Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្សា​បង្កើត​ខេត្ត​ថ្មី​ចំនួន​២​ទៀត ដោយ​កាត់​ចេញពី​ខេត្ត​កណ្តាល និង​កាត់​ចេញពី​រតនគិរី និង​មណ្ឌលគិរី​

spot_img

​ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចេញ​សំណើ​មួយ​ដាក់​ជូន​សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា សំណើ​សុំ​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ដើម្បី​សិក្សា​លទ្ធភាព​រៀបចំ​បង្កើត​ខេត្ត​ថ្មី​ចំនួន​២​ទៀត ដោយ​ខេត្ត​មួយ​ ​កាត់​ចេញពី​ខេត្ត​កណ្ដាល និង​ខេត្ត​មួយទៀត កាត់​ចេញពី​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី និង​ស្រុក​លំផាត់ ខេត្ដ​រតនគិរី​។​

សំណើ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ដាក់ជូន សម្តេច​តេជោ ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​។​

​សំណើ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ផ្ញើជូន​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​ថា​ ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មការ​ស្រាវជ្រាវ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ដែល​គណៈកម្មការ​នេះ​ដឹកនាំ​ដោយ​រូប​ខ្ញុំ​ផ្ទាល់​។ គណៈកម្មការ​នេះ ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល​ក្នុង​ការកំណត់​ ​និង​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​រៀបចំ​បង្កើត​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ នៅ​ចំពោះមុខ​នេះ​ ​ផ្អែក​តាម​ការ​ពិនិត្យ​ជា​ទូទៅ​លើ​ស្ថានភាព​ភូមិសាស្ត្រ និង​ស្ថានភាព​ប្រជាសាស្ត្រ ខ្ញុំ​យល់ឃើញថា​ ​គួរឲ្យ​មាន​ការសិក្សា​លទ្ធភាព​ក្នុង​ការរៀបចំ​បង្កើត​ខេត្ត​ថ្មី​ចំនួន​២ ដើម្បី​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ ​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការជំរុញ​អភិវឌ្ឍ​នៅ​មូលដ្ឋាន និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ​មាន​ដូចខាងក្រោម ៖ ការ​សិក្សា​ពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​ខេត្ត​ថ្មី​មួយ ដោយ​បំបែក​ចេញពី​ខេត្ត​កណ្តាល​ ​និង​ការ សិក្សា​ លទ្ធផល​ក្នុង​ការបង្កើត​ខេត្ត​ថ្មី ដោយ​ពិនិត្យ​លើ​កត្តា​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ​របស់​ស្រុក​កោះ​ញែក នៃ​ខេត្ត​មណ្ឌលគិរី​ ​និង​ស្រុក​លំផាត់ នៃ​ខេត្ត​រតនគិរី​។​ ​ក្នុងករណី សម្តេច​តេជោ នាយករដ្ឋមន្ត្រី ឯកភាព​ជា​គោលការណ៍​លើ​គម្រោង​បង្កើត​ខេត្ត​ថ្មី​ទាំង​២​នេះ ក្រសួងមហាផ្ទៃ​ ​នឹង​ចាត់​មន្ដ្រី​បច្ចេកទេស ដើម្បី​សហការ​ជាមួយ​ក្រសួង និង​ខេត្ត​ពាក់ព័ន្ធ ចុះ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ​ជាក់ស្ដែង​ ​ដើម្បី​រាយការណ៍​សុំ​យោបល់ ដឹកនាំ​ជា​បន្ដបន្ទាប់ ពី​សម្ដេច​តេជោ ហ៊ុន សែន​។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ថា “​ខ្ញុំ​សូម​គោរព​ជម្រាប​ជូន សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ ​មេត្តា​ជ្រាប​ថា​កិច្ចការ​នេះ​ត្រូវ​រៀបចំ​ឲ្យបាន​ចប់​សព្វគ្រប់ នៅ​ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​ទុក​ពេលវេលា​សមស្រប​សម្រាប់​រាជរដ្ឋាភិបាល​ ​កំណត់​ចំនួន​អាសនៈ ក្រុមប្រឹក្សា​។​

​សូមជម្រាបថា បច្ចុប្បន្ន​នេះ​កម្ពុជា មាន​ខេត្ត​ចំនួន​២៤ និង​រាជធានី​មួយ ៕ ​ដោយ ​៖​ កូឡាប​

spot_img
×