Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អ្នក​តំណាងរាស្ត្រ​ចំនួន ១២៥​រូប នៃ​រដ្ឋសភា​នីតិកាល​ទី​៦ សច្ចាប្រណិធាន និង​ផឹកទឹកសម្បថ ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​

spot_img

​ភ្នំពេញ​ ៖ នា​វេលា​រសៀល​ថ្ងៃ​ពុធ ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ តំណាងរាស្ត្រ​ទាំង ១២៥​រូប បាន​ចូល​ទៅ​កាន់​ព្រះបរមរាជវាំង ធ្វើ​ពិធី​សច្ចាប្រណិធាន និង​ផឹកទឹកសម្បថ នៅ​ចំពោះ​ព្រះ​ភក្ត្រ​មហាក្សត្រ រួចរាល់​ហើយ មុននឹង​ចាប់ផ្តើម​បំពេញ​ការងារ​របស់​ខ្លួន​។
​ដោយឡែក​សម្រាប់​ថ្ងៃ​ទី​៦ ខែ​កញ្ញា រដ្ឋសភា​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​រដ្ឋសភា​រួមមាន​៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​ជំនាញ​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​ក្បាលម៉ាស៊ីន​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ផងដែរ​។​

​បើ​តាមផេ​ក​របស់​ព្រះបរមរាជ​វាំង បានបញ្ជាក់​ថា “​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ស្ដេចយាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត នៃ​ពិធី​សច្ចាប្រណិធាន​របស់​អ្នក​តំណាងរាស្ត្រ​ចំនួន ១២៥​រូប នៃ​រដ្ឋសភា​នីតិកាល​ទី​៦ នា​ព្រះទីនាំង​ទេ​វា​វិនិច្ឆ័យ ព្រះបរមរាជវាំង “​។​

​ពាក្យពេចន៍​សច្ចាប្រណិធាន​ទាំងស្រុង ដែល​អ្នកតំណាងរាស្ត្រ​ទាំងអស់​នឹង​ត្រូវ​សូត្រ​តាម​សម្តេចព្រះសង្ឃរាជ​៖ “​ទូលព្រះបង្គំ យើងខ្ញុំ ប្រធាន អនុប្រធាន និង​សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ធ្វើ​សច្ចាប្រណិធាន នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេចព្រះសង្ឃរាជ និង​ទេវតា​រក្សា​ស្វេតច្ឆត្រ​ដូចតទៅ​។ ក្នុងពេល​ប្រតិបត្តិការ​តាម​មុខ​តំណែង​ខ្លួន និង​ក្នុង​ការ​បំពេញបេសកកម្ម ដែល​ប្រជារាស្ត្រ​កម្ពុជា បាន​ប្រគល់​ជូន​ចំពោះ​ទូលព្រះបង្គំ​យើងខ្ញុំ​គ្រប់ៗ​រូប ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ បម្រើ​ជា​និច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​ផលប្រយោជន៍​របស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​។ ទូល​ព្រះ​បង្គ​ម​យើងខ្ញុំ សូម​សច្ចា​ថា មិន​កេងប្រវ័ញ្ច​នូវ​ផលប្រយោជន៍​ជាតិ សម្រាប់​ផ្ទាល់ខ្លួន ឬ​សម្រាប់​គ្រួសារ ឬ​សម្រាប់​បក្ខពួក ឬ​សម្រាប់​ភាគី​រៀងៗ​ខ្លួន​ឡើយ​។

ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​ប្តូរផ្តាច់​ហ៊ាន​បូជា​ជីវិត ដើម្បី​ការពារ​ជានិច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត​នូវ​ឯករាជ្យភាព​ទាំងស្រុង​នៃ​មាតុភូមិ​កម្ពុជា អធិបតេយ្យភាព​ជាតិ​ពេញបរិបូរណ៍ បូរណភាព​ទឹកដី​ដ៏​ត្រឹមត្រូវ​តាមច្បាប់ នៅក្នុង​ព្រំដែន​ដីគោក និង​ព្រំដែន​សមុទ្រ ដែល​កម្ពុជា​ធ្លាប់​មាន​ក្នុង​ជំនាន់​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៦៩ ឯកភាព​ជាតិ ហើយ​មិន​អនុញ្ញាត​ឲ្យមាន​ការបែ​ង​ចែក ឬ​ការធ្វើ​អបគមន៍​ណាមួយ​ឡើយ​។ ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​រក្សា​ទុក​ជា​និច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​អព្យាក្រឹតភាព និង​ភាព​មិន​ចូល​បក្សសម្ព័ន្ធ​សម្រាប់​កម្ពុជា ហើយ​មិន​អនុញ្ញាត​ជា​ដាច់ខាត​ឲ្យ​ជន​ណា​ក៏​ដោយ ដែល​ចង់​ជ្រៀតជ្រែក​ចូល​ក្នុង​ផ្ទៃក្នុង​នៃ​កម្ពុជា ឬ​មក​បង្គាប់បញ្ជា ចំពោះ​គោលនយោបាយ​ជាតិ និង​អន្តរជាតិ​របស់​កម្ពុជា​បានឡើយ​។ ទូលបង្គំ​យើងខ្ញុំ មិន​បម្រើ​ជា​ដាច់ខាត​នូវ​ផលប្រយោជន៍​បរទេស ហើយ​ធ្វើឲ្យ​ខូចខា​តដល់​ផលប្រយោជន៍រ​បស់​ប្រជារាស្ត្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ឡើយ​។ ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងឡាយ​លើ​ផ្ទៃរាប​ជាតិ និង​អន្តរជាតិ ទូលព្រះបង្គំ​យើងខ្ញុំ នឹង​បំបាត់ចោល​ទាំងស្រុង​នូវ​អំពើហឹង្សា​គ្រប់​បែបយ៉ាង​។ ប៉ុន្តែ​ព្រះរាជាណាចក្រ​កម្ពុជា សូម​រក្សាទុក​នូវ​សិទ្ធិ​កាន់​អាវុធ​តស៊ូ​ប្រឆាំង​នឹង​ការរំលោភ​ឈ្លានពាន​មកពី​ក្រៅ ដើម្បី​ការពារ​ជាតិ​មាតុភូមិ​ខ្លួន​។ ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​គោរព​ជានិច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​លទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែល​មាន​របប​សភា និង​ពហុបក្ស ព្រមទាំង​មាន​ការគោរព​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សិទ្ធិមនុស្ស ដូច​មានចែង​ក្នុង​សេចក្តីប្រកាស​ជា​សកល​ស្តីអំពី​សិទ្ធិ​មនុស្ស​។ ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្តេជ្ញា​តស៊ូ​ប្រឆាំង​អំពើពុករលួយ​គ្រប់បែបយ៉ាង ប្រឆាំង​អយុត្តិធម៌​សង្គម ហើយ​តស៊ូ​ដើម្បី​ផ្សះផ្សា​ជាតិ ដើម្បី​ឯកភាព​ជាតិ ដើម្បី​សន្តិភាព​សង្គម និង​សន្តិភាព​ជាតិ ដើម្បី​ភាព​សម្បូរ​សប្បាយ​នៃ​ប្រជារាស្ត្រ​កម្ពុជា និង​ដើម្បី​រក្សា​ភាពរុងរឿង​ថ្កើងថ្កាន​នៃ​មាតុភូមិ​កម្ពុជា ជាទី​គោរព​សក្ការៈ និង​ជាទី​ស្នេហា​នៃ​ទូលបង្គំ​យើងខ្ញុំ​គ្រប់រូប​”៕ ដោយ ៖ កូឡាប

spot_img
×