Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​មេដាយមាស​កីឡា​អាស៊ី ប្រកាស​រក​មេដាយមាស​បន្ថែមទៀត ជូន​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ម្ចាស់​មេដាយមាស ២ របស់​កម្ពុជា ពី​ការប្រកួត​កីឡា​អាស៊ី​លើក​ទី ១៨ នៅ​ឥណ្ឌូណេស៊ី ចំនួន​២​រូប បាន​ប្រកាស​ចំពោះ​អ្នកគាំទ្រ​របស់​ខ្លួន​ថា​នឹង​ដណ្តើម​មេដាយមាស​បន្ថែមទៀត ពី​ការប្រកួត​ក្នុង​កម្មវិធី​ធំៗ​លើក​ក្រោយ​ទៀត មក​ជូន​ជាតិ​មាតុភូមិ​កម្ពុជា​។

​កីឡាករ សាលី អូ​មើ​ត ដែល​មាន​វ័យ ២៦ ឆ្នាំ ឈ្នះ​មេដាយមាស និង សំរឹទ្ធ​ពី​កីឡា​ប្រណាំង​ម៉ូតូ​ទឹក ហើយ ខាន់ ចេសា ដែល​មាន​វ័យ​ត្រឹម ១៧ ឆ្នាំ ឈ្នះ​មេដាយមាស​ពី​ប្រភេទ​កីឡា ជី​ជិត​ស៊ូ​។ កីឡា​ករទាំង​២​រូប​នេះ​ជាមួយនឹង​ថ្នាក់ដឹកនាំ​កីឡា បាន​ទៅ​ទស្សនកិច្ច​ស្វែងយល់ និង​ជួប​អ្នកគាំទ្រ ជាមួយ​យុវជន នៅ​សាកលវិទ្យាល័យ AUPP កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​កីឡាករ សាលី អូ​មើ​ត បាន​ថ្លែងថា កីឡា​អ្វី​ក៏​ដោយ​ឲ្យតែ​យើង​តាំងចិ​ត្ត​ធ្វើ នោះ​នឹង​បានសម្រេច​ហើយ ។ កីឡាក​រូប​នេះ​ក៏​បាន​រំលឹក​ពី​ប្រវត្តិ​របស់​ខ្លួន​ថា ខ្ញុំ​ជា​ក្មេង​មួយរូប ដែល​មិន​ចូលចិត្ត​រៀនសូត្រ​នោះទេ ប៉ុន្តែ​ខ្ញុំ​បាន​ប្តេជ្ញា​ថា​នឹង​ធ្វើ​អ្វីមួយ ឲ្យមាន​ភាព​ប្រសើរ​ឡើង​ជាង​ការរៀនសូត្រ ហើយ​ការលេង​កីឡា​ក៏​មិន​បាន​ពូកែ​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​សម្រេចចិត្ត​ចូល​លេង​កីឡា​នេះ ក៏​ចេះតែ​លើក​មុខមាត់​របស់​ខ្ញុំ​ឲ្យ​កាន់តែ​ខ្ពស់​ឡើង ដោយ​ការតស៊ូ​របស់​ខ្ញុំ ទើបបាន​គេ​ទទួលស្គាល់​ខ្ញុំ “​។ អូ​មើ​ត បាន​ថ្លែងថា ក្រោយពី​ទទួលបាន​មេដាយមាស​ពី​ការប្រកួត​នេះ ខ្ញុំ​មាន​អារម្មណ៍​រំភើប និង​មាន​មោទកភាព​យ៉ាងខ្លាំង ជាមួយ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​បងប្អូន​ពុក​ម៉ែ និង​បងប្អូន​ជនរួមជាតិ​របស់​យើង ។ កាលពី​កន្លងមក ធ្លាប់​ទទួលបាន​មេដាយ​តំណាង​ឲ្យ​ក្លឹប តែ​មិន​មាន​ការរំភើប​នោះទេ តែ​ពេល​នេះ​មាន​អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​មាន​បងប្អូន​ប្រជាពលរដ្ឋ​មក​ហែរ​ហម ជា​ពិសេស​មាន​ការ​ហែរ​ក្បូន​ទៅ​វិមាន​សន្តិភាព ទៅ​ជួប​ជាមួយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​ទៅ​ជួប​ថ្នាក់ដឹកនាំ​កីឡា ដើម្បី​ដឹង​ពី​ប្រវត្តិ​ផ្ទាលខ្លួន របស់ខ្ញុំ ( អូ​មើ​ត ) និង ចេសា​។ កីឡាករ អូ​មើ​ត បាន​បន្ថែមថា “​ពិត​ប្រាកដ​ណាស់​ថា សម្រាប់​រូប​ខ្ញុំ និង​មាន​ជំរុញ​លើកទឹកចិត្ត និង​ឲ្យកម្លាំង​ចិត្ត ដល់​រូប​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ជា​កីឡាករ​ដ៏​ល្អ​មួយ​រូប ដើម្បី​ទៅ​ដណ្តើម​មេដាយមាស​នាពេលខាងមុខ​ទៀត មក​ជូន​ជាតិ​ខ្មែរ​យើង​ម្តងទៀត “​។

​កីឡា​ការិនី ខាន់ ចេសា បាន​ថ្លែងថា ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​មោទកភាព​ខ្លាំង​ដែល​ទទួល​មេដាយមាស​សម្រាប់​ប្រទេស​កម្ពុជា​។ នៅពេល​ដែល​សួរថា​នៅ​ពេល​ខាង​មុននេះ នឹង​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អូ​ឡាំ​ពិ​ច និង​អាស៊ី​បន្តបន្ទាប់​ទៀត តើ​គាត់​នឹង​ប្តេជ្ញា​ចូលរួម​ប្រកួត​តំណាង​កម្ពុជា​បន្ត​ទៀត​ទេ​? ចេសា បានបញ្ជាក់​ថា ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ទាំងនោះ​នាពេល​អនាគត ក្នុង​តំណែង​តំណាងឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ម្តង​ទៀត ហើយ​សង្ឃឹមថា​នឹង​ដណ្តើម​យក​មេដាយមាស​ជូន​កម្ពុជា​ម្តង​ទៀត​។ ចេសា បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ​របស់​យុវជន និង​ពលរដ្ឋ​កម្ពុជា​។

​ក្នុងឱកាស​នោះ​ដែរ លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូ​ឡាំ​ពិ​ច​កម្ពុជា បាន​មានប្រសាសន៍ថា ” តាមពិតទៅ អូ​មើ​ត ជា​ក្មេង​មកពី​ខេត្ត​ត្បូងឃ្មុំ ហើយ​គាត់​កាលពី​នៅ​រៀន គឺ​ជា​ក្មេង​ដែល​ឈ្លើយ​បំផុត​ហើយ ។ លោក​បន្តថា បើ​និយាយ​ឲ្យអស់​សាច់​រឿង​តែ​ម្តង អូ​មើ​ត ត្រូវបាន​ក្រុមគ្រួសារ​បណ្តេញចេញ​ពី​ផ្ទះ ហើយ​គាត់​ទៅ​រស់នៅ​ជាមួយ​ពូ​នៅ​ប្រទេស​ថៃ ដែល​ជា​អ្នក​លេងស្គី​ទឹក​។ គាត់​អផ្សុក ក៏​បាន​ទៅ​លួច​ហាត់​ជិះ​ម៉ូតូ​ស្គី និង​បាន​លួច​ទៅ​ប្រកួត​ថែមទៀត ហើយ​ប្រធាន​ក្លឹប​ក៏បាន​ងឿងឆ្ងល់​ថា​ទៅ​ហាត់​ជិះ​ម៉ូតូ​ស្គីពី​ពេលណា ទើប​បាន​ចេះ ហើយ​ជិះ​វ៉ា​គេ​ដាច់ៗ​ៗ ពីព្រោះ​ថា​កីឡា​ម៉ូតូ​ស្គីទឹ​ក​នេះ​មិន​ងាយ​វ៉ា​គេ​បានទេ បើ​យើង​ជិះ​ពីក្រោយ ព្រោះ​មាន​ទឹករលក​ខ្លាំងណាស់ ហើយ​ប្រឡង​ជាប់​ជ័យលាភី​ថែម​ទៀត ។ ជាមួយគ្នា​នោះ ប្រធាន​ក្លឹប​ក៏​បាន​សួរ អូ​មើ​ត​ថា ឯង​ទៅ​ហាត់​នៅទីណា បាន​ប្រកួត​ឈ្នះ​គេ ហើយ​ពេលនេះ​អូ​មើ​ត​បាន​ឆ្លើយថា ខ្ញុំ​បាន​លួច​ហាត់​នៅ​កន្លែង​យើង​នឹង ។ ដូច្នេះ​គេ​បាន​មើលឃើញ​ថា គាត់​ជា​មនុស្ស​មាន​ទេពកោសល្យ​ខ្ពស់ ហើយ​នឹង​អាច​ជា​ឧបនិស្ស័យ​ផង​ក៏​មិនដឹង​ដែល​គាត់​ជា​ក្មេង​រពឹស ទើប​ប្រធាន​ក្លឹប​ដាក់​គាត់​ឲ្យចូល​ហ្វឹកហាត់ ក្នុង​រយៈពេល​ប្រហែល​២​ឆ្នាំ ទើប​ទទួលបាន​មេដាយ​កំរិត​ពិភពលោក ។ លោក​អគ្គលេខាធិការ បានបញ្ជាក់​ថា ជីវិត​របស់​គាត់ នៅពេលនេះ បាន​ផ្លាស់ប្តូរ​ទាំង​ស្រុង ហើយ​មាន​អ្វីៗ​ទាំងអស់ ។ នៅពេល​នេះ​លុយ​កាត់​សម្រាប់​គាត់ មិន​សំខាន់​នោះទេ គឺ​សំខាន់​កិត្តិយស ដោយ​បាន​ផ្លាស់ប្តូរ​ជីវិត​គាត់​ពី​ក្មេង​ពាល មក​ជា​ក្មេង​ដែល​មាន​កិត្តិយស​នៅក្នុង​ប្រទេស​យើង ដោយសារ​ការលេង​កីឡា ។ កីឡា​ជា​អាជីព ដែល​អាច​ផ្តល់​សេចក្តីសុខ​ឲ្យ​យើង និង​មាន​អនាគត ហើយ​នៅ​ស្រុក​គេ​តម្លៃ​កីឡា​ខ្ពស់​ណាស់ ប៉ុន្តែ​នៅ​ស្រុក​យើង ទើប​តែ​នឹង​ចាប់ផ្តើម ហើយ​ជាពិសេស​ប្រកាន់​នូវ​ប្រពៃណី​មាន​ការគាបសង្កត់​ច្រើន ដោយ​មិន​អនុញ្ញាត​ឲ្យ​ស្ត្រី​ទៅលេង​កីឡា​។ ចេសា និង​សៀវ​ម៉ី បានបង្ហាញ​និង​លុបបំបាត់​នូវ​ប្រពៃណី​ខ្មែរ ដែល​មិន​អនុញ្ញាត​ឲ្យ​កូនស្រី​ទៅលេង​កីឡា​នោះទេ ហើយ​ឥឡូវនេះ​សង្គម​យើង​បាន​ប្រែប្រួល​ហើយ និង​បាន​ផ្តល់​ជីវិត​ថ្មី​តាមរយៈ​ការលេង​កីឡា ។ កីឡា​ជា​អាជីព​មួយ​ចេញ​ពី​សមត្ថភាព​ខ្លួនឯង គឺ​មិនមែន​ជា​អាជីព​មួយ​អាស្រ័យ​លើ​អ្នក​ដទៃ​ទេ​។ កីឡា កើតចេញ​ពី​សមត្ថភាព​ខ្លួនឯង ហើយ​អ្វី​ដែល​ខ្លួន​ឯង​ធ្វើ​បាន​ល្អ នឹង​ទទួលបាន​ផល​ល្អ​។​

​ក្រោយ​ជ័យជម្នះ​នេះ កីឡា​ការិនី ខាន់ ចេសា ដែល​មាន​ឳ​ពុក​ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​និយាយថា “​ខ្ញុំ​ពិតជា​រំភើប​មែនទែន ហើយ ខ្ញុំ​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​ត្រឡប់​ទៅ​ក​​ម្ពុ​ជា​។ យើង​ឆ្ពោះទៅរក​ភាពជោគជ័យ​បន្ថែមទៀត “​។​

​ខាន់ ចេសា ថ្លែងថា ៖ “​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ធ្វើ​បាន​ល្អ ហើយ​ខ្ញុំ​សប្បាយចិត្ត​ដែល​បញ្ចប់​ទៅ​ភាពជោគជ័យ​បែបនេះ​។ ខ្ញុំ​ធ្វើ​បាន​ល្អ​សម្រាប់​គ្រួសារ សម្រាប់​ប្រទេស​ដែល​ខ្ញុំ​មាន​មោទកភាព​ដើម្បី​បង្ហាញ​ឲ្យគេ​ដឹង​។

​សម្ដេច​តេជោ ហ៊ុន សែន ៖ យើង​ត្រូវ​ការជោគជ័យ​បន្ថែមទៀត​។ សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​បែប​នេះ​ក្នុងឱកាស​អនុញ្ញាត​ឲ្យ​ប្រតិភូ​-​កីឡាករ​ចូលជួប​សម្ដែង​ការគួរសម​នៅ​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃ​ទី​៣ កញ្ញា​៖ “​យើង​ពិតជា​មាន​មោទនភាព​ចំពោះ ចៅ ស្រី ខាន់ ចេសា ដែល​មាន​ឳ​ពុក​ជា​ខ្មែរ និង​ម្ដាយ​ជនជាតិ​ម៉ិក​ស៊ិក​តែ​សញ្ជាតិ​អាមេរិក​។ តា​សុំ​ផ្ញើ​ការ​នឹករលឹក​ដល់​ឳ​ម្ដាយ​ចៅស្រី​ផង​។ ហើយ​យើង​មាន​មោទនភាព​ចៅស្រី​ដែល​ធ្លាប់​ឈ្នះ​មេដាយ​ច្រើន​កន្លងមក ព្រម​មក​ប្រកួត​ឲ្យ​កម្ពុជា​។ ជាមួយគ្នានេះ ដល់​កីឡាករ សាលី អូ​មើ​ត ដែល​ខំប្រឹង​រហូត​ដល់​ទទួល​បាន​ជ័យជម្នះ​។ នេះ​ជា​ការបង្កើត​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​កម្ពុជា ដោយ​គ្មាន​អ្នកណា​នោះ​ពោល​ផ្ដើមចេញពី​យើងទាំងអស់គ្នា​ទាំង​ឆ្នាំ ១៩៥៤​។ ខ្ញុំ​សូម​អរគុន​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​រួម​ទាំង​កីឡាករ និង គ្រូបង្វឹក​។ សម្ដេច​សង្កត់ធ្ងន់​ថា “​យើង​មិន​ត្រូវ​បញ្ចប់​ត្រឹមហ្នឹង​ទេ ដូច្នេះ​គ្រប់​សហព័ន្ធ​ត្រូវ​ខំ​ប្រឹង​ទៀត យើង​ត្រូវការ​មេដាយ​ច្រើន​ទៀត​”​។​

​កីឡា​ការិនី ខាន់ ចេសា ម្ចាស់​មេដាយមាស​កីឡា​អាស៊ី Asian Games 2018 ត្រូវបាន​ក្រុមគ្រួសារ មាន​ទាំង​លោកយាយ​-​លោកយាយ​ទូត និង​ឪពុក​ម្ដាយ ប្រកាស​គាំទ្រ និង​លើកទឹកចិត្ត​កញ្ញា បន្ដ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា តំណាង​ប្រទេស​កម្ពុជា ដើម្បី​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ​បន្ថែមទៀត គ្រា​ដែល​សាមីខ្លួន បាន​អះអាង​ថា កញ្ញា​បាន​ត្រៀម​លក្ខណៈសម្បត្តិ​ហើយ​ជា​ស្រេច ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​ធំៗ​នានា ពិសេស​កីឡា​ស៊ី​ហ្គេម SEA-Games លើក​ទី​៣០ នៅ​ហ្វីលីពីន នា​ឆ្នាំ​២០១៩ ក្នុងនាម​កីឡាការិនី​ជឺជិត​ស៊ូជម្រើ​ស​ជាតិ​កម្ពុជា​។​

​ក្រោយ​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ក្នុងឱកាស​អបអរសាទ​រ​ម្ចាស់​មេដាយមាស Asian Games នៅ​វិមាន​សន្ដិភាព​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែ​កញ្ញា លោកស្រី ខួ​ន ប៉ា​ច ត្រូវជា​យាយ​ទូត និង​លោកស្រី សាមួន ខាន់ ម៉ា​នារី យាយ​បង្កើត​របស់​កញ្ញា ខាន់ ចេសា និង​ក្រុមគ្រួសារ រួម​ទាំង​ក្រុម​គ្រួសារ​របស់​វីរ​កីឡាករ សាលី អ៊ូ​មើ​ត និង​គ្រូបង្វឹក បាន​ជួប​សំណេះសំណាល ជាមួយ​លោក​បណ្ឌិត ថោង ខុន និង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ហើយ​លោកយាយ​-​លោកយាយ​ទូ​តរបស់ ចេសា បាន​សម្ដែង​នូវ​ការ​ត្រេកអរ និង​មាន​មោទកភាព​ជាខ្លាំង ចំពោះ​ចៅស្រី ដែល​ដណ្ដើម​បាន​មេដាយមាស​ជូន​ប្រទេស​កម្ពុជា​។

ម្ចាស់ជើងឯកមេដាយមាស ទាំង២របស់កម្ពុជា ដែលទើបដណ្តើម បានមេដាយមាស២គ្រឿង និងសំរឹទ្ធិមួយគ្រឿង ក្នុងការប្រកួត ​កីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ត្រូវ​បានអញ្ជើញឲ្យទៅទស្សនា និងចែករំលែកបទពិសោធន៍ ក្នុងការប្រកួតដណ្តើម មេដាយមាស ជូនកម្ពុជា ជាមួយនិស្សិត សាស្រ្តាចារ្យ និងគណៈគ្រប់គ្រង នៅសាកលវិទ្យាល័យ AUPP រាធានីភ្នំពេញ។

ក្រោយពីបានទស្សនាបរិក្ខារសិក្សា និងតារាងបាល់ទាត់ទំហំ FIFA កីឡាការិនី ខាន់ ចេសា ម្ចាស់មេដាយមាសកីឡាជឺជិតស៊ូ និងកីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាប្រណាំងម៉ូតូទឹក និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិក បានទទួលការ ស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់សាកលវិទ្យាធិការ សាកលវិទ្យាធិការង សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យ AUPP។

លោកសាស្រ្តាចា្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ AUPP បានថ្លែងថា AUPP សូមចូលរួមអបអរសាទរ ចំពោះស្នាដៃដ៏ថ្លៃថ្លា របស់ក្មួយៗទាំង២ សម្រាប់កម្ពុជា។ នេះបញ្ជាក់ឱ្យឃើញថាកម្ពុជា មានធនធានប្រកប ដោយសក្តានុពល ជាច្រើន សម្រាប់ការប្រកួតប្រជែងផ្សេងៗ នៅលើឆាកអន្តរជាតិ។

ក្នុងការទស្សនាសាកលវិទ្យាល័យដែលធំ ហើយប្រណីតជាងគេ នៅកម្ពុជានេះដែរ កីឡាការិនី ចេសា បានថ្លែងទៅកាន់និស្សិត សាកលវិទ្យាល័យ AUPP ថា មេដាយមាសដែលខ្លួន ទទួលបានមកនេះ មិនមែនសម្រាប់តែខ្លួន និងក្រុមគ្រួសារប៉ុណ្ណោះទេ តែសម្រាប់មុខមាត់កម្ពុជាទាំងមូល។

ក្នុងបរិបទអប់រំវិញ AUPP បានកំពុងចូលរួមយ៉ាងសកម្ម ក្នុងការផ្តល់ការអប់រំ ប្រកបដោយគុណភាពខ្ពស់បំផុត ដែលមានការ ប្រកួតប្រជែង ទាំងក្នុងស្រុកនិងក្រៅស្រុក។ AUPP ក៏ចូលរួមលើកទឹកដល់និស្សិត មាតាបិតា និងអាណាព្យាបាល ចូលរួមលើកកម្ពស់ វិស័យកីឡានៅកម្ពុជា​ឱ្យបានកាន់តែប្រសើរ។

AUPP មិនត្រឹមតែផ្តល់នូវការអប់រំដ៏ល្អទេ ថែមទាំងអនុញ្ញាត ឱ្យនិស្សិតចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពកីឡា តាមរយៈក្លឹបកីឡាជាច្រើន៕ដោយ ​៖ ​កូឡាប​

    

spot_img
×