Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រប់​១​ឆ្នាំ នៃ​ការចាប់ខ្លួន និង​ឃុំខ្លួន លោក កឹម សុខា​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ គឺ​គម្រប់​១​ឆ្នាំ នៃ​ការចាប់ខ្លួន និង​ឃុំខ្លួន លោក កឹម សុខា អតីត​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​បទល្មើស​ក្បត់ជាតិ ។ លោក កឹម សុខា ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចូល​ចាប់ខ្លួន ទាំង​ពាក់កណ្តាល​អាធ្រា​ត្រ កាលពី​ថ្ងៃ​ទី​២ ឈានចូល ដល់​ថ្ង​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្នុង​គេហដ្ឋាន​របស់​លោក ដោយ​ចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ ហើយ​សមត្ថកិច្ច​បាន​យក​ទៅ​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន ប្រទេស កម្ពុជា​-​វៀតណាម​។​

​សំណុំរឿង​របស់ លោក កឹម សុខា ផ្អែក​ទៅលើ​វីដេអូ​ឃ្លីប​មួយ បង្ហាញ​ពី​សកម្មភាព លោក កឹម សុខា បាន​ថ្លែង​សុន្ទរកថា នៅ​អូស្ត្រាលី កាលពី​ឆ្នាំ​២០១៣ ដែល​លោក និយាយ​ពី​ការ តស៊ូ​២០​ឆ្នាំ ដើម្បី​ប្រឆាំង​ទៅ​នឹង​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និង​បង្ហាញ ពី​យុទ្ធសាស្ត្រ​ក្នុងការ ផ្តួលរំលំ​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើ​បដិវត្តន៍​ពណ៌​យក គំរូ​តាម​បស្ចឹម​ប្រទេស​។​

​ក្នុងផេក​ហ្វេស​ប៊ុក របស់​លោក​កឹម សុខា កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បានបង្ហាញ​ថា “៣៦៥​ថ្ងៃ​ដ៏​អយុត្តិធម៌​! យប់​នេះ​គឺ​គម្រប់​១​ឆ្នាំ នៃ​ការចូលចាប់​លោក​កឹម សុខា ពី​គេហដ្ឋាន ពង្រាត់​រូបលោក​ពី​គ្រួសារ ទាំង​កណ្តាលអធ្រាត្រ​យ៉ាង​ឃោរឃៅ​”​។​

​ចំណែក​លោក យ៉ែម បុញ្ញ​ឫទ្ធិ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ទាមទារ​ឲ្យ ដោះលែង​លោក កឹម សុខា នៅតាម​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​។ លោក បាន​បន្តថា “២ កញ្ញា ២០១៨ – យប់​ថ្ងៃ​២​ឆ្លង​ចូល​ថ្ងៃ​៣…! មួយ​ឆ្នាំ​ហើយ​តែ​ខ្មែរ​នៅចាំ ត្រពាំងផ្លុង​គុក​កម្ម ដែល​គេ​បាន​ចាប់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម ទាំង​កណ្ដាលអធ្រាត្រ យប់​ថ្ងៃ​ទី​២​ឆ្លង​ចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នាំខ្លួន​ទៅ​ឃុំឃាំង​នៅ​ទីនោះ​។ មួយ​ឆ្នាំ​កន្លង​ផុត​ទៅ ការបន្ត​ឃុំខ្លួន​លោក​ទាំង​បំពាន ក្រោម​ហេតុផល​នយោបាយ ដែល​យើង​នៅ​តែ​ទាមទារ​ឱ្យមាន​ការដោះលែង ផ្ដល់​យុត្តិធម៌ ផ្ដល់​សិទ្ធិ​សេរីភាព ជូន​លោក​វិញ​។​

លទ្ធផល​សវនាការ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​(​ម​៣) បន្តទៀត​”​។​

​ចំណែក​ក្នុងផេក​ហ្វេស​ប៊ុក របស់លោក ម៉ុត ចន្ថា (Chantha Muth) នាយខុទ្ទកាល័យ​លោក កឹម សុខា កាលពី​ថ្ងៃ​២​កញ្ញា បានបញ្ជាក់​ថា “​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​បង្ខាំង​នៅ​ក្នុង​មជ្ឈមណ្ឌល​អប់រំ​ទី​៣ (​ម​៣) ឬ ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ជិត​ព្រំដែន​យួន ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ អស់​រយៈពេល ១​ឆ្នាំ​គត់ គិត​ត្រឹម​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ​។ ឯកឧត្តម កឹម សុខា តស៊ូ​អត់ធ្មត់​បន្ត​រួមរស់​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ ទោះ​បី​ត្រូវ​បាត់បង់​នូវ​សេរីភាព និង​រង​ទុក្ខ​លំបាក​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏ដោយ​។

លោក​មិន​បាន​ជ្រើសរើស​យក​ជម្រើស​ចាកចោល​មាតុប្រទេស ព្រោះ​ថា​ទីតាំង​មូលដ្ឋាន​នយោបាយ​របស់​លោក​នៅក្នុង​ប្រទេស​កម្ពុ​ជា និង​ជីវភាព​រស់នៅ​របស់​លោក​នៅលើ​មាតុ​កម្ពុជា​។ ឯកឧត្តម កឹម សុខា តែងតែ​ប្រកាន់​នូវ​គោលការណ៍​អហិង្សា​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ចៀសវាង​យ៉ាង​ដាច់ខាត​នូវ​ការប្រើប្រាស់​ភាសា​អសុរោះ ដែល​អាច​បង្ក​អោយមាន​ការឈឺចាប់​ដល់​អ្នកដទៃ និង​រើសអើង​ជាតិ​សាសន៍ ព្រោះ​ថា​កត្តា​ជោគជ័យ​ដែល​អាច​នាំមក​នូវ​ការផ្លាស់​ជា​វិជ្ជមាន​ទៅ​បាន មិន​ស្ថិតនៅ​លើ​កត្តា​ហិង្សា និង​ការប្រើប្រាស់​ភាសា​អសុរោះ​ឡើយ​។ ឯកឧត្តម កឹម សុខា យល់​យ៉ាងច្បាស់​ថា មានតែ​ការ​ផ្សះ​ផ្សរ​ជាតិ​ប៉ុណ្ណោះ ទើប​ជា​មធ្យោបាយ​តែមួយគត់ ដើម្បី​បញ្ឈប់​ការបែកបាក់ និង​កា​រើសអើង ហើយ​ដែល​កន្លងមក​ខ្មែរ​យើង​បាន​ធ្វើ​ច្រើនលើកច្រើនសារ​រួចមកហើយ ។ លោក​សង្ឈឹម​ថា​ពលរដ្ឋ​ខ្មែរគ្រប់​រូប គ្រប់​និន្នាកា អាច​មាន​ស្នាមញញឹម​ដ៏​មាន​ន័យ នៅក្នុង​ប្រទេស​មួយ​នេះ ។ ដូច្នេះ ការដោះលែង ឯកឧត្តម កឹម សុខា ឲ្យមាន​សេរីភាព​ឡើងវិញ គឺជា​ស្មារតី​នៃ​ការផ្សះផ្សារ និង​បង្រួបបង្រួម​ជាតិខ្មែរ​”​។​

​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​តែ​ឃុំខ្លួន​នៅ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ព្រំដែន​ខ្មែរ​-​វៀតណាម អស់​រយៈពេល ៣៦៥​ថ្ងៃ ស្ថិត​ក្នុង​ការស៊ើបអង្កេត​។ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង សវនាការ​មួយ​បាន​ធ្វើឡើង​ដោយ អំពី​នីតិវិធី​ស្ដី​ពី​ការពន្យារពេល​ឃុំខ្លួន​បណ្ដោះអាសន្ន ឬ​ត្រូវ​បញ្ចប់​ការឃុំខ្លួន ។ បន្ទាប់​ពី​បញ្ចប់​សវនាការ តុលាការ​កំពូល បាន​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុកជាបានការ ដោយ​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា ក្នុង​ពន្ធនាគារ​រយៈពេល​៦​ខែ​បន្តទៀត​។ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​សម្ដែង​ការសោកស្ដាយ ចំពោះ​ការសម្រេច​របស់​តុលាការ​។ ក្នុង​សវនាការ​នោះ ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ស្នើ​ឲ្យ​តុលាការ​លុបចោល​ការបន្ត​ឃុំខ្លួន និង​អនុញ្ញាត​ឲ្យ​កូនក្ដី​របស់​ពួកគេ បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ជំងឺ ៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

    

spot_img
×