Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ហ៊ុន ស៊ី​ណាត ​៖ ប័ណ្ណ​ដីធ្លី​ចេញ​យឺតយ៉ាវ ពន្ធដារ​ផាកពិន័យ​សាហាវ ​រាស្ត្រ​ស្រក់​ទឹកភ្នែក​ស្រែក​រក​សម្ដេច​តេជោ​ឲ្យជួយ

spot_img

​ភ្នំពេញ ​៖ ប្អូនស្រី​សម្តេច​តេជោ គឺ​លោកស្រី​ហ៊ុន ស៊ី​ណាត បាន​រៀបរាប់​ក្នុង​ឡាយ​វីដេអូ តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវការ កាល​ពី​ថ្មី​ថ្ងៃទី​៣០​ខែ​សីហា ពី​ភាពយឺតយ៉ាវ ក្នុង​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ក្នុង​បុរី​សៀង ណាំ ក្រុង​សៀមរាប​។ លោកស្រី បាន​ថ្លែងថា ការចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​​យឺតយ៉ាវ ពន្ធដារ​ផាកពិន័យ​សាហាវ រាស្ត្រ​ស្រក់​ទឹកភ្នែក​ស្រែក​រក​សម្ដេច​តេជោឲ្យ​ជួយ​ផង​។​

​លោកស្រី បាន​ថ្លែងថា នាង​ខ្ញុំ​ឈ្មោះ ហ៊ុន ស៊ី​ណាត ជា​ពលរដ្ឋ​មាន​ផ្ទះ​នៅក្នុង​បុរី​សៀង​ណាំ​ក្នុង​ខេត្ត​សៀមរាប បានទទួល បង្កា​ន់​ដី​សម្គាល់​ក្បាលដី​តាំងពី​ឆ្នាំ​២០១៣ មក​ម្លេះ តែ​មកដល់​ពេល​នេះ​ឆ្នាំ​២០១៨ ប្លង់​ដី​របស់​នាង​ខ្ញុំ​នៅតែ​មិន​ទាន់​ចេញ​ដល់ដៃ​នៅឡើយ​នោះទេ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​នាង​ខ្ញុំ​មាន​ការព្រួយបារម្ភ ចំពោះ​ដី​នេះ​យ៉ាងខ្លាំង​។ ក្នុង​នោះ​មិនមែន​មាន​តែ​ក្រុមគ្រួសារ​របស់​នាង​ខ្ញុំ​នោះទេ ក្រុម​គ្រួសារ​ទាំងអស់​ស្ថិត​ក្នុង​បុរី​សៀង​ណាំ​ខេត្ត​សៀម​រាប ក៏​មាន​ការព្រួយបារម្ភ​ជា​រៀងរាល់ថ្ងៃ​ចំពោះ​ទ្រព្យសម្បត្តិ​របស់​ខ្លួន ដែល​ប្រឹងប្រែងរ​ក​មួយ​ជីវិត​ម​ក​ហើយ​យក​ទៅ​ទិញ​ដី ក្នុង​បុរី​តាំងពី​ឆ្នាំ​២០១៣ តែ​មិន​មាន​ប័ណ្ណកម្មសិទ្ធិ​សម្គាល់​ម្ចាស់​អចលនវត្ថុ (​ប្លង់រឹង​) ប្រគល់​ឱ្យ​ពួកគាត់​ឡើយ​។ បន្ទាប់​ពី​ទិញ​ដី​ក្នុង​បុរី​សៀង​ណាំ​នាង​ខ្ញុំ និង​ក្រុមគ្រួសារ​ជាច្រើន ទទួលបាន​បង្កាន់ដៃ​សម្គាល់​ក្បាលដី​ដែល​ចេញ​តាំងពី​ឆ្នាំ ២០១៣ តែ​រហូត​មកដល់​ថ្ងៃ​ខែ​សីហា ឆ្នាំ​២០១៨ នេះ ពួកយើង​ទាំងអស់គ្នា​ពុំទាន់​បាន​ទទួល​ប័ណ្ណ​សម្គាល់​​ម្ចាស់​កម្មសិទ្ធិ​អចលនវត្ថុ​ឡើយ​។ រយៈពេល​៥​ឆ្នាំ​មកនេះ នាង​ខ្ញុំ​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង​អំពី​បញ្ហា​នេះ នាង​ខ្ញុំ​គិត​ថា​ដី​របស់​នាង​ខ្ញុំ​ហាក់ដូចជា​មាន​បញ្ហា​អ្វី​មួយ​នៅ​ពីក្រោយ​ខ្នង​រឿងនេះ បាន​ជា​រដ្ឋ​មិន​ព្រម​ចេញ​ប្លង់រឹង​ឱ្យ​។​

ទាំងអស់នេះ​វា​ជា​បញ្ហា​ដែល​ត្រូវ​ចោទសួរ​ថា តើ​ក្រសួង​រវល់​ធ្វើ​អ្វី​បាន​ជា​មិន​ព្រម​ចេញ​ប្លង់រឹង​ជូន​នាង​ខ្ញុំ ហ៊ុន ស៊ី​ណាត និង​ប្រជា​ពលរដ្ឋ​នៅក្នុង​បុរី​សៀង​ណាំ​នេះ​? ចម្លើយ​នេះ​ពិតជា​មិនដឹង​ត្រូវ​ឆ្លើយ​យ៉ាងណា​ឱ្យ​សាក​សម​នោះ​ទេ ប្លង់​ដី​ជា​ច្រើន​ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​ធ្វើ​ការចេញ​ជូន​ម្ចាស់​ដី ចម្លែក​អី​ដី​មួយ​កន្លែង​ក្នុង​បុរី​សៀង​ណាំ​ខេត្តសៀមរាប ក្រសួង​គ្មាន​ពេលវេលា​ធ្វើ​ប្លង់​ចេញ​ជូន​នាង​ខ្ញុំ​និង​ប្រជាជន​ផ្សេងៗ​ទៀត ឬ​ដី​មួយ​ដុំ​នោះ​មាន​បញ្ហា​អ្វី​ដែល​មិន​អាច​ចេញ​ប្លង់​បាន ហើយ​ចេញ​បានត្រឹមតែ​បង្កាន់ដៃ​សម្គាល់​លេខ​ក្បាលដី​បែបនេះ​។ ប្រសិនបើ​ក្រសួង​មានការ​រវល់​ខ្លាំង​យ៉ាងណា​បន្ទាប់​ពី​ចេញ​បង្កា​ន់​សម្គាល់​លេខ​ក្បាល​ដី​ក្នុង​ឆ្នាំ​២០១៣ ក្រសួង​មិនគួរណា​ចំណាយ​ពេល​ដល់​ទៅ​៥​ឆ្នាំ​ហើយ នៅតែ​មិន​ទាន់​បាន​សម្រេច​ចេញ​ប្លង់រឹង​ឱ្យ​នាង​ខ្ញុំ ហើយ​ប្រសិនបើ​ដី​មាន​បញ្ហា ឬ​ទំនាស់​នានា គួរណា​ធ្វើការ​ជូនដំណឹង​និង​ដោះស្រាយ មិនគួរ​អូសបន្លាយ​ពេល​យូរ​បែបនេះ​នោះ​ទេ​។

ពាក្យ​ច​ចាម​រ៉ា​ម​និយាយថា ដី​ក្នុង​បុរី​នេះ​មាន​ការពាក់ព័ន្ធ​ជាមួយ​ដី​របស់​អាជ្ញាធរ​អប្សរា​បាន​ជា​មិន​ព្រម​ចេញ​ប្លង់រឹង​ឱ្យ ករណី​បើ​មាន​បញ្ហា​នេះ​កើតឡើង​មែន​នោះ ហេតុ​អ្វី​អាជ្ញាធរ​មិន​ព្រម​ធ្វើ​ការចេញមុខ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ ហេតុ​អ្វី​សុខចិត្ត​ឱ្យ​នាង​ខ្ញុំ​ដែល​ជា​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ម្នាក់​ដែល​រស់នៅ​ក្នុង​សង្គម និង​ប្រជាពលរដ្ឋ​ដ៏ទៃទៀត រស់នៅ​ក្នុង​ការព្រួយបារម្ភ ចំពោះ​ដី​មួយ​កន្លែង​នេះ​ដូច្នោះ​វិញ​? ម្យ៉ាងវិញទៀត ការព្រួយបារម្ភ​មាន​កាន់តែ​ខ្លាំង​ឡើងៗ បន្ទាប់​ពី​ពួក​យើង​បានដឹងថា ប្លង់រឹង​បានចេញ​ឱ្យ​បុគ្គល​មាន​បុណ្យ​ស័ក្តិ និង​មាន​លុយ​ជា​ច្រើន ដែល​តាម​ការពិត​ពួកគេ​ទទួលបាន​បង្កាន់ដៃ​ដី​ក្រោយ​ពួក​យើង​ទៅ​ទៀត ចំណែក​ឯ​នាង​ខ្ញុំ និង​ប្រជា​ពល​រដ្ឋ​​ក្នុង​បុរី​សៀង​ណាំ​វិញ​នៅ​តែ​ទន្ទឹង​រង់ចាំ​មើល​ថា តើ​ប្លង់​ដី​របស់​ខ្លួន​ពេលណា​ចេញ ឬ​បាន​ត្រឹម​កាន់​បង្កាន់ដៃ​ដី​រង់ចាំ​ដោយ​មិន​ដឹង​ពេល​ណា​នឹង​ទទួលបាន​ប្លង់រឹង​ដូច​គេ​។​

ការណ៍​ដែល​ក្រសួង​មិន​ព្រម​ចេញ​នូវ​ប្លង់​ដី​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ស្មើនឹង​ការទុកឱ្យ​នាង​ខ្ញុំ​និង​ប្រជាពលរដ្ឋ​រស់នៅ​ទាំង​ភាព​ងងឹត ពុំ​ស្គាល់​ច្បាស់​ពី​ច្បាប់​ទម្លាប់​របស់​សង្គម​ខ្មែរ ហើយ​ត្រូវ​ទទួលរង​នូវ​ការខាតបង់​ប្រយោជន៍ ប្រាក់កាស ហើយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​បាត់​ទំនុកចិត្ត​លើ​ស្ថាប័នរដ្ឋ ជាពិសេស​រាជរដ្ឋាភិបាល​។​

​លោកស្រី បាន​លើកឡើង​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ ទោះបីជា​ប្លង់ដី​មិន​ព្រម​ចេញ​ឱ្យ​នាង​ខ្ញុំ​ក៏ពិតមែន ក៏​នាង​ខ្ញុំ​និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត​បាន​បង់ពន្ធ​ដីធ្លី​ជា​រៀងរាល់ឆ្នាំ ដោយ​ពុំ​ដែល​មាន​ការប្រឆាំង​ឬ​មិន​ព្រម​បង់ពន្ធ​ដោយ​ចេតនា​នោះទេ​។ ជា​ការសោកស្តាយ នៅ​ពេល​មួយ​នាង​ខ្ញុំ​ខកខាន​ក្នុង​ការបង់ពន្ធ​មួយឆ្នាំ ដោយ​នាង​ខ្ញុំ​មាន​ការ​រវល់​ត្រូវ​ទៅ​បរទេស មិន​អាច​ត្រឡប់មកវិញ​ទាន់ពេល​ក្នុង​ការបង់ពន្ធ នាង​ខ្ញុំ​ត្រូវ​រង​នូវ​ការផាកពិន័យ​បង់​ក្នុងតម្លៃ​គុណ​ឡើង​ពីរ​ទៅ​បី​ដង​។ ក៏ប៉ុន្តែ នាង​ខ្ញុំ​សុខចិត្ត​ទទួល​រង​ការផាកពិន័យ​នេះ ហើយ​នាង​ខ្ញុំ​ចង់​បង្ហាញថា នាង​ខ្ញុំ​ជា​ពលរដ្ឋ​រស់​នៅក្នុង​សង្គម​ខ្មែរ​មួយ​រូប ត្រូវបំពេញ​តួនាទី​ជា​ពលរដ្ឋ​ឱ្យបាន​ល្អ ដោយ​ត្រូវ​គោរព​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន ទោះបីជា​ប្លង់រឹង​មិន​ទាន់​ចេញ​ដល់ដៃ​នាង​ខ្ញុំ​ក៏​ដោយ​។

គិតៗ​ទៅ នេះ​ការ​តបស្នង​មក​វិញ​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ មកលើ​ប្រជា​ពល​សាមញ្ញ​មួយ​រូប​ដូច​នាង​ខ្ញុំ​ដែល​ខំ​ធ្វើ​ខ្លួន​ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម គោរព​ច្បាប់​នេះ សូម្បី​តែ​ប្លង់ដី​ដែល​នាង​ខ្ញុំ​រស់នៅ មួយ​សន្លឹក​ក៏​គ្មាន​ដែរ តើ​សាក​សម​ដែរ​ឬ​យ៉ាងណា​សូម​អស់លោក​មន្ត្រីរាជការ​ជួយ​ពិចារណា​ផង​។ តើ​រដ្ឋ​បម្រើ​សេវា​ឲ្យ​រាស្ត្រ​បែប​នេះ​ឬ​យ៉ាងណា​? ម្ខាង​មិន​ព្រម​ផ្តល់​សេវា ឬ​ផ្តល់​សេវា​យ៉ាង​យឺតយ៉ាវ ចំណែក​ឯ​ម្ខាង​ទៀត ចាំតែ​ផាកពិន័យ​ពី​រាស្ត្រ​។

តើ​សេវា​សា​ធារណៈ​លឿន​រហ័ស មាន​សម្រាប់​តែ​បុគ្គល​ដែល​មាន​បុណ្យស័ក្តិ មាន​លុយ​? តើ​បញ្ហា​របស់​រាស្ត្រ​ភាគច្រើន​នៅ​តែ​មិន​ត្រូវបាន​យកចិត្តទុកដាក់ ដោយ​ស្ថាប័ន​មួយចំនួន​ជា​រឿង​រហូត​ឬ​យ៉ាងណា​? តើ​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងឡាយ​មាន​ចេតនា​ស្មោះត្រង់ ចង់​ដោះស្រាយ​បញ្ហា​លំបាក​របស់​រាស្ត្រ​ដែរ​ឬ​យ៉ាងណា​? នេះ​ហើយ​ជា​ចំណុច​ដែល​រាស្ត្រ​តែងតែ​ថ្នាំងថ្នាក់​នឹង​រដ្ឋ ថ្នាក់ដឹកនាំ​កំពូល ឬ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេជោជា​ប្រមុខ​។​

​លោកស្រី ហ៊ុន ស៊ី​ណាត បាន​បន្ថែមថា បើកាលណា​មិនមាន​ប្លង់រឹង​ទេ នាង​ខ្ញុំ​មាន​ការលំបាក​ជា​ខ្លាំង​ក្នុងការ​ទាញយក​ប្រយោជន៍​នានា​ពី​ដី​នេះ​ដូចជា ការលក់ដូរ ផ្ទេរ​មរតក ជួល​បញ្ចាំ ហ៊ី​ប៉ូ​តែ​ក ជាដើម​។ ប្រសិន​បើ​នាង​ខ្ញុំ​ចង់​ធ្វើ​ការលក់ដូរ ពិតជា​ពិបាក​ខ្លាំង​ចំពោះ​ដី​ដែល​មិន​មាន​ប្លង់​រឹង ព្រោះ​ត្រូវ​ប្រឈមមុខ​នឹង​ការ​បន្ទាប​តម្លៃ​ខ្លាំង​ជាង​តម្លៃ​ទីផ្សារ ហើយ​នេះ​ក៏​ជា ឱកាស​សម្រាប់​ជន​ខិលខូច​ឆ្លៀត​កេង​ផលចំណេញ ពេល​ខ្លះ​ដី​នោះ​លក់​មិន​ចេញ​ក៏​ថា​បាន​។ ក្នុងករណី​ដែល​នាង​ខ្ញុំ ត្រូវការ​ប្រាក់​បន្ទាន់​ចង់​ដាក់បញ្ចាំ​ដី ហ៊ី​ប៉ូ​តែ​ក​លើដី ដែល​គ្មាន​ប្លង់រឹង ច្បាស់​ណាស់​ថា​នឹង​ទទួលបាន​តម្លៃ​ទាប​មួយ​។ ចំណុច​ទាំងអស់​នេះ​ពិតជា​ជះ​ឥទ្ធិ​ល​យ៉ាង​ខ្លាំង​លើ​សេដ្ឋកិច្ច​គ្រួសារ​របស់​នាង​ខ្ញុំ និង​ការរកស៊ី​ទទួលទានរ​បស់​គ្រួសារ​ប្រជាពលរដ្ឋ​នីមួយៗ​យ៉ាងខ្លាំង​៕ ​ដោយ​ ៖​ កូឡាប​

spot_img
×