Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ រិះគន់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដាក់ពង្រាយ តូប តុ និង​ឆត្រ នៅលើ​ឆ្នេរ​ខ្សាច់​នាំ​ឲ្យ​បាត់បង់​សោភ័ណភាព​ឆ្នេរសមុទ្រ​

spot_img

​ព្រះសីហនុ​៖ ភ្ញៀវទេសចរ និង​អាជីវករ​មាន​តូប​លក់ដូរ​នៅតាម​ឆ្នេរ​មួយចំនួន នា​ខេត្ត​ព្រះសីហនុ បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​សកម្មភាព របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​នាំយក​តូប​លក់​ភេសជ្ជៈ តុ និង​ឆត្រ យកទៅដាក់​ពង្រាយ​នៅតាម​ឆ្នេរ​ខ្សាច់ ឬ​នៅលើ​ឆ្នេរសមុទ្រ ថា​បាន​ប៉ះពាល់​ដល់​សោភ័ណភាព​បរិស្ថាន​ឆ្នេរ និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មក​ទស្សនា​តាម​ឆ្នេរសមុទ្រ​។​

​ទាំង​ភ្ញៀវទេសចរ និង​ប្រតិបត្តិ​ករ​ទេសចរ ថ្លែង​ហួសចិត្ត ចំពោះ​សកម្មភាព របស់​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​នាំយក​តូប​លក់​ភេសជ្ជ តុ និង​ឆត្រ ទៅ​ដាក់ពង្រាយ​នៅលើ​មាត់សមុទ្រ ឬ​ឆ្នេរ​ខ្សាច់ នាំ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​និង​សោភ័ណភាព​ឆ្នេរ​មួយចំនួន មានដូចជា​៖ ឆ្នេរ​ខ្សាច់​អូរ​ឈើទាល ឆ្នេរ​អតីត​មុខ​ក្រុមហ៊ុន​អា​រី​ស្តុ​ន និង​ឆ្នេរ​ឯករាជ្យ​ជាដើម ក្នុង​គម្រោង​ជួល ប្រកួតប្រជែង​ជាមួយ​ប្រជាពលរដ្ឋ​បែបនេះ​ទេ​។​

​អាជីវករ​ឆ្នេរ​អូរ​ឈើទាល បាន​ប្រដូច​សកម្មភាព របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ថា ជាការ​ដណ្តើម​មុខរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់​ពួកគេ ជាពិសេស​ការដាក់​ពង្រាយ ស្តង់ តុ និង​ឆត្រ នៅតាម​មាត់សមុទ្រ​មួយចំនួន បាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ឆ្នេរ​ខ្សាច់ និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដែល​ដើរ​លំហែ​កម្សាន្ត​តាម​ឆ្នេរ ឬ​មាត់សមុទ្រ ពិសេស​ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​អា​រី​ស្តុ​ន​។​

​ផ្តើម​ពី​បញ្ហា​នេះ ទាំង​ភ្ញៀវទេសចរ និង​ប្រតិបត្តិ​ករ​ទេសចរ​មួយចំនួន ប្រកប​របរ​លក់ដូរ​នៅតាម​ឆ្នេរ​អូរ​ឈើទាល បានស្នើ​ដល់ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ជួយ​អន្តរាគមន៍​នាំយក​តូប​លក់​ភេសជ្ជ តុ និង​ឆត្រ​ទាំងនោះ យកទៅដាក់​នៅតាម​តំបន់ឆ្នេរ ដែល​មិនទាន់មាន​ការអភិវឌ្ឍ​ជំនួស​វិញ​។

​ទាក់ទិន​បញ្ហា​នេះ លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ ធ្លាប់មាន​ប្រសាសន៍ថា តូប​លក់​ភេសជ្ជ តុ និង​ឆត្រ ដែល​សាលាខេត្ត នាំយកទៅ​ពង្រាយ​នៅតាម​ឆ្នេរ​មួយចំនួន ត្រូវបាន​ឧបត្ថម​ពី​ក្រុមហ៊ុន​ខែម​បូ​អែ​ដ ផ្តល់​មក​ឲ្យ​សាលាខេត្ត​។ លោក​ថា សម្ភារ​ទាំងនោះ រដ្ឋបាលខេត្ត​មាន​គម្រោង រក​ទីតាំង​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​មួយចំនួន នា​ខេត្ត​ព្រះសីហនុ សម្រាប់​ដាក់​ជួល​ឲ្យ​អាជីវករ ឬ​ប្រជាពលរដ្ឋ ក្នុងតម្លៃ​សមរម្យ ដើម្បី​ឲ្យ​រដ្ឋបាលខេត្ត​មាន​ខ្ទង់​ថវិកា សម្រាប់​ចំណាយ​ទៅលើ​ការងារ​ថែរក្សា​សំអាត​អនាម័យ បរិស្ថាន​ឆ្នេរ​នីមួយៗ ឲ្យ​មាន​សោភ័ណភាព​ថែមទៀត​នា​ថ្ងៃ​ខាងមុខ​។​

​ករណីនេះ លោក ឈិន សេង​ងួន បញ្ជាក់ថា កន្លងមក​រដ្ឋបាលខេត្ត​បាន​ផ្អាក​សកម្មភាព​នាំយក​តូប​លក់​ភេសជ្ជ តុ និង​ឆត្រ​នេះ ជា​បណ្ដោះអាសន្ន ដោយ​ទុកពេល​ស្វែងរក​ទីតាំង​សម្រាប់​ដាក់​សម្ភារ​ទាំងនោះ ឲ្យ​បាន​ត្រឹមត្រូវ​ជាមុនសិន ព្រោះ​មិនអាច​យកទៅដាក់​នៅលើ​ឆ្នេរ​ខ្សាច់​បានទេ​។​

​លោក​បន្តថា ករណីនេះ​កន្លងមក​ក្រុមការងារ​សាលាខេត្ត បាន​ចុះ​ស្រាវជ្រាវ និង​សិក្សា​រក​ទីតាំង នៅតាម​តំបន់ឆ្នេរ​នានា ដែល​មិន​ប៉ះពាល់​ដល់​ការប្រកប​របរ​ចិញ្ចឹមជីវិត របស់​ប្រជាពលរដ្ឋ ជាពិសេស​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព បរិស្ថាន​ឆ្នេរ​ខ្សាច់ និង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ ដែល​ចូលមក​សំរាក​កម្សាន្ត​នៅតាម​ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​អតីត​មុខ​ក្រុមហ៊ុន​អា​រី​ស្តុ​ន​ជាដើម​។​

​បញ្ហា​នេះដែរ មន្ត្រី​ទីចាត់ការ​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏​ឲ្យ​ដឹង​ដែរ​ថា អាជ្ញា​ធរមាន​គម្រោង​នាំយក តូប​លក់​ភេសជ្ជ​ជាង ៥០ តុ និង​ឆត្រ​ជាង ១០០​ឈុត យកទៅដាក់​ពង្រាយ​នៅតាម​ឆ្នេរ​ឯករាជ្យ ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អា​រី​ស្តុ​ន និង​ឆ្នេរ​ផ្សេងទៀត ដើម្បី​ដាក់​ជួល​ឲ្យ​ប្រជាពលរដ្ឋ ឬ​ក្រុមអាជីវករ ដែល​ចង់​ជួល​ធ្វើ​អាជីវកម្ម​ក្នុងតម្លៃ​សមរម្យ​។ ប៉ុន្តែ​លោក​ថា គម្រោង​នេះ រដ្ឋបាលខេត្ត មិនទាន់​ដាក់​ឲ្យ​ដំណើរការ​នៅឡើយ​ទេ ដោយ​ទុកពេល​ស្វែងរក​ទីតាំង​ឲ្យ​បាន​ត្រឹមត្រូវ​ជាមុន ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​ការប្រកប​របរ​អាជីវ​កម្ម របស់​ប្រជាពលរដ្ឋ នៅតាម​ឆ្នេរ​នីមួយៗ ជាពិសេស​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ចូលមក​ទស្សនា​តាម​តំបន់ឆ្នេរ​នា​ថ្ងៃ​អនាគត​។​

​យ៉ាងណា​ក៏ដោយចុះ ក្រុមអាជីវករ​ឆ្នេរ​អូរ​ឈើទាល និង​ភ្ញៀវទេសចរ​ជាតិ បាន​រិះគន់ថា មិនគួរ​រដ្ឋបាលខេត្ត​ព្រះសីហនុ នាំយក​ស្តង់ ឬ​តូប​លក់​ភេសជ្ជ តុ និង​ឆត្រ មក​ដាក់ពង្រាយ​នៅលើ​ឆ្នេរ​ខ្សាច់ នៅ​ចំ​ពីមុខ​តូប​លក់ដូរ របស់​ប្រជាពលរដ្ឋ នាំ​ឲ្យ​ប៉ះពាល់​ដល់​ការលក់ដូរ​ប្រចាំថ្ងៃ​បែបនេះ​ទេ​។​

​បញ្ហា​នេះដែរ អ្នកឃ្លាំមើល​ការងារ​អភិវឌ្ឍន៍​សង្គម និង​ភ្ញៀវទេសចរ​ជាតិ បានស្នើ​ឲ្យ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ត្រូវ​នាំយក​តូប​លក់​ភេសជ្ជ​ទាំងអស់​ចេញពី​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​អា​រី​ស្តុ​ន និង​ឆ្នេរ​ឯករាជ្យ​ជាដើម ទៅ​ដា​ក់នៅ​ដោយ​ប្តូរ​ទៅ​ដាក់ពង្រាយ នៅតាម​ឆ្នេរ​មួយចំនួន នា​ខេត្ត​ព្រះសីហនុ ដែល​មិនទាន់មាន​ការអភិវឌ្ឍ ឬ​មិនទាន់មាន​អាជីវករ​លក់ដូរ ទើប​ប្រសើរ​ជាជាង នាំយកទៅ​ដាក់ពង្រាយ​នៅមុខ​តូប​លក់ដូរ​ប្រជាពលរដ្ឋ ដែលមាន​ការអភិវឌ្ឍ​ស្រាប់​រួចហើយ​នោះទេ​៕ ដោយ​៖ ដែន សីមា​


spot_img
×