Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាតិនិយម អាណានិគមនិយម និង​ការកកើតឡើង​សហគមន៍​ចិន​ពិតប្រាកដ​មួយ​នៅ​ប្រទេស​កម្ពុជា​

spot_img

​រហូតមកដល់​ចុង​សតវត្ស​ទី​១៩ ទើប​រដ្ឋាភិបាល​ចិន​ព្រម​ទទួលស្គាល់​ជនជាតិ​ចិន​នៅ​បរទេស​។ មុនពេល​នោះ រដ្ឋាភិបាល​ចិន​បានចាត់ទុក​ជនជាតិ​ចិន​នៅក្រៅ​ប្រទេស​ទាំងឡាយ​ថា​ជា​ចោរ​សមុទ្រ ជន​ក្បត់ជាតិ និង​ជា​អ្នករត់​ចោលស្រុក កំណើត (Yen Ching-Hwang, ឆ្នាំ​១៩៨៥ ទំ​,​ទី​១៦-១៩)​។​

នៅ​ឆ្នាំ​១៦០៣ រដ្ឋាភិបាល​នៃ​រាជវង្ស​មីង បាន​គាំទ្រ​ដោយ​សម្ងាត់​នូវ​ការសម្លាប់​រង្គាល​ជនជាតិ​ចិន​ចំនួន ២៥.០០០​នាក់ នៅ​ប្រទេស​ហ្វីលីពីន ដោយ​ផ្អែកលើ​ហេតុផល​ថា ពួក​ជនរងគ្រោះ​ទាំងនោះ​«​មិនមាន​ភាពស្មោះត្រង់​និង​រមិលគុណ​ចំពោះ​ប្រទេស​ចិន មាតុភូមិ ឳ​ពុក​ម្ដាយ ដូនតា​របស់ខ្លួន ពីព្រោះ​ពួកគេ​មិនបាន​វិល​ត្រឡប់មក​ប្រទេស​ចិន​ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ឡើយ​»​។ ស្រដៀង​គ្នា​នេះដែរ គេ​ក៏បាន ង្ហា​ញ​ពី​ការស្វាគមន៍​ចំពោះ​ព័ត៌មាន​ស្ដីអំពី​ការសម្លាប់​រង្គាល​ជនជាតិ​ចិន​នៅលើ​កោះ​ជ្វា​ពី​សំណាក់​ពួក​ហូល​ឡង់ នៅ​ឆ្នាំ​១៧៤០ (Yen Ching-Hwang, ឆ្នាំ​១៩៨៥ ទំ​,​ទី​២២)​។ សេចក្ដី​អះអាង​ទាំងនេះ បានបង្ហាញ​ឱ្យឃើញ​នូវ​ទស្សនៈ​ទូទៅ មួយ​ដែល​យល់ឃើញថា ភាពជា​ជនជាតិ​ចិន​ត្រូវតែ​ប្រកាន់យក​ព្រំដែន​នៃ​ទឹកដី​របស់​ប្រទេស​ចិន ហើយ​ព្រំប្រទល់​ទាំងនេះ មិន​សំដៅលើ​តែ​ខ្សែបន្ទាត់​បែងចែក​ប្រទេស​ចិន​ពី​ទឹកដី​ដែល​កាន់កាប់​ដោយ​ពួក​ឈ្លានពាន​ដែលមាន​ចិ​ត្ដ​ឃោរឃៅ​ឡើយ ក៏ប៉ុន្ដែ​ក៏​សំដៅ​ដល់​ទឹកដី​ទាំងឡាយ​ដែលមាន​ផ្នូរ​ដូនតា​របស់ខ្លួន​ដែរ ទាំង​នៅលើ​មេឃ និង​លើដី ដូច​បានបង្ហាញ​ក្នុង​រឿង និទាន​ទាំងឡាយ​នៅ​សតវត្ស​ទី​១៣​។ ដើម្បី​បោះបង់ចោល​នូវ​ទឹកដី មាតុភូមិ​របស់​ដូនតា​ខ្លួន គេ​ត្រូវ​បោះបង់ចោល​នូវ​កន្លែង ខ្លួនឯង ដែល​ស្ថិតនៅក្នុង​ចក្រវាល​ទាំងមូល​របស់​ចិន​។ នៅក្នុង​កំណត់​ផែនទី​របស់​ប្រទេស​ចិន​នា​ចុង​សតវត្ស​ទី​១៩ គេ​ឃើញ​មានការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​មួយ​នៅក្នុង​គំនិត​របស់​រដ្ឋាភិបាល​នៃ​អធិរាជ​ចិន ដែល​បង្កើត​នូវ​គោលនយោបាយ​ថ្មីៗ ជាច្រើន ដើម្បី​ទទួលស្គាល់ថា​ជនភៀសខ្លួន​សញ្ជាតិ​ចិន​នៅ​ខាងក្រៅ​ប្រទេស​ទាំងឡាយ​មិនមែន​មែន​ជា​ចោរ​សមុទ្រ ឬ​ជា​អ្នករត់​ចោលស្រុក​ឡើយ ប៉ុន្ដែ​ជា​ពលរដ្ឋ​ចិន​ដែល​ត្រូវការ​ការពារ​ពី​ប្រទេស​ចិន​ទៅវិញ​។ មាន​កត្ដា​ជាច្រើន​ដែល​បង្កើត ឱ្យមាន​នូវ​គំនិត​នេះ ប៉ុន្ដែ​អ្វីដែល​ច្បាស់​បំផុត​នោះ​គឺថា​នៅពេលដែល​ប្រទេស​ចិន​ចាញ់​ពួក​បរទេស​នៅក្នុង​សង្គ្រាម​អាភៀន (Opium Wars) ប្រទេស​ចិន​បាន​ខ្នះខ្នែង​ក្នុងការ​លើកតម្កើង​របៀប​នៃ​ការគិត​តាមបែប​ប្រពៃណី​ថា ប្រទេស​ចិន​គឺជា​មជ្ឈមណ្ឌល​ដែលមាន​អំណាច​ខ្លាំងជាងគេ​លើ​ពិភពលោក ។​

​គេ​លែង​ចាត់ទុក​ប្រទេស​ចិន​ថា​ជា​ផ្កាយ​ដែល​ស្ថិតនៅ​នឹង​មួយកន្លែង​ត្រង់ចំណុច​ប៉ូល​លើ​ផ្កាយ​ទាំងឡាយ​ទៀតហើយ (​ខុង​ជឺ ឆ្នាំ​១៩៧៣ ទំ​.​ទី​៦៣)​។ ការគិត​ដូច្នេះ បានធ្វើឱ្យ​ប្រទេស​ចិន​ចាប់ផ្ដើម​បង្កើត​ការទាក់ទង​ជាមួយ​បរទេស​(​ដែលមាន​ឈ្មោះ ហៅថា Zogli Yamen) នៅក្នុង​ឆ្នាំ​១៨៦១ បន្ទាប់មក​ក៏មាន​ការកើនឡើង​នូវ​ដំណើរ​ទស្សនកិច្ច​ទៅ​បរទេស​ពី​សំណាក់​មន្ដ្រី ជាច្រើន​របស់​រដ្ឋាភិបាល​នៃ​រាជវង្ស​ឈី​ង (​ឈី​ង ខ្មែរ​និយម​ហៅថា​រាជវង្ស​ឆេង​) ហើយក៏​ចាប់ផ្ដើម​មានការ​ផ្លាស់ប្ដូ​រ​នូវ​អាកប្បកិរិយា​ដ៏​គឃ្លើន​របស់ខ្លួន​ដែល​ធ្លាប់មាន​។ បន្ទាប់ពី​បាន​បង្កើត​ស្ថានទូត (​ស្ថាន​កុងស៊ុល​)​របស់ខ្លួន​នៅ​បរទេស​ក្នុង​ទសវត្ស​ឆ្នាំ​១៨៧០ និង​ឆ្នាំ​១៨៨០ ប្រទេស​ចិន​បានចាប់ផ្ដើម​យល់ដឹង​កាន់តែខ្លាំង​នូវ តម្លៃ​សេដ្ឋកិច្ច​របស់​ជនជាតិ​ចិន​នៅ​បរទេស (Yen Ching-Hwang, ឆ្នាំ​១៩៨៥ ទំ​.​ទី​២០៦ និង​២៤៩)​។ ការលុបបំបាត់ចោល​នូវ ការជួញដូរ​ទាសករ​នៅក្នុង​ពិភពលោក​នៅ​ឆ្នាំ​១៨១៤ និង​ការកើនឡើង​នូវ​ពាណិជ្ជកម្ម​កម្លាំង​ពលកម្ម​នៅក្នុង​ប្រទេស​ចិន ក៏បាន​ធ្វើឱ្យមាន​ការកែ​ប្រែ​អាកប្បកិរិយា​របស់​រដ្ឋា​ភិ​បាល​នៃ​រាជវង្ស​ឈី​ង ដែរ​។ ការបញ្ជូន​ចេញ​ជា​លើកដំបូង​នូវ​កម្មករ​ចិន​ទៅ ដែនដី​អាណានិគម​បារាំង​នៅ​កោះ ប៊ូ​ដុង (Bourdon)​ក្រោម​កិច្ចសន្យា​ជាមួយ​បរទេស បានធ្វើ​ឡើង​នៅ​ឆ្នាំ​១៨៤៤​។ នៅពេលនោះ ជនភៀសខ្លួន​ដែល​រស់នៅ​ក្រៅប្រទេស​ទាំង​ឡាយ​លែង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជន​ក្រៅសង្គម​ទៀតហើយ ប៉ុន្ដែ​ជា​ពលរដ្ឋ​តំណាងឱ្យ​ប្រទេស​ចិន​។ កាលពីមុន​ជាតិចិន​រស់នៅ​បរទេស​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នករត់​ចោលស្រុក កំណើត និង​ជា​ជន​ក្បត់ជាតិ តែ​ឥឡូវនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ពលរដ្ឋ​និង​ជា​អ្នកជំនួញ​ជាន់ខ្ពស់​ទៅវិញ (Yen Ching-Hwang, ឆ្នាំ​១៩៨៥ ទំ​. ទី​៣៣)​។ ដោយសារ​មានការ​បង្ខិតបង្ខំ​ពី​កងកម្លាំង​យោធា​របស់​ពួក​សម្ព័ន្ធមិត្ត​នៅ​ឆ្នាំ​១៨៦០ រដ្ឋាភិបាល​នៃ​រាជវង្ស​ឈី​ង បាន​ចុះសន្ធិសញ្ញា​ជាមួយ​ចក្រភព​អង់គ្លេស​និង​ប្រទេស​បារាំង ទទួលស្គាល់​នូវ​សិទ្ធិ​ធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​ចិន​និង​ធានា​គោរព​កិច្ចសន្យាលក់​កម្លាំង​ពលកម្ម​ដែល​ខ្លួន​បានធ្វើ​ជាមួយ​ពួក​អាណានិគម (Yen Ching-Hwang, ឆ្នាំ​១៩៨៥ ទំ​.​ទី​៣៣ ៤២ ៩៩-១០០)​។ សន្ធិសញ្ញា​ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​១៨៦០ គឺ​៣​ឆ្នាំ​មុនពេល​មានការ បង្កើតឡើង​នូវ​របប​អាណាព្យាបាល​បារាំង​នៅ​កម្ពុជា បាន​បើកចំហ​ឱ្យមាន​ការធ្វើដំណើរ​អន្ដោប្រវេសន៍​ពី​សំណាក់​ជនជាតិ​ចិន ថ្មីៗ​ជាច្រើន​ទៀត​ដែលជា​ប្រការ​ធ្វើឱ្យមាន​ជនជាតិ​ចិន​កាន់តែ​ច្រើនឡើង​នៅ​កម្ពុជា​។​

​នៅក្រោម​ការគ្រប់គ្រងរ​បស់​បារាំង តម្រូវការ​កម្លាំង​ពលកម្ម​មានតម្លៃ​ថោក ការប្រើប្រាស់​ជនជាតិ​ចិន​ជា​ឈ្មួញកណ្ដាល​ក្នុង វិស័យសេដ្ឋកិច្ច​និង​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​ទៅលើ​ដំណើរ​(​ចរាចរ​)​របស់​ជនជាតិ​ចិន​មក​រស់នៅ និង​ឆ្លងកាត់​តំបន់​ឥណ្ឌូចិន​ដែល​គ្រប់គ្រង​ដោយ​បារាំង បានធ្វើឱ្យ​មានការ​បង្កើត​នូវ​ព្រំដែន​បែងចែក​ជាតិ​សាសន៍​ដ៏​តឹងរ៉ឹង​ជាច្រើន​។ ការបង្កើត​ច្បាប់​អន្ដោប្រវេសន៍ ច្បាប់​ពន្ធដារ ច្បាប់​គ្រប់គ្រង​សង្គម និង​ច្បាប់​ការងារ បាន​បង្កើត​មាន​សញ្ញាណ​នៃ​ការបែងចែក​សមាជិក​ក្នុង​ក្រុម​និង​សមាជិក​ក្រៅ​ក្រុម ដែលជា​កត្តា​ធ្វើឱ្យ​ផុស​ឡើង​នូវ​គំនិត​ប្រឆាំងនឹង​របប​អាណានិគម​នៅ​ទូទាំងប្រទេស​។​ជន​ជាតិចិន​ទាំងឡាយ​ដែល​ទើប​មក ដល់​ថ្មី ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​ត្រួ​តិ​និត្យ​ដ៏​ច្បាស់លាស់​មួយ​នៅតាម​សហគមន៍ ដើម្បី​ងាយស្រួល​ក្នុង​ការប្រមូល​ប្រាក់ចំណូល​។ រហូតមកដល់​ឆ្នាំ​១៩០៧ គេ​នៅតែ​ពិនិត្យ​ស្នាម​មេដៃ​និង​វាស់​ក្រយៅ​ក្បាល​របស់​ជនជាតិ​ចិន​នៅពេលដែល​ពួកគេ​មកដល់ ដែល​នេះ​គឺជា​ការបង្ហាញ​ឱ្យឃើញថា​ពួកគេ​ជា​អ្នកលក់​កម្លាំង​ពលកម្ម​នៅថ្ងៃនេះ ប៉ុន្ដែ​នឹង​ក្លាយជា​ម្ចាស់​នៅ​ថ្ងៃស្អែក​។ ជន​ជាតិចិន​ត្រូវបាន​គេ​ហាមឃាត់​មិនឱ្យ​ចូលរួម​ក្នុង​កិច្ចការ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ហើយ​ពួកគេ​ត្រូវបាន​ពួក​អាណានិគម​បារាំង​ជេរ​ស្ដីថា​ជា​អ្នកជំនួញ​ដែលមាន​ចំណង់​ច្រើន​ហួសហេតុ ឬ​ជា​កម្មករ​ដែលមាន គំនិត​មិនល្អ ដែល​ស្វែងរក​សេចក្ដីសុខ​ក្នុង​ជីវិត​របស់ខ្លួន​ពី​ការ​ជួញ​អាភៀន ពី​ការលេង​ល្បែង និង​ការចាប់​ជំរិត​។ ទោះបីជា​ពួក​បារាំង​ប្រមូលបាន​ចំណូល​ជាច្រើន​ពី​ជន​ជាតិចិន​តាមរយៈ​ការយកពន្ធ​ដែលមាន​លក្ខណៈ​ប្រកាន់​ជាតិ​សាសន៍ ក៏ដោយ ពួក​មន្ដ្រី​អាណានិគម​ជាច្រើន​បាន​ត្អូញត្អែរថា ជនជាតិ​ចិន​មិនបាន​ផ្ដល់​ផលប្រយោជន៍​អ្វី​សោះ​ដល់​ប្រទេស​កម្ពុជា ផ្ទុយទៅវិញ​ពួក​ជនជាតិ​ចិន​ទាំង​នោះបាន​បញ្ជូន​ប្រាក់ចំណូល​ទាំងឡាយ​ដែល​ពួកគេ​រកបាន​ទៅ​ស្រុកកំណើត​របស់ខ្លួន​ទាំង អស់​។

​ក្នុងនាម​ជា​អាណាព្យាបាល ពួក​បារាំង​មានការ​ពេញចិត្ត​ពេញ​ថ្លើម​យ៉ាងខ្លាំង​ជាមួយនឹង​ការស្រឡាញ់​រាប់អាន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ដូច​មាន​បង្ហាញ​នៅក្នុង​សំណេរ​(​អភិប្រាយ​) របស់​អ្នកស្រាវជ្រាវ​មួយចំនួនធំ និង​រឿង​ប្រលោមលោក ជាច្រើន​ស្ដីអំពី​ពួក​អាណានិគម​។ ផ្ទុយទៅវិញ វប្បធម៌​និង​សង្គម​របស់​សហគមន៍​ចិន​នៅ​កម្ពុជា បានទទួល​ការយកចិត្តទុកដាក់ តិចតួច​ប៉ុណ្ណោះ​ពី​សំណាក់​អ្នកស្រាវជ្រាវ​ទាំងឡាយ​។ ក្នុង​ក្រសែភ្នែក​របស់​ពួក​បារាំង ជនជាតិ​ចិន​គឺជា​មនុស្ស​ដែលមាន សារសំខាន់​តិចតួច​បំផុត ទោះបីជា​គំនិត​ក្នុង​ការធ្វើ​ជំនួញ​និង​ឧស្សាហកម្ម​របស់​ជនជាតិ​ចិន​បានផ្ដល់​ជា​ទុន​ជួយ​ឱ្យ​របប អាណានិគម​មានដំណើរ​ការ​ទៅមុខ​ក៏ដោយ​។​

​ប៉ុន្ដែ​មន្ដ្រី​គ្រប់គ្រង​រដ្ឋបាល​នៃ​អាណានិគម​បារាំង មិន​ត្រឹមតែ​ជា​អ្នក​ដែល​បានទទួល​ផលប្រយោជន៍​ក្នុងការ​បង្កើតឱ្យមាន អត្ដ​សញ្ញាណ​ដោយឡែក​មួយ​ក្នុងចំណោម​ជន​ជាតិចិន​ទាំងឡាយ​ដែល​រស់នៅ​បរទេស​ប៉ុណ្ណោះ​ទេ តាមពិត​កត្ដា​សំខាន់ ក្នុងការ​ផ្លាស់ប្ដូរ​និយមន័យ​ដែល​ពួកគេ​បាន​ធ្វើឡើង​សម្រាប់​ជនភៀសខ្លួន​ជនជាតិ​ចិន ដែល​កាលពីមុន​មានឈ្មោះ​ថា​ជា សំណាត់​អណ្ដែត​តាម​ទឹក ជា​ក្រុមចោរ​សមុទ្រ និង​ជា​ឧក្រិដ្ឋជន​ឱ្យទៅជា​អ្នក​ដែលមាន​ឈ្មោះថា​ជា​ជន​ជាតិចិន​ដែលមាន សហគមន៍​រឹងមាំ​នៅ​បរទេស​នោះ ក៏បាន​បង្កើតឱ្យមាន​គំនិត​ជាតិនិយម​ក្នុងចំណោម​ជនជាតិ​ចិន​ដែរ​។ ប្រការនេះ បានធ្វើ​ឱ្យមាន​ការគិត​គូរ​ឡើងវិញ​អំពី​ឋានៈ​របស់​ជនជាតិ​ចិន​ក្នុង​រដ្ឋាភិបាល​ដែល​ពួកគេ​រស់នៅ និង​ធ្វើឱ្យមាន​ការផ្លាស់ប្ដូរ​រូបភាព​នៃ​អត្ដ​សញ្ញាណ​ជនជាតិ​ចិន​ទាំងឡាយ​ដែល​រស់នៅ​បរទេស​ផងដែរ​។ បន្ទាប់ពី​រដ្ឋាភិបាល​នៃ​រាជវង្ស​ឈី​ង បានទទួល​អត្ថប្រយោជន៍​សេដ្ឋកិច្ច​និង​កិត្យានុភាព​ពី​ការទទួលស្គាល់​ជនជាតិ​ចិន​នៅ​បរទេស​នោះ ជ​នប​ដិ​វត្ដ​នៅក្នុង​ក្រុម​របស់លោក ស៊ុន យ៉ា​ត​សេន (Sun Yatsen) និង​អ្នក​កែប្រែ​ទម្រង់​និយម​ក្នុង​ក្រុម កាំ​ង យូ​វ៉េ ក៏បាន​ទទួលស្គាល់​នូវ​ធនធាន (​ឬ​អត្ថប្រយោជន៍​)​ផ្នែក​នយោបាយ​របស់​ពួក​ជន​ជាតិចិន​ទាំងនោះ​ផងដែរ​។ ចាប់តាំងពី​ចុង​សតវត្ស​ទី​១៩ មក រដ្ឋាភិបាល​និង បញ្ញវន្ដ​ចិន​បាន​ចាប់អារម្មណ៍​លើ​ជន​ជាតិចិន​នៅ​បរទេស​ដូច​មន្ដ្រី​អាណានិគម​ដែរ​។ ចំណងទាក់ទង​របស់​សហគមន៍​ជនជាតិ​ចិន នៅ​បរទេស​ទៅនឹង​ប្រទេស​ចិ​នៅ​សតវត្ស​ទី​១៩ មានដូចជា​ការបញ្ជូន​លុយកាក់​ទៅឱ្យ​បងប្អូន​របស់ខ្លួន​ដែល​រស់​នៅតាម បណ្ដា​ខេត្ដ​នានា​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​ចិន ទៅ​សម្រាក​ចូល​និ​វត្ដ​និង​ស្លាប់​នៅ​ទីនោះ ថែមទាំង​ការដឹកជញ្ជូន​អដ្ឋិធាតុ​(​ឆ្អឹង​សព​) នៃ​សាច់ញាតិ​របស់ខ្លួន​ទៅ​បញ្ចុះ​នៅ​ទឹកដី​កំណើត​របស់​ពួកគេ (Yong,​ឆ្នាំ​១៩៩២ ទំ​.​ទី​៨៣) ។​ការកើនឡើង​នូវ​គំនិត​ជាតិនិយម​បាន​ជំរុញឱ្យមាន​ការកើតឡើង​នូវ​ទឹក​ចិ​ត្ដ​រឹងមាំ​យូរអង្វែង​ក្នុង​សកម្មភាព​នយោបាយ សេដ្ឋកិច្ច​និង​អប់រំ​។ ការកសាង​មូលដ្ឋានគ្រឹះ​លើ​ទំនាក់ទំនង​ជិតស្និទ្ធ​ក្នុងសង្គម​និង​វប្បធម៌ ដូចជា​ល្ខោន​ចិន​(​ហ៊ី​ចិន​) ការ​ប្រារព្ធ​ពិធី​សាសនា វិស័យ​សុខាភិបាល ម្ហូបអាហារ​និង​ការអប់រំ បាន​ជំរុញ​ឱ្យ​ជនជាតិ​ចិន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បង្កើត​ទំនាក់ទំនង​នយោបាយ​ជាមួយ​ប្រទេស​ចិន​កាន់តែខ្លាំង​ឡើង​។​

​ដោយមាន​ការដឹកនាំ​ពី​លោក ស៊ុន យ៉ា​ត​សេន អ្នក​ជាតិនិយម​ជនជាតិ​ចិន​ទាំងឡាយ​បាន​បង្កើត​សាលារៀន​ចិន និង​សមាគម​វប្បធម៌​ជាច្រើន​នៅ​អាស៊ីអាគ្នេយ៍​។ រាជវង្ស​ឈី​ង បាន​ទាក់ទាញ​សហគមន៍​ចិន​នៅ​បរទេស​ដែលមាន​គំនិត​ជាតិ និយម​ជាច្រើន​ឱ្យមាន​ការពេញចិត្ដ​ចំពោះ​រដ្ឋបាល​របស់ខ្លួន ហើយ​បាន​ចុះឈ្មោះ​ទទួលស្គាល់​នូវ​ជំនឿ ប្រពៃណី​របស់​ជនជាតិ​ចិន​ដែល​រស់នៅ​បរទេស​ក្នុង​ច្បាប់​សញ្ជាតិ​របស់ខ្លួន​នៅក្នុង​ឆ្នាំ​១៩០៩​។ ចាប់តាំងពី​ពេលនោះ​មក អត្ដ​សញ្ញាណ​នៃ​ជន​ជាតិចិន​លែង​ត្រូវបាន​គេ​កំណត់​ត្រឹមតែ​មានកំណើត​កើត​នៅក្នុង​រង្វង់​នៃ​ទឹកដី​ដូនតា​របស់ខ្លួន​ទៀតហើយ​។ ច្បាប់​សញ្ជាតិ​ថ្មី​នេះ​ត្រូវបាន​បង្កើតឱ្យមាន​គោលការណ៍​នៃ​ការទទួលស្គាល់​សញ្ជាតិ​តាមរយៈ​តំណពូជ​ឈាមជ័រ​របស់​ឳ​ពុក​ម្ដាយ​ជាមួយនឹង​ប្រទេស​កំណើត ហើយ​បានកំណត់​វិសាលភាព​នៃ​ជាតិ​សាសន៍​ចិន​ជាថ្មី ដោយ​ផ្អែកលើ​សែស្រឡាយ​ឈាមជ័រ​វិញ​(​នេះ​ជា​ប្រការ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ឡើយ ( Fitzgerald, ឆ្នាំ​១៩៧២ ទំ​.​ទី​៦) ។ ដូច្នេះ​គេ​និយាយថា អ្នកឯង​គឺជា​ជនជាតិ​ចិន​ដោយសារ​មាន​ឈាមជ័រ​ចិន មិនមែន​ដោយសារ​ឈ្មោះ​ឡើយ ។​អ្នក​ទាំងឡាយណា​ដែលមាន​ឳ​ពុក ឬ​ម្ដាយ​ជា​ជន​ជាតិចិន​(​ទោះជា​គេ​មិន​ស្គាល់​ថា​ឳ​ពុក​ជា​ជាតិ​សាសន៍​អ្វី​ក៏ដោយ )​អ្នកនោះ​នឹង​ក្លាយជា​ជនជាតិ​ចិន ទោះជា​កើត​នៅ​ទឹកដី​កន្លែង​ណាក៏ដោយ​។ ដូច្នេះ​ច្បាប់​សញ្ជាតិ​នេះ​បានផ្ដល់​ការទទួលស្គាល់​ស្របច្បាប់​ដល់​ជនជាតិ​ចិន​ទាំងឡាយ​ដែល​រស់នៅ​បរទេស ទន្ទឹមនឹងនោះ បង្កើតឱ្យមាន​ការគិត​ស្រមៃ​ដល់​សហគមន៍​ជនជាតិ​ចិន​ដែល​រស់នៅ​ពាសពេញ​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​អ្នក​ដែល​បានកើត នៅលើ​កោះ​ប័​រ​ណេ​អូ (Borneo) ឬ​នៅ​ខេត្ដ​បាត់ដំបង ដែល​សព្វថ្ងៃនេះ​ក្នុង​ក្ដី​ស្រមើស្រមៃ​របស់​ពួកគេ​គឺ​បាន​ងាក​ទៅ​គិតពី​បញ្ហា​ទឹកដី​របស់​ដូនតា​ពួកគេ (Wang, ឆ្នាំ​១៩៩១ ទំ​.​ទី​២២៣ និង Andersong,​ឆ្នាំ​១៩៨៣ ទំ​.​ទី​១៣៣)៕
​លី​សា​

spot_img
×