Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​មណ្ឌលគិរី ព្រមាន​ដល់​ប្រធាន​មន្ទីរ​អង្គភាព ដែល​អវត្តមាន​៣​ដង​គ្មាន​ច្បាប់ មិន​ចូលរួម​ប្រជុំ​សំខាន់ៗ របស់​រដ្ឋបាល​ខេត្ត នឹង​ធ្វើ​លិខិត​ស្នើ​ទៅ​រដ្ឋមន្ត្រី​

spot_img

​ខេត្ត​មណ្ឌលគិរី​ ៖ ដើម្បី​ពង្រឹង​របៀបរបប​ការងារ របស់​រដ្ឋបាល​ខេត្ត​ឱ្យមាន​ប្រសិទ្ធភាព លោក ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​ក្រើនរំលឹក​ដល់​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អភិបាល​ក្រុង ស្រុក ណា​ដែល​មិនបាន​ចូលរួម​ប្រជុំ​ប្រចាំខែ ឬ​ប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត អវត្តមាន​រយៈពេល​៣​ដង គ្មាន​ច្បាប់ នឹង​ធ្វើ​លិខិត​ស្នើ​ទៅ​រដ្ឋមន្ត្រី ។ លោក​បាន​ថ្លែងថា​ប្រធាន​មន្ទីរ​អង្គភាព​ណា ដែល​អវត្តមាន​រយៈពេល​៣​ដង គ្មាន​ច្បាប់ មិនបាន​ចូលរួម​ប្រជុំ​ទេ ក្នុងពេល​កិច្ចប្រជុំ​បន្តបន្ទាប់​ទៀត​។​

​លោក​បាន​មានប្រសាសន៍ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​ខេត្ត ឆ្នាំ​ទី​៥ អាណត្តិ​ទី​២ នៅ​សាលប្រជុំ​អគារ​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

លោក អភិបាលខេត្ត បានបញ្ជាក់​ថា កន្លងមក​ឃើញថា ប្រធាន​មន្ទីរ​អង្គភាព​មួយ​ចំនួន មិនសូវ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន ជាពិសេស ពេល​ប្រជុំ​ប្រចាំខែ របស់​គណៈ​អភិបាលខេត្ត និង​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត ដែល​តែងតែ​ឱ្យ​អនុប្រធាន ឬ​មន្ត្រី ឱ្យមក​ចូលរួម​ប្រជុំ ហើយ​ក្តាប់​ការងារ​អត់​បាន ដែល​ធ្វើឱ្យ​ពិបាក​ដោះស្រាយ​។ ដូច្នេះ លោក​អភិបាលខេត្ត បាន​ក្រើនរំលឹក​ប្រធាន​មន្ទីរ​អង្គភាព​ទាំងអស់ ព្រោះ​កិច្ចប្រជុំ​ខាងលើនេះ ដែល​ចាំបាច់​ឱ្យ​ប្រធាន ឬ​អនុប្រធាន​មន្ទីរ​ណា​ដែល​ក្តាប់​ការងារ​បាន​ច្បាស់លាស់ ដើម្បី​ត្រួតពិនិត្យ វាយតម្លៃ និង​ឆ្លុះបញ្ចាំង​អំពី​សមិទ្ធផល​ការងារ និង​បញ្ហា​ប្រឈម​នានា ក្នុង​ការដោះស្រាយ​រួម​គ្នា​។ ជាងនេះទៅទៀត លោក អភិបាលខេត្ត “​បាន​ស្នើ​ឱ្យ នាយក​រដ្ឋបាលខេត្ត ត្រូវ​ស្រង់​ឈ្មោះ​ប្រធាន​មន្ទីរ​ណា​មួយ​អវត្តមាន​៣​ដង គ្មាន​ច្បាប់ គ្មាន​បេសកម្ម មិនបាន​ចូលរួម​ប្រជុំ​សំខាន់ៗ​របស់​រដ្ឋបាល​ខេត្ត នឹង​សរសេរ​លិខិត​ផ្ញើជូន​ទៅ​រដ្ឋមន្ត្រី​”​។​

លោក ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ណែនាំ និង​ជំរុញ​បន្ថែម​ដល់​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព និង​អាជ្ញាធរ​ក្រុង​ស្រុក រួម​ទាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន​បន្ថែ​ម​ទៀត ជាពិសេស លើ​ការងារ​ផ្តល់​សេវា​សាធារណៈ​ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ធ្វើ​យ៉ាងណា ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើឱ្យ​ខេត្ត​មណ្ឌលគិរី ប្រែ​មុខមាត់​ថ្មី​បន្ថែម​ទៀត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×