Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តំណាងរាស្ត្រ​ទាំង ១២៥​រូប នឹង​ចូល​ទៅ​កាន់​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​ពិធី​សច្ចាប្រណិធាន​

spot_img

​ភ្នំពេញ​ ៖ រដ្ឋសភា បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តី​ពី​ពី​ធី​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា នីតិកាល​ទី​៦​ថ្ងៃ​ពុធ ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

ជាមួយគ្នា​នោះ​ដែរ រដ្ឋសភា ក៏​បាន​ចេញ​សេចក្តីប្រកាស ស្តីពី ការសម្រេច​អំពី​សុពលភាព នៃ​អាណត្តិ​របស់​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា និង​បញ្ជីរាយនាម តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​បាន​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ (​តាម​មណ្ឌល​)
​របស់​គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត​។ នៅ​ពេល​រសៀល ថ្ងៃទី​៥​ខែកញ្ញា​នេះ តំណាងរាស្ត្រ​ទាំង ១២៥​រូប នឹង​ចូល​ទៅ​កាន់​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​ពិធី​សច្ចាប្រណិធាន នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មុននឹង​ចាប់ផ្តើម​បំពេញ​ការងារ​របស់​ខ្លួន​។​

​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យាង​ជា​ព្រះ​រាជ​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​ជា​ព្រឹត្តិការណ៍​ជា​មហោឡា​រឹក និង​ជា​ប្រវត្តិសាស្ត្រ នៃ​ការចាប់ផ្តើម​ដំណើរការ​រដ្ឋសភា​នីតិកាល​ទី​៦ ក្រោយពី​ការបោះឆ្នោត​ជា​សកល កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​ពិធី​បើក​សម័យប្រជុំ​ដំបូង​រដ្ឋសភា​នីតិកាល​ទី​៦ មាន​វត្តមាន​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង​១២៥​រូប និង​ឥស្សរជន​ជាន់ខ្ពស់ អង្គទូត អង្គការ​នានា ដែល​ប្រចាំ​និង​បំពេញ​ភារកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​ការចូលរួម​យក​ព័ត៌មាន​របស់​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ យ៉ាងច្រើន​កុះករ​។​

​នៅក្នុង​ព្រះរាជ​សុន្ទរកថា បើក​សម័យប្រជុំ​ដំបូង រដ្ឋសភា​នីតិកាល​ទី​៦ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​ថា “​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី ដែល​នឹង​ទទួល​ការទុកចិត្ត​ពី​រដ្ឋសភា​នឹង​បំពេញ​ភារកិច្ច​តាម​គោលនយោបាយ បន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​បន្ត​អភិវឌ្ឍន៍ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម ដែល​មាន​វិសាលភាព​គ្របដណ្តប់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ការអភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​ដោយ​ចីរភាព ដើម្បី​ធានា​អត្ថិភាព​ដ៏​រឹងមាំ​នៃ​អត្តសញ្ញាណ​ជាតិ ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ស្របគ្នា​នឹង​ការលើកកម្ពស់​សីលធម៌ សម្រាប់​ភាព​សុខដុម​នៃ​សង្គមជាតិ​”​។​

​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ទ្រង់មាន​ព្រះរាជ​បន្ទូល​បន្ត​ថា ដើម្បី​សម្រេច​ភារកិច្ច ដ៏​ឧត្តុង្គឧត្តម​នេះ ប្រជាជាតិ​កម្ពុជា​ត្រូវមាន​ឯកភាព និង​សាមគ្គីភាព​ជាតិ​ខ្ពស់​ដោយ​ឈរ​លើ​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ប្រកាន់ខ្ជាប់​នូវ​ព្រហ្ម​វិហារធម៌​៤ គឺ​មេត្តា ករុណា មុទិតា និង ឧបេក្ខា​។​

​សូម​ជម្រាប​ថា​រដ្ឋសភា​នីតិកាល​ទី​៦ កើតចេញពី​ការបោះឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែល​មាន​គណបក្សនយោបាយ​ចំនួន​២០​ចូលរួម​។ ប្រជាពលរដ្ឋ​ច្រើន​លើសលុប​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ចំនួន​១២៥ ក្នុង​រដ្ឋសភា​នីតិកាល​ទី​៦​នេះ​។​

​បន្ទាប់ពី​ពិធី​បើក​សម័យប្រជុំ​ដំបូង​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ក្រោម​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ បានចាប់ផ្តើម ដំណើ​ការងារ​របស់​ខ្លួន​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធ​សមាជិក រដ្ឋសភា ដើម្បី ៖ (១) សម្រេច​អំពី​សុពលភាព នៃ​អាណត្តិ របស់​សមាជិក​នីមួយៗ និង (២) ការអនុម័ត​បទបញ្ជា​ផ្ទៃ ក្នុង​នៃ​រដ្ឋសភា នីតិកាល​ទី​៦​។​

​ដោយឡែក​សម្រាប់​ថ្ងៃ​បន្ទាប់​វិញ ពោល​គឺ​ថ្ងៃ​ទី​៦ ខែ​កញ្ញា រដ្ឋសភា​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង ក្បាលម៉ាស៊ីន​រដ្ឋសភា​រួមមាន​៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​ជំនាញ​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត ចំពោះ​ក្បាលម៉ាស៊ីន រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ផងដែរ​៕​ ​ដោយ ​៖​ កូឡាប​

 

 

 

 

     

spot_img
×