Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់​បង្ក​ហិង្សា​ដោយ​ចេតនា បណ្តាលឲ្យ​ស្លាប់​ជន​រង​គ្រោះ ត្រូវ​ចាប់ខ្លួន​បាន នៅ​ក្រុង​បាត់ដំបង​

spot_img

បាត់ដំបង ​៖ ជនដៃដល់​ម្នាក់ ដែល​បង្ក​ហិង្សា​វាយ​បុរស​ម្នាក់ ក្នុង​ជម្លោះ​ជាមួយគ្នា ពេល​ផឹកស៊ី បណ្តាលឲ្យ​ធ្លាក់​ចូល​ក្នុង​ទឹកស្ទឹង​សង្កែ ស្លាប់ ត្រូវបាន​នគរបាល​ខេត្ត​បាត់ដំបង​ស្រាវជ្រាវ​ចាប់ខ្លួនបាន ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៥ ខែ កញ្ញា ឆ្នាំ​២០១៨​នេះ​ដោយ​អនុវត្ត​នូវ​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ ក្នុង​ផែន ចូលរួម​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ស្រុក​ឯក​ភ្នំ និង​ដោយ​មាន​ការសម្របសម្រួល លើ​នីតិវិធី​ពី​លោក​នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង ផង​នោះ ជនដៃដល់​ក្នុង​អំពើហិង្សា ប្រើប្រាស់​ដុំថ្ម វាយ​ទៅលើ​ជនរងគ្រោះ និង​បណ្តាលឲ្យ​ស្លាប់​បាត់បង់​ជីវិត​ម្នាក់ ត្រូវបាន​ឃាត់ខ្លួន​នោះ គឺ​ឈ្មោះ​ចាន់ សុ​ហេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​កោះកុង មក​ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង ។​

ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត ឈ្មោះ ធឿន មករា ហៅ ស៊ុយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ត្រូវ​បាន​បាត់​ខ្លួន​ចាប់តាំងពី​រាត្រី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​មិន​មាន​ក្រុមគ្រួសារ បានដឹង​ពី​ដំណឹង​អ្វី​ទាំងអស់ រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯក​ភ្នំ បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ក្នុង​ទឹកស្ទឹង​សង្កែ ឃើញ​ដូច្នេះ​ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ព័ត៌មាន​នេះ ជូន​នគរបាល​ស្រុក​ឯក​ភ្នំ ក្រោយ​ធ្វើការ​ស្រង់​សាកសព​ចេញពី​ក្នុង​ទឹកស្ទឹង​មក​។ ពិនិត្យ​លើ​រាងកាយ​សាកសព ឃើញ​មាន​ស្លាកស្នាម​របួស ដែល​នាំ​ទៅដល់​ការវាយតម្លៃ អំពី​ស្ថានភាព​ដែល​មាន​អំពើ​ហិង្សា​ណាមួយ ដែល​បង្ក​ឡើង​ចំពោះ​សាកសព​បុរស​រូប​នេះ ។​

ផ្តើមចេញ​ពី​រូបភាព​សាកសព​នេះ ទើប​ក្រុមគ្រួសារ​របស់​សព​បាន​ដឹង ហើយ​បាន​បង្ហាញ​ប្រាប់​សមត្ថកិច្ច​ថា សាកសព​មាន​ឈ្មោះ​ធឿន មករា ហៅ ស៊ុយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ត្រូវ​បាន​បាត់​ខ្លួន ចាប់តាំងពី​រាត្រី​ថ្ងៃទី​៣​ខែ​កញ្ញា​ឆ្នាំ​២០១៨ រហូត​មក​ដោយ​មិន​ដឹង​មូលហេតុ ។ នៅពេល​ទទួលបាន​ពត៌មាន​បែបនេះ​នគរបាល​បាន​ប្រើប្រាស់​វិធានការ​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ដល់​រសៀល​ថ្ងៃទី​៥ ខែ ក​ញ្ញ ឆ្នាំ​២០១៨​ដដែល​នេះ​ពោល​គឺ​ត្រឹម​តែ​រយៈពេល​០៤​ម៉ោង​ប៉ុណ្ណោះ​ក្រោយពេល​សាកសព​ស្រង់​ចេញពី​ទឹក​នគរបាល​បាន​វែកមុខ​ជនដៃដល់​ក្នុងការ​ប្រើ​ហិង្សា​បណ្តាលឲ្យ​ជនរងគ្រោះ​ឈ្មោះ ធឿន មករា​ហៅ​ស៊ុយ​បាត់បង់​ជីវិត មក​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់​។​

ជនដៃដល់​ឈ្មោះ​ចាន់ សុ​ហេង បាន​ឆ្លើយ​សារភាពថា នៅ​រាត្រី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុងអំឡុង​យប់​ជ្រៅ​រំលងអធ្រាត្រ ខ្លួន​និង​ជនរងគ្រោះ មាន​ជម្លោះ​ជាមួយគ្នា ក្នុង​ពេល​ផឹកស៊ី រហូត​ខ្លួន​ប្រើប្រាស់​ដុំថ្ម​វាយ​ទៅលើ​ជនរងគ្រោះ បណ្តាលឲ្យ​ធ្លាក់​ចូល​ក្នុង​ទឹកស្ទឹង​សង្កែ ហើយ​បន្ទាប់មក​ក៏​លិច​ចូល​ក្នុង​ទឹកស្ទឹង បាត់ទៅ ក្រោយពី​ធ្វើ​សកម្មភាព ហើយ​ខ្លួន​ក៏​សម្ងំ​ធ្វើ​ហាក់​មិន​បានដឹង​រឿង​អ្វី​ទាំងអស់ រហូតដល់​ពេល​ដែល​ស​ម​ត្ថ​កិច្ចនគរ​បាល ធ្វើការ​ឃាត់ខ្លួន ។ ជនដៃដល់​នឹងត្រូវ​រៀបចំ​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×