន​ជម្រាបជូន​សម្តេច​តេជោ អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក មក​កាន់​កម្ពុជា​ពេល​នេះ គឺ​នាំ​សារ​របស់​ឯកឧត្តម​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ជូន​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី សម្ដែង​នូវ​ការអបអរសាទរ​ផ្ទាល់ ចំពោះ​ជោគជ័យ​ដែល​កម្ពុជា ទទួលបាន​ពី​ការបោះឆ្នោត​ថ្នាក់​ជាតិ​ថ្មីៗ កន្លងមកនេះ​។​

​ក្នុងនាម​រដ្ឋាភិបាល​ចិន​លោក ស៊ុន​ថាវ បាន​សំដែង​ការគាំទ្រ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​គាំទ្រ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​កម្ពុជា ដើម្បី​ឆ្ពោះទៅ​កាន់​ការអភិវឌ្ឍ ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ របស់​ប្រជាជន​ព្រមទាំង​ជំរុញ ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ឲ្យមាន​ការ​រីកចម្រើនផងដែ​រ​។ ជាង​នេះ​ទៅទៀត​ក៏​ដើម្បី​រក្សា​សុខ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​បន្ថែមទៀត​។​

​លោក SONG TAO បានបញ្ជាក់​សារជាថ្មី​ផងដែរ​ថា កម្ពុជា​គឺជា​មិត្ត​ចាស់ មិត្ត​ល្អ ដែល​មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ ជាមួយ​ប្រទេស​ចិន​។ លោក បាន​បន្តថា កន្លងមក​ទោះបី​មាន​អ្វី​កើត​ឡើង​ក៏​ដោយ ក៏​ទំនាក់ទំនង​នេះ នៅតែ​បន្ត​យ៉ាង​រឹងមាំ​ដដែល ហើយ​គ្មាន​អ្វី​ផ្លាស់ប្ដូរ​ឡើយ​។ ជាមួយនឹង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ទៀត​នោះ ទំនាក់ទំនង​រវាង​កម្ពុជា​ចិន គឺ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ទន្ទឹម​គ្នា​នេះ​ដែរ ក៏​មាន​កិច្ច សន្យា នឹង​កិច្ចព្រមព្រៀង​ជាច្រើន ដែល​ត្រូវបាន​ចុះហត្ថលេខា រវាង​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ការជួយ​កម្ពុជា​អោយ​កាន់តែ​រីកចម្រើន​។​

​លោក SONG TAO ក៏​បាន​ជម្រាបជូន​សម្ដេច​ទៀតថា​ដំណើរ​ទស្សនកិច្ច​របស់​លោក មក​កាន់​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ជំរុញ​ការ​អនុវត្ត​រាល់​កិច្ចព្រមព្រៀង​ទាំងឡាយណា ដែល​បាន​ចុះហត្ថលេខា​រួច​ហើយ​រវាង​សម្ដេច​តេជោ និង លោក​ប្រធានាធិបតី ស៊ី ជីន​ពីង ធ្វើយ៉ាងណា​ឲ្យ​កិច្ចព្រមព្រៀង​នោះ​អនុវត្ត​សម្រេចបាន​លទ្ធផល​។ លោក ក៏​បាន​គូសបញ្ជាក់​ចំពោះ​មុខ​សម្តេច​តេជោ​ដែរថា ភាគី​ចិន​នឹង​នៅតែ​បន្ត​ជួយ​លើ​អ្វី​ដែល​ជា​សេចក្តីត្រូវការ​របស់​កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បំពាក់​មេដាយ គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍​ជូន លោក SONG TAO ដែល​បាន​ចូលរួម​ប្រឹងប្រែង​ជួយ ដ​ល់​កម្ពុជា​។ សម្តេច​តេជោក៏បាន​អរគុណ​ចំពោះ​សារ​ដែល លោក ស៊ុន ថាវ ពាំនាំ​ពី​ឯកឧត្តម​ប្រធានាធិបតី Xi Jinping ហើយក៏​បាន​ធ្វើ​បទ​បង្ហាញ ជូន​លោក SONG TAO នូវ​កំណែ​ទម្រង់​របស់​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០១៣ ដែល​បាន​ធ្វើអោយ​ពលរដ្ឋ​មាន​ទំនុកចិត្ត​លើ​ការដឹកនាំ​របស់ សម្តេច​តេជោ នឹង​ឈាន​មក​ទទួល​ជោគជ័យ​នៅក្នុង​ដំណើរការ​បោះឆ្នោត​ថ្នាក់​ជាតិ​កន្លងមក​។ ជាមួយ​នោះ​ដែរ​សម្តេច​តេជោ ក៏​បាន​ជម្រាបជូន​លោក SONG TAO អំពី​ស្ថានភាព​ទូទៅ​របស់​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ចិន និង​ប្រជាជន​ចិន​ដែល​កន្លងមក​តែងតែ​បាន​ជួយ​ដល់​កម្ពុជា និង​បាន​ផ្ដល់​កិច្ចសហប្រតិបត្តិការ​ល្អ​ដល់​កម្ពុជា ជា​បន្តបន្ទាប់​។ សម្តេច​តេជោ ក៏​បាន​ជម្រាប​ទៅ​មិត្ត​ចិន​ផង​ដែរ​ថា នៅ​ខែ​ក្រោយ​នេះ សម្តេច​នឹង​អញ្ជើញ​ទៅ​ចូលរួម​ពិព័ណ​រចិន​នៅ​ទីក្រុង​ណាន​ណិ​ន ប្រទេស​ចិន ដែល​កម្ពុជា​ជា​ប្រទេស​កិត្តិយស​របស់​មិត្ត​ចិន ហើយ​នឹង​អញ្ជើញ​ចូលរួម​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​វៀត​ណា​ម​ផងដែរ​។ មិត្ត​ចិន​រីករាយ​ស្វាគមន៍​កម្ពុជា ហើយ​នឹង​បន្ត​ជួយ សម្តេច​តេជោ ដើម្បី​កសាង​អភិវឌ្ឍន៍​កម្ពុជា​អោយ​កាន់តែ​រីកចម្រើន​៕ ​ដោយ​៖​កូឡាប​

      

spot_img
×