Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់​ដឹកនាំ​រដ្ឋសភា និង​រាជរដ្ឋាភិបាល សច្ចាប្រណិធាន​ចូលកាន់​តំណែង នៅ​មុខ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​

spot_img

​ភ្នំពេញ ​៖ បន្ទាប់ពី​បាន​អនុម័ត​បង្កើត​ក្បាល​ដឹកនាំ​រដ្ឋសភា និង​រាជរដ្ឋាភិបាល​រួចហើយ រសៀល​ថ្ងៃ​ទី​៦​ខែកញ្ញា​នេះ ទាំង​នាយក​រដ្ឋមន្ត្រី និង​សមាជិក​រាជរដ្ឋាភិបាល​ទាំងអស់ នឹង​អញ្ជើញ​ចូល​ទៅ​កាន់​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង នៅ​មុខ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​។​

​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា បាន​ដឹកនាំ​សម័យប្រជុំ ដើម្បី ធ្វើ​ការបោះឆ្នោត​ជា​កញ្ចប់​ជ្រើសតាំង​ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈ កម្ម​ការជំនាញ​ទាំងអស់​នៃ​រដ្ឋសភា នឹង​បាន​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ផងដែរ​។​

​ជា​លទ្ធផល​សមាជិក សមាជិកា រដ្ឋសភា បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន​គាំទ្រ​សម្តេច​អគ្គ មហា​ពញា​ចក្រី ហេង សំរិន ជា​ប្រធានរដ្ឋសភា នីតិកាល​ទី​៦ ឯកឧត្តម ងួន ញ៉ិល ជា​អនុ ប្រធាន​ទី​១ និង​លោកជំទាវ ឃួន សូ​ដា​រី ជា​អនុប្រធាន​ទី​២​។​

​បន្ទាប់​ពី​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ពី​រដ្ឋសភា​ឲ្យក្លាយ​ជា​ប្រធា​ន​រដ្ឋសភា នីតិកាល ទី​៦ រួច​មក​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន តាងនាម លោក​ងួន ញ៉ិល អនុប្រធាន ទី​១ និង​លោកស្រី ឃួន សូ​ដា​រី អនុប្រធាន​ទី​២ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ការគាំទ្រ​សមាជិក​រដ្ឋសភា និង​បាន​ហៅ​ការគាំទ្រ​នេះ​ថា​ជា​ការផ្តល់​កិត្តិយស​យ៉ាង​ធំធេង ចំពោះ​សម្តេច ឯកឧត្តម និង​លោក​ជំទាវ​ទាំង ៣​រូប ដែល​បាន​ក្លាយជា​ប្រធាន អនុប្រធាន​ទី​១ អនុប្រធាន​ទី​២ រដ្ឋសភា​នាពេលនេះ​។ ក្នុងនាម​ជា​ប្រធាន​ស្ថាប័ន​នីតិប្បញ្ញត្តិ សម្តេច​អគ្គ​មហា ពញា​ចក្រី​បានបង្ហាញ​ពី​ការ​តាំងចិត្ត​ខ្ពស់​ក្នុងការ​ធ្វើ​ការបំរើ​ប្រជាពលរដ្ឋ ដើម្បី​ឆ្លើយតប​ទៅ នឹង​ការផ្តល់​ទំនុកចិត្ត​យ៉ាង​លើសលប់​ពី​ពលរដ្ឋ​ម្ចាស់ឆ្នោត កាល​ពី​ការបោះឆ្នោត​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ ដើម្បី​នាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​កាន់​ការអភិវឌ្ឍន៍​ថ្មីៗ​បន្ថែមទៀត​។​

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ដោយ​តំណាងរាស្ត្រ​១២៥​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទើប​ទទួលបាន​ការប្រកាស​សុពលភាព និង​ស្បថ​ចូលកាន់​តំណែង ដើម្បី​បើក​កិច្ចប្រជុំ​របស់​ខ្លួន ក្នុង​ការរៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា និង​រាជរដ្ឋាភិបាល ដែល​កិច្ច​ប្រជុំ​សភា​​នេះ​ដឹកនាំ​ដោយ​ព្រឹទ្ធ​សមាជិក​សភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

ពាក្យពេចន៍​នៃ​ការធ្វើ​សច្ចាប្រណិធាន រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​រួម​មាន​ខ្លឹមសារ​ដូចតទៅ​៖ “​ទូលព្រះបង្គំ យើងខ្ញុំ នាយករដ្ឋមន្ត្រី និង​សមាជិក​រាជរដ្ឋាភិបាល សូម​ធ្វើ​សច្ចាប្រណិធាន នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេចព្រះសង្ឃរាជ និង​ទេវតា​រក្សា​ស្វេតច្ឆត្រ ដូចតទៅ​៖​ក្នុងពេល​ប្រតិបត្តិការ​តាម​មុខ​តំណែង​ខ្លួន និង​ក្នុង​ការបំពេញ​បេសកម្ម ដែល​ប្រជារាស្ដ្រ​កម្ពុជា បាន​ប្រគល់​ជូន​ចំពោះ​ទូលព្រះបង្គំ​យើងខ្ញុំ​គ្រប់ៗ​រូប ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្ដេជ្ញា​គោរព​ធម្មនុញ្ញ បម្រើ​ជា​និច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត​នូវ​ផលប្រយោជន៍​របស់​ប្រជារាស្ដ្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​។ ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្ដេជ្ញា​ប្ដូរផ្ដាច់​ហ៊ាន​បូជា​ជីវិត ដើម្បី​ការពារ​ជានិច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត​នូវ​៖ ឯករាជ្យភាព​ទាំងស្រុង នៃ​មាតុភូមិ​កម្ពុជា អធិបតេយ្យភាព​ជាតិ​ពេញបរិបូរណ៍ ។ បូរណភាព​ទឹកដី​ដ៏​ត្រឹមត្រូវ​តាមច្បាប់ នៅក្នុង​ព្រំដែន​ដីគោក និង​ព្រំដែន​សមុទ្រ ដែល​កម្ពុជា​ធ្លាប់​មាន​ក្នុង​ជំនាន់​ឆ្នាំ​១៩៦៣ ដល់ ១៩៦៩​។ ឯកភាព​ជាតិ ហើយ​មិន​អនុញ្ញាត​ឲ្យមាន​ការបែ​ង​ចែក ឬ​ការធ្វើ​អបគមន៍​ណាមួយ​ឡើយ​។ ទូលបង្គំ​យើងខ្ញុំ សូម​បេ្ដ​ជ្ញា​រក្សាទុក​ជា​និច្ច ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​អព្យាក្រឹតភាព និង​ភាព​មិន​ចូល​បក្សសម្ព័ន្ធ សម្រាប់​កម្ពុជា ហើយ​មិន​អនុញ្ញា​ជាដាច់ខាត ឲ្យ​ជន​ណាមួយ​ក៏ដោយ ដែល​ចង់​ជ្រៀតជ្រែក​ចូល​ក្នុង​ផ្ទៃក្នុង​នៃ​កម្ពុជា ឬ​មក​បង្គាប់បញ្ជា​ចំពោះ​គោលនយោបាយ​ជាតិ និង​អន្ដរជាតិ​របស់​កម្ពុជា​បានឡើយ​។ ទូលព្រះបង្គំ​យើងខ្ញុំ​មិន​បម្រើ​ជា​ដាច់ខាត​នូវ​ផលប្រយោជន៍​បរទេស ហើយ​ធ្វើឲ្យ​ខូចខា​តដល់​ផលប្រយោជន៍រ​បស់​ប្រជារាស្ដ្រ ប្រជាជាតិ និង​មាតុភូមិ​កម្ពុជា​ឡើយ​។ ក្នុង​ការដោះស្រាយ​បញ្ហា​ទាំងឡាយ​លើ​ផ្ទៃរាប​ជាតិ និង​អន្ដរជាតិ​ទូលព្រះបង្គំ​យើងខ្ញុំ នឹង​បំបាត់ចោល​ទាំងស្រុង នូវ​អំពើហិង្សា​គ្រប់បែបយ៉ាង​។ ប៉ុន្ដែ​ព្រះរាជាណាចក្រ​កម្ពុជា សូម​រក្សាទុក​នូវ​សិទ្ធិ​កាន់​អាវុធ​តស៊ូ​ប្រឆាំង​នឹង​ការរំលោភ​ឈ្លានពាន​មកពី​ក្រៅ ដើម្បី​ការពារ​ជាតិ​មាតុភូមិ​ខ្លួន​។ ទូលព្រះបង្គំ​យើងខ្ញុំ សូម​បេ្ដ​ជ្ញា​គោរព​ជានិច្ច​ទាំង​ក្នុង​បច្ចុប្បន្ន ទាំង​ក្នុង​អនាគត នូវ​លទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែល​មាន​របប​សភា និង​ពហុបក្ស ព្រមទាំង​មាន​ការគោរព​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​សិទ្ធិមនុស្ស​ដូច​មានចែង​ក្នុង​សេចក្ដីប្រកាស​ជា​សកល ស្ដីអំពី​សិទ្ធិ​មនុស្ស​។ ទូលព្រះបង្គំ​យើងខ្ញុំ សូម​ប្ដេជ្ញា​តស៊ូ​ប្រឆាំង​អំពើពុករលួយ​គ្រប់បែបយ៉ាង ប្រឆាំង​អ​យុត្ដិធម៌​សង្គម ហើយ​តស៊ូ​ដើម្បី​ផ្សះផ្សា​ជាតិ ដើម្បី​ឯកភាព​ជាតិ ដើម្បី​សន្ដិភាព​សង្គម និង​សន្ដិភាព​ជាតិ ដើម្បី​ភាព​សម្បូរ​សប្បាយ នៃ​ប្រជារាស្ដ្រ​កម្ពុជា និង​ដើម្បី​ភាពរុងរឿង​ថ្កើងថ្កាន នៃ​មាតុភូមិ​កម្ពុជា ជាទី​គោរព​សក្ការៈ និង​ជាទី​ស្នេហា​នៃ​ទូលព្រះបង្គំ​យើងខ្ញុំ​គ្រប់រូប​។​

​សូមបញ្ជាក់​ថា បន្ទាប់ពី​ធ្វើ​សច្ចាប្រណិធាន​ហើយ​នោះ គណៈរដ្ឋមន្ត្រី អាណត្តិ​ទី​៦ នឹង​បើក​កិច្ចប្រជុំ​លើកដំបូង​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ មុន​នឹង​បំពេញ​ការងារ​ផ្សេងៗ​ទៀត ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត​៕

    

  

spot_img
×