Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ប្រាប់​ពី​មូលហេតុ​នៃ​ការតែងតាំង​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជា​មេបញ្ជាការ​កងទ័ពជើងគោក​

spot_img

​ភ្នំពេញ ​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ថ្លែងថា ​ការតែងតាំង​មេទ័ព​កំពូល​ថ្មី​ចំនួន​៣​រូប ឱ្យ​ចូល​កាន់តំណែង​ជា​ផ្លូវការ​សម្រាប់​អាណត្តិ​ទី​៦​នេះ គឺ​ដើម្បី​ពង្រឹង​ខឿន​ការពារជាតិ ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង មិន​មាន​បញ្ហា​ផ្ទៃក្នុង​នៃ​ជួរ​កងទ័ព​អ្វី​នោះទេ​។ ជាពិសេស​ការតែងតាំង​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ជា​មេបញ្ជាការ​កងទ័ពជើងគោក​នោះ គឺ​គ្មាន​រង​នូវ​ឥទ្ធិពល​របស់​ឪពុក​នោះ​ទេ គឺ​ដោយសារ​សមត្ថភាព​ជាក់លាក់ សមស្រប​ជា​ទីបំផុត​ក្នុងពេល​បច្ចុប្បន្ន​នេះ​។​

​មានប្រសាសន៍​នាឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​ថា ការប្រកាស​តែងតាំង​មុខតំណែង​នាពេលនេះ គឺ​ដើម្បី​ឆ្លើយតប​អោយបាន​ទាន់ពេលវេលា ក្នុង​ការបំពេញ​ភារកិច្ច​របស់​កង​យោធពលខេមរភូមិន្ទ ក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ​។

សម្តេច​ពិជ័យ​បាន​បញ្ជាក់ទៀតថា បន្ទាប់ពី​ធ្វើ​ពិធី​ប្រកាស​តែងតាំង​មុខតំណែង​អគ្គបញ្ជាការ និង​កងទ័ពជើងគោក​នេះ​ទៅ ត្រូវ​បន្ត​ធ្វើពិធី​បែងចែក​ភារកិច្ច​បន្តទៀត ទាំង​នៅ​អគ្គបញ្ជាការ និង​កងទ័ពជើងគោក ដើម្បី​បំពេញ​ការងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សង្កត់ធ្ងន់ថា ការបង្កើន​ប្រសិទ្ធភាព​ការងារ​របស់​យើង គឺជា​ភារកិច្ច​ស្នូល​ចាំបាច់​បំផុត ដើម្បី​អោយមាន​ភាព​រីក​ចំរើន និង​រឹងមាំ​ក្នុង​កងយោធពល​ខេមរភូមិន្ទ​។​

​ដើម្បី​ជម្រះ​មន្ទិល​របស់​មហាជន​ពាក់ព័ន្ធ​នឹង​ការតែងតាំង​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ជា​មេបញ្ជាការ​កងទ័ពជើងគោក​នោះ ត្រូវបាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បានបញ្ជាក់​ថា ការតែងតាំង​ឧត្តមសេនី​យ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជា​មេបញ្ជាការ​កងទ័ពជើងគោក គឺជា​រឿង​ដ៏​ស័ក្តិសម​បំផុត ហើយ​ការ តែងតាំង​នេះ​ទៀតសោត​មិន​ដោយសារតែ​ឥទ្ធិពល​ឪពុក​ជា​នាយករដ្ឋមន្ត្រី​នោះ​ទេ តែ​ដោយសារតែ​លោក ហ៊ុន ម៉ា​ណែ​ត មាន​សមត្ថភាព​គ្រប់គ្រាន់​លើ​ការងារ​ក្នុង​ជួរ​កងទ័ព​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​បន្ថែម​ថា “​ទាំង​អ្នក​ចាស់ ទាំង​អ្នកថ្មី សុទ្ធតែ​បាន​យក់​យ៉ាងច្បាស់​ចំពោះ​កិច្ចការ​ទាំងនេះ ហើយ​ខ្ញុំ​មិនមាន​អ្វី​ដែល​ហៅថា អើ​ចំពោះ​អ្វី​ដែល​អ្នក​និយាយ​វិភាគ ទៅ​អីចេះ​ទៅ​អីចុះ ជា​របៀប​មួយ​ផ្សេង​នោះទេ ។ អ្នកខ្លះ​បាន​ហៅ​ការបូកបញ្ចូល​ពី​ឥទ្ធិពល​របស់​ឪពុក ប៉ុន្តែ​គេ​អត់​បាន​មើល​ពី​សមត្ថភាព របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ជាក់លាក់​ទេ ប៉ុន្តែ​បើ​គេ​បាន​មើល​ហើយ គេ​ត្រូវតែ​ដឹង និង​ត្រូវ​ទទួលស្គាល់ ។ ចំពោះ​កងយោធពល​ខេមរភូមិន្ទ ទាំងអស់​គឺ​សុទ្ធសឹងតែ​ទទួលស្គាល់ អំពី​សមត្ថភាព និង​កិច្ចការ​ទាំងឡាយ​របស់​គេ ដែល​បាន​ធ្វើ​ក្នុង​រយៈពេល​កន្លង​មក​ហ្នឹង យ៉ាង​ល្អប្រសើរ​គ្រប់​កិច្ចការងារ​ទាំងអស់ ដែល​បាន​សាកល្បង និង​ដឹកនាំ​ការងារ​ហ្នឹង គឺ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ហើយ​វា​ជាទី​សមរម្យ​ណាស់ សមរម្យ​ជា​ទីបំផុត ដែល​ទៅ​កាន់​ជា​មេបញ្ជាការ​កងទ័ពជើងគោក​នេះ គឺ​ចាត់ទុក​ថា ជា​កម្លាំង​មាន​សមត្ថភាព​របៀបនេះ ទើប​យើង​ចាត់ទុកថា​កិច្ចការងារ​នេះ បើទោះបីជា​នរណា​ចង់​ថា​យ៉ាងម៉េច​ក៏ដោយ ប៉ុន្តែ​ទូ​ទាំង​កងយោធពល​ខេមរភូមិន្ទ មាន​ការឯកភាព​ខ្ពស់ ហើយ​ទទួលស្គាល់​តួនាទី​នេះ​សមស្រប​ជាទី​បំផុត​ចំពោះ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាពេល​បច្ចុប្បន្ន​នេះ​”​។​

​សម្តេច ទៀ បាញ់ បាន​ថ្លែងថា​៖ ការរក​ប្រសិទ្ធភាព​ការងារ​នេះ លុះត្រាតែ​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធឲ្យ​វា​សមស្រប​ដែរ​។ ដោយសារ​ថា អគ្គមេបញ្ជាការ​ចាស់​គាត់​ទៅ​កាន់​តួនាទី​ថ្មី នៅក្នុង​រដ្ឋាភិបាល យើង​ដឹង​ហើយ​តួនាទី​ដ៏​ធំ​គួរសម​ដែរ គឺជា​ទេសរដ្ឋមន្ត្រី ទទួល​កិច្ចកា​រងារ​ពិសេស​។​

​សម្តេច​ពិជ័យ​សេនា បានបញ្ជាក់​បន្តថា យើង​ត្រូវ​រៀបចំ​និរន្តរភាព​ការងារ​តាម​ស្ថាន​ប័ន​នី​មួយៗ នៅក្នុង​រចនាសម្ព័ន្ធរ​បស់​កងទ័ព ​វា​តោង​តែ​រៀបចំ​របៀបនេះ​តែម្តង​។ ហេតុនេះ ការរៀបចំ​ឡើងវិញ​នូវ​អគ្គបញ្ជាការ ក៏ដូចជា​មេបញ្ជាការ​កងទ័ពជើងគោក ​គឺជា​រឿង​ធម្មតា​ទេ គឺ​យើង​រៀបចំ​ឲ្យមាន​ក្បាលម៉ាស៊ីន​ដឹកនាំ បញ្ជា​ដ៏​ជាក់លាក់​មួយ គឺ​មិន​មាន​អ្វី​ចម្លែក​ទេ​។

​គ្មាន​រឿង​អ្វី​នៅ​ក្នុង​កងទ័ព​ទេ រឿង​សំខាន់​បំផុត​យើង​បង្កើន​ប្រសិទ្ធភាព ការងារ​របស់​យើង​នៅ​ក្នុង​កងទ័ព​ពង្រឹង​កងទ័ព​យើង​ឲ្យ​កាន់តែ​រឹងមាំ កាន់តែ​ទទួល​ភារកិច្ច​ឲ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ទៀត នៅពេល​ខាងមុខ​នេះ​។​

​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្តេច​ពិជ័យ​សេនា ប្រកាស​ដំឡើង​ឋានន្តរស័ក្តិ និង​តែងតាំង​មុខតំណែង​ដល់​មេទ័ព​កំពូល​ថ្មី​ចំនួន​៣​រូប រួមមាន​៖ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន​, នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ និង​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​។​
​នៅក្នុង​ឱកាស​នោះ លោក នាយ​ឧត្តមសេនីយ៍ មាស សំអុល អគ្គនាយករង អគ្គនាយកដ្ឋាន​យោធ​សេវា ក្រសួង​ការពារជាតិ និង​ជា​នាយក នាយកដ្ឋាន​បុគ្គលិក ក្រសួង​ការពារជាតិ បាន​ឡើង​អាន​ព្រះរាជក្រឹត្យ របស់​ព្រះមហាក្សត្រ ដែល​ក្នុង​ព្រះរាជក្រឹត្យ​បាន​តែងតាំង និង​តម្លើង​ឋានន្តរស័ក្តិ​ជូន ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន អត្តលេខ ០០៣៥៧ ជា​អគ្គបញ្ជាការ នៃ​កង​យោធិពលខេមរភូមិន្ទ និង​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ នាយ​ឧត្តមសេនីយ៍​, ព្រះរាជា​ក្រឹត្យ​បានតែងតាំង នាយ​ឧត្តមសេនីយ៍ ឥត​ ​សារ៉ាត់ អត្តលេខ ០០៣៣៤ ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន និង​តែងតាំង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អត្តលេខ ០៣៣៨៨៣ ជា​មេបញ្ជាការ​កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ ដោយឡែក​នៅក្នុង​សេចក្តីប្រកាស​របស់​ក្រសួង​ការពារជាតិ ស្តីពី​ការកែសម្រួល​ផ្ទេរ​ក្របខ័ណ្ឌ​អង្គភាព​កងយោធពល​ខេមរភូមិន្ទ បាន​ប្រកាស​ធ្វើ​ការកែសម្រួល ផ្ទេរ​ក្របខ័ណ្ឌ​កងពលធំ​អន្តរាគមន៍ និង​កងពលតូច​អន្តរាគមន៍ ពី​អគ្គបញ្ជាការដ្ឋាន មក​ចំណុះ​ផ្ទាល់​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែល​ក្នុងនោះ​រួមមាន កងពលធំ​អន្តរាគមន៍​លេខ​២ កងពលធំ​អន្តរាគមន៍​លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​១ កងពល​តូច​ទ័ព​ពិសេស​ឆត្រយោង​លេខ​៩១១ និង​កងពលតូច​លេខ​៧០៕ ដោយ ​៖ ​កូឡាប​

      

spot_img
×