Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​៖ អ្នកសារព័ត៌មាន​ត្រូវ​រាយការណ៍​ព័ត៌មាន​ពិត ជាក់ស្តែង ទៅតាម​ស្ថានភាព វិវឌ្ឍន៍​របស់​សង្គម ប្រកបដោយ ការទទួលខុសត្រូវ​ខ្ពស់​

spot_img

​ភ្នំពេញ​៖ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា លើក​ទី​១៤ ក្រោម​ប្រធានបទ​៖ “​សេរីភាព និង​ការទទួលខុសត្រូវ​រប​ស់​សារព័ត៌មាន ដើម្បី​លើកស្ទួយ ប្រជាធិបតេយ្យ សន្តិភាព និង​ការអភិវឌ្ឍន៍​” ដែល​បាន​រៀបចំឡើង​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​សាន់វ៉េ ដែលមាន​តំណាង​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ទូរទស្សន៍ កាសែត គេហទំព័រ ប្លុក និង​ហ្វេ​ស​ប៊ុ​ក​ផេ​ក ជាដើម​ចំនួន ៤៥ បាន​សេចក្តីថ្លែងការណ៍​រួមមួយ ក្នុង​គោលបំណង​លើកកម្ពស់ ក្រមសីលធម៌​វិជ្ជាជីវៈ សារព័ត៌មាន និង​តួនាទី​សារព័ត៌មាន ក្នុងការ​ចូលរួមចំណែក កសាង​សង្គម​ប្រជាធិបតេយ្យ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការកសាង សន្តិភាព​សង្គម​កម្ពុជា។

​សេចក្តីថ្លែងការណ៍​រួម របស់​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា (​វ​.​ន​.​ស​.​ក​) ដែលមាន​ចំនួន ៩ ចំណុច​ធំៗ​នោះ មាន​ខ្លឹមសារ​ថា “​ថ្ងៃនេះ គឺ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ យើងទាំងអស់គ្នា ជា​និពន្ធ​នាយក និង​ជា​តំណាង នៃ​សារព័ត៌មាន​ផ្នែក​បោះពុម្ព ផ្នែក​ផ្សាយ​តាម​រលកអាកាស ព្រមទាំង​អន​ឡាញ (Online) មាន​ចំនួន​៧៦​រូប តំណាង​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ចំនួន ៤៥ ដូច​មាន​បញ្ជី​ឈ្មោះ និង​ហត្ថលេខា​ភ្ជាប់​មកជា​មួយ​សេចក្តីថ្លែងការណ៍​រួម​នេះ បាន​ជួបជុំគ្នា​ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា (​វ​.​ន​.​ស​.​ក​) លើក​ទី​១៤ ដើម្បី​ពិភាក្សា​ប្រធានបទ​ស្តីពី “​សេរីភាព និង​ការទទួលខុសត្រូវ របស់​សារព័ត៌មាន ដើម្បី​លើកស្ទួយ​ប្រជាធិបតេយ្យ សន្តិភាព និង​ការអភិវឌ្ឍ​”​។ សេចក្តីថ្លែងការណ៍​រួម​នេះ មាន​គោលបំណង លើកកម្ពស់​ក្រមសីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន និង​តួនាទី​សារព័ត៌មាន ក្នុងការ​ចូលរួមចំណែក កសាង​សង្គម​ប្រជាធិបតេយ្យ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការកសាង សន្តិភាព​សង្គម​កម្ពុជា តាមរយៈ​ការរាយការណ៍​ព័ត៌មាន​ពិត ជាក់ស្តែង ទៅតាម​ស្ថានភាព​វិវឌ្ឍន៍​របស់​សង្គម ប្រកបដោយ ការទទួលខុសត្រូវ​ខ្ពស់​។​

​ឆ្លងតាម​ការពិភាក្សា​លើ​ប្រធានបទ​នេះ វ​.​ន​.​ស​.​ក សរុប​បាន​នូវ​បញ្ហា ទស្សនៈវិស័យ បទពិសោធន៍ និង​អនុសាសន៍​ជាច្រើន ដែល​ក្នុងនោះ វ​.​ន​.​ស​.​ក សម្រេច​នូវ​គោលការណ៍ និង​ការទទួលខុសត្រូវ​មួយចំនួន​ដូចខាងក្រោម​៖

១. វ​.​ន​.​ស​.​ក ផ្តល់​តម្លៃ​ខ្ពស់​ដល់​សេរីភាព​សារព័ត៌មាន ពីព្រោះ​វា​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​បំពេញវិជ្ជា ជីវៈ​របស់​អ្នកសារព័ត៌មាន​ក្នុងការ​ផ្តល់ព័ត៌មាន​ស​ម្បូ​រ​បែប និង​មាន​តុល្យភាព​ដល់​មហាជន​។ ក្នុងន័យនេះ អ្នកសារព័ត៌មាន​ត្រូវខិតខំ​ការពារ​ឲ្យ​បាន​នូវ​សេរី​ភាពជា​មូលដ្ឋាន​នេះ​ទោះ​ក្នុងស្ថានភាព​ណាក៏ដោយ​។​

២. វ​.​ន​.​ស​.​ក យល់ឃើញថា អ្នកសារព័ត៌មាន​ត្រូវបំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ដោយ​សេរី ស្របតាម​មនសិកា​វិជ្ជាជីវៈ ដើម្បី​លើកកម្ពស់​តម្លៃ​សារព័ត៌មាន នៅ​កម្ពុជា​ពិតប្រាកដ​។ ក្នុងន័យនេះ អ្នកសារព័ត៌មាន ដែល​ប្រកបការងារ តាម​វិជ្ជាជីវៈ​ត្រឹមត្រូវ គួរ​ត្រូវបាន​លើកទឹកចិត្ត និង​ទទួលបាន​ការការពារ ក្នុងការ​បំពេញការងា​រ ដោយ​ចៀស​ផុតពី​សម្ពាធ ឬ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ​។​

៣. វ​.​ន​.​ស​.​ក យល់ឃើញថា សារព័ត៌មាន​មាន​តួនាទី​សំខាន់ ចាំបាច់ មិនអាច​ខ្វះ​បាន ក្នុងសង្គម​ប្រជាធិបតេយ្យ​។ គ្មាន​សារព័ត៌មាន គ្មាន​ប្រជាធិបតេយ្យ និង​គ្មាន​យន្តការ​ធានា​ឲ្យ​មាន​តម្លាភាព​ក្នុងសង្គម ឡើយ​។ វ​.​ន​.​ស​.​ក លើកទឹកចិត្ត ឲ្យ​មាន​ស្ថាប័ន​សារព័ត៌មាន​ច្រើន ក្នុងប្រទេស​កម្ពុជា ដើម្បី​ធានា​ភាព​ចម្រុះ​នៃ​ព័ត៌មាន និង ភាព​ចម្រុះ នៃ​ការបញ្ចេញមតិ​។​

៤. វ​.​ន​.​ស​.​ក យល់ឃើញថា ដើម្បី​ពង្រឹង​សេរីភាព​សារព័ត៌មាន នៅ​កម្ពុជា អ្នកសារព័ត៌មាន ឬ​ស្ថាប័ន​សារព័ត៌មាន​នីមួយៗ ត្រូវផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ បន្ថែមទៀត លើ​ការទទួលខុសត្រូវ ចំពោះ​សេចក្តីរាយការណ៍​ព័ត៌មាន របស់ខ្លួន ដើម្បី​ធានាថា ជា​ព័ត៌មាន​ពិត គោរព​បាន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ និង​មិនមែន​ធ្វើឡើង ក្នុង​ចេតនា​អាក្រក់​ណាមួយ ឬ​ក្នុង​គោលដៅ​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

៥. វ​.​ន​.​ស​.​ក យល់ឃើញថា អ្នកសារព័ត៌មាន ឬ​ស្ថាប័ន​សារព័ត៌មាន​គួរ​ធ្វើជា​គំរូ​គេ ក្នុង​ការគោរព​ច្បាប់​ជា​ធរមាន និង​ការបំពេញ​កាតព្វកិច្ច​ផ្សេងៗ ដែល​ច្បាប់​បាន​តម្រូវ ដើម្បី​លើក​តម្លៃ​ខ្លួនឯង ចៀសវាង​បញ្ហា​កើតមាន​ជាយថាហេតុ​ណាមួយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ស្ថាប័ន​សារព័ត៌មាន​។​

៦. វ​.​ន​.​ស​.​ក យល់ឃើញថា ក្នុង​បរិបទ ដែល​ប្រទេស​កម្ពុជា ធ្លាប់​ឆ្លងកាត់​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ហើយ​កំពុង​ត្រូវការ​អភិវឌ្ឍន៍​ឆ្ពោះទៅមុខ សារព័ត៌មាន​ត្រូវ​ចូលរួម​កសាង​វប្បធម៌​សន្តិភាព អហិង្សា និង​ការរិះគន់​បែប​ស្ថាបនា និង​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ​។​

៧. វ​.​ន​.​ស​.​ក យល់ឃើញថា អ្នកសារព័ត៌មាន​គួរ​បង្កើន​ការប្រុងប្រយ័ត្ន ពិនិត្យ​ពិ​ច្ច័​យ ផ្ទៀងផ្ទាត់ និង​ថ្លឹងថ្លែង មុន​ចេញផ្សាយ​ដើម្បី​ធានាថា ព័ត៌មាន​របស់ខ្លួន​ពិត និង​មិន​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ មិន​បំពាន​សិទ្ធិ​អ្នកដទៃ និង​មិន​បំពាន​ច្បាប់ ។​ល​។ គឺជា​កិច្ចការ​របស់​អ្នកសារព័ត៌មាន គឺ​មិនមែនជា​ការខ្លាច ឬ​មិនមែនជា​ការបាត់បង់​សិទ្ធិ សេរីភាព​នោះទេ​។ ផ្ទុយទៅវិញ ការ​បង្ហាញថា ខ្លួន​ហ៊ាន​និយាយ តែ​ជាការ​និយាយ​មិន​ទទួលខុសត្រូវ ឬ​និយាយ​ក្នុង​ចេតនា​បង្ខូច​បង្កាច់​អ្នកដទៃ មិន​ចាត់ទុកជា​ភាពក្លាហាន​របស់​អ្នកសារព័ត៌មាន​ឡើយ​។​

៨. វ​.​ន​.​ស​.​ក គាំទ្រ​រាល់​គំនិត​ផ្តួចផ្តើម ដែល​និយាយ​អំពី​សារព័ត៌មាន​សន្តិភាព ហើយ​យើង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​បណ្តុះ​គំនិត​សន្តិភាព និង​អហិង្សា​នៅក្នុង​សង្គម​កម្ពុជា​ដើម្បី​លើកកម្ពស់​សន្តិភាព ទាំ​
ង​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ​។​

៩. វ​.​ន​.​ស​.​ក សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​ដល់ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា​លើក​ទី​១៤ ក្នុងនោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ជំហរ​ថា រាជរដ្ឋាភិបាល​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុងការ​លើកស្ទួយ​សេរីភាព​សារព័ត៌មាន និង​ចាត់ទុក​សារព័ត៌មាន​ជា​ដៃគូ​សំខាន់ ក្នុង​ការជំរុញ​ការអភិវឌ្ឍ ប្រទេស​ប្រកបដោយ​តម្លាភាព និរន្តរភាព និង​ការទទួលខុសត្រូវ​។ វ​.​ន​.​ស​.​ក សូម​ស្វាគមន៍​ចំពោះ​ជំហរ​របស់​រាជរដ្ឋាភិបាល​”៕ ដោយ​៖​កូ​ឡាប​

spot_img
×