Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបដិសេធ ការបំផ្លិចបំផ្លាញ និង​ការប្រកាន់​ជាតិ​សាសន៍​៖ ការគាបសង្កត់​លើ​អត្ដ​សញ្ញាណ​របស់​ជនជាតិ​ចិន​ពី​ឆ្នាំ ១៩៧០-១៩៩០

spot_img

​ការរីក​រាលដាល​នៃ​សង្គ្រាម​អាមេរិក​នៅ​ប្រទេស​វៀតណាម​មកលើ​ប្រទេស​កម្ពុជា បាន​នាំមក​នូវ​ការបំផ្លិចបំផ្លាញ​វប្បធម៌ សង្គម​របស់​សហគម​ន៍​ជន​ជាតិចិន​ជាច្រើន​។ ដូច​សម្ដេច​សីហនុ ដែរ លោក​លន់ នល់ (១៩៧០-១៩៧៥) ចង់ឱ្យមាន អត្ដ​សញ្ញាណ​តែមួយ​សម្រាប់​ជនជាតិ​ទាំងឡាយ​នៅ​កម្ពុជា ដោយ​លោក​អះអាងថា ក្រុម​ជនជាតិ​ទាំងអស់​នៅ​កម្ពុជា សុទ្ធតែ​មានពូជ​ពង្ស​ដ៏​ឧត្តុង្គឧត្តម​ពី​ជាតិ​សាសន៍​ខ្មែរ លើកលែងតែ​ជនជាតិ​ចិន​និង​ជនជាតិ​វៀតណាម​តែប៉ុណ្ណោះ​។

​ជនជាតិ​ចិន​ក្រោម​របប​លន់នល់​

​បន្ទាប់ពី​បាន​ឡើងកាន់​អំណាច​អស់​រយៈពេល​ជាច្រើន​ខែ​មក រដ្ឋាភិបាល​របស់លោក​លន់ នល់ បានសម្លាប់​រង្គាល​ជនជាតិ វៀតណាម​អស់​រាប់ពាន់នាក់ ហើយ​សកម្មភាព​នេះ​ធ្វើឱ្យ​មានការ​ថ្កោលទោស​និង​ការភ័យខ្លាច​យ៉ាងខ្លាំង​ពី​សំណាក់​សហគមន៍​ចិន​នៅ​កម្ពុជា និង​ជនជាតិ​ចិន​នៅ​បរទេស​។ ដើម្បី​ដោះស្រាយ​ជាមួយ​សហគមន៍​ចិន​ទាំងពីរ​នេះ នៅ​ថ្ងៃទី​១៨​មីនា ឆ្នាំ​១៩៧០ លោក​លន់ នល់ បានធ្វើ​សេចក្ដីប្រកាស​ទូទាំងប្រទេស​ចំពោះ​ជន​ជាតិចិន​ទាំងឡាយ​ដែល​លោក​ចាត់ទុកថា​ជា​«​មិត្តភក្ដិ​ដ៏​ជាទី​ស្រឡាញ់ បំផុត​របស់លោក​» ឱ្យ​រស់នៅក្នុង​ភាពស្ងប់ស្ងាត់​។ នៅពេលនោះ​លោក​លន់ នល់ ក៏​បានចេញ​សារាចរ​មួយ ណែ​នាំឱ្យ​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ជួយ​ទប់ស្កាត់​មិន​ឱ្យមាន​សកម្មភាព​ណាមួយ​ដែល​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​ជនជាតិ​ចិន (Henry Kamm, ឆ្នាំ​១៩៧០)​។​

​ទន្ទឹមនឹង​ខិតខំ​ការពារ​ចំពោះ​ជនជាតិ​ចិន លោក​លន់ នល់ បាន​បិទ​សាលារៀន និង​កាសែត​ទាំងអស់ ដោយ​ចោទប្រកាន់ថា ទាំង​ជនជាតិ​ចិន ទាំង​ជនជាតិ​វៀតណាម សុទ្ធតែជា​អ្នកបង្ក​ឱ្យមាន​ការបាត់​បង់​នូវ​ទំនៀមទម្លាប់​និង​សីលធម៌​រស់នៅ​របស់​ខ្មែរ​បន្ដិច​ម្ដងៗ ហើយ​ថា​ជនជាតិ​ទាំងពីរ​នេះ​មានគំនិត​ផ្សព្វផ្សាយ​លទ្ធិ​កុ​ម្មុយ​និ​ស្ដ​នៅ​ស្រុក​ខ្មែរ (Revvu de l’Arme’e, ឆ្នាំ​១៩៧២ )​។ ក្រុម​សមាគមនិស្សិត ដែលមាន​ទីតាំង​ប្រ​វ​តិ្ដ​សាស្ដ្រ​របស់ខ្លួន​នៅ​សាលារៀន​មួយ​ឈ្មោះ​យ៉ូ​កៃ (Yucai School) នៅ​ឃុំ​កោះទាវ ស្រុក​កោះធំ ខេត្តកណ្ដាល បាន​រំលឹក​ឱ្យដឹងពី​ព្រឹ​តិ្ដ​ការណ៍​នៃ​ការបិទ​សាលារៀន​ចិន​ដោយ​បង្ខំ​ពី​សំណាក់​រដ្ឋអំណាច​របស់​លោក​លន់ នល់ នៅក្នុង​ឆ្នាំ​១៩៧០ ពីព្រោះ​ពួកគេ​យល់ថា ភាសា​ចិន​គឺជា​ភាសា​របស់​ពួក​កុ​ម្មុយ​និ​ស្ដ​។​នៅពេលដែល​រដ្ឋអំណាច​លន់ នល់ ធ្វើ​យុទ្ធនា​ការបង្ក្រាប​អ្នក​ដែលមាន​ភក្ដីភាព​ចំពោះ​ខ្មែរក្រហម ពួក​ប៉ូលិស​បាន​ផ្ដោតទៅលើ​អ្នក​ដែលមាន​សែស្រឡាយ​ជា​ជន​ជាតិចិន​។ ជនជាតិ​ចិន​ទាជីវ​ជំនា​ន់ទី​២ ម្នាក់​បាន​រំលឹក​អំពី​ប្រ​វ​តិ្ដ​ដែល​គាត់​ត្រូវបាន​គេ​ចាប់ខ្លួន​នៅ​ខេត្តក្រចេះ ដែលជា​ស្រុកកំណើត​របស់គាត់ ដោយសារតែ​«​ខ្ញុំ​ជា​ជនជាតិ​ចិន និយាយ​ភាសា​ខ្មែរ​បានល្អ​និង​ជា​អ្នកចេះដឹង​ខ្ពង់ខ្ពស់​។ ដូច្នេះ​ពួកគេ​បាន​សង្ស័យ​ខ្ញុំ​ថា​ជា​អ្នក ស៊ើបការណ៍​ឱ្យ​ពួក​កុ​ម្មុយ​និ​ស្ដ​»​។​

 

​សាលារៀន​ចិន​ជាច្រើន​ដែល​ស្ថិត​នៅក្រៅ​រង្វង់​គ្រប់គ្រង​របស់​លន់ នល់ ភាគច្រើន​ស្ថិតនៅក្នុង​តំបន់​រំដោះ ហើយ​ត្រូវ​ទទួល​នូវ​ការទម្លាក់​គ្រាប់បែក ដូច​ព្រះវិហារ​ចិន សាលារៀន និង​ព្រះវិហារ​សាសនា​ទាំងឡាយ​របស់​ក្រុម​ជនជាតិ ផ្សេងៗ​ទៀត​ដែរ​។ សមាគម​កីឡា​និង​កាសែត​ទាំងឡាយ​ដែល​បាន​បើក​ឡើងវិញ​បន្ទាប់ពី​មានការ​ហាមឃាត់​ពី​សំណាក់ សម្ដេច​សីហនុ នៅ​ឆ្នាំ​១៩៦៧ ត្រូវបាន​គេ​បិទ​ទាំងអស់​។ ជន​ជាតិចិន​កន្ដាំង​ជំនា​ន់ទី​២ ម្នាក់​ដែល​សព្វថ្ងៃ​មាន​អាយុ​ប្រហែល ៥០​ឆ្នាំ​ហើយ​នោះ បាន​រំលឹក​ឱ្យដឹង​អំពី​ការគាបសង្កត់​ពី​សំណាក់​រដ្ឋអំណាច​របស់​លន់ នល់​ទៅលើ​ការប្រើប្រាស់​ភាសា​ចិន នៅ​ទីក្រុង​បាត់ដំបង​។ គាត់​និយាយថា​«​ប្រជាជន​ទាំងឡាយ​មានការ​ភ័យខ្លាច​មិន​ហ៊ាន​និយាយ​ភាសា​ចិន​ឡើយ​។ ដោយហេតុថា ប្រសិនបើ​ពួកយើង​និយាយ​ភាសា​ចិន នោះ​នឹងត្រូវ​ទទួលរង​នូវ​ការ​រិះគន់ថា​ពួកយើង​ខ្វះ​ការគោរព​ដល់​វប្បធម៌​ខ្មែរ​»​។ ប៉ុន្ដែ​ទោះបី​យ៉ាងណាក៏ដោយ ជនជាតិ​ចិន​ខិ​ម្នាក់ ដែល​ពេលនោះ​រស់នៅ​ជនបទ​នៃ​ខេត្ដ​បាត់ដំបង បាន​និយាយថា គាត់​មិនបាន​ជួបប្រទះ​បញ្ហា​ដូចនេះ​ឡើយ​។ ដោយ​មើលឃើញ​យ៉ាងនេះ គោលនយោបាយ​នៃ​ការដឹកនាំ របស់លោក​លន់នល់ មិនត្រូវ​បាន​គេ​អនុវត្តន៍​ពេញលេញ​នៅក្នុង​តំបន់​រំដោះ​ទាំង​នោះឡើយ ហើយ​ពួក​ជនជាតិ​ចិន​ក៏បាន អនុវត្តន៍​នូវ​យុទ្ធសាស្ដ្រ​ផ្សេងៗ​ដើម្បី​ធ្វើឱ្យ​វប្បធម៌​របស់ខ្លួន​រស់​ឡើងវិញ​សាជាថ្មី​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​។

​គ្រូបង្ហាត់ ភាសា​ចិន​កន្តាំង​ម្នាក់​ដែល​សព្វថ្ងៃនេះ​គាត់​មាន​អាយុ​ជាង​៤០​ឆ្នាំ បាន​រំលឹក​ឱ្យដឹងថា ទោះជា​មានការ​បង្ខិតបង្ខំ​ឱ្យ​បិទ​សាលា រៀន​ចិន​នៅ​ទីក្រុង​ភ្នំពេញ​ក៏ដោយ ក៏​ជន​ជាតិចិន​ទាំងឡាយ​នៅតែ​បាន​លួច​រៀន​ស្ងាត់ៗ​នៅតាម​ផ្ទះ​ដែរ​។ មិ​ត្ដ​ភក្ដិ​របស់​នាង ពីរ​នាក់​ត្រូវបាន​គេ​ចាប់ ហើយ​ផាកពិន័យ​អស់ប្រាក់​ចំនួន ៨០០.០០០​រៀល ពីបទ​លួច​បង្រៀន​ភាសា​ចិន​។ ប៉ុន្ដែ​ជនជាតិ​ចិន ទាជីវ​ជំនា​ន់ទី​២ រស់នៅ​ទីក្រុង​ភ្នំពេញ បាន​ចងចាំ​អំពី​ភាពខ្វះ​ចន្លោះ​នៅក្នុង​ច្បាប់​ដែល​បង្កើតឡើង​ដោយ​ពួក​លន់នល់ ហើយ​ថា​នៅពេលនោះ​ពួក​ជនជាតិ​ចិន​បាន​រៀន​ភាសា​ចិន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ជាធម្មតា​។ ចិន​កន្ដាំង​ជំនា​ន់ទី​២ ម្នាក់​នៅ​ខេត្ដ​ក្រចេះ​បាន​រំលឹក​ឱ្យដឹង​អំពី​សាលារៀន​ដ៏​ល្បីល្បាញ​មួយ​ឈ្មោះ ហ្សុ​ង សាន (Zhong Shan) ដែលមាន​កូនសិស្ស​ជាច្រើន​នាក់​មកពី​ប្រទេស​ចិន ត្រូវបាន​រដ្ឋអំណាចរ​បស់​លន់នល់ បិទទ្វារ​មិនឱ្យ​ដំណើរការ​។

​ការបិទទ្វារ​សាលា​នោះ បានធ្វើ​ឡើង​ទន្ទឹម​ពេលដែល​មានការ​ផ្ដួចផ្ដើម​នូវ​ប្រតិកម្ម​របស់ខ្លួន​តទល់​ទៅនឹង​បរិយាកាស​ដ៏​អាប់អួ​ផ្នែក​នយោបាយ ក្រោយ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​សីហនុ និង​ការប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​ខាង​ផ្នែក​យោធា​នៅ​តំបន់​នោះ​។ ដូច​សាលារៀន និង​ព្រះវិហារ​ចិន​ដ៏​ស្អាតៗ​មួយចំនួនធំ​នៅតាម​ទីក្រុង​នានា​ដែរ សាលា​ហ្សុ​ង​សាន បាន​ស្ថិតស្ថេរ​រួច​ពី​ការបំផ្លិចបំផ្លាញ​របស់ ពួក​លន់នល់​។ នៅ​តំបន់​ជនបទ​មួយ​ចំនូ​ន​ធំ សាលារៀន​ចិន​ជាច្រើន​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ការទម្លាក់​គ្រាប់បែក មិនមែន​ដោយ​រដ្ឋអំណាច​ឡើយ​។ ការទម្លាក់​គ្រាប់បែក​ដ៏​សន្ធឹកសន្ធាប់​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៣ បាន​បំផ្លាញ​មជ្ឈមណ្ឌល របស់​ជន​ជាតិចិន​ជាច្រើន ក្នុងនោះ​ក៏មាន​សាលារៀន ព្រះវិហារ វត្ដ​អារាម ដែលជា​របស់​ជនជាតិ​ខ្មែរ ចាម ចិន ជាច្រើន​បាន​បំផ្លាញ​ខ្ទេចខ្ទី​ដែរ​។ ការទម្លាក់​គ្រាប់បែក​ទាំងនោះ​បានធ្វើឱ្យ​ខូចខាត និង​មានការ​ឈឺចាប់​ជាច្រើន​។ សិស្ស​ចំនួន​៧០០​នាក់​ដែល​រៀន​នៅ​សាលា​ចិន​ក្នុងស្រុក​ព្រៃកប្បាស ខេត្តតាកែវ និង​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ត្រូវ​បានបញ្ចប់​ការសិក្សា​ដោយសារ​ការទម្លាក់​គ្រាប់បែក​ទាំងនោះ​។ សាលារៀន​ចិន​នៅ​ឃុំ​ជប់ ក្នុង​ខេត្ដ​កំពង់ចាម ត្រូវបាន​បំផ្លាញ​ដោយសារ​ការទម្លាក់​គ្រាប់បែក​នៅ​ឆ្នាំ​១៩៧០ នៅពេលដែល​ពួកយោធា​អាមេរិក​បាន​ទម្លាក់​សំដៅលើ មូលដ្ឋាន​កងទ័ព​វៀត​កុង ដែល​ស្ថិត​នៅក្បែរ​រោងចក្រ​កៅស៊ូ​នៅ​ទី​ទោះ​។ ព្រះវិហារ​ចិន​នៅ​ស្រុក​ព្រៃកប្បាស ស្រុក​អង្គរបុរី ក្នុង​ខេត្តតាកែវ ឃុំ​ទូក​មាស នៅ​ខេត្តកំពត និង​ឃុំ​ពោធិ៍​ពីរ នៅ​ខេត្ដ​កំពង់ចាម​ត្រូវបាន​បំផ្លាញ​ខ្ទេចខ្ទី​។ អ្វីដែល​នៅ​សេសសល់ ពី​សាលារៀន​ចិន​ហៃណាំ​ដ៏​ល្អ​មួយ​នៅ​ភូមិ​ព្រៃធំ​ក្នុង​ខេត្តកំពត គឺ​ជញ្ជាំង​បាក់បែក​ដែល​នៅជាប់​នឹង​គ្រឹះ​ថ្ម​នៃ​តួ​សាលា​។ ទន្ទឹមនឹង​នេះដែរ សាលារៀន​ចិន​មួយទៀត​នៅក្នុង​ស្រុក​កំពង់ត្រាច ខេត្តកំពត ឈ្មោះ​មីង​ដ៏ (Mingde) ដែល​បាន​កសាងឡើង​នៅក្នុង​ទសវត្សរ៍​ឆ្នាំ​១៩២០ ត្រូវបាន​បំផ្លាញ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ (​គឺ​ប្រហែល​៥០​ឆ្នាំ​ក្រោយពី​បាន​សាងសង់ ហើយ​មាន​ដើមឈើ​និង​វល្លិ​គ្របដណ្ដប់​លើ​កម្ទេចកម្ទី​បាក់បែក​ទាំងនេះ​។​

​ទោះជា​យ៉ាងណាក៏ដោយ របប​លន់នល់ បាន​បំភ្លេចចោល​នូវ​គោល​គំនិត​បង្កើត​ខេ​មរ​យាន​កម្ម​បែប​ថ្មី​នៅពេលដែល​ការ វាយប្រហារ​ខាង​ផ្នែក​យោធា​មួយ​ជាមួយ​ប៉ុលពត កាន់តែ​រីកធំឡើង ហើយ​នៅពេលនោះ​លោក​លន់ នល់ បាន​អំពាវនាវ​ឱ្យ​ក្រុម​ជនជាតិភាគតិច​ទាំងឡាយ​ចូលរួម​ក្នុង​ចលនា​កងទ័ព​សាធារណរដ្ឋ​របស់លោក​។ អ្នករកស៊ី​លក់​សាច់ជ្រូក​កូន​ចិន​កាត់​ខ្មែរ​ម្នាក់​មកពី​ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម បាន​រំលឹក​ឱ្យដឹងថា បន្ទាប់ពី​បាន​ជោគជ័យ ក្នុង​ការធ្វើ​រដ្ឋប្រហារ លន់នល់ បានផ្ដល់​អត្ដ​សញ្ញាណ​ប័ណ្ណ​ពិសេស​ដល់​ជនជាតិ​ចិន ហើយ​យកពន្ធ​ពិសេស​មួយ​ពី​ជន​ជាតិចិន​ទាំងនេះ​។ រដ្ឋអំណាច​របស់​លន់ នល់ ក៏បាន​ចាប់​ជន​ជាតិចិន​ឱ្យធ្វើ​ទាហាន​ដែរ ។​ខណៈពេលដែល​ឈ្មោះ​របស់​ជនជាតិ​ចិន មាន​នៅលើ​តារាង​ប្រចាំថ្ងៃ​របស់​អ្នកផ្ដល់ជំនួយ​មូលនិធិ​ក្នុងនាម​ជា​កងកម្លាំង​ការពារ​របស់​របប​លន់នល់ និង​ក្នុង​ខណៈពេលដែល​ជន​ជាតិចិន​មួយចំនួន​បាន​ទាញ​ប្រយោជន៍​ពី​ការធ្វើ​ជំនួញ ដោយ​បង្កើត​បណ្ដាញ​រកស៊ី​ក្នុង​ពេលធ្វើ​សង្គ្រាម នោះ លោក​លន់នល់​មិនបាន​អត់ឱន​ឱ្យ​ជនជាតិ​ចិន​ទាំង​នោះឡើយ​។ ប្រទេស​ចិន​បាន​គាំទ្រ​សម្ដេច​សីហនុ និង​ចលនា​រណសិរ្ស​បង្រួបបង្រួម​ជាតិ​កម្ពុជា​យ៉ាង​ពេញទំហឹង ហើយ​នៅពេលនោះ​ជនជាតិ​ចិន​និង​ចិន​កាត់​ខ្មែរ​ទាំងឡាយ បាន​ដើរ​តាម​ចលនា​នេះ​។ ក្រៅពី​ចងសម្ព័ន្ធភាព​ជាមួយ​ស​ម្ដេច​សីហនុ ការប្ដេជ្ញា​ចិ​ត្ដ​ដើរ​តាម​គំនិត​របស់​ម៉ៅ សេទុង រួមទាំង​មនោសញ្ចេតនា​របស់ខ្លួន​ចង់​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ផង​នោះ កូនសិស្ស​ចិន​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​នានា​បាន​ចូលរួម​ជាមួយនឹង​ចលនា​បង្រួបបង្រួម​ជាតិ​នៅតាម​តំបន់​រំដោះ​ទាំងឡាយ​។ ទន្ទឹមនឹង​នោះដែរ ជនជាតិ​ចិន​ជាច្រើន​រស់នៅ​តាម​តំបន់​ដាច់ស្រយាល​ក៏បាន​សម្រេចចិត្ត​រត់​ចូល​ព្រៃ​ដើម្បី​កាន់​អាវុធ​តាម​ការអំពាវនាវ​រប​ស់ស​ម្ដេច​សីហនុ និង​ចូលរួម​ជាមួយ​ខ្មែរក្រហម​៕
​លី​សា​

spot_img
×